នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់សមភាគីអេស្ប៉ាញរបស់លោក គឺលោក Pedro Sanchez ថា បានធ្វើ «ការគំរាមកំហែងប្រល័យពូជសាសន៍» ប្រឆាំងនឹងអ៊ីស្រាអែល ជាការលើកឡើងដែលបាននាំឲ្យមានឆ្លើយតបយ៉ាងខឹងសម្បាពីទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា)។
រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានប្រាប់ទូរទស្សន៍ Antena 3 ថា៖ «ខ្ញុំមិនគិតថា លោក Netanyahu គឺជាបុគ្គលគួរមានសិទ្ធិបង្រៀននរណាម្នាក់ឡើយ ទាំងដែលលោកប្រព្រឹត្តអំពើឃោរឃៅដែលលោកកំពុងធ្វើ នៅក្នុងតំបន់ហ្កាហ្សា»។
ការអត្ថាធិប្បាយរបស់លោកស្រីនេះបានឆ្លើយតបទៅនឹងសារដែលការិយាល័យរបស់លោក Netanyahu បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់លោក Sanchez ថា បានគំរាមកំហែងអ៊ីស្រាអែល ជាការតបតគ្នាយ៉ាងក្ដៅគគុកចុងក្រោយបង្អស់ រវាងប្រទេសទាំង២។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានប្រកាសវិធានការ ដើម្បី «ធ្វើឲ្យអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាឈានដល់ទីបញ្ចប់» ដែលរួមមានបម្រាមលើអាវុធ ការហាមឃាត់នាវាដឹកប្រេង សម្រាប់យោធាអ៊ីស្រាអែល និងការរឹតបន្តឹងលើការនាំចូលពីតំបន់តាំងទីលំនៅខុសច្បាប់ផងដែរ។
លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាមួយថា៖ «ដូចដែលអ្នកបានដឹងហើយថា ប្រទេសអេស្ប៉ាញមិនមានគ្រាប់បែកនុយក្លេអ៊ែរទេ ហើយក៏មិនមាននាវាផ្ទុកយន្តហោះ ឬកន្លែងស្តុកប្រេងដ៏ធំនោះដែរ។ យើងតែម្នាក់ឯងមិនអាចបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលបានទេ ប៉ុន្តែមិនមែនមានន័យថា យើងនឹងបញ្ឈប់ការព្យាយាមនោះឡើយ»។
កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់លោក Netanyahu បានចេញការឆ្លើយតបរិះគន់ខ្លាំងៗថា៖ «នាយករដ្ឋមន្ត្រីអេស្ប៉ាញ Sanchez បាននិយាយកាលពីម្សិលមិញថា អេស្ប៉ាញមិនអាចបញ្ឈប់ការប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមភេរវករហាម៉ាសបានទេ ពីព្រោះអេស្ប៉ាញមិនមានអាវុធនុយក្លេអ៊ែរ។ នោះគឺជាការគំរាមកំហែងប្រល័យពូជសាសន៍បើកចំហ ចំពោះរដ្ឋជ្វីហ្វតែមួយគត់របស់ពិភពលោក»។
ប៉ុន្មានម៉ោងក្រោយមក ក្រសួងការបរទេសអេស្ប៉ាញបានចេញការបដិសេធ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសង្កត់ធ្ងន់ថា «ប្រជាជនអេស្បាញគឺជាមិត្តរបស់ប្រជាជនអ៊ីស្រាអែល ក៏ដូចជាប្រជាជនប៉ាឡេស្ទីន» ដោយថ្កោលទោសការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «ជាសម្ដីមិនពិត និងបង្កាច់បង្ខូច»៕