នគរបាលទីក្រុងឡុងដ៍ នឹងដាក់ពង្រាយមន្ត្រីបន្ថែម នៅថ្ងៃសោរ៍ (ទី១៣ ខែកញ្ញា) នេះ ខណៈពេលដែលក្រុមស្តាំនិយម បាតុករប្រឆាំងជនអន្តោប្រវេសន៍ និងក្រុមតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប្រមូលផ្ដុំធ្វើបាតុកម្មជាបដិបក្ខ ដោយធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង ជុំវិញលទ្ធភាពនៃការប៉ះទង្គិច។
ការតវ៉ាឈ្មោះ «Unite The Kingdom» ដែលត្រូវបានរៀបចំឡើងដោយសកម្មជនប្រឆាំងជនអន្តោប្រវេសន៍ និងប្រឆាំងមូស្លីម លោក Stephen Yaxley-Lennon ដែលត្រូវបានគេស្គាល់ថា លោក Tommy Robinson គ្រោងជួបគ្នានៅជិតស្ពាន Waterloo Bridge របស់ទីក្រុងឡុងដ៍ មុនពេលធ្វើដំណើរទៅភាគខាងត្បូងនៃចុងវិថី Whitehall ដែលជាកន្លែងការជួបជុំនឹងកើតឡើង។
ចំណែកការតវ៉ាប្រឆាំងដែលរៀបចំដោយក្រុម «Stand Up To Racism» គ្រោងនឹងប្រមូលផ្តុំនៅចុងម្ខាងទៀតនៃវិថី Whitehall ដែលជាផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់សភា។ ជាមួយគ្នានេះ ការតវ៉ារបស់ក្រុម Unite The Kingdom ត្រូវបានគេរំពឹងថា នឹងកាន់ទុក្ខលោក Charlie Kirk ជាសកម្មជនអភិរក្សនិយមអាមេរិកដែលត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ខណៈដែលរូបគេបានថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យមួយ ក្នុងរដ្ឋ Utah។
នគរបាលក្រុងឡុងដ៍ បានឲ្យដឹងថា របងការពារនឹងត្រូវដំឡើង ដើម្បីបង្កើតគម្លាត រវាងក្រុមតវ៉ាទាំង២។ នគរបាលបានបញ្ជាក់ថា មន្រ្តីជាង ១.៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងទីក្រុងឡុងដ៍ នៅថ្ងៃទី១៣ ខែកញ្ញា ដោយរួមមាន ៥០០នាក់ត្រូវបានយកមកពីកងកម្លាំងផ្សេងទៀត ខណៈដែលបន្ថែមពីលើការតវ៉ានេះ ក៏មានការប្រកួតបាល់ទាត់រវាងក្រុមខ្លាំងៗ ក្នុងនោះមានរួមទាំងក្រុមញញួរធំ West Ham ប៉ះក្រុមមាន់ខ្នាយមាស Tottenham ផងដែរ ការប្រគុំតន្ត្រី និងព្រឹត្តិការណ៍ផ្សេងៗទៀត។ មន្ត្រីប្រហែល ១.០០០នាក់ នឹងបំពេញកាតព្វកិច្ចតាមមើលការតវ៉ានេះ៕