ទិន្នន័យផ្លូវការរបស់ទីក្រុងប៉េកាំង បានបង្ហាញនៅថ្ងៃចន្ទ (១៥ សីហា) នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានរក្សាសន្ទុះកំណើនយ៉ាងរឹងមាំនៅក្នុងខែសីហាកន្លងទៅ បើទោះបីជាមានបរិយាកាសខាងក្រៅដ៏ស្មុគស្មាញក៏ដោយ ដែលនេះបានបង្ហាញពីភាពធន់ និងភាពរឹងមាំខ្លាំងរបស់មហាអំណាចសេដ្ឋកិច្ចលេខពីរលើពិភពលោកមួយនេះ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) របស់ចិន បានបង្ហាញថា ទិន្នផលឧស្សាហកម្មបានបន្តកើនឡើងក្នុងអត្រា ៥,២% នៅខែសីហា ធៀបនឹងឆ្នាំមុន ក្នុងអ្វីដែលមន្រ្តីចិនហៅថាជាភាពធន់នៃសេដ្ឋកិច្ច បើទោះបីនេះជាតួលេខនេះទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២៤ និងខ្សោយជាងកំណើន ៥,៧% នៅក្នុងខែកក្កដា ក៏ដោយ។
ទន្ទឹមនឹងនេះ ការចំណាយរបស់អ្នកប្រើប្រាស់ចិន ដែលជាអាទិភាពមួយក្នុងរបៀបវារៈការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ បានបន្តកើនឡើង។ ទិន្ន័យ NBS បង្ហាញថា ការលក់រាយនៃទំនិញប្រើប្រាស់បានកើនឡើង ៣,៤% ធៀបនឹងឆ្នាំមុន ក្នុងខែសីហា ខណៈការលក់រាយនៃសេវាកម្មកើនឡើង ៥,១% នៅក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា។
អ្នកនាំពាក្យរបស់ NBS លោក Fu Linghui បាននិយាយថា សេដ្ឋកិច្ចទាំងមូលក្នុងខែសីហា មានស្ថេរភាព ជាមួយនឹងការរីកចម្រើនជាលំដាប់ផ្នែកឧស្សាហកម្ម និងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យនានា។ អ្នកនាំពាក្យរូបនេះបន្ថែមថា មានកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើនក្នុងបរិយាកាសខាងក្រៅ ហើយការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ចិន ក៏នៅតែប្រឈមនឹងហានិភ័យ និងបញ្ហាជាច្រើនទៀត៕