នគរបាលកាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានឲ្យដឹងថា ចរាចរណ៍ទាំងអស់នៅអាកាសយានដ្ឋានដ៏ធំបំផុតរបស់ដាណឺម៉ាក នៅទីក្រុង Copenhagen ត្រូវបានបិទ បន្ទាប់ពីយានដ្រូនត្រូវបានឃើញហោះនៅតំបន់នោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម X នគរបាលបានឲ្យដឹងថា៖ «(អាកាសយានដ្ឋាន) បច្ចុប្បន្នត្រូវបានបិទមិនឲ្យមានការហោះហើរ និងចុះចត ដោយសារតែយានដ្រូនធំៗ ២-៣គ្រឿង ត្រូវបានឃើញហោះនៅក្នុងតំបន់នេះ»។
បើយោងតាមការចុះផ្សាយរបស់ស្ថាប័ន FlightRadar នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា ការហោះហើរ និងការចុះចតទាំងអស់ នៅអាកាសយានដ្ឋាន Copenhagen ត្រូវបានផ្អាកនៅវេលាម៉ោង ២០:២៦នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៨:២៦នាទី ម៉ោងសកល) ដោយសារតែមានរបាយការណ៍ពីយានដ្រូន។
យ៉ាងហោចណាស់ជើងហោះហើរចំនួន ១៥វ៉ុល ត្រូវបានបង្វែរទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានបញ្ជាក់ថា ចរាចរណ៍ទាំងអស់ត្រូវបានផ្អាក ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតឡើយ៕