អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន ៣ករណី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានផ្ដល់បទចោទថា លោកបានដើរតួនាទីក្នុងការសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ ក្នុងអំឡុងពេលមានយុទ្ធនាការដែលលោកហៅថា «សង្គ្រាមប្រឆាំងគ្រឿងញៀន»។
ការចោទប្រកាន់លើបុរសវ័យ ៨០ឆ្នាំដែលត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង នៅប្រទេសហូឡង់ តាំងពីខែមីនាមកនោះ ត្រូវបានកំណត់នៅក្នុងឯកសារដែលត្រូវបានចេញផ្សាយដោយ ICC កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា)។ ការចោទនោះ ពាក់ព័ន្ធមួយផ្នែកទៅនឹងការបង្រ្កាបប្រឆាំងគ្រឿងញៀនដែលលោក Duterte ដឹកនាំនៅពេលលោកកាន់តំណែងជាប្រធានាធិបតី ជាហេតុការណ៍បណ្តាលឲ្យមានការស្លាប់មនុស្សរាប់ពាន់នាក់ដែលត្រូវបានសង្ស័យថា ជាអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន។
ឯកសារចោទប្រកាន់ផ្លូវការដែលត្រូវបានកែសម្រួលយ៉ាងខ្លាំងរបស់ ICC ដែលចុះកាលបរិច្ឆេទពីដើមខែកក្កដា និងចុះហត្ថលេខាដោយរដ្ឋអាជ្ញារងរបស់តុលាការ គឺលោកស្រី Mame Mandiaye Niang កំណត់នូវអ្វីដែលរដ្ឋអាជ្ញាមើលឃើញថា ជាការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលរបស់លោក Duterte ចំពោះការស្លាប់មនុស្សរាប់សិបនាក់ដែលបានកើតឡើង ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨។
ករណីទី១ មានតាំងពីដល់ពេលដែលលោកជាអភិបាលក្រុង Davao ពោលគឺជាពេលដែលលោកត្រូវបានចោទប្រកាន់ថា ជា «សហឧក្រិដ្ឋជនដោយប្រយោល» នៅក្នុងឃាតកម្មចំនួន ១៩ករណី ចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦។ ការចោទប្រកាន់របស់ ICC ករណីទី២ និងទី៣ ទាក់ទងនឹងប៉ុន្មានឆ្នាំ ដែលលោកធ្វើជាប្រធានាធិបតី។ ករណីខាងដើម ពាក់ព័ន្ធនឹងឃាតកម្មលើមនុស្ស ១៤រូប ដែលឲ្យឈ្មោះថា គោលដៅ «កម្រិតខ្ពស់» ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២៧ ខណៈពេលករណីចុងក្រោយនេះសំដៅទៅលើឃាតកម្មចំនួន ៤៣រូប ដែលបានប្រព្រឹត្ត ក្នុងអំឡុងប្រតិបត្តិការ «បោសសម្អាត» ប្រឆាំងនឹងឧក្រិដ្ឋជនកម្រិតទាប នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨។
ការចេញផ្សាយនូវការចោទប្រកាន់នេះបានកើតឡើងជាច្រើនសប្តាហ៍ បន្ទាប់ពីតុលាការបានពន្យារពេលការបង្ហាញខ្លួនរបស់លោក Duterte ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ នៅឯ ICC ដើម្បីស្តាប់ការចោទប្រកាន់លើរូបលោក។ តុលាការត្រូវតែពិចារណាជាមុនថា តើអតីតប្រធានាធិបតីរូបនេះសមនឹងចូលសវនាការដែរ ឬអត់ បន្ទាប់ពីមានការលើកឡើងរបស់មេធាវីលោក Nicholas Kaufman ដែលថា ករណីនេះគួរត្រូវបានពន្យារពេលដោយមិនកំណត់ ដោយសារតែសុខភាពលោក Duterte ចុះខ្សោយ៕