ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងជួបមេដឹកនាំ និងមន្ត្រីមកពីប្រទេសជាច្រើនដែលកាន់សាសនាឥស្លាម នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) ហើយពិភាក្សាអំពីស្ថានភាព នៅតំបន់ហ្កាហ្សាដែលស្ថិតនៅក្រោមការវាយលុកកាន់តែខ្លាំងឡើងៗ ពីសំណាក់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Trump នឹងបើកកិច្ចប្រជុំពហុភាគីជាមួយអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កាតា អេហ្ស៊ីប ហ្ស៊កដានី ទួរគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន។ អ្នកដែលដឹងអំពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា ស្ថានភាពរបស់តំបន់ហ្កាហ្សា នឹងត្រូវពិភាក្សា។
បើយោងតាមរបស់សេចក្ដីរាយការណ៍របស់សារព័ត៌មាន Axios បានឲ្យដឹងថា លោក Trump នឹងបង្ហាញក្រុមប្រទេសទាំងនេះ ជាមួយនឹងសំណើ សម្រាប់សន្តិភាព និងអភិបាលកិច្ច ក្រោយបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា។
សារព័ត៌មាន Axios បានឲ្យដឹងទៀតថា បន្ថែមពីលើការដោះលែងចំណាប់ថ្នូរ និងការបញ្ចប់សង្រ្គាម លោក Trump ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការរបស់សហរដ្ឋអាមេរិក ជុំវិញការដកខ្លួនរបស់អ៊ីស្រាអែល និងអភិបាលកិច្ច ក្រោយសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សានេះ ដោយមិនមានការចូលរួមពីក្រុមហាម៉ាស។
បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានដដែលនេះ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យបណ្ដាប្រទេសអារ៉ាប់ និងមូស្លីមយល់ព្រមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យអ៊ីស្រាអែលដកខ្លួនចេញ និងធានាបាននូវមូលនិធិ សម្រាប់ពេលអន្តរកាល និងកម្មវិធីស្ដារតំបន់នេះឡើងវិញ៕