កម្មករ និងឧស្សាហកម្មនៅតំបន់អាហ្រ្វិក កំពុងត្រៀមខ្លួនទទួលផលវិបាក បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក បានផុតកំណត់កាលពីថ្ងៃអង្គារ (៣០ កញ្ញា) ដែលធ្លាប់តែអនុគ្រោះខ្លាំងដល់អ្នកនាំចេញអាហ្រ្វិក ប៉ុន្តែឥឡូវនេះ ធ្វើឱ្យអាជីវកម្មងាយរងគ្រោះទៅនឹងសម្ពាធប្រកួតប្រជែង និងពន្ធគយថ្មី។
ច្បាប់ស្តីពីកំណើន និងឱកាសអាហ្រ្វិក (AGOA) របស់សហរដ្ឋអាមេរិក បានបញ្ចប់ដូចដែលបានគ្រោងទុកនៅថ្ងៃអង្គារ ស្របពេលមានភាពមិនប្រាកដប្រជាលើការចរចាធ្វើកិច្ចព្រមព្រៀងនេះឡើងវិញ និងផលប៉ះពាល់នៃពន្ធគយថ្មីដែលប្រកាសដោយសេតវិមាន ក្នុងខែមេសា។
ច្បាប់ AGOA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដែលបានផ្តល់ឱ្យផលិតផលរាប់ពាន់មុខពីបណ្ដាប្រទេសអាហ្រ្វិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយមិនមានពន្ធនោះឡើយ ចាប់តាំងពីឆ្នាំ២០០០មក។
ឧស្សាហកម្មដែលពឹងផ្អែកលើកិច្ចព្រមព្រៀង AGOA នេះ ទំនងជាផ្តល់ការងារដល់មនុស្សប្រហែល ១,៣លាននាក់ ដែលមុខតំណែងទាំងនោះបច្ចុប្បន្នកំពុងស្ថិតក្នុងហានិភ័យ ជាពិសេសនៅប្រទេសដែលប្រជាជនភាគច្រើនមានជម្រើសការងារតិចតួច។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍ និងនិរន្តរភាពអាល្លឺម៉ង់ និយាយថា សេដ្ឋកិច្ចអាហ្រ្វិកមួយចំនួន ដូចជានីហ្សេរីយ៉ា កេនយ៉ា និងឡេសូតូ ទំនងជាប្រឈម "ផលប៉ះពាល់គួរឱ្យកត់សម្គាល់" ពីការបញ្ចប់កិច្ចព្រមព្រៀង AGOA និងពន្ធថ្មីរបស់អាមេរិក៕