តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃអាទិត្យ (ទី១២ ខែតុលា) ស្ថានទូតរបស់ប្រទេសកាតា ប្រចាំប្រទេសអេហ្ស៊ីប បានឲ្យដឹងថា បុគ្គលិក ៣នាក់នៃក្រុមហ៊ុន Amiri Diwan របស់ប្រទេសកាតា ដែលជាស្ថាប័នរដ្ឋាភិបាលជាន់ខ្ពស់ បានបតា់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត នៅជិតទីក្រុងរមណីយដ្ឋានសមុទ្រក្រហម Sharm el-Sheikh។
ជាមួយគ្នានេះ ស្ថានទូតបានឲ្យដឹងទៀតថា មនុស្ស ២នាក់ផ្សេងទៀត បានរងរបួស ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យរបស់ទីក្រុងនេះ ដោយបានបញ្ជាក់បន្ថែមថា អ្នករងរបួស និងសាកសពជនរងគ្រោះ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ទៅកាន់ទីក្រុងដូហា នាយប់នៅថ្ងៃទី១២ ខែតុលានេះ។
មុននេះ ប្រភពសន្តិសុខចំនួន ២ បានប្រាប់សារព័ត៌មាន Reuters ថា រថយន្តដឹកអ្នកការទូតកាតា បានក្រឡាប់លើនៅកន្លែងកោងលើផ្លូវមួយ ចម្ងាយ ៥០គីឡូម៉ែត្រពីទីក្រុង។
ឧបទ្ទវហេតុនេះបានកើតឡើង ២-៣ថ្ងៃបន្ទាប់ពីមន្ត្រីមកពីកាតា ទួរគី និងអេហ្ស៊ីប បានចូលរួមក្នុងកិច្ចចរចាដោយប្រយោល នៅទីក្រុងរមណីយដ្ឋាន Sharm el-Sheikh កាលពីដើមសប្តាហ៍នេះ ជាដំណើរការដែលនាំទៅដល់ការមានកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។
ទីក្រុងរបស់អេហ្ស៊ីបមួយនេះ នៅថ្ងៃទី១៣ ខែតុលា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសកលមួយ ក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀងមួយ៕