សហរដ្ឋអាមេរិក និងប្រទេសបេលីហ្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍ «ប្រទេសទីបីដ៏សុវត្ថិភាព» ដែលនឹងអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ផ្ទេរអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសអាមេរិកកណ្តាលមួយនេះ។
កិច្ចព្រមព្រៀងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់រដ្ឋបាល លោក Trump ដើម្បីកំណត់ការស្នើសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក និងអនុវត្តយុទ្ធនាការនៃការនិរទេសទ្រង់ទ្រាយធំ។ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយប្រទេសបេលីហ្សបានចាត់ទុកថាជាចំណាត់ការ «ផ្អែកលើការប្តេជ្ញាចិត្តរបស់រដ្ឋនានាក្នុងកិច្ចសហប្រតិបត្តិការក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីស្ថានភាពជនភៀសខ្លួនឆ្នាំ១៩៥១»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលបានសរសេរថា «កិច្ចព្រមព្រៀងពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសបេលីហ្សចំពោះច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ខណៈធានាបាននូវការការពារជាតិដ៏រឹងមាំ»។
កិច្ចព្រមព្រៀង «ប្រទេសទីបីដ៏មានសុវត្ថិភាព» គឺជាយុទ្ធសាស្ត្រដ៏ចម្រូងចម្រាសដែលត្រូវបានប្រើដើម្បីដាក់ការរឹតត្បិតលើការស្នើសុំសិទ្ធិជ្រកកោន។
ប្រទេសនៅអាមេរិកកណ្តាលមួយនេះបានបង្ហាញថា ខ្លួននឹងទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីសហរដ្ឋអាមេរិកជាថ្នូរនឹង «ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបង្កើនសិទ្ធិជ្រកកោន និងគោលនយោបាយគ្រប់គ្រងព្រំដែនរបស់ប្រទេសបេលីហ្ស»។