ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការផ្សព្វផ្សាយលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. និងការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) នៃរដ្ឋបាលខេត្តចំនួន១៥ ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន មេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច និងនាយទាហាន ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងអង្គប្រជុំឯកឧត្ដម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាពិសេសការការពារពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។
ជាងនេះទៅទៀត កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បន្តទៀតថា ឆ្នាំ២០២២នេះ អាជ្ញាធរមីន បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីអបអរសាទរពិធីរំលឹកខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌ក្រោមអធិបតីភាពរបស់សម្តេចតេជោ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ កម្ពុជា នៅបន្តធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាសេសសល់លើផ្ទៃដីរងការគំរាមកំហែងដោយសារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីនប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡានឹងត្រូវបញ្ចប់ ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានោះដែរឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជា រយៈពេលជិត៣០នេះ ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញ នូវទីតាំងអតីតសមរភូមិ ឲ្យមានការអភិវឌ្ឍ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កងទ័ពជើងគោក បានចូលរួមជាច្រើន ក្នុងដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយបន្ទាប់ពីទទួលបាននូវគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕