ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅស្រុក ហាត់យ៉ៃ ( Hat Yai ) ក្នុងខេត្ត សុងក្លា (Songkhla ) ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃសៅរ៍ ២២ វិច្ឆិកា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុងហាត់យ៉ៃ បានប្រកាសអាសន្នទឹកជំនន់ធ្ងន់ធ្ងរ និងបានចេញបទបញ្ជាជម្លៀស សម្រាប់សហគមន៍ចំនួន១០៣។
ក្រុមអាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋជម្លៀសទៅតំបន់សុវត្ថិភាពជាបន្ទាន់ ដោយលើកឡើងថា កម្ពស់ទឹកភ្លៀងរយៈពេលបីថ្ងៃ បានហក់ឡើងដល់៥៩៥ មីលីម៉ែត្រ។
វីដេអូដែលថតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TPBS បានបង្ហាញមនុស្សដើរកាត់ទឹកជម្រៅត្រឹមជង្គង់ ខណៈត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ហើយយានយន្តត្រូវបានជាប់ក្នុងទឹកជំនន់។
កាលពីសប្ដាហ៍មុនទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារ ទូទាំងខេត្តចំនួន១២របស់ប្រទេសថៃ ខណៈក្រុមអ្នកអាជ្ញាធរ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៥នាក់ និងមនុស្សប្រមាណ៤៤៤.០០០នាក់ ត្រូវបានប៉ះពាល់៕

