ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសរ៉ូម៉ានីបានបញ្ជូនយន្តហោះចម្បាំងទៅតាមដានយានដ្រូនដែលបានរំលោភលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនជាមួយអ៊ុយក្រែន នាព្រឹកថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះ ហើយមួយគ្រឿងនៅតែចូលទៅក្នុងប្រទេសកាន់តែជ្រៅ។
ក្រសួងបានបញ្ជាក់ថា ដំបូងឡើយ ខ្លួនបានប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង Eurofighter ២គ្រឿង ដែលជាផ្នែកនៃបេសកកម្មនគរបាលអាកាសអាល្លឺម៉ង់ នៅក្នុងប្រទេសរូម៉ានី ដែលបានតាមដានយានដ្រូន នៅក្នុងតំបន់ Tulcea ភាគអាគ្នេយ៍ មុនពេលវាចូលទៅអ៊ុយក្រែនម្តងទៀត។

បន្ទាប់មក កងទ័ពបានបញ្ចេញយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី ២គ្រឿង បន្ទាប់ពីរ៉ាដាបង្ហាញពីការរំលោភលើដែនអាកាសទី២ នៅតំបន់ Galati។ ក្រសួងបានឲ្យដឹងបន្ថែមថា យន្តហោះបានតាមដានយានដ្រូននោះដែលកំពុងហោះទៅកាន់ឆ្ពោះទៅតំបន់ Vrancea។ អ្នកស្រុកនៃតំបន់ទាំង៣ ត្រូវបានព្រមានឲ្យរកកន្លែងសុវត្ថិភាពការពារខ្លួន។
គួរបញ្ជាក់ថា ប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ (NATO) មួយនេះ មានព្រំប្រទល់ដី ៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភដែនអាកាសរបស់ខ្លួន និងបំណែករបស់វាធ្លាក់លើទឹកដីរបស់ខ្លួនម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមវាយប្រហារកំពង់ផែរបស់ទីក្រុងគីវ ឆ្លងកាត់ទន្លេ Danube៕
