មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍ បានទទួលស្គាល់ការទាមទារសេដ្ឋកិច្ចរបស់ក្រុមបាតុករក្នុងប្រទេសអ៊ីរ៉ង់ ជាទីដែលការតវ៉ាបានរាលដាលដល់ទីក្រុងជាង២០ ទោះលោកបានព្រមានថា នឹងមិនមានការអាណិតអាសូរដល់ក្រុមបាតុករក៏ដោយ។
ចំនួនអ្នកស្លាប់បានឡើងដល់១២នាក់ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីពុធ រួមទាំងសមាជិកកងកម្លាំងសន្តិសុខផងដែរ។
ការតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ជាការបង្ហាញពីការមិនពេញចិត្តចំពោះការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅ និងភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ប៉ុន្តែចាប់តាំងពីពេលនោះមកការតវ៉ានានាបានរីកកាន់តែធំរហូតដល់ការទាមទារខាងនយោបាយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីអំពើហិង្សា និងការបំផ្លិចបំផ្លាញក្នុងតំបន់នៅភាគខាងលិចប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ប្រធានាធិបតីអាមេរិក Donald Trump និង ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានគំរាមដាក់គ្នា កាលពីថ្ងៃសុក្រខណៈការតវ៉ាបានរីករាលដាលពាសពេញផ្នែកជាច្រើនរបស់អ៊ីរ៉ង់ ជាការកើនឡើងភាពតានតឹងថែមទៀត រវាងប្រទេសទាំងពីរបន្ទាប់ពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរចំនួន៣កាលពីខែមិថុនា២០២៥៕


