ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ត្រូវបានឃុំខ្លួននៅថ្ងៃអាទិត្យនេះ ក្នុងពន្ធនាគារតែមួយជាទីដែលជនជាប់ចោទល្បីៗផ្សេងទៀតត្រូវបានឃុំខ្លួន ខណៈពួកគេកំពុងរង់ចាំការកាត់ក្តី។
ប្រភពមួយបានប្រាប់ទូរទស្សន៍ Fox News ថា លោក Maduro ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan Detention Center ក្នុងទីក្រុង Brooklyn បន្ទាប់ពីមេដឹកនាំវ៉េណេស៊ុយអេឡារូបនេះត្រូវបានចាប់ខ្លួននៅក្នុងផ្ទះមួយដូចជាបន្ទាយយោធា ក្នុងអំឡុងពេលប្រតិបត្តិការពេលព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយកងកម្លាំងអាមេរិកនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោក Maduro ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយក្រុមភេរវនិយមគ្រឿងញៀន ការឃុបឃិតគ្នានាំចូលសារធាតុញៀនកូកាអ៊ីន ការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញ និងការឃុបឃិតគ្នាដើម្បីកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការចោទប្រកាន់នេះក៏មានឈ្មោះប្រពន្ធ និងកូនប្រុសរបស់លោកជាជនជាប់ចោទផងដែរ។
ប្រភពចំនួន២បានប្រាប់ទូរទស្សន៍ NBC Newsថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolás Maduro អាចបង្ហាញខ្លួននៅតុលាការ ក្នុងទីក្រុង New York នៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ខ្លួនរូបលោកក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរួចនាំលោកទៅកាន់ទីក្រុង New Yorkភ្លាមៗ៕


