ទីប្រឹក្សាសន្តិសុខមកពីសម្ព័ន្ធមិត្តសំខាន់ៗរបស់អ៊ុយក្រែនបានជួបប្រជុំគ្នានៅទីក្រុងគីវ កាលពីថ្ងៃសៅរ៍ ៣ មករា ដើម្បីពិភាក្សាផែនការដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងគីវបានប្រកាសថា កិច្ចព្រមព្រៀងមួយរួចរាល់៩០%។
មន្ត្រីមកពី១៥ ប្រទេស រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏ដូចជាតំណាងមកពីអង្គការណាតូ និងសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកដំបូងក្នុងចំណោមកិច្ចប្រជុំជាច្រើនដែលបានគ្រោងទុកសម្រាប់ឆ្នាំថ្មី។
មន្ត្រីអ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន AFP ថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ក៏បានចូលរួមតាមOnline ផងដែរ ទោះបីជាការវាយប្រហារយោធាទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡាកាលពីព្រឹកថ្ងៃនោះ បានគ្របដណ្ដប់លើដំណើរការនានាក៏ដោយ។
យោងតាមអ៊ុយក្រែនបានឲ្យដឹងថា កិច្ចប្រជុំកំពូលជាបន្តបន្ទាប់នៃបណ្ដាមេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងប្រទេសបារាំងនៅថ្ងៃអង្គារខាងមុខ ។
រុស្ស៊ីបានចោទប្រកាន់ទីក្រុងគីវថាបានបើកការវាយប្រហារដោយយានដ្រូនលើសណ្ឋាគារ និងហាងកាហ្វេមួយនៅក្នុងតំបន់ដែលកាន់កាប់ដោយទីក្រុងមូស្គូនៃតំបន់ Kherson ភាគខាងត្បូងរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស២៨នាក់ដែលកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី តែអ៊ុយក្រែននិយាយថា នោះជាការជួបជុំយោធា៕


