ប្រជាពលរដ្ឋកម្ពុជា ចាត់ទុកការបង្កអរិភាពនានារបស់យោធាថៃ ថាជាការធ្វើឲ្យខូចខាតនូវកិច្ចព្រមព្រៀងទាំងឡាយមួយចំនួនរវាងប្រទេសទាំងពីរ។
ខណៈបទឈប់បាញ់ កាន់តែមានអាយុកាលយូរអង្វែងហើយនោះ ក៏ប៉ុន្តែពលរដ្ឋកម្ពុជា សម្តែងនូវក្តីបន្តព្រួយបារម្ភ ចំពោះការកើតមាននូវហេតុការណ៍អាក្រក់លើកទី០៣ឡើងមកវិញ ក្រោយយោធាថៃ កំពុងនៅបន្តបង្កអរិភាពនានាជាច្រើន នៅលើតំបន់កំពុងឈរជើងលើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈការបង្កើនកម្លាំងយោធា, ពង្រីកសកម្មភាពនានាធ្វើឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចដល់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ពិសេសជនភៀសសឹក ពុំអាចត្រឡប់ចូលទៅកាន់លំនៅឋានវិញ បើទោះប្រទេសទាំងពីរ ផ្អាកជម្លោះដោយប្រដាប់អាវុធក៏ដោយ ។
គួររំលឹកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងផ្ញើកំណត់ទូតទៅថៃ តវ៉ាចំពោះសកម្មភាពយោធាថៃ ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង, ការវិលត្រឡប់ទៅលំនៅឋានរបស់ពលរដ្ឋ និងដំណើរការខណ្ឌសីមាព្រំដែន។
កំណត់ទូតតវ៉ាជាផ្លូវការនេះ ធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់៕ អត្ថបទ ៖ លីហេង






