ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២៨ ខែមករា ឆ្នាំ២០២៦) បានបញ្ជាក់ជាថ្មីថា «កងនាវាចម្បាំងដ៏ធំមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់» ដោយព្រមានទីក្រុងតេអេរ៉ង់ថា «ពេលវេលាជិតអស់ហើយ» ហើយការវាយប្រហារលើកក្រោយ «នឹងកាន់តែអាក្រក់ជាងមុនឆ្ងាយ»។
តាមរយៈការបង្ហោះដ៏វែង នៅលើបណ្ដាញសង្គម Truth Social លោក Trump បានរៀបរាប់ថា កងនាវាចម្បាំងកំពុង «ធ្វើដំណើរទៅយ៉ាងលឿន ជាមួយនឹងថាមពល ភាពរំភើបរីករាយ និងគោលបំណងដ៏អស្ចារ្យ។ វាជាកងនាវាធំ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះដ៏អស្ចារ្យ Abraham Lincoln ជាងកងនាវាដែលត្រូវបានបញ្ជូនទៅប្រទេសវ៉េណេស៊ុយអេឡា»។
លោកបានព្រមានថា កងនាវាបានត្រៀមរួចជាស្រេចហើយ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន និងប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់។ លោក Trump បានលើកឡើងនៅក្នុងបង្ហោះ មុនពេលព្រមានអ៊ីរ៉ង់ថា៖ «សង្ឃឹមថា អ៊ីរ៉ង់នឹងមកកាន់តុចរចាយ៉ាងឆាប់រហ័ស ហើយចរចាកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមធម៌ ពោលគឺគ្មានអាវុធនុយក្លេអ៊ែរ ជាកិច្ចព្រមព្រៀងដែលល្អសម្រាប់គ្រប់ភាគីទាំងអស់។ ពេលវេលាជិតអស់ហើយ វាពិតជាសំខាន់ណាស់!»។
លោកបានបន្ថែមថា៖ «ដូចដែលខ្ញុំបានប្រាប់អ៊ីរ៉ង់ពីមុនហើយថា ចូរធ្វើកិច្ចព្រមព្រៀង! ពួកគេមិនបានធ្វើទេ ហើយមានប្រតិបត្តិការ Operation Midnight Hammer ដែលជាការបំផ្លិចបំផ្លាញដ៏ធំមួយលើអ៊ីរ៉ង់។ ការវាយប្រហារលើកក្រោយ នឹងកាន់តែអាក្រក់ជាងមុនឆ្ងាយ! កុំធ្វើឲ្យរឿងនោះកើតឡើងម្តងទៀត»។
គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមការបង្ក្រាបលើការតវ៉ា អមដោយការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទាំងស្រុង លោក Trump បានផ្តល់សញ្ញាចូលអន្តរាគមន៍ ដែលគូប្រជែងមួយចំនួននៃថ្នាក់ដឹកនាំសាសនាមើលឃើញថា ជាមធ្យោបាយតែមួយគត់ ដើម្បីនាំឲ្យមានការផ្លាស់ប្តូរ៕