រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលមានតម្លៃជាង ៥លាន ៤សែនដុល្លារ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ពិធីប្រគល់ទទួលជាផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋាន គ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

ចំណែកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជូន គ.ជ.ប នូវសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ដើម្បីគាំទ្រការចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ សម្ភារបរិក្ខាថ្មីនេះ និងត្រូវបានយកទៅប្រើជំនួសប្រព័ន្ធដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យក្នុងឆ្នាំ២០១៦។ ប្រព័ន្ធនេះក៏មានភាពចាំបាច់មិនអាចខ្វះបានក្នុងការធានាសុវត្ថិភាពនៃព័ត៌មានអ្នករបស់បោះឆ្នោតដែលបានកត់ត្រាជាទម្រង់ឌីជីថល ជាពិសេសដោយសារតែមានករណីការលួចចូលប្រើទិន្នន័យអ្នកបោះឆ្នោតដោយគ្មានការអនុញ្ញាត កើតឡើងនៅប្រទេសមួយចំនួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ វង្ស សុភាព

