ប្រភពចំនួន៤ ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អារ៉ាប៊ីសាអូអ៊ូឌីត បានប្រាប់ទៅកាន់ទីក្រុងតេអេរ៉ង់ថា ទោះបីជាខ្លួនចង់បានដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរបស់អ៊ីរ៉ង់ ទល់នឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ការបន្តវាយប្រហារលើព្រះរាជាណាចក្រមួយនេះ និងវិស័យថាមពលរបស់ខ្លួនពីសំណាក់អ៊ីរ៉ង់ អាចនឹងជំរុញឱ្យទីក្រុងរីយ៉ាដ ឆ្លើយតបវិញតាមរបៀបដូចគ្នា។
សារព្រមាននេះត្រូវបានបញ្ជូន នៅមុនការថ្លែងសុន្ទរកថាកាលពីថ្ងៃសៅរ៍ ទី៧ ខែមីនា ដែលក្នុងនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសូមអភ័យទោសដល់បណ្តាប្រទេសឈូងសមុទ្រជិតខាង ចំពោះសកម្មភាពរបស់ទីក្រុងតេអេរ៉ង់ ដែលជាការព្យាយាមយ៉ាងច្បាស់ដើម្បីបន្ធូរបន្ថយកំហឹងក្នុងតំបន់ ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់គោលដៅស៊ីវិល។

ប្រភពបាននិយាយថា រយៈពេលពីរថ្ងៃមុននោះ ពោលគឺនៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan បានពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបានបញ្ជាក់ពីគោលជំហររបស់ទីក្រុងរីយ៉ាដ យ៉ាងច្បាស់លាស់។
ប្រភពបានដកស្រង់សម្តីរដ្ឋមន្ត្រីទីក្រុងរីយ៉ាដអង្គនេះ ដែលបានលើកឡើងថា អារ៉ាប៊ីសាអ៊ូឌីត បើកចំហចំពោះរាល់ទម្រង់នៃការសម្របសម្រួលក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងការស្វែងរកដំណោះស្រាយតាមរយៈការចរចា ដោយបានសង្កត់ធ្ងន់ថា ទាំងទីក្រុងរីយ៉ាដ និងបណ្តាប្រទេសឈូងសមុទ្រផ្សេងទៀត មិនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ ដើម្បីបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ឡើយ។
ប្រភពបន្តថា ព្រះអង្គម្ចាស់ Faisal ក៏បានមានបន្ទូលព្រមានផងដែរថា ប្រសិនបើការវាយប្រហាររបស់អ៊ីរ៉ង់ នៅតែបន្តមកលើទឹកដី ឬហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូអ៊ូឌីត នោះអារ៉ាប៊ីសាអ៊ូឌីតនឹងបង្ខំចិត្តអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេនៅទីនោះសម្រាប់ប្រតិបត្តិការយោធា ហើយថា ទីក្រុងរីយ៉ាដនឹងសងសឹកវិញ ប្រសិនបើការវាយប្រហារលើទីតាំងថាមពលសំខាន់ៗរបស់ព្រះរាជាណាចក្រនេះ នៅតែបន្ត៕

