ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៌អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន

2021/09/30 12:38:59 pm        390
ភ្នំពេញ ៖ កម្ពុជាគ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។លោក ឈឹម សុធី បានឲ្យដឹងទៀតថា នាយកដ្ឋានសិល្បៈសូនរូប និងនាយកដ្ឋានអភិរក្សវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសិល្បៈសហសម័យ សិក្ខាសាលា បង្រៀនធ្វើខ្លែង និងបង្ហើរខ្លែង សិល្បៈទស្សនីយភាព និងភាពយន្ត មហោស្រពគំនូរបុរាណ ព្រះពុទ្ធប្រក់នាគ និងតម្បាញសូត្រ ពិព័រណ៍ម្ហូបអាហារ ព្រមទាំងប្រកាសជ័យលាភី មហោស្រពម្ហូបអាហារ និងមហោស្រពគំនូរបុរាណ។លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម បានបន្ថែមទៀតថា ស្របជាមួយ​បរិបទបច្ចុប្បន្ននេះ ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាម​បណ្តា​ប្រទេស​នីមួយៗ​ពីមេរោគកូវីដ-១៩ ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ជាពិសេសក្នុងព្រឹតិ្តការណ៍មហោស្រពដែលត្រូវ​ប្រារព្ធ​ឡើងនាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ រៀបចំអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ និងអនុវត្តតាមវិធាន​ការរដ្ឋបាល​របស់​ក្រសួងសុខាភិបាល ដោយកាត់បន្ថយចំនួនមនុស្សចូលទស្សនា និងផ្សព្វផ្សាយតាមប្រព័ន្ធOnline បណ្តាញសង្គម ដើម្បីកាត់ផ្តាច់នៃការចម្លងមេរោគកូវីដ-១៩។ ទន្ទឹមនឹងនោះលោក ក៏សូមអំពាវនាវដល់សិល្បករវ័យក្មេង ក៏ដូចជាយុវជនជំនាន់ក្រោយ និងប្រជា​ពលរដ្ឋ បើមិនបានធ្វើអ្វីនោះទេ សូមចូលរួមថែរក្សា លើកកម្ពស់វិស័យសិល្បៈវប្បធម៌ និង​ចូលរួម​អប់រំទូន្មានជូនដល់បងប្អូនយើង ដែលវត្ថុសិល្បៈទាំងអស់នេះ ជារបស់បុព្វបុរសកេរ្តិ៍ដំណែលដូនតា​មិនអាចកាត់ថ្លៃ។ ដូច្នេះនាំគ្នាថែរក្សាឲ្យបានគង់វង្ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជៀសវាងការផ្សព្វផ្សាយដែលជារឿងឥតប្រយោជន៍ និងប៉ះពាល់ដល់សង្គម៕អត្ថបទ រដ្ឋា  

វត្ថុបុរាណខ្មែរចំនួនជាង១០០រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

2021/09/30 12:24:22 pm        725
ភ្នំពេញ ៖ វត្ថុបុរាណខ្មែរចំនួនជាង១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញជាបន្តបន្ទាប់។បើយោងតាមសេចកី្តជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារ លោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បតិ្តវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចកី្តជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះ​មាន​វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប សាងអំពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ០៥រូប ក្នុងនោះមាន​បដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្ម ព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ រូបចម្លាក់ទាំង០៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញ​ធ្វើការ​ពិនិត្យ វាយតម្លៃសំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀប​ចំពិធី​ប្រគល់-ទទួលជាផ្លូវការនៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្ត ដែលឃាត់ទុកក្នុងបទល្មើស​នៃការដឹកជញ្ជូន​លើស​ទម្ងន់

2021/09/30 11:04:06 am        262
ភ្នំពេញ ៖ តាមរយះហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់វិញ ក្នុងរដូវភ្ជុំបិណ្ឌនេះ ប៉ុន្តែតម្រូវឱ្យបង់ពិន័យតាមច្បាប់។នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ ដែល​ផ្ទុយ​នឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុក​នៅ​តាម​ស្ថានីយជញ្ជីង និង​មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន។សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល ​និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញ​របស់​វិស័យឯកជន និងជាការលើកលែង​បន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន​ ដោះលែង​យានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់​កំណត់​ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌនេះ​ក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និង​អនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ​លើ​បណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាង​តឹងរ៉ឹង​ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង​ជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួងត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់។ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់​ដោយ​ឈរលើ​បទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕អត្ថបទ ៖ មុត សុទ្ធ

កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតនៃប្រទេសដៃគូ ត្រៀមការរៀបចំកិច្ចប្រជុំកំពូល​អាស៊ីអឺរ៉ុប​ នៅខែវិច្ឆិកាខាងមុខ

2021/09/29 05:40:26 pm        450
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និង​ផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤:០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា ៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (៥) វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១ និង (៦) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នឹងត្រូវប្រព្រឹត្តទៅអមជាមួយកិច្ចប្រជុំកំពូលនេះផងដែរ៕

លោកជំទាវ ឱ វណ្ណឌីន ​ចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី

2021/09/29 11:02:17 am        582
មណ្ឌលគីរី ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ខែកញ្ញានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគីរី។យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ខែកញ្ញានេះ រាជធានី-ខេត្តចំនួន ២០ហើយ​ដែលបាន​បិទ​បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តចំនួន៥ទៀត គ្រោងបញ្ចប់យុទ្ធនាការក្នុងពេលឆាប់ៗនេះដែរ។ខេត្តចំនួន៥ដែលគ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនោះរួមមាន ៖ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ព្រះសង្ឃជាង១ពាន់អង្គក្នុងក្រុងបាត់ដំបង នឹងត្រូវយកសំណាកបន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ជាបន្តបន្ទាប់

2021/09/29 10:54:57 am        612
បាត់ដំបង ៖ អាជ្ញាធរសហការជាមួយមន្រ្តីសុខាភិបាលបាន ចុះយកសំណាកលើព្រះសង្ឃជាង ១៤០០អង្គ ដែលគង់នៅក្នុងវត្តទាំង៣១ ក្នុងក្រុងបាត់ដំបងជាបន្តបន្ទាប់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញព្រះសង្ឃឆ្លងកូវីដ១៩ ក្នុងពិធីបុណ្យកាន់បិណ្ឌកន្លងទៅ។លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងថា មានវត្តចំនួន៦ក្នុងចំណោមវត្តទាំង៣១ ក្នុងក្រុងបាត់ដំបង ត្រូវបានយកសំណាក លើ​ព្រះសង្ឃដែលគង់ក្នុងវត្តទាំងអស់ ។ លទ្ធផលទាំង៦វត្តនេះ រកឃើញ មានវិជ្ជមានកូវីដ១៩ពីរវត្តប៉ុណ្ណោះ គឺវត្តស្លាកែត ក្នុងចំណោមព្រះសង្ឃជាង១០០អង្គ រកឃើញ វិជ្ជមានកូវីដ១៩លើកូននេនមួយអង្គ និងយាយជីដាំបាយម្នាក់ និង វត្តធម្មការរាម រកឃើញ តាអាចារ្យម្នាក់មានវិជ្ជមានកូវីដ១៩។លោកបញ្ជាក់ថា មន្រ្តីសុខាភិបាលនឹងបន្តធ្វើសំណាកលើ ព្រះសង្ឃចំនួន ១៤៣៣អង្គដែល គង់នៅ វត្តទាំង៣១វត្តនៅក្រុងបាត់ដំបងទាំងអស់ ចំណែកវត្តនៅតាមបណ្តាស្រុកនានា នឹងធ្វើសំណាក លើទីតាំងវត្តណាដែលមានការពាក់ព័ន្ធ ឬក៏សង្ស័យមានឆ្លងជំងឺកូវីដ១៩ លើព្រះសង្ឃប៉ុណ្ណោះ។លោកបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តនៅតាមបណ្តាស្រុកចំនួន៤ កំពុងផ្ទុះការឆ្លងជំងឺកូវីដ១៩​លើព្រះសង្ឃ ដែលក្នុងនោះមាន វត្តអូរស្វាយប្រឹសនៅស្រុកភ្នំព្រឹក , វត្តគីរីរតនៈ នៅស្រុកកំរៀង និង វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល។ ចំណែកវត្តមួយចំនួនទៀត ក៏មានព្រះសង្ឃឆ្លងជំងឺកូវីដ១៩ផងដែរ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។គួរកត់សម្គាល់ថា ព្រះសង្ឃចំនួន១៣៥អង្គ គង់នៅវត្តខ្នាចរមាស ស្រុកបវេល ត្រូវបានយកសំណាក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥៨អង្គ ខណៈព្រះសង្ឃគង់វត្តមួយចំនួនទៀត ត្រូវបានមន្រ្តីសុខាភិបាលចុះយកសំណាកជាបន្តបន្ទាប់។លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា វត្តសរុបក្នុងខេត្តបាត់ដំបង មានចំនួន៣៨៥វត្ត ក្នុងនោះធម្មយុត្តិ១៥វត្ត ដែលមានព្រះសង្ឃគង់សរុប ចំនួន៦៣៣២អង្គ ។បន្ទាប់ពីរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ អាជ្ញាធរខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលក្នុងតំបន់ត្រូវបិទខ្ទប់ ។ ព្រមជាមួយគ្នានោះ អាជ្ញាធរក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងការណែនាំ​របស់​ក្រុម​គ្រូពេទ្យ ព្រមទាំងវិធានការ រដ្ឋបាលដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្ត៕

កម្ពុជា​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​របស់​កម្មករ​កាត់​ដេរ​ដល់ ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើទោះ​បី​ជួប​វិបត្តិ​កូវីដ-១៩​ក្ដី

2021/09/28 12:56:32 pm        300
ភ្នំពេញ៖ កម្ពុជា​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​វិស័យ​កាត់ដេរ ​ឱ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​នេះ បើ​ទោះ​បី​ជា​ពិភព​លោក​កំពុង​រង​គ្រោះ​ដោយសារ​វិបត្តិ​សុខភាព​សកល​ក៏​ដោយ។ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា ឬ​ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ទៅ​ដល់ ១៩២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរត្រូវ​បាន​ដំឡើង​ដល់​ចំនួន ១៩៤​ដុល្លារ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បន្ថែម​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត។តាម​រយៈ​សេចក្ដី​សម្រេច​នេះ ប្រាក់​ឈ្នួល​ទាប​បំផុត​របស់​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ ត្រូវ​បាន​ដំឡើង​​ចំនួន ៦​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ ឬ​កើន​ឡើង​​ពី​ចំនួន ១៨៨​ដុល្លារ​នៅ​ឆ្នាំ​២០២១​នេះ ទៅ​ដល់​ចំនួន ១៩៤​ដុល្លារ​ចាប់​ពី​ខែ​មករា​ឆ្នាំ​​២០២២​ខាង​មុខ​នេះ។ប៉ុន្តែ ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន បាន​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​​ចំនួន ២០៤​ដុល្លារ​សម្រាប់​​កម្មករ​កាត់​ដេរ​នៅ​ឆ្នាំ​ក្រោយ​នេះ។ទោះជាយ៉ាងណា ក្រសួង​ការងារ​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​ជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​សមាសភាព​មក​ពី​ភាគី​តំណាង​កម្មករ​កាត់​ដេរ ភាគី​តំណាង​ថៅកែ​រោងចក្រ និង​តំណាង​រាជ​រដ្ឋា​ភិបាល បាន​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​គាំ​ទ្រ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៩២​ដុល្លារ។កម្ពុជា​នៅ​តែ​បន្ត​​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​ដដែល បើ​ទោះបី​ជា​កម្ពុជាខ្លួន​ឯង និង​ពិភព​លោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សុខភាព​សកល​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ក្ដី៕

កម្ពុជា​គ្រោង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ

2021/09/28 12:23:25 pm        444
ភ្នំពេញ៖ កម្ពុជា​គ្រោងនឹង​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​កម្មករ​នៅ​តាម​បណ្ដាញ​រោងចក្រ​សហគ្រាស​នៅ​ទូទាំង​ប្រទេស ក្រោយ​ពី​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ដើម​ខែ​ក្រោយ​នេះ។ក្នុង​សេចក្ដី​ណែនាំ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​រោងចក្រ និង​សហគ្រាស​នៅ​ទូទាំង​ប្រទេស ឱ្យ​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​តេស្ត​សំណាក​កម្មករ​ទាំង​អស់ ក្រោយ​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ។ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ​នោះ​ថា វិធានការ​បែប​នេះ គឺ​ដើម្បី​រក្សា​សកម្មភាព​ផលិត​កម្ម ហើយ​ក៏​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ផង​ដែរ។កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រជាជន​កម្ពុជា ក្រោយ​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន​នា​ពេល​កន្លង បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​បាន​ ៤​ថ្ងៃ។បើ​ទោះ​បី​គ្មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ កម្ពុជា​នៅ​តែ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​នៅ​​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែ​តុលា​ខាង​មុខ​នេះ​ផង​ដែរ ដែល​មាន​ន័យ​ថា កម្មករ​កម្មការិនី​រោងចក្រ​សហគ្រាស អាច​ឈប់​សម្រាក​ពី​ការងារ​របស់​ពួកគេ៕

រដ្ឋាភិបាលឡាវ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ផ្តល់​វ៉ាក់សាំង​ចំនួន២០ម៉ឺន​ដូស​ដល់ខ្លួន

2021/09/28 04:23:47 am        460
ស្ទឹងត្រែង ៖ លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ បានថ្លែងអំណរអគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកទប់ស្កាត់មេរោគកូវីដ១៩។ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានលើកឡើងថា «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះចំនួយដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជានាពេលនេះ»។នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ១៩ (ប្រភេទស៊ីណូវ៉ាក់) ​ចំនួន២០ម៉ឺនដូស​ ដើម្បីរួមចំណែកក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏សាហាវ​កូវីដ១៩។ក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានសេចក្តីរីករាយ​ជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គ​លេខាធិការ​បក្សប្រជាជន​បដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ច​ពិគ្រោះយោបល់​រវាងថ្នាក់ដឹកនាំ​គណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិត​ពីរឆ្នាំ​មកហើយ តែប្រទេសនានាជុំវិញពិភពលោក​នៅតែត្រូវតស៊ូទប់ទល់​នឹងការផ្ទុះឡើងវិញ​នៃជំងឺ​កូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់​សុខុមាលភាព​របស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ​ ដោយ​មានការឆ្លង​ជំងឺកូវីត១៩ បំប្លែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាល​កម្ពុជា​សូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយ​វ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំ​ប្រឹងប្រែង​របស់ប្រទេស​ឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ»។សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូស ដែលផ្តល់ជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវ​នេះគឺ បានផ្តល់​ដោយ​ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា៕អត្ថបទ ៖ បាន ចក់

អាជីវករផ្សារពោធិវង្ស និងពលរដ្ឋសំណូមពរដល់មន្ទីរបរិស្ថានដោះស្រាយរឿងសំរាមស្អុយ ដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅពួកគាត់

2021/09/28 10:35:49 am        384
បាត់ដំបង ៖ អាជីវករលក់ដូរនៅផ្សារពោធិវង្ស ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្នើរឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរបរិស្ថានខេត្តបាត់ដំបង ជួយដោះស្រាយបញ្ហាសំរាមស្អុយរលួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។ ប្រជាពលរដ្ឋ និងអាជីវករ ដែលស្ថិតនៅទីនោះ បានឲ្យដឹងថា សំរាមដែលគរស្អុយ​ពេញដង​ផ្លូវភ្លោះ​នេះ គឺមានទាំងអ្នកក្រៅភូមិ និងអ្នកនៅក្នុងភូមិ ហើយបានយកមកបោះចោល​ដោយ​គ្មានការ​ពិចារណា និងក្រុមហ៊ុនប្រមូលសំរាមមិនទាន់ពេលវេលាផងនោះ វាបានបណ្តាលឲ្យស្អុយរលួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ដែលនៅទីនោះទាំងយប់ទាំងថ្ងៃ។ប្រជាពលរដ្ឋ បានលើកឡើងទៀតថា«សំរាមនេះតែងតែជះខ្លិនស្អុយ ហើយវាបាន​ប៉ះពាល់​ដល់​អ្នករស់នៅក្បែរនេះ ក៏ដូចជាអ្នកធ្វើដំណើរទៀតផងដែរ។ មួយវិញទៀត ពេលភ្លៀងម្តងៗ​សំរាម​មួយចំនួន ក៏បានហូចូលទៅក្នុងស្រែរបស់កសិករនៅជាប់ផ្លូវនោះ»។ទាក់ទងនឹងបញ្ហាសំរាមនេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា មន្ត្រី​ការិយាល័យ​បរិស្ថានតែងតែជំរុញទៅកាន់ក្រុមការងារផ្សារពោធិវង្ស ឱ្យចាត់ចែង​ជាមួយ​ក្រុមហ៊ុន​ដែល​ជាដៃគូប្រមូលសំរាមកុំឱ្យមានការកកស្ទះស្អុយរលួយបែបនេះ។លោក ក៏បានបញ្ជាក់ថា«ការគ្រប់គ្រងទូទៅមិនស្ថិតនៅលើអាជ្ញាធរក្រុងអ្នកចាត់ចែងនោះទេ ដោយ​សារផ្សារមួយនេះ ត្រូវបានដាក់ដេញថ្លៃឱ្យក្រុមហ៊ុនឯកជន ហើយចំពោះបញ្ហាបងប្អូន​ប្រជាពលរដ្ឋ​យកសំរាមចោលតាមផ្លូវ ក្នុងសង្កាត់ចំការសំរោងនោះ លោកតែងតែដឹកនាំក្រុមការងារចុះណែនាំ ប្រមូលដុត និងដាក់ផ្លាកសញ្ញាផាកពិន័យហើយ នៅតែគ្មានប្រសិទ្ធភាព ព្រោះពលរដ្ឋគ្មាន​ការ​សហការ​ជាមួយអាជ្ញាធរ»។យ៉ាងណាក៏ដោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលនៅទីនោះ​សូម​សំណូម​ពរ​យ៉ាងទទួច​ដល់​មន្ទីរបរិស្ថាន ជួយដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សផងដែរ ខណៈសំរាមនៅ​ពាសវាលពាសកាល​វាមិនសាកសម​ និងទីក្រុងស្អាតជាងគេរបស់ប្រទេសកម្ពុជា ដោយ​នាំមុខ​ក្រុងសៀមរាប ក្រុងកែប និងក្រុងពោធិ៍សាត់ជាដើមនោះ។សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៤កន្លងទៅ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ បានផ្តល់ចំណាត់ថ្នាក់លេខ១ ទៅឱ្យក្រុងបាត់ដំបង ​ដោយផ្អែកលើកត្តាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ ​ដែលអាចផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋាន​រស់នៅល្អប្រសើរ​សម្រាប់ប្រជាជន​ និងភ្ញៀវទេសចរជាដើមនោះ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
06/04/2026 04:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឱ្យមានជំហរប្រកាន់តឹងប្រឆាំងក្រុមជ្វីហ្វនិយមជ្រុល ជុំវិញការតវ៉ាចូលបម្រើយោធាអ៊ីស្រាអែល
06/04/2026 04:06 PM
ប្រទេសមួយចំនួន ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
06/04/2026 04:06 PM
ផ្សារបន្លែបោះដុំធំមួយនៅរាជធានីភ្នំពេញ អាចផ្គង់ផ្គង់បន្លែជាង ២៥០ តោនក្នុងមួយថ្ងៃ
06/04/2026 04:06 PM
WHO៖ កុងហ្គោ និងអ៊ូហ្គង់ដា រាយការណ៍ពីការស្លាប់ ៦១ករណី ដោយសារការផ្ទុះឡើងនៃជំងឺ Ebola
06/04/2026 04:06 PM
បុគ្គលិកនិងនិស្សិត ធ្វើបាតុកម្មដើរក្បួនទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ដើម្បីទាមទារការបោះឆ្នោត
06/04/2026 04:06 PM
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ ឈានទៅលើកកម្ពស់សមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងបន្ថែមទៀតរបស់កម្ពុជា
06/04/2026 04:06 PM
អ៊ីរ៉ង់ បដិសេធការវាយប្រហារអាកាសយានដ្ឋានគូវ៉ែត និងដាក់កំហុសដំណើរការមិនត្រឹមត្រូវប្រព័ន្ធប៉ាទ្រីយ៉ូតរបស់អាមេរិក
06/04/2026 04:06 PM
ផ្លូវ​ដ៏​តូច​ទើបឃើញថ្មី នឹងត្រូវ​រុក​រក សម្រាប់​​​ប្រតិបត្តិការជួយសង្គ្រោះដ៏មាន​ហានិភ័យ ក្នុង​រូងភ្នំ នៅឡាវ
06/04/2026 04:06 PM
​កិច្ចប្រជុំ G7 នៅបារាំង នឹង​មាន​លោក​ Trump ខណៈ​​ជំនួប​កំពូលណាតូនៅទួរគី ក៏នឹង​មាន​មេដឹកនាំអាមេរិកដែរ
06/04/2026 04:06 PM