លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហេសបូឡា នឹងបញ្ឈប់ការបាញ់ផ្លោង ប្រសិនបើសន្តិភាពឈានដល់នៅតំបន់ហ្កាហ្សា

2024/07/11 06:08:09 pm        227
មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកនឹងបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។លោក Nasrallah បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់លោក Mohammad Ni'mah Nasser ជាមេដឹកនាំគណបក្ស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។មេដឹកនាំក្រុមហេសបូឡា បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលមុនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អំពីការបន្តជម្លោះដ៏មានសក្តានុពលនៅក្នុងប្រទេសលីបង់ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ក៏ដោយ ដោយអះអាងពីសារៈសំខាន់នៃការការពារនៅភាគខាងត្បូងប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។លោក Nasrallah បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា នឹងគាំទ្រនូវការសម្រេចចិត្តណាមួយ ដែលធ្វើឡើងដោយក្រុមហាម៉ាស ក្នុងការចរចាជាមួយអ៊ីស្រាអែល។ការនិយាយលើកឡើងរបស់ លោក Nasrallah ធ្វើឡើងខណៈគណៈប្រតិភូ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នា កាលពីថ្ងៃពុធក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។

កងទ័ពជើងទឹកម៉ិកស៊ិកព្រមានថា សារធាតុគីមី ប្រើប្រាស់បានពីរយ៉ាង អាចជំរុញឲ្យមានការជួញដូមេតំហ្វេតាមីន

2024/07/11 06:06:03 pm        224
ទីក្រុងកំពង់ផែ ម៉ានហ្សានីលឡូ(Manzanillo) ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក គឺជាកំពង់ផែធំបំផុតរបស់ប្រទេស។ កំពង់ផែនេះ ទទួលបានស្ទើរតែ ៦០% នៃការដឹកជញ្ជូនទូកុងតឺន័រ ដែលមកដល់ប្រទេសម៉ិកស៊ិក ជារៀងរាល់ថ្ងៃ។ មន្ត្រីកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ដែលធ្វើការនៅទីតាំងនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលំហូរនៃសារធាតុគីមីដែលគ្រប់គ្រងមិនបានល្អ ចូលទៅក្នុងកំពង់ផែ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល ជាដើម។មន្ត្រីការពារកំពង់ផែបាននិយាយដោយមិនបញ្ចេញឈ្មោះថា ទីក្រុង Manzanillo ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង វាគឺជាបង្អួចសម្រាប់កំពង់ផែនៅអាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ក្រុមមន្ត្រី បានឃើញ ការកើនឡើងការនាំចូលសារធាតុគីមីប្រើប្រាស់បានពីរយ៉ាង ភាគច្រើនមកពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតទំនិញស្របច្បាប់ ដូចជាអាហារ ទឹកអប់ និងឱសថ។ ប៉ុន្តែសារធាតុគីមីដូចគ្នានេះ ក៏កើនឡើងទ្វេដងផងដែរជាសារធាតុ ដែលអាចផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល។មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា បរិមាណដ៏ច្រើននៃសារធាតុគីមី ដែលប្រើប្រាស់បានពីរយ៉ាង ទាំងនេះ ត្រូវបានរកឃើញនៅក្នុងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ មន្ត្រីម្នាក់នៅកំពង់ផែ Manzanillo បានចង្អុលទៅរកការដឹកជញ្ជូនពីប្រទេសចិន ដែលត្រូវបានរឹបអូសកាលពីខែមករា ដោយមានអាស៊ីតអាសេទិកទឹកកក៨៨តោន ជាសារធាតុគីមី មិនត្រូវបានគ្រប់គ្រង ត្រូវបានប្រើប្រាស់ក្នុងការផលិតថ្នាំញៀនមេតំហ្វេតាមីន ។មន្ត្រីកងទ័ពជើងទឹកម្នាក់ទៀតបាននិយាយថា សារធាតុដែលត្រូវបានរឹបអូសជាច្រើន ក៏ត្រូវបាននាំចូលដោយក្រុមហ៊ុន ក្នុងរដ្ឋ ចាលីស្កូ(Jalisco) និងរដ្ឋស៊ីណាឡូវ(Sinaloa) ប្រទេសម៉ិកស៊ិក។ ទាំងនេះគឺជាមូលដ្ឋានរបស់ក្រុមជួញដូរគ្រឿងញៀនធំបំផុតចំនួនពីររបស់ប្រទេសម៉ិកស៊ិក គឺក្រុម Sinaloa Cartel និងគូប្រជែងរបស់ខ្លួន គឺក្រុម Jalisco New Generation Cartel ។

កោះតៃវ៉ាន់ រាយការណ៍កំណើនសកម្មភាពទ័ពអាកាសចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះបើកឆ្លងកាត់កោះ

2024/07/11 05:52:19 pm        235
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ បានរាយការណ៍ថាខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។ អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕

ប្រភព៖ អាមេរិក នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល

2024/07/11 05:48:59 pm        321
មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ ៥០០ ផោន (ជាង ២២៦ គីឡូក្រាម) ទៅឱ្យអ៊ីស្រាអែល ប៉ុន្តែនឹងបន្តរារាំងការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ជុំវិញការព្រួយបារម្ភថាអ៊ីស្រាអែល អាចនឹងប្រើប្រាស់គ្រាប់បែកធុនធ្ងន់ទាំងនោះនៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន។សហរដ្ឋអាមេរិក កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ ផោន និង ៥០០ ផោននេះ ដោយសារតែការបារម្ភពីផលប៉ះពាល់ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបង្កនៅក្នុងតំបន់ហ្កាហ្សា។ ការព្រួយបារម្ភជាពិសេសរបស់រដ្ឋបាលលោក បៃដិន គឺការប្រើប្រាស់គ្រាប់បែកដ៏ធំបែបនេះនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន។គ្រាប់បែកទម្ងន់ ២.០០០ ផោនមួយគ្រាប់អាចច្រៀកបេតុង និងដែកក្រាស់ៗជាបំណែកៗ បង្កើតបានជាកាំផ្ទុះ (ទំហំនៃការផ្ទុះ) យ៉ាងធំទូលាយ។ មន្ត្រីអាមេរិកនិយាយថា គ្រាប់បែកទម្ងន់ ៥០០ ផោនត្រូវបានដាក់បញ្ចូលក្នុងការដឹកជញ្ជូនជាមួយគ្នានឹងគ្រាប់បែបធំៗដែលត្រូវបានផ្អាកទាំងនោះ ដូច្នេះហើយទើបគ្រាប់បែកទាំងអស់ត្រូវផ្អាកដឹកស្របគ្នា។ អាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលថាខ្លួនកំពុងបញ្ចេញគ្រាប់បែកទម្ងន់ ៥០០ ផោន ប៉ុន្តែនៅតែផ្អាកគ្រាប់បែកធំៗដដែល។កាលពីខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងដកហូតអាវុធ ហើយបានអង្វរករមន្ត្រីអាមេរិកឱ្យដោះស្រាយស្ថានការណ៍។ មន្រ្តីជំនិតរបស់លោក Biden បានសម្តែងការខកចិត្តចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

លោកZelenskyy៖ ពិភពលោកមិនអាចរង់ចាំរហូតដល់ការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកា ដើម្បីចាត់វិធានការបណ្ដេញ Putin បានឡើយ

2024/07/11 05:46:25 pm        238
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីលើប្រទេសលោក ដោយប្រើសុន្ទរកថាមួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូដើម្បីជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ ប៉ុន្តែពេលនេះនយោបាយមានភាពច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិក។ លោក Zelenskyy បាននិយាយថា ត្រូវដើរចេញពីស្រមោលក្នុងការសម្រេចចិត្តដ៏រឹងមាំដើម្បីចាត់វិធានការ និងមិនរង់ចាំដល់ខែវិច្ឆិកា ឬខែផ្សេងទៀតឡើយ។ យើងត្រូវតែរឹងមាំ និងគេចចេញភាពមិនចុះសម្រុងគ្នា។ ថ្លែងក្នុងទីក្រុងវ៉ាស៊ីនតោន បួនខែមុនការបោះឆ្នោត ហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ថ្មី បន្ទាប់ពីការជជែកដេញដោលមិនល្អរបស់លោកប្រធានាធិបតី Joe Biden លោកបានសំដៅលើសាររបស់លោកទៅកាន់គណបក្សសាធារណរដ្ឋ ដែលមេដឹកនាំរបស់អង្គការ NATO រំពឹងថា បក្សនេះអាចឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំនេះ។ លោក Zelenskyy បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែលុបបំបាត់ភាពមិនចុះសម្រុងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាទប់ទល់នឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

អេហ្ស៊ីប៖ ការចរចាកំពុងដំណើរការជាមួយលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា

2024/07/11 05:43:07 pm        234
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃពុធ ទី១០ កក្កដា ថា ការចរចា កំពុងដំណើរការជាមួយភាគីប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងអស់ក្នុងការប្រឈមមុខដាក់គ្នា។នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីប្រទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាតទី(Badr Abdelatty) បាននិយាយថា ជំនួបកាលពីនាពេលថ្មីៗនេះ មានគោលបំណងបញ្ឈប់ «សេណារីយ៉ូដ៏ធ្ងន់ធ្ងរ» នៅលើសមរភូមិប្រទេសលីបង់។ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងទៅលើគោលដៅរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមនេះ បានចាត់ទុកការវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតថាជា «សមរភូមិគាំទ្រ» ក្នុងគោលបំណងធ្វើឲ្យធនធានយោធារបស់អ៊ីស្រាអែលចេញឆ្ងាយពីតំបន់ហ្កាហ្សា និងគាំទ្រប៉ាឡេស្ទីន។ប្រជាជនអ៊ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញព្រំដែនរវាងប្រទេសទាំងពីរ ហើយអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃជម្លោះកាន់តែរីកធំ។

នាវាពិឃាតកងទ័ពជើងទឹកជប៉ុន ចូលក្នុងដែនទឹកចិន ក្បែរកោះតៃវ៉ាន់ ដែលធ្វើឱ្យក្រុងប៉េកាំង ព្រួយបារម្ភ

2024/07/11 05:37:42 pm        228
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីយប់ថ្ងៃពុធ (១០ កក្កដា) ថា នាវាពិឃាតរបស់កងទ័ពជើងទឹកជប៉ុនមួយគ្រឿង បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់ កាលពីដើមខែនេះ ដោយមិនជូនដំណឹងដល់ចិន និងបង្កឱ្យមាន «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» ពីទីក្រុងប៉េកាំង។ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) បាននិយាយដោយដកស្រង់ប្រភពការទូតថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ស៊ូហ្ស៊ូសុគិ (Suzutsuki) បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ប្រទេសចិន ពីខេត្ត ជឺជាំង (Zhejiang) កាលពីថ្ងៃទី០៤ ខែកក្កដា ជាទីដែលចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា នាវា ស៊ូហ្ស៊ូសុគិ ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធមីស៊ីលរបស់ចិន នៅសមុទ្រចិនខាងកើត ភាគខាងជើងនៃកោះតៃវ៉ាន់ បានចូលទៅក្នុងដែនទឹកនោះដោយមិនជូនដំណឹងដល់ប្រទេសចិន។ សារព័ត៌មានក្យូដូបាននិយាយថា នាវាពិឃាតបានធ្វើដំណើរក្នុងចម្ងាយ ២២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ជឺជាំង ប្រហែល ២០ នាទី បើទោះបីជាមានការព្រមានពីនាវាចិនក៏ដោយ ហើយទីក្រុងប៉េកាំង បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ដល់ទីក្រុងតូក្យូ។សារព័ត៌មានដដែលនោះបានបន្ថែមថា ក្រសួងការពារជាតិជប៉ុន បានបើកការស៊ើបអង្កេតមួយដោយធ្វើការសាកសួរកាពីទែននាវាពិឃាត ស៊ូហ្ស៊ូសុគិ ហើយចេតនារបស់នាវិកក្នុងបើកចូលដែនទឹកចិននេះនៅតែមិនច្បាស់លាស់៕

ហុងគ្រី មើលឃើញឱកាសសន្តិភាពសម្រាប់អ៊ុយក្រែន ប្រសិនបើលោក Trump ឈ្នះឆ្នោត

2024/07/11 05:33:08 pm        251
រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា ប្រទេសហុងគ្រី មើលឃើញថាលទ្ធភាពនៃការវិលត្រឡប់គ្រប់គ្រងតំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា «ឱកាសសន្តិភាព» នៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអង្គការណាតូ ភាគច្រើនសង្ឃឹមថានឹងផ្ញើសារយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រដល់ទីក្រុងគីវ។នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័បាន (Viktor Orban) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន នៅក្នុងអ្វីដែលលោកហៅថាបេសកកម្មសន្តិភាព ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសម្ព័ន្ធមិត្តណាតូមួយចំនួនខឹងសម្បារ ដោយនិយាយថា ដំណើរនេះបានផ្តល់ភាពស្របច្បាប់ដល់ការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) លើទឹកដីអ៊ុយក្រែន ដែលខ្លួនបានរឹបអូសចាប់តាំងពីប្រតិបត្តការយោធាឆ្នាំ២០២២។នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ហ្ស៊ីចាតូ បាននិយាយថា គោលបំណងរបស់ហុងគ្រី គឺដើម្បីបញ្ចប់សង្រ្គាមតាមរយៈការចរចាសន្តិភាពដែលពាក់ព័ន្ធទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកនិយាយថា «យើងគិតថាគួរតែមានឥទ្ធិពលពីខាងក្រៅដ៏ខ្លាំងក្លាដើម្បីបង្ខំឱ្យភាគីជម្លោះចរចាគ្នា។ នោះមានតែលោក Trump ទេដែលអាចធ្វើបាន ប្រសិនបើលោកជាប់ឆ្នោត»។លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់នូវផែនការលម្អិតថាធ្វើបែបណាទើបអាចសម្រេចបាននូវរឿងនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហាញផែនការបញ្ចប់សង្រ្គាមដោយផ្នែក ដោយលក្ខខណ្ឌកាត់ផ្ដាច់ជំនួយនាពេលអនាគតដល់ទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនចូលរួមក្នុងកិច្ចចរចាសន្តិភាព៕

ចិនប្រឆាំងចំពោះសម្ព័ន្ធយោធាណាតូ ដែលបង្កជម្លោះ និងការប្រឈមដាក់គ្នានៅអាស៊ី-ប៉ាស៊ីហ្វិក

2024/07/11 05:08:01 pm        210
ក្រសួងការបរទេសចិនកាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ប្រទេសចិនប្រឆាំងចំពោះការបង្កជម្លោះឬការប្រឈមដាក់គ្នាពីសំណាក់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពហួសព្រំដែនរបស់ណាតូ ក្នុងនាមជាសម្ព័ន្ធមិត្តការពារក្នុងតំបន់ ហើយបានលូកចូលមកដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្កជម្លោះ និងការប្រឈមដាក់គ្នា និងធ្វើឱ្យប៉ះពាល់ដល់ភាពរ៉ុងរឿង និងស្ថិរភាពក្នុងតំបន់ ។ លោក Lin បាននិយាយថា យើងណែនាំឲ្យអង្គការណាតូធ្វើបន្ថែមទៀតសម្រាប់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរអំពីការរំពឹងទុករបស់ចិនសម្រាប់កិច្ចប្រជុំកំពូលខួបលើកទី ៧៥ ឆ្នាំ របស់សម្ព័ន្ធយោធាណាតូនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះច្រើនជាងការរំពឹងទុក បន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Trump

2024/07/11 04:57:28 pm        322
ប្រជាប្រិយភាពរបស់លោក Biden បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកបន្ទាប់ពីការជជែកដេញដោលទល់នឹងលោក Donald Trump ខណៈលោកស្រី Kamala Harris អនុប្រធានាធិបតី និងអាចជាអ្នកជំនួសតំណែងប្រធានាធិបតីដ៏លេចធ្លោរ ប្រសិនបើគណបក្សប្រជាធិបតេយ្យប្តូរបេក្ខជន ទទួលបានលទ្ធផលការយល់ឃើញខុសគ្នា ក្នុងករណីកំណត់ឲ្យទប់ទល់នឹងលោកTrump។ ទាំងនោះគឺជាការពិតដ៏សំខាន់ៗរបស់អ្នកវិភាគពីការស្ទង់មតិថ្មីជិតពីរសប្តាហ៍បន្ទាប់ពីការជជែកដេញដោល ខណៈលោក Biden បានបន្តប្រឆាំងនឹងការអំពាវនាវឱ្យបោះបង់ចោលការប្រកួតប្រជែងណាណត្តិថ្មីពីក្នុងបក្សរបស់លោក ហើយប្រជាជនអាមេរិកភាគច្រើននិយាយថាលោកគួរតែបោះបង់ដោយសារតែបារម្ភអំពីវ័យ និងសុខភាពរបស់លោក។ លោក ម៉ាក មួរ៉េ(Mark Murray) និពន្ធនាយកសារព័ត៌មានខាងនយោបាយជាន់ខ្ពស់នៅទូរទស្សន៍NBC News បានកត់សម្គាល់ថាប្រធានាធិបតីវ័យ៨១ ឆ្នាំកំពុងតាមពីក្រោយលោក Trump នៅក្នុងការស្ទង់មតិ ទាំងនៅក្នុងប្រទេស និង រដ្ឋដែលមានការប្រទាញប្រទង់គ្នា នៅមុនការជជែកដេញដោល ក្នុងទីក្រុងអាល្លង់តា កាលពីថ្ងៃទី២៧ខែមិថុនា។ នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក លោក មួរ៉េ បានកត់សម្គាល់ថា លោកBiden កំពុងតាមពីក្រោយ មួយទៅពីរពិន្ទុបន្ថែមទៀតនៅក្នុងការស្ទង់មតិមួយចំនួន ប៉ុន្តែការស្ទង់មតិនេះ នៅតែអាចមានកែប្រួល។ តាមការស្ទង់មតិបង្ហាញថា លោក Biden មានសន្ទុះគាំទ្រចាញ់លោក Trump ពោលគឺ លោក Trump ទទួលបានការគាំទ្រ៤៦% ហើយលោក Biden ទទួលបាន៤៣%៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM