សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

រយៈពេល​១​ខែ​នៃ​ខែឧសភា កម្ពុជា​រកឃើញ​និង​រឹង​អូស​អាល់កុល​ក្លែងក្លាយ​ជាង ៥៣​តោន​

2021/06/02 04:06:50 am        110
ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា គិត​ក្នុង​រយៈពេល​ពេញ​១​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ និង​រឹបអូស​នូវ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​សរុប​ចំនួន​ប្រមាណ​ជាង ៥៣​តោន​។​​​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​លើកឡើង​ថា ខណៈដែល​ជំងឺ​កូ​វីដ​១៩ កំពុង​បន្ត​រាលដាល​នៅ​កម្ពុជា និង​ដោយមាន​ការណែនាំ ចង្អុលបង្ហាញ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ អគ្គនាយកដ្ឋាន​ក​.​ប​.​ប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​អាល់កុល​ក្លែងក្លាយ​នៅតាម​ផ្សារ ហ្វា​ម៉ា​ស៊ី ឱសថស្ថាន ឬ​តាម​កន្លែង​លក់​ថ្នាំពេទ្យ​នានា​យ៉ាងហោច ៨​លើក ដោយមាន​អាល់​ក្លែងក្លាយ​សរុប​ជាង ៥៣​តោន ស្មើនឹង​ប្រមាណ ៥៣,០០០​លីត្រ ក្នុងនោះ​រឹបអូស​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តព្រៃវែង ក្រចេះ កោះកុង ត្បូងឃ្មុំ ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ​។​​​ទាក់ទិន​ករណីនេះ ក​.​ប​.​ប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិត​ភាព ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន​។ ក​.​ប​.​ប បាន​អំពាវនាវ​ថែមទៀត​ទៅដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់ សូម​ពិនិត្យ​និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែ​ល យកមកប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។ ​សូមបញ្ជាក់ថា អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​មានកា​រ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។ សារធាតុ​គីមី​មេ​តា​ណុល គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី ​

បារាំង​ សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ពី​១០០​ ទៅ​១២០​លាន​អ៊ឺ​រ៉ូ​ក្នុង​មួយឆ្នាំ

2021/06/01 02:32:45 pm        367
ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង សន្យា​បង្កើន​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ​សម្រាប់​កម្ចីសម្បទាន​ក្នុង​រង្វង់​ពី ១០០​ ទៅ ១២០ លាន​អឺរ៉ូ ​ក្នុង​មួយឆ្នាំ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ការសន្យា​នេះ ធ្វើឡើង នៅ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៤ ដោយមាន​ការចូលរួម​ដោយ​ឯកឧត្តម ​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ លោក R–mi GENEVEY ​តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ AFD និង​លោកជំទាវ Eva ​NGYEN BINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដឹកនាំ ​ដោយ ​តាមរយៈ Video Conference​ នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១​។តំណាង​ភាគី​បារាំង ​បញ្ជាក់ថា បារាំង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ប្រមូល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគម​អឺរ៉ុប ជួយ​កម្ពុជា និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ឱ្យ​បាន​ច្រើន​ ស្រប​ទៅតាម​ពេល​វេលា​ បច្ចុប្បន្ន ក៏ដូចជា​នៅ​ពេល​ក្រោយ​កូ​វីដ​-១៩​។ ជាការ​ឆ្លើយតប ឯកឧត្តម វ​ង្សី វិស្សុត ថ្លែងថា ប្រទេស​បារាំង​មិន​ត្រឹមតែ​ជា​មិត្ត ភក្តិ និង​ជា​បណ្តា​ប្រទេស​ឈានមុខ​គេ ​ដែល​ចូល​រួមចំណែក​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ផ្អែកលើ​មូលដ្ឋាន​នេះ កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ជា​បន្តបន្ទាប់​ប្រមាណ ៨៦៧​លាន​អឺរ៉ូ ក្នុង​នោះ​ឥណទាន​សម្បទាន​របស់​រដ្ឋ មាន​ទឹកប្រាក់ ៥០៧ លាន​អឺរ៉ូ​។ ​ហិរញ្ញប្បទាន​ទាំងនេះ បាន​និងកំពុង​រួមចំណែក​យ៉ាងសកម្ម​ដល់​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ស្របតាម​កម្មវិធី និង​គោលនយោបាយ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​។ ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​បាន​បង្ក​ជា​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ប៉ះ ពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម រួមទាំង​សុខភាព​សាធារណៈ ​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ការបាត់បង់​ការងារ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក​ ក្នុងនោះ​ សម្រាប់​កម្ពុជា​ក៏បាន​រង​នូវ​ការរីក​រាលដាល​ជំងឺ​នេះ​ផងដែរ​។ ​ប្រការនេះ ​បានធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ក្នុង​ឆ្នាំ​២០២០ បាន​ធ្លាក់​ចុះ​ប្រមាណ ៣,០% ក្នុងនោះ​ការនាំចេញ​បាន​ធ្លាក់ចុះ​ប្រមាណ -១,១% ឱនភាព​ថវិកា​កើនឡើង​ដល់ ៩,២៥% ។ឯកឧត្តម វ​ង្សី វិស្សុត បន្ត​លើកឡើងថា ​សេដ្ឋកិច្ច​របស់​យើង​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ​២០២១ ​ប៉ុន្តែ​ការ​ងើបឡើង​នេះ នៅ​មាន​ភាព​មិនប្រាកដ​ប្រជា​កម្រិត​ខ្ពស់​នៅឡើយ​ ប្រសិនបើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ មាន​កម្រិត​នៃ​ផល​ប៉ះពាល់​នៅតែ​ខ្ពស់ និ​ង​មាន​ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

មកដល់ពេលនេះ​ភ្នំពេញ​ មិនត្រូវ​បានប្រកាស​បិទ​ឡើងវិញ​នោះទេ​

2021/06/01 02:13:16 pm        188
ភ្នំពេញ ៖ អភិបាល​រាជធានី បាន​ធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​ដែលថា​ នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ​ដោយសារ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ច្រើន​នៅឡើយ​នោះ​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​យប់​ថ្ងៃទី​៣១ ​ខែឧសភា​នេះ​ថា មកដល់ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ គ្មាន​ការ​ប្រកាសថា ​នឹង​បិទ​ទីក្រុង​ឡើងវិញ​នោះទេ ។ អាជ្ញាធរ​ពាក់ព័ន្ធ​ រួមជាមួយ​ក្រសួងសុខាភិបាល បាន​នឹង​កំពុង​បន្ដ​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាទីបំផុត ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងមាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។​​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ចែកចាយ​ព័ត៌មាន​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​ឡើងវិញ ដូច្នេះ​ឯកឧត្ដម បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​នោះទេ ។ជាមួយគ្នានេះ អភិបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​នូវ​ការសោកស្ដាយ​ចំពោះ​ការ​ចែកចាយ​ព័ត៌មាន ដែល​មិនទាន់​មាន​ការសម្រេច​ច្បាស់លាស់ ​ពាក់ព័ន្ធ​ការ​បិទ​រាជធានី​ភ្នំពេញ ​ឡើងវិញ​នេះ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​។សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ហាក់​មានកា​រ​កើន​ឡើងវិញ ខណៈ​រាជធានី​ភ្នំពេញ ​ក៏​កើន​នូវ​ចំនួន​អ្នក​ឆ្លង​ដូចគ្នានេះដែរ ​ជាហេតុ​ធ្វើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​កែសម្រួល​វិធានការ​ចំពោះ​តំបន់​មួយចំនួន ​ដែល​ត្រូវ​បាន​ដាក់​ជា​តំបន់​លឿង ទៅជា​តំបន់​លឿងទុំ​វិញ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ​ទន្ទឹមនឹងនេះ ​ក៏​លេចចេញ​ព័ត៌មាន​ថា ដោយសារ​ការឆ្លង​ច្រើន​រាល់ថ្ងៃ​នេះហើយ ដែល​អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ​វិញ​។ ​ទោះជា​យ៉ាងណា​ព័ត៌មាន​ពិត ​គឺ​អភិបាល​រាជធានី​បានធ្វើការ​ច្រានចោល​នូវ​ព័ត៌មាន​នេះ​។​​ដោយឡែក​ចំពោះ​ផ្សារ ​គឺ​នៅ​បន្ត​ផ្អាក​ដំណើរ​ការមិន​រៀបរយ​ដដែល ​សម្រាប់​ផ្សារ​រដ្ឋ គឺ​អនុញ្ញាត​លក់ដូរ​តែ​ម្ហូបអាហារ​ប៉ុណ្ណោះ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បង្កើន​សិទ្ធិអំណាច​កុមារ

2021/06/01 11:31:57 am        233
ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ ​មាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ​ជាពិសេស​កុមារី​ និង​សហគមន៍ ​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​សំខាន់ៗ ដែល​អាច​ដោះស្រាយ​ឫសគល់ នៃ​ការរើសអើង​។តាមរយៈ​សា​លិខិត​របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ក្នុង​ឱកាស​ខួប​លើក​ទី​៧២ ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ខួប​លើក​ទី​២០​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ​និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០២១ សម្តេច​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​មន្ត្រី​រាជកា​រ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ ក្រុមការងារ​ដើម្បី​កុមារ​ក្រសួង ​ស្ថាប័ន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ​ដើម្បី​កុមារ​រាជធានី​ខេត្ត ​កាក​បាទក្រហមកម្ពុជា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រួសារ​នៅ​ក្នុង​សហគមន៍ រួមទាំង​កុមារ​ខ្លួនឯង​ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ​និង​ធនធាន​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ពេញលេញ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ​។សម្ដេច​ ក៏បាន​អំពាវនាវ​នូវ​ខ្លឹមសារ​៩​ចំណុច ​ឲ្យ​គ្រប់​ក្រសួង ​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្កើន​សិទ្ធិ​អំណាច​ដល់​កុមារ ជាពិសេស​កុមារី​និង​សហគមន៍​ដើម្បី​ធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​សំខាន់ៗ ​ដែល​អាច​ដោះស្រាយ​ឫស នៃ​ការរើសអើង ​ការ​ផាត់​ចេញពី​សង្គម និង​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​របស់​កុមារ​(​កុមារី កុមារា ជា​ជន​ជាតិដើម​ភាគតិច​ កុមារ​មាន​ពិការភាព​)​។ ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ក្នុង​ការ​អនុវត្ត និង​គោលនយោបាយ​នៅ​ក្នុង​កម្រិត​មូលដ្ឋាន និង​កម្រិត​ជាតិ​តាមរយៈ​សកម្ម​ភាព​ចុះ​ផ្ទាល់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​បទពិសោធន៍​ស្ដីពី​តថភាព​របស់​កុមារ​ដែល​កំពុង​ជួបប្រទះ​។ ​សូម​លើកទឹកចិត្ត​ដល់​កុមារ ​និង​សហគមន៍ ដើម្បី​ត្រៀមខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ព្រមទាំង​ជម្នះ​រាល់​ការលំបាក​នានា​។គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​គាំទ្រ​ឲ្យ​កុមារ​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកបដោយ​សុវត្ថិភាព និង ជោគជ័យ​ ចាប់ពី​ពេល​ចាប់កំណើត រហូតដល់​ពេញវ័យ ​ដោយ​បន្ត​ពង្រឹង​សេវា​គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ អាហារូបត្ថម្ភ​ សុខភាព​បន្ត​ពូជ​យុវវ័យ ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បំណិន​ជីវិត​។ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ គ្រួសារ​សហគមន៍ សូម​ចូលរួម​លើកកម្ពស់​ការ​បង្ការ​ទប់​ស្កាត់​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង រូបភាព​អាសអាភាស​កុមារ ​តាមរយៈ​ក្នុង​ប្រព័ន្ធ​អន​ឡាញ ​និង​ក្រៅ​ប្រព័ន្ធ​អន​ឡាញ ​ក្នុង​សហគមន៍ ដើម្បី​ធានា​សុវត្ថិភាព ​ស្របតាម​គោលការណ៍ ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។ ត្រូវ​ចូលរួម​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​ ក្នុងការ​ប្រព្រឹត្ត​បែប​វិជ្ជមាន ចំពោះ​កុមារ​នៅក្នុង សហគមន៍ ​ជាពិសេស​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ចូលរួម​ក្នុង​ការ​ផ្លាស់ប្ដូរ​សហគមន៍​របស់​ពួកគេ​។ សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ចំនួន​មន្ត្រី ភ្នាក់ងារ​សង្គមកិច្ច​នៅ​តាម​ឃុំ​នីមួយៗ​ដើម្បី​បង្កើត​ការ ផ្ដល់​សេវា​សង្គមកិច្ច ឱ្យ​កាន់តែ​កៀក​ទៅ​កុមារ​និង​សហគមន៍ ​ជាពិសេស​កុមារ​រងគ្រោះ​ ដោយ​ឪពុក ម្ដាយ ទុកចោល​ កុមារ​ដែល​មាន​រង​អំពើ​ហិង្សា​និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​។ ​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ជំរុញ​ការរៀបចំ​ និង​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ​អោយ​មាន​លក្ខណៈ ប្រទាក់ ក្រឡា ជា​ពហុ​វិស័យ ​នៅក្នុង​សហគមន៍ ​ជាពិសេស​ការ​ជួយ​ដល់​កុមារ​គ្រប់​វិស័យ​។ គ្រប់​ក្រសួង ​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​លើកកម្ពស់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​ ពង្រឹង​កិច្ចការពារ ​និង​ពិនិត្យ​តាមដាន​ ការអនុវត្ត​សិទ្ធិ​កុមារ ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់ ក្រោម​ជាតិ​៕​អត្ថបទ​ ៖ មុត សុទ្ធ

សម្តេច​ហេង សំរិន ​៖ កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ​ និង​ច្បាប់​អន្តរជាតិ​នានា

2021/06/01 11:11:52 am        190
ភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ​ប្រទេស​កម្ពុជា ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ ​អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​ នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការលើកកម្ពស់​សិទ្ធិសេរីភាព សេចក្តី​ថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​កុមារ​ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា ​ការ​រំលោភបំពាន​គ្រប់​រូបភាព ​និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​ផងដែរ​។ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់ នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ដែលជា​ថ្ងៃ​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ សម្តេច ហេង សំរិន ​បាន​លើកឡើងថា​ «​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ​ហើយ​ជា​រៀង​រាល់ឆ្នាំ​កម្ពុ​ជារួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ តែង​ប្រារព្ធ​ពិធី​មីទ្ទីង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​គ្រប់កន្លែង ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ ​សំដៅ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ធនធាន​កុមារ ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ​ប្រកបដោយ​សមត្ថភាព​ និង​គុណភាព ​ប៉ុន្តែ​ដោយសារ​វិបត្តិ​ជាស​កល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​បាន​រារាំង​មិន​ឱ្យ​យើង​អាច​ប្រារព្ធ​ពិធី​ជួប​គ្នា​ដូច​សព្វដង​នោះទេ​»​។សម្តេច​ប្រធានរដ្ឋសភា បាន​បញ្ជាក់​បន្ថែមទៀត​ថា​« កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការ​លើក​កម្ពស់​សិទ្ធិសេរីភាព ​សេចក្តីថ្លៃថ្នូរ ​សមភាព និង​សុវត្ថិភាព​កុមារ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា​ការ​រំលោភបំពាន​គ្រប់​រូបភាព និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​»​។យ៉ាងណាក៏ដោយ​សម្តេច ហេង សំរិន ​បានលើកឡើង​ផងដែរ​ថា ​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ សម្តេច​ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បន្ត​យកចិត្តទុកដាក់ មើល​ថែទាំ​កុមារ​ឲ្យ​ខ្លាំងក្លា​មួយ​កម្រិត​ថែមទៀត ត្បិត​អី​ពេលនេះ​ពួកគេ​ងាយ​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ ការ​យក​ចិត្ត​ទុកដាក់ ថែទាំ និង​វិនិយោគ​លើ​កុមារនា​ថ្ងៃនេះ គឺ​ដើម្បី​អនាគត​សង្គម ​និង​ប្រទេសជាតិ​យើង​នាពេល​អនាគត​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ​ជា​រៀងរាល់ឆ្នាំ​បាន​ចូលរួម​អបអរសាទរ​ខួប​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ១២​មិថុនា និង​ទិវា​កុមារ​ផ្សេងៗ​ទៀត ដែលជា​សន្ធិសញ្ញា​របស់​អង្គការ​អន្តរជាតិ​បាន​ចែង​។ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​កិច្ចប្រឹងប្រែង​ជាច្រើន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំពារ និង​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​។ ជាពិសេស​សិទ្ធិ​ទទួល​បាន​ការអប់រំ ដែល​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​ផ្តល់​នូវ​ចំណេះដឹង និង​បង្កើតជា​ធនធាន​សម្រាប់​សង្គមជាតិ​។ជាងនេះទៅទៀត រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ មាន​ឆន្ទៈ​មោះមុត និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ហើយ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ជាពិសេស​កុមារ​ខ្លួនឯង​ផ្ទាល់ រួមគ្នា​បន្ត​វិនិយោគ​កុមារ​នៅថ្ងៃនេះ ​នឹង​បង្កើត​បាន​ធនធានមនុស្ស​ដែលមាន​ជំនាញ​ប្រកបដោយ​សក្ដានុពល​នាពេល​អនាគត ​សំដៅ​ធ្វើ​ឱ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ផងដែរ​៕​អត្ថបទ​ ៖ បាន ចក់

ខេត្ត​សៀមរាប​រក​ឃើញ​ពលរដ្ឋ​ ០៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ករណី​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​១២១​នាក់

2021/05/31 10:47:12 pm        247
សៀមរាប៖ រដ្ឋបាលខេត្ត​សៀមរាប​ បាន​ប្រកាស​ថា រកឃើញ​ពលរដ្ឋ​ចំនួន ០៣​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​ មាន​ពលរដ្ឋ​ខ្មែរ​ ២​នាក់​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ស្ត្រី​​ម្នាក់​អាយុ ៣២​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រឡាញ់ និង​ម្នាក់​ទៀត​មាន​លំនៅឋាន​នៅ​ស្រុក​ពួក ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ទៅ​ពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​នោះ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ទៀត​​ជា​ស្ត្រី​អាយុ ២៨​ឆ្នាំ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​។គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​សៀមរាប​រក​ឃើញ​មនុស្ស ១២១​នាក់​បាន​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ​ចំនួន ៦៧​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ៥៣​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

ខេត្ត​ព្រៃវែង​រក​ឃើញ​ពលរដ្ឋ​ ៦៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​តួលេខ​សរុប​នៅ​ខេត្ត​នេះ​ឡើង​ដល់​ ៤៥៩​នាក់​​ត្រឹម​ថ្ងៃ​នេះ

2021/05/31 03:32:38 pm        219
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ថា មនុស្ស​រហូត​ដល់ ៦៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ ដែល​ជា​ករណី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ស្ត្រី​ចំនួន ៥០​​នាក់ និង​បុរស ៩​នាក់។ចំណែក​ឯ​ករណី​ឆ្លង ៦​នាក់​ទៀត រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​កុមារី ៣​នាក់ និង​កុមារ ៣​នាក់​ផង​ដែរ។រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ថា មនុស្ស​រហូត​ដល់ ៤៥៩​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​ព្រៃវែង ក្នុង​នោះ​ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត។គិត​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​សរុប ១៩៦​នាក់​ហើយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ២៥៨​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

យុទ្ធនាការ​ចាក់វ៉ាក់សាំង​ ​១១១​ថ្ងៃ​ហើយ ​កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​​ជូន​ពលរដ្ឋ​បាន ​២៦​%​​នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/31 10:10:51 pm        393
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ៦២​​​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជាង ១០០​ថ្ងៃ​កន្លង​មក​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ទើប​ចេញ​នៅ​យប់​នេះ។​របាយការណ៍​​នោះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​​ប្រទេស​ម្រេច​បាន ២៦.២៥​ភាគរយ​​នៃ​ចំនួន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាងជិត ២​លាននាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​​ហើយ។នៅ​ក្នុង​រយៈ​ពេល ១១១ថ្ងៃ​កន្លង​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៦៧ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៥​​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ដំណើរការ​បាន ១១១ថ្ងៃ​រួច​មក​ហើយ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន​ ០៦​ចំណុច​ សម្រាប់​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បៃតង

2021/05/31 09:49:33 pm        421
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឡើង​នូវ​ទស្សន​ផ្ទាល់​ខ្លួន​ចំនួន ៦​ចំណុច ទៅ​មេដឹកនាំ​ពិភព​លោក​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង និង​ឈាន​ទៅ​សម្រេច​បាន​តាម​គោលដៅ​សកល​ឆ្នាំ​២០៣០​ខាង​មុខនេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​សម្ដេច​ទាំង ៦ចំណុច​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​វេទិកា​ភាព​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ​បៃតង និង​គោល​ដៅ​សកល​ឆ្នាំ​២០៣០ ដែល​ត្រូវ​បាន​រៀបចំដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​នៅ​យប់​នេះ។ក្នុង​វេទិកា​នោះ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ស្ដារឡើង​វិញ​នូវ​​ការ​អភិវឌ្ឍ​បៃតង​ពី​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ មេដឹកនាំ​ពិភព​លោក គួរ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​បើក​ចំហ​ពាណិជ្ជគម្ម​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ពង្រឹង និង​ពង្រីក​យន្តការ​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ និង​អន្តរជាតិ​ ពាក់​ព័ន្ធ​នឹង​ការ​អអភិវឌ្ឍប្រកបដោយ​ចីរភាព និង​ការ​លើក​កម្ពស់​ការ​បញ្ច្រាប​ទស្សនទាន​បៃតង​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៃ​វិស័យ​នានា។ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បៃតង សម្ដេច​តេជោ ហ៊ុន សែន ក៏​ឡើង​ផង​ដែរ​នូវ​យន្តការ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ និង​ឯកជន ដែល​សម្ដេច​ចាត់​ទុក​ជា​វិធីសាស្ត្រ​កៀរ​ធរ​ធនធាន​បន្ថែម​សម្រាប់​ធានា​ដល់​សកម្មភាព​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ផង​ដែរ​នូវ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​វិស័យ​ធុរកិច្ច​ឱ្យ​វិនិយោគ​លើ​ធុរកិច្ច​បៃតង ដូចជា​បច្ចេកវិទ្យា​បៃតង និង​ថាមពល​កកើត​ឡើង​វិញ​ជាដើម។មេដឹកនាំ​កម្ពុជា បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​បៃតង ត្រូវ​ការ​ការ​ជំរុញ​ឱ្យ​មាន​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង និង​​ដោះ​ស្រាយ​គម្លាត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​តាម​រយៈ​ការ​លើក​កម្ពស់​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព។ចំណែក​ឯ​ចំណុច​ទី​៦​វិញ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​នូវ​ការ​លើក​កម្ពស់​លទ្ធភាព​កាត់​បន្ថយ និង​ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​យន្តការ​អភិរក្សា​ធនធាន​ធម្មជាតិ ការ​អភិវឌ្ឍ​ទីក្រុង និង​ឧទ្យាន​បៃតង និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ខាង​ផ្នែក​ស្រាវ​ជ្រាវ ដើម្បី​​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ៕

សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​ជូន​ទៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម ចំនួន ​២៤​ខេត្ត​

2021/05/31 08:06:59 pm        210
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ​៣៣៥០​លាន​រៀល (៣,៣៥០,០០០,០០០​រៀល​) ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម ចំនួន​ ២៤​ខេត្ត ដើម្បី​រៀប​ចាំ​ចាត់ចែង​ធ្វើ​ចត្តាឡីស័ក ចាប់ពី​ថ្ងៃ​ទី​៣១ ខែឧសភា រហូតដល់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​។ ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រាប់​BTV ព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ថា ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​បន្ថែម ជូន​បណ្តា​ខេត្ត​ចំនួន​២៤ ដូចខាងក្រោម​១.​ខេត្តបាត់ដំបង ទទួលបាន​ថវិកា​ ៣២០​លាន​រៀល​២.​ខេត្តបន្ទាយមានជ័យ ទទួលបាន​ថវិកា​ ៣៣០​លាន​រៀល​៣.​ខេត្ត​ឧត្តរមានជ័យ ទទួលបាន​ថវិកា ៧០​លាន​រៀល​៤.​ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា ៩០​លាន​រៀល​៥.​ខេត្តកោះកុង ទទួលបាន​ថវិកា ១០​លាន​រៀល​៦.​ខេត្តពោធិ៍សាត់ ទទួលបាន​ថវិកា ២៨០​លាន​រៀល​៧.​ខេត្តព្រះវិហារ ទទួលបាន​ថវិកា ៤០​លាន​រៀល​៨.​ខេត្តកណ្តាល ទទួលបាន​ថវិកា ២០០​លាន​រៀល​៩.​ខេត្តស្វាយរៀង ទទួលបាន​ថវិកា ៤០​លាន​រៀល​១០.​ខេត្តព្រៃវែង ទទួលបាន​ថវិកា ៥០០​លាន​រៀល​១១.​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ថវិកា ១០០​លាន​រៀល​១២.​ខេត្តក្រចេះ ទទួលបាន​ថវិកា ៣០​លាន​រៀល​១៣.​ខេត្តរតនគិរី ទទួលបាន​ថវិកា ១០​លាន​រៀល​១៤.​ខេត្តមណ្ឌលគិរី ទទួលបាន​ថវិកា ១០​លាន​រៀល​១៥.​ខេត្តកំពត ទទួលបាន​ថវិកា ២០​លាន​រៀល​១៦.​ខេត្តតាកែវ ទទួលបាន​ថវិកា ៧០​លាន​រៀល​១៧.​ខេត្តកំពង់ចាម ទទួលបាន​ថវិកា ៥៥០​លាន​រៀល​១៨.​ខេត្តកំពង់ឆ្នាំង ទទួលបាន​ថវិកា ៨០​លាន​រៀល​១៩.​ខេត្ត​កែប ទទួលបាន​ថវិកា ១០​លាន​រៀល​២០.​ខេត្តកំពង់ស្ពឺ ទទួលបាន​ថវិកា ៣០០​លាន​រៀល​២១.​ខេត្តកំពង់ធំ ទទួលបាន​ថវិកា ១៥០​លាន​រៀល​២២.​ខេត្តស្ទឹងត្រែង ទទួលបាន​ថវិកា ១០​លាន​រៀល​២៣.​ខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា ៦០​លាន​រៀល​២៤.​ខេត្តសៀមរាប ទទួលបាន​ថវិកា ៧០​លាន​រៀល​។ ដោយឡែក​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម ទាំង​២៤​ខេត្ត​នេះ មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​សរុប ៨១៥២៦​នាក់​៕ ​អត្ថបទ៖ រដ្ឋា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM