រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រប្រែក្លាយផ្លូវជនបទពីដីល្បាយក្រួស​ ទៅជាផ្លូវកៅស៊ូ និងបេតុង
ប្រព័ន្ធធារាសាស្ត្រ២ ទីតាំងនៅខេត្តពោធិ៍សាត់ ផ្គត់ផ្គង់ទឹក​ជូនបង​ប្អូន​អតីត​យុទ្ធជ​ន​រាប់​រយ​គ្រួសារ​សម្រាប់​ប្រើប្រាស់ និងបង្កបង្កើនផល
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧

នយោបាយ​ និង ការអភិវឌ្ឍន៍

ថ្ងៃទីពីរនៃការបោះឆ្នោតពិសេស បានបញ្ចប់នៅអាហ្វ្រិកខាងត្បូង

2024/05/29 12:59:15 pm        92
គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) របស់ប្រទេសអាហ្រ្វិកខាងត្បូង បានសម្តែងការពេញចិត្តចំពោះដំណើរការនៃការបោះឆ្នោតពិសេស នៅថ្ងៃទីពីររបស់ខ្លួន ដោយមានអ្នកបោះឆ្នោតចំនួន ៩៣៧.១៤៤នាក់ មកបោះឆ្នោតគិតត្រឹមរសៀលថ្ងៃអង្គារ។និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃអង្គារ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Sy Mamabolo និយាយថា ចំនួនអ្នកបោះឆ្នោតពិសេស គឺខ្ពស់ជាងមុន បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុន។ ស្ថានីយ៍បោះឆ្នោតចំនួន១០៧កន្លែង នៅក្រុង អឹមថាថា(Mthatha) នៃខេត្ត Eastern Cape ដែលមិនបានបើកកាលពីថ្ងៃច័ន្ទ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃអង្គារ។លោក Mamabolo និយាយថា ប្រព័ន្ធទាំងអស់បានត្រៀមរួចជាស្រេចសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែឧសភានេះ ដែលអ្នកបោះឆ្នោតជាង ២៦ លាននាក់ ត្រូវបានកំណត់ដើម្បីបោះឆ្នោតរបស់ពួកគេ។ លោកនិយាយថា មេរៀន និងបទពិសោធន៍ ក្នុងរយៈពេលពីរថ្ងៃ នៃការបោះឆ្នោតពិសេស គឺមានតម្លៃ ហើយនឹងត្រូវប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរប្រតិបត្តិការបន្ថែមទៀត ដើម្បីធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមាន ដល់បទពិសោធន៍អ្នកបោះឆ្នោតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។ការបោះឆ្នោតពិសេស ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់អ្នកបោះឆ្នោត ដែលមិនអាចទៅការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតពិតប្រាកដ រួមទាំងអ្នក ធ្វើការ អ្នកជំងឺ ចាស់ជរា ពិការ ឬមានផ្ទៃពោះ។ មនុស្សជាង ១,៦ លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតពិសេស ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកបោះឆ្នោតចំនួន ៦២៤.៥៩៣នាក់ ត្រូវបានកំណត់ពេលទៅបោះឆ្នោតនៅតាមលំនៅឋាន ដោយមានជំនួយពីមន្ត្រីចំនួន ៦២.០០០ នាក់ ក្នុងអំឡុងពេលនោះ។អ្នកសង្កេតការណ៍ការបោះឆ្នោត និងជាអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan បានសរសើរគណៈកម្មការរៀបចំការបោះឆ្នោត ដែលបានណែនាំការបោះឆ្នោតពិសេសនេះ។លោក Jonathan និយាយថា ការបោះឆ្នោតពិសេស ផ្តល់កន្លែងសម្រាប់មនុស្សគ្រប់គ្នា រួមទាំងអ្នកជំងឺផងដែរ នៅពេលមន្ត្រីទៅដល់លំនៅឋានរបស់ពួកគេ។

អាស៊ែបៃហ្សង់ គ្រប់គ្រងភូមិចំនួន៤ នៅព្រំដែនជាមួយអាមេនី ជាផ្នែកនៃកិច្ចព្រមព្រៀង

2024/05/29 12:49:17 pm        88
ឧបនាយករដ្ឋមន្ត្រីប្រទេសអាស៊ែបៃហ្សង់ លោក ស្សាហ៊ីន មូស្តាហ្វាយ៉េវ(Shahin Mustafayev) បាននិយាយថា អង្គភាពសេវាព្រំដែនរបស់ប្រទេសអាស៊ែបៃហ្សង់ បានគ្រប់គ្រងភូមិចំនួ៤ ក្នុងស្រុក Gazakh ជាប់ព្រំដែនជាមួយប្រទេសអាមេនី ក្រោមកិច្ចព្រមព្រៀងមួយ ធ្វើឡើងជាមួយទីក្រុង Yerevan ប្រទេសអាមេនី។ លោក Mustafayev បាននិយាយថាទំហំទឹកដី ដែលប្រគល់ឲ្យអាស៊ែបៃហ្សង់វិញ ក្រោមកិច្ចព្រមព្រៀងកំណត់ព្រំដែនមានប្រវែង ៥,៥ គីឡូម៉ែត្រក្រឡា។ប្រទេសអាមេនី និយាយកាលពីខែមេសាថា ខ្លួននឹងប្រគល់ភូមិដែលគ្មានមនុស្សរស់នៅ ទៅឱ្យប្រទេសអាស៊ែបៃហ្សង់ ដែលភាគីទាំងពីរបាននិយាយថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅលើផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុង Yerevan និងទីក្រុង Baku ដែលបានប៉ះទង្គិចគ្នារយៈពេលជាង៣ ទសវត្សរ៍។ ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស្ស៊ីនយ៉ាន(Nikol Pashinyan) ដើម្បីប្រគល់ភូមិទាំងបួន បានបង្កឱ្យមានការតវ៉ានៅក្នុងស្រុក ដោយក្រុមបាតុករបានអំពាវនាវឱ្យលោកលាចេញពីតំណែង ជាអ្វីដែលពួកគេបានចាត់ទុកថាក្បត់ជាតិ។លោក Pashinyan នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ បានពិពណ៌នាអំពីរយៈពេលនៃរបៀបដែលប្រជាជនអាមេនី បានស្វែងរកស្រុកកំណើតជាយូរមក នៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ និងរបៀបកំណត់ព្រំដែនប្រទេស ជាផ្នែកមួយនៃដំណើរការ។ លោក និយាយថា គោលបំណងរបស់ប្រជាជន អាមេនីទាំងអស់ គឺត្រូវចាត់វិធានការ ដើម្បីឲ្យអធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យរបស់អាមេនី មានព្រំដែនកំណត់ច្បាស់លាស់។ការដណ្តើមយកមកវិញរបស់ប្រទេសអាស៊ែបៃហ្សង់ ដោយប្រើកម្លាំង នូវតំបន់ Nagorno-Karabakh ទាំងមូល របស់ខ្លួនកាលពីខែកញ្ញា ឆ្នាំមុន ជាចំណាត់ការមួយ ដែលបានជំរុញឱ្យមានការជម្លៀសជនជាតិភាគតិចអាមេនី ដែលរស់នៅទីនោះ បានផ្តល់ផលលំបាកធ្ងន់ធ្ងរដល់ទីក្រុង Yerevan។ ប្រទេសអាសែបៃហ្សង់ និងប្រទេសអាមេនី នៅតែមានជម្លោះទឹកដីដែលពុំទាន់ដោះស្រាយបាន ដែលភាគច្រើនផ្តោតលើតំបន់ហ៊ុមព័ទ្ធ ដែលភាគីទាំងពីរចង់ឱ្យភាគីម្ខាង បោះបង់ការគ្រប់គ្រង ឬផ្តល់សិទ្ធិឲ្យចូលប្រើប្រាស់។

អ៊ីស្រាអែលបដិសេធការវាយប្រហារលើជំរំក្បែរក្រុងរ៉ាហ្វា សម្លាប់មនុស្ស ២១នាក់

2024/05/29 12:34:47 pm        166
យោធាអ៊ីស្រាអែលបានបដិសេធការវាយប្រហារលើជំរំតង់នៅភាគខាងលិចទីក្រុង រ៉ាហ្វា (Rafah) កាលពីថ្ងៃអង្គារ ២៨ ឧសភា បន្ទាប់ពីក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ការបាញ់ផ្លោងចេញពីរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ ក្នុងនោះ១២នាក់ជាស្ត្រី នៅទីនោះ ជាអ្វីដែលអ៊ីស្រាអែលបានកំណត់ជាតំបន់ជម្លៀសជនស៊ីវិល។ ថ្មីៗនេះ ជាការផ្គើនទៅនឹងការប្តឹងឧទ្ធរណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រថក្រោះអ៊ីស្រាអែលបានរុលចូលទៅកណ្ដាលទីក្រុងរ៉ាហ្វា ជាលើកដំបូង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅពេលយប់ ខណៈប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវ៉ែស បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ជាវិធានការដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោជាអន្តរជាតិបន្ថែមទៀត ។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអះអាងម្ដងហើយម្ដងទៀត ប្រឆាំងការវាយលុកថ្មើរជើងដ៏ធំរបស់អ៊ីស្រាអែលនៅ ក្រុងរ៉ាហ្វា ប៉ុន្តែបាននិយាយថា ខ្លួនមិនជឿថាប្រតិបត្តិការបែបនេះកំពុងដំណើរការនោះទេ។ ជាមួយគ្នានោះ សេតវិមានអាមេរិក និយាយថា ប្រតិបតិបត្តិការរបស់អ៊ីស្រាអែល នៅក្រុងរ៉ាហ្វា ពុំបានឆ្លងហួសបន្ទាត់ក្រហមទេ។ ដោយពណ៌នាអំពីទស្សនៈរបស់សហរដ្ឋអាមេរិកអំពីអ្វីដែលនឹងក្លាយជាការវាយលុកដ៏ធំមួយនៅក្នុងទីក្រុង រ៉ាហ្វា អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា វានឹងពាក់ព័ន្ធចំនួនទាហានដ៏ច្រើន និងការបង្កើតនៅក្នុងប្រភេទនៃសមយុទ្ធដែលត្រូវបានសម្របសម្រួលមួយចំនួនប្រឆាំងនឹងគោលដៅជាច្រើននៅលើដី។ ពីរថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំTel al-Sultan មួយផ្សេងទៀតដែលបានសម្លាប់មនុស្ស៤៥នាក់ បានរងការថ្កោលទោសជាសកល៕

ទីក្រុងប៉េកាំង ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូងទៀត

2024/05/29 12:27:14 pm        176
ទីក្រុងប៉េកាំង បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន ឈប់ជ្រៀតជ្រែកក្នុងជម្លោះដែនសមុទ្ររបស់ចិនជាមួយប្រទេសជិតខាងនៅក្នុងកិច្ចពិភាក្សាចុងក្រោយរបស់ប្រទេសទាំង២ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។លោក ហុង លៀង (Hong Liang) ប្រធានក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការព្រំដែន និងមហាសមុទ្រ និងលោក ម៉ាក ឡាំ ប៊ើត (Mark Lambert) អ្នកសម្របសម្រួលបញ្ហាចិន និងឧបការីរង សម្រាប់កិច្ចការប្រទេសចិន និងកោះតៃវ៉ាន់ របស់ក្រសួងការបរទេសអាមេរិក បានបើកកិច្ចប្រជុំតាម វីដេអូមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ការពិភាក្សាទាំងនោះ បានធ្វើឡើងចំពេលសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិនចំនួន២ថ្ងៃ ដែលបានប្រដូចទៅនឹងការបិទកោះតៃវ៉ាន់។ សមយុទ្ធយោធានេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីកោះស្វ័យគ្រប់គ្រង គឺ លោក វីលៀម ឡៃ ឆឹង-ទ័រ (William Lai Ching-te) ។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធនេះ គឺជាការដាក់ទណ្ឌកម្មសម្រាប់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ដែលតស៊ូមតិដើម្បីឯករាជ្យភាព និងជាការព្រមានដ៏ធ្ងន់ធ្ងរប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។ ទីក្រុងប៉េកាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ដែលខ្លួនបាននិយាយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕

ថៃនឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ

2024/05/29 12:23:52 pm        115
អគ្គមេធាវីរបស់ប្រទេសថៃ នឹងចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទប្រមាថព្រះមហាក្សត្រ នេះបើយោងតាមមន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះ នៅក្នុងជំហានថយក្រោយនៃបន្ទុកដ៏ធ្ងន់ផ្នែកនយោបាយ ដែលបច្ចុប្បន្នក្រុមអ្នកស្មោះត្រង់នឹងរាជានិយម កំពុងកាន់កាប់ជួររដ្ឋាភិបាល។ពាក្យបណ្តឹង ដែលដាក់ដោយយោធារាជានិយម ដែលបានទម្លាក់រដ្ឋាភិបាលរបស់ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានកើតចេញពីបទសម្ភាសន៍ ដែលមហាសេដ្ឋីដ៏មានឥទ្ធិពលរូបនេះបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ អ្នកនាំពាក្យ លោក ប្រាយុធ បាចារ៉ាគូណា (Prayuth Bejraguna) បានប្រាប់អ្នកសារព័ត៌មានថា «អគ្គមេធាវីបានសម្រេចចោទលោក ថាក់ស៊ីន លើគ្រប់ការចោទប្រកាន់ទាំងអស់» ដោយបន្ថែមថា អតីតនាយករដ្ឋមន្ត្រីរូបនេះនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃទី១៨ ខែមិថុនា។ ការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងលោក ថាក់ស៊ីន រួមមានការបំពានច្បាប់ព្រហ្មទណ្ឌកុំព្យូទ័រ។ មេធាវីរបស់លោក ថាក់ស៊ីន គឺលោក វីនយ៉ាត់ ឆាតម៉ុនទ្រី (Winyat Chartmontri) បានប្រាប់សារព័ត៌មានរ៉យទ័រថា កូនក្តីរបស់លោកមិនអាចបង្ហាញខ្លួនក្នុងសវនាការនៅថ្ងៃពុធនេះបានទេ ដោយសារឆ្លងមេរោគកូវីដ១៩។ លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានសន្យាម្តងហើយម្តងទៀតនូវភាពស្មោះត្រង់របស់ខ្លួនចំពោះរាជានិយម។មហាសេដ្ឋី ដែលត្រូវបានកាត់ទោសពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍រូបនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ បន្ទាប់ពីជាប់ឃុំរយៈពេលប្រាំមួយខែ។ លោកបានត្រលប់មកប្រទេសកំណើតវិញនៅឆ្នាំ២០២៣ ពីការនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ ក្នុងអំឡុងពេលដែលលោកនៅតែជាតួសំខាន់ក្នុងជម្លោះនយោបាយដដែលៗរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អ៊ុយក្រែន៖ អវត្តមានលោក BIDEN ក្នុងកិច្ចចរចាសន្តិភាព នឹងត្រូវបានសាទរដោយលោក PUTIN

2024/05/29 12:16:15 pm        145
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ខកខានមិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះទេ នោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងអបអរសាទរចំពោះអវត្តមានរបស់លោក។អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោក បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ។លោក ហ្ស៊េឡិនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញទាំងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន និងជាអ្នកទទួលផលឈានមុខគេនៃការបែកបាក់របស់លោកជាមួយលោកខាងលិច ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ រុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ខ្លួនមើលមិនឃើញភាពចាំបាច់នៅក្នុងសន្និសីទនោះទេ។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែបានបដិសេធមិននិយាយថាជាអ្នកណា ឬឋានៈកម្រិតណានោះទេ។ ទីក្រុងគីវ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន អំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាមិនអាចទៅរួច៕

មេដឹកនាំបារាំង និងអាល្លឺម៉ង់៖ អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារក្នុងប្រទេសរុស្ស៊ី

2024/05/29 12:12:07 pm        123
មេដឹកនាំរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា អ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យវាយប្រហារទីតាំងយោធានៅខាងក្នុងប្រទេសរុស្ស៊ី ដែលបានមីស៊ីលទៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែមិនមែនទៅលើគោលដៅផ្សេងទៀតនោះទេ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចថា សមាជិកណាតូ នៅអឺរ៉ុប កំពុងប្រលែងលេងជាមួយភ្លើងក្នុងណែនាំឱ្យអ៊ុយក្រែន ប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី ដែលលោកបាននិយាយថាអាចបង្កឱ្យមានជម្លោះសកល។ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡា សូល (Olaf Scholz) ថា «យើងគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលើទីតាំងយោធាដែលមីស៊ីលត្រូវបានបាញ់ ទីតាំងយោធាដែលប្រើវាយប្រហារអ៊ុយក្រែន ប៉ុន្តែយើងមិនគួរអនុញ្ញាតឱ្យវាយប្រហារគោលដៅផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី និងទីតាំងស៊ីវិល ឬទីតាំងយោធាផ្សេងទៀតនៅរុស្ស៊ី នោះទេ»។លោក សូល និយាយថាខ្លួនយល់ស្របជាមួយលោក ម៉ាក្រុង ហើយថាដរាបណាអ៊ុយក្រែន គោរពលក្ខខណ្ឌដែលបានផ្តល់ឱ្យដោយប្រទេសដែលផ្គត់ផ្គង់អាវុធរួមទាំងសហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ប្រទេសនេះត្រូវបានអនុញ្ញាតឱ្យការពារខ្លួន។អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយថា សមាជិកសម្ព័ន្ធយោធាគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ដែលនោះជាទស្សនៈមួយគាំទ្រដោយសមាជិកអឺរ៉ុបមួយចំនួននៃសម្ព័ន្ធយោធាឆ្លងអាត្លង់ទិក ប៉ុន្តែសហរដ្ឋអាមេរិក មិនគាំទ្រនោះទេ៕

កោះតៃវ៉ាន់៖ សមយុទ្ធចិន ផ្ដោតលើការបំភិតបំភ័យ និងការឃោសនា ជាជាងការចាប់ផ្តើមសង្គ្រាម

2024/05/29 12:03:41 pm        100
ប្រមុខមន្ត្រីសន្តិសុខរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា សមយុទ្ធយោធារបស់ប្រទេសចិន កាលពីសប្តាហ៍មុន គឺផ្ដោតលើការឃោសនា និងការបំភិតបំភ័យ ជាងការចាប់ផ្តើមសង្រ្គាម ប៉ុន្តែកងកម្លាំងចិន បានបង្ហាញថាពួកគេអាចមានប្រតិកម្មយ៉ាងរហ័សក្នុងករណីបន្ទាន់ណាមួយ។ប្រទេសចិន បាននិយាយថា ខ្លួនបានអនុវត្តហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលក្នុងនោះលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិនចុះញ៉មនឹងគ្នានោះទេ» ដែល ចិនចាត់ទុកថា នោះជាការប្រកាសថាភាគីទាំងពីរជាប្រទេសដាច់ដោយឡែកពីគ្នា។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បាននិយាយថា គោលបំណងនៃសមយុទ្ធរបស់ប្រទេសចិន គឺមិនមែនដើម្បីឆ្ពោះទៅរកសង្រ្គាមនោះទេ ប៉ុន្តែដើម្បីបង្ហាញទស្សនិកជនខាងក្រៅ និងក្នុងស្រុកថា ទីក្រុងប៉េកាំង «មានការគ្រប់គ្រងទាំងស្រុងលើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់»។ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានបញ្ជូនកម្លាំងយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ស្ទើរតែរាល់ថ្ងៃ ខណៈដែលខ្លួនព្យាយាមដាក់សម្ពាធលើកោះនេះ ប៉ុន្តែប្រទេសចិន ក៏ហាក់ដូចជាកំពុងព្យាយាមរក្សាវិសាលភាពនៃសមយុទ្ធទាំងនេះផងដែរ នេះបើតាមការិយាល័យរបស់លោក សៃ បាននិយាយនៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សមាជិកសភា៕

ប្រធានក្រុមយុវជនសង្គមស៊ីវិល ថ្កោលទោសក្រុមដែលធ្វើវិទ្ធង្សនានយោបាយ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា

2024/05/29 11:26:42 am        182
ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង ប្រកាស​ថ្កោលទោស​ចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែល​នៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤នេះ កាលពីថ្ងៃទី២៦ ខែ​ឧសភា​កន្ល​ង​ទៅ​នេះ​។ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហេង សំណាង បាន​លើក​ឡើង​ថា ក្រុមអ្នកធ្វើនយោបាយប្រឆាំង ជាពិសេសទណ្ឌិតដែលកំពុងរត់ភៀសខ្លួន និង​វិទ្យុ​បរទេស​នៅ​ក្រៅស្រុ​ក ពួកគេតែងតែទាញយកព្រឹត្តិការណ៍នានារបស់កម្ពុជា ដូចជាករណី​បោះឆ្នោត​ជាដើម ទៅបង្កើតវិទ្ធង្សនានយោបាយតាមរូបភាពផ្សេង ដើម្បីតែកេញ​ចំណេញ​លើ​ការ​ធ្វើ​នយោបាយ​របស់ពួកគេតែប៉ុណ្ណោះ។លោកបានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង និងវិទ្យុបរទេស​នៅក្រៅស្រុក​ដែល​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​វិទ្ធង្សនានយោបាយចំពោះលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះនៅកម្ពុជា។ លោកបន្តថា បច្ចុប្បន្ននេះ សម្ទុះនៃការ​យល់​ដឹងរបស់ប្រជាពលរដ្ឋអំពីការបោះឆ្នោត ឬចេនាអាក្រក់របស់ក្រុមប្រឆាំង គឺពលរដ្ឋ​បាន​យល់​ដឹង​យ៉ាង​ទូលំ​ទូលាយ ដូច្នេះការប៉ុនប៉ងវិទ្ធង្សនានយោបាយរបស់ក្រុមប្រឆាំង ដើម្បីតែបង្កើត​អស្ថិភាព​នយោបាយ និងភាពចលាចលនៅកម្ពុជានោះ គឺមិនទទួលបានជោគជ័យឡើយ។សូមជម្រាបថា បណ្ដាអង្គការសមាគមនៃបណ្តុំអង្គការសង្គមស៊ីវិលបានមើលឃើញថា ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភានេះគឺបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបោះឆ្នោតនេះបានដំណើរការទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយគ្មានអំពើហិង្សា និងការ​គំរាម​កំហែង​ណាមួយ​កើត​ឡើង​ឡើយ។ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតរបស់ គ.ជ.ប អ្នកបានទៅ​បោះឆ្នោត​សរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩ ភាគរយនៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួនសរុប ១១.៦២២ នាក់៕ 

រដ្ឋាភិបាលកោះតៃវ៉ាន់ នឹងបដិសេធកំណែទម្រង់សភាដែលពោពេញដោយជម្លោះ

2024/05/29 09:59:21 am        167
គណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់នឹងច្រានចោល និងបញ្ជូនត្រឡប់ទៅវិញសម្រាប់ការត្រួតពិនិត្យឡើងវិញចំពោះសំណើច្បាប់ ដែលក្រុមប្រឆាំងបានអនុម័តកាលពីថ្ងៃអង្គារ ទី ២៨ ឧសភា ស្តីពីកំណែទម្រង់សភា ដែលបាននាំមនុស្សរាប់ម៉ឺននាក់ចេញតវ៉ាតាមដងផ្លូវនានា និងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិន។សមាជិកសភាគណបក្សប្រឆាំង កំពុងព្យាយាមជំរុញដាក់ចេញនូវច្បាប់ដ៏ចម្រូងចម្រាសនេះ ដែលផ្តល់ឲ្យពួកគេនូវអំណាចស៊ើបអង្កេតកាន់តែច្រើនជាងមុន និងទប់ស្កាត់អំណាចរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) ប្រកបដោយប្រសិទ្ធភាព។ការតវ៉ាដោយស្ងៀមស្ងាត់ និងពេលខ្លះមានការប្រឈមមុខដាក់គ្នាដោយហិង្សានៅក្នុងសភាជុំវិញការកែទម្រង់នេះ បាននិងកំពុងកើតឡើងប្រឆាំងនឹងស្ថានភាពគួរឲ្យព្រួយបារម្ភកាន់តែខ្លាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដើម្បីជះឥទ្ធិពលគ្របសង្កត់លើនយោបាយកោះនេះ និងបំបែកបំបាក់មតិសាធារណៈរបស់កោះតៃវ៉ាន់។កំណែទម្រង់របស់សភាផ្តល់អំណាចដល់សមាជិកសភាក្នុងការស្នើសុំឱ្យយោធា ក្រុមហ៊ុនឯកជន ឬបុគ្គលនានាបញ្ចេញព័ត៌មានដែលចាត់ទុកថាពាក់ព័ន្ធដោយសមាជិកសភា ដែលមានអំណាចក្នុងការដាក់ទោសអ្នកដែលមិនសហការ។ វិធានការនេះនឹងពង្រីកសមត្ថភាពរបស់សមាជិកសភា ក្នុងការកោះអញ្ជើញមេដឹកនាំ ក្រុមហ៊ុន និងសូម្បីតែសាធារណជនទូទៅមកសាកសួរ។ ហើយច្បាប់នេះ ក៏នឹងផ្តល់ឲ្យពួកគេនូវលទ្ធភាពចូលប្រើប្រាស់ឯកសារសម្ងាត់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មានអ្នកសា្លប់យ៉ាងតិច ៨នាក់ អំឡុងការវាយប្រហាររបស់រុស្ស៊ី ដោយយានដ្រូន និងមីស៊ីល លើអ៊ុយក្រែន
11/15/2025 05:11 PM
ជប៉ុនពិចារណាផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរ ខណៈចិនព្រមានពីសញ្ញាគ្រោះថ្នាក់
11/15/2025 05:11 PM
បំណាក់ដី បណ្ដាលឲ្យមនុស្ស ៦នាក់យ៉ាងតិចស្លាប់ នៅកោះជ្វាភាគកណ្ដាលរបស់ឥណ្ឌូនេស៊ី ខណៈ ១៧នាក់បាត់ខ្លួន
11/15/2025 05:11 PM
លោក Rubio ជំរុញអារ៉ាប់រួម ជុំវិញបទឈប់បាញ់ នៅស៊ូដង់ ខណៈសម្ពាធកើនឡើងលើការគាំទ្រដល់ RSF
11/15/2025 04:11 PM
មនុស្សជាច្រើននាក់ស្លាប់ ដោយសាររថយន្តបុកហ្វូងអ្នកថ្មើរជើងពេញទំហឹង នៅទីក្រុង Stockholm របស់ស៊ុយអែត
11/15/2025 04:11 PM
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២
11/15/2025 04:11 PM
កូឡុំប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៤,៣ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Saab របស់ស៊ុយអែត
11/15/2025 03:11 PM
មន្ត្រីរបស់លោក Trump បើកកិច្ចប្រជុំ ស្តីពីវ៉េណេស៊ុយអេឡា ខណៈភាពតានតឹងផ្នែកយោធាកើនឡើង
11/15/2025 03:11 PM
សារព័ត៌មាន FT៖ សេតវិមានបញ្ជាក់ថា ក្រុមហ៊ុន Alibaba ជួយយោធាចិនកំណត់គោលដៅលើអាមេរិក
11/15/2025 03:11 PM
UNSC កំណត់ថ្ងៃបោះឆ្នោត លើផែនការតំបន់ហ្កាហ្សារបស់លោក Trump
11/15/2025 03:11 PM