កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត
សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន

នយោបាយ​ និង ការអភិវឌ្ឍន៍

នៅចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង អះអាងថា បារាំងប្តេជ្ញាបន្តជួយកម្ពុជាជានិច្ច

2026/11/15 06:02:52 pm        196
ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ាណុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជាជានិច្ច ជាពិសេសលើវិស័យ សុខាភិបាល ការទទួលបានទឹកស្អាត ការអភិរក្សបេតិកភណ្ឌ ច្បាប់ ប្រតិបត្តិការរក្សាសន្តិភាព កសិកម្ម ការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ និងការអប់រំជាដើម។ក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមម៉ាក្រុង បានលើកឡើងថាប្រទេសបារាំងមានមោទនភាពដែលបានឈរនៅក្បែរព្រះអង្គ និងប្រជាជនកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាល និងជំនួយអភិវឌ្ឍន៍របស់ខ្លួន ហើយបារាំងនឹងបន្តការប្តេជ្ញាចិត្តនេះតទៅទៀត។ កិច្ចព្រមព្រៀងនានាដែលនឹងត្រូវចុះហត្ថលេខា នឹងបង្ហាញថា ភាពជាដៃគូរបស់យើងនៅតែរឹងមាំ នឹងបន្តទៅមុខក្នុងដំណាក់កាលថ្មីនេះ។ឯកឧត្តមប្រធានាធិបតីបារាំង បានលើកឡើងទៀតថាកម្ពុជានាពេលបច្ចុប្បន្នមានភាពខុសប្លែកយ៉ាងខ្លាំងពីកម្ពុជាកាលពី៣០ឆ្នាំមុន ខណៈប្រទេសនេះកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ វឌ្ឍនភាពដែលសម្រេចបានមានទំហំធំធេងណាស់ ហើយប្រជាជនកម្ពុជាអាចមានមោទនភាពចំពោះសមិទ្ធផលដែលខ្លួនសម្រេចបាន។ ដំណាក់កាលថ្មីនេះនឹងរួមបញ្ចូលការវិនិយោគរបស់វិស័យឯកជនក្នុងវិស័យជាច្រើន ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន។ ជាការពិតយើងនឹងបន្តធ្វើការរួមគ្នាលើវិស័យដែលកិច្ចសហប្រតិបត្តិការរបស់យើងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដូចជា សុខាភិបាល ការទទួលបានទឹកស្អាត ការអភិរក្សបេតិកភណ្ឌ ច្បាប់ ប្រតិបត្តិការរក្សាសន្តិភាព កសិកម្ម ការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ និងការអប់រំ ដែលទទួលបានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលបារាំង-កម្ពុជាដ៏ឆ្នើមជាច្រើន។ ប៉ុន្តែ យើងក៏នឹងមានវិស័យថ្មីៗដែលត្រូវស្វែងរកផងដែរ រួមមាន ការរៀបចំ និងការគ្រប់គ្រងសារមន្ទីរ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាកង់ទិច វិស័យអវកាស ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត បណ្ណសារ និងថាមពលស្អាតជាដើម។នៅចំពោះមុខព្រះភ័ក្រ្តព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តមម៉ាក្រុង ក៏បានរំលឹកផងដែរថាភាពជាដៃគូដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា បានចាប់ផ្តើមជាងមួយសតវត្សរ៍កន្លះមកហើយ នៅក្នុងអំឡុងពេលដែលកម្ពុជាត្រូវការការគាំទ្រ។ ទំនាក់ទំនងនេះបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីដំណាក់កាលដ៏សោកសៅជាច្រើនឆ្នាំ នៅពេលដែលប្រទេសបារាំងដោយស្មោះត្រង់ចំពោះចំណងមិត្តភាពជាមួយប្រជាជនកម្ពុជា បានរួមចំណែកក្នុងការនាំមកនូវសន្តិភាព និងការស្តារព្រះរាជាណាចក្ររបស់ព្រះអង្គឡើងវិញ ជាពិសេសតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលខួបលើកទី៣៥ ត្រូវបានប្រារព្ធឡើងកាលពីខែមុន។ ឯកឧត្តមបានលើកឡើងទៀតថាសូមឱ្យកម្ពុជារុងរឿង! សូមឱ្យបារាំងរុងរឿង! និងសូមឱ្យចំណងមិត្តភាពបារាំង-កម្ពុជារុងរឿង៕

ជំនួបពិសេសមួយទល់មួយ សម្ដេចតេជោ និងប្រធានាធិបតីបារាំងបង្ហាញភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

2026/11/15 05:19:39 pm        163
ភ្នំពេញ៖នៅនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបពិសេសមួយទល់មួយ ជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលជំនួបមួយប្រកបដោយភាពស្និទ្ធស្នាល និងបានពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ក្នុងឱកាសអញ្ជើញដល់វិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាជំនួបពិសេសមួយទល់មួយ ក្នុងនោះជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមប្រធានាធិបតី ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់ ឯកឧត្តមប្រធានាធិបតី បារាំងនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដមួយសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ជាពិសេស គឺ រយៈពេល ៦០ក្រោយនៃដំណើរទស្សនកិច្ចរបសលោកឧត្តមសេនីយ៍ ឆាល ដឺហ្គោល (Charles de Gaulle)។សម្ដេចតេជោ បានលើកឡើងចំពោះឯកប្រធានាធិបតី ម៉ាក្រុងថា សម្ដេចបានឃើញនូវសកម្មភាពរបស់ឯកឧត្តមប្រធានាធិបតី នៅពេលដែលមកដល់កម្ពុជា បានអញ្ជើញទស្សនានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ឯកឧត្តមក៏បានអញ្ជើញដើរទស្សនាកម្សាន្តនៅតំបន់មាត់ទន្លេមុខព្រះរមរាជវាំង និងបណ្ដាលផ្លូវមួយចំនួនទៀតក្នុងរាជធានីភ្នំពេញផងដែរ។ សម្ដេចតេជោ បានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានាពេលនេះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយប្រជាជនម្នាក់ៗមានការរំភើប ចំពោះសកម្មភាពរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវស្រ្ដីទីមួយនៅតាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបង្ហាញនូវការស្រឡាញ់ និងការជឿជាក់របស់ប្រជាជនខ្មែរចំពោះបារាំង ក៏ដូចជាចំពោះឯកឧត្តមប្រធានាធិបតីផ្ទាល់តែម្ដង។ក្នុងឱកាសនោះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្ដែងនូវក្ដីរីករាយឥតឧបមាដែលបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន សាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបរវាងឯកឧត្តម និងសម្ដេចតេជោ នៅប្រទេសបារាំងកាលពីឆ្នាំ ២០២២។ ឯកឧត្តមប្រធានាធិបតីបានរំឭកថា នៅពេលឯកឧត្តមបានជួបជាមួយសម្ដេចតេជោ គឺមានអារម្មណ៍ មានមនោសញ្ចេតនា ប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្តចំពោះសម្ដេចតេជោ។ ឯកឧត្តមប្រធានាធិបតីបារាំងក៏បានលើកឡើងអំពីកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ដោយឯកឧត្តមបានរំលេចថា អង្គការអន្តរជាតិមួយនេះ ក៏មានការចូលរួមបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីនេះឡើង។ ទន្ទឹមនឹងនេះ នៅក្នុងជំនួបនោះ ភាគីទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានផ្លាស់ប្ដូរនូវយោបល់គ្នាទៅវិញទៅមកជុំវិញការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបច្ចេកវិទ្យា នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី កម្ពុជា និងបារាំង បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្ដូរយោបល់ទាក់ទងនឹងបញ្ហាមួយចំនួនដែលភាគីទាំងពីរកំពុងយកចិត្តទុកដាក់។ ជាចុងក្រោយជំនួបពិភាក្សាមួយទល់មួយរវាងសម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតីបារាំងនេះ បានប្រព្រឹត្តិទៅដោយរលូន និងប្រកបផ្លែផ្កា៕

ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីបារាំង ចូលក្រាបបង្គំគាល់

2026/11/15 03:13:18 pm        48
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង ចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ

2026/11/14 04:25:12 pm        112
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ជំនួបនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី។

កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/11/14 04:10:16 pm        125
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Zoran DIMITROVSKI អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងអបអរសាទរកម្ពុជា ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាប្រវត្តិសាស្ត្រ នាពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នៅកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងបានគូសបញ្ជាក់ពីសក្តានុពលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឯកឧត្តមបានរំលេចពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងការពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាពិសេសរវាងវិស័យឯកជន។ ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈយន្តការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF), សាធារណរដ្ឋម៉ាសេដ្វានខាងជើង និងកម្ពុជា នឹងកាន់តែមានកាលានុវត្តភាពច្រើនថែមទៀត ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី។ជាការឆ្លើយតប, សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអនុរដ្ឋមន្រ្តី។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការពហុភាគីនិយមក្នុងទំនាក់ទំនងទ្វេភាគី ដោយគូសរំលេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំក្នុងវេទិកាពហុភាគីនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ព្រមទាំងបានផ្តល់នូវឱកាសច្រើនបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងរៀបចំឱ្យមានយន្តការពិគ្រោះយោបល់នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពលជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​

2026/11/13 10:27:06 pm        168
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្ដមប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់​រាជរដ្ឋាភិបាល ជាមួយនឹងស្នាមញញឹមរបស់ប្រជាជនកម្ពុជា។ ឯកឧត្ដម ក៏បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ខណៈដែលរវ៉ាន់ដា ក៏ធ្លាប់​ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។ ផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមកនេះ, ឯកឧត្ដមប្រធានាធិបតី បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងទ្វេភាគី រវ៉ាន់ដា​-កម្ពុជា​ ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីរវ៉ាន់ដា និងគណៈប្រតិភូ ដែលបាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដែលការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី​ ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។ ដោយឡែក, ក្នុងក្របខ័ណ្ឌតំបន់ និងសកល, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព,​​ ស្ថេរភាព និង វិបុលភាពរួម។បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​ ៣​ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

2026/11/13 04:53:17 pm        148
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង

2026/11/13 04:36:59 pm        135
ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ, ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯករំពឹងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានេះបានលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍ ដឹកនាំប្រទេសរវ៉ាន់ដាផងដែរ។ ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា បានបង្ហាញការចាប់អារម្មណ៍បែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសឯកឧត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូវហ្វូនីលើកទី២០ នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានលើកឡើងថា ដំណើររបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា ជាពិសេសការផ្ដល់តម្លៃដល់សហគមន៍ហ្រ្វង់កូហ្វូនី។ សម្ដេចតេជោ មានប្រសាសន៍បន្ថែម សាវតារនៃប្រទេសរវ៉ាន់ដា និងកម្ពុជា មានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយសម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតី រវ៉ាន់ដា ក៏មានប្រវត្តិតស៊ូ កំសត់ប្រហាក់ប្រហែលគ្នាផងដែរ។ សម្ដេចតជោ សង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅក្នុងប្រទេសកម្ពុជា នាពេលនេះនឹងរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាព រវាងកម្ពុជា និងរវ៉ាន់ដា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី រវ៉ាន់ដា បានសម្ដែងនូវការអគុណជាអនេកប្បការចំពោះការបដិណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សម្ដេចតេជោ ចំពោះឯកឧត្តមប្រធានាធិបតីនាពេលនេះ។ ឯកឧត្តម បានលើកពីក្ដីរីករាយដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តម បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ, ឯកឧត្តមបានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយឯកឧត្តមលើកឡើងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានេះ នឹងលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍ ដឹកនាំប្រទេសរបស់ខ្លួន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្រ្ដរបស់កម្ពុជាក៏ដូចជាប្រវត្តិរបស់ឯកឧត្តមផ្ទាល់ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដែលអាចឈ្វេងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា។ ឯកឧត្តមលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ មន្រ្ដី និងក្រុមការងាររបស់ឯកឧត្តម ក៏បានជួបជាមួយភាគីកម្ពុជា ហើយឯកឧត្តមផ្ទាល់នឹងជជែកដើម្បីស្វែងរកនូវការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ផូល ខាហ្គាម៉េ ប្រធានាធិបតី រវ៉ាន់ដា នៅក្នុងឱកាសនេះ។ សម្ដេចតេជោ ក៏បានគាំទ្រចំពោះប្រទេសទាំងពីរ ដែលគ្រោងនឹងចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា កិច្ចព្រមព្រៀងរវាងរវ៉ាន់ដា និងកម្ពុជា ដែលនឹងត្រូវចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៍ាមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចតេជោ បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាដើម ដោយសម្ដេចបានសគត់សម្គាល់ថា ប្រទេសទាំងពីរដែលជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា អាចមានឱកាស និងយល់ពីគ្នាច្រើន ដើម្បីស្វែងរកកាលានុវត្តភាពនៃប្រទេសទាំងពីរ៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

2026/11/11 05:28:29 pm        142
នៅរសៀលវិមានឯករាជ្យ, ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧៣ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧៣នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

2026/11/05 08:03:58 pm        203
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូនអំពីបេសកកម្ម និងសកម្មភាពរបស់អង្គការ HFHI នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា ស្របតាមចក្ខុវិស័យ «ពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែងសមរម្យសម្រាប់ការរស់នៅ»។ លោកនាយកប្រតិបត្តិ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍលំនៅឋានសមរម្យ ការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់អង្គការ HFHI ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣ មក។ លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយផ្តល់លំនៅឋានជូន​ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះ នាយកប្រតិបត្តិអង្គការ HFHI បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការ ក្នុងការលើកកម្ពស់ជីវភាព​របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម ការកែលម្អលក្ខខណ្ឌរស់នៅ និងការលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារ​ក្រីក្រ​​ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដោយមើលឃើញពីសារៈសំខាន់នៃកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ សំដៅបង្កលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អចលនទ្រព្យរបស់ខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិន។ ការណ៍នេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ប្រកបដោយប្រសិទ្ធភាព។សម្ដេចធិបតី បានបន្ថែមទៀត​ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយជាច្រើន ក្នុងការផ្តល់ដីធ្លី និងលំនៅឋានជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ រួមមាន៖ កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ដីសម្បទានសង្គមកិច្ច និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជាដើម។ ជាក់ស្ដែង​ សម្តេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នប្រមាណ ៥ ០០០ ខ្នង ជូនដល់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអង្គការ HFHI បន្តពិភាក្សា និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងនានារបស់អង្គការ ស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសមរម្យ ជូនប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតនិងឌីជីថល កម្ពុជា-ចិន
11/18/2026 01:11 PM
កម្ពុជាសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល តភ្ជាប់ខេត្ត៣ ដើម្បីពង្រឹងបណ្តាញជាតិ និង​ជំរុញ​ការ​ប្រើប្រាស់ថាមពលស្អាត
11/18/2026 01:11 PM
អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍វឌ្ឍនភាពការងាររបស់ គ.ជ.គ.ម.
11/18/2026 01:11 PM
លោក Putin រំពឹងថា នឹងទទួលបានផលប្រយោជន៍ធំពីជំនួបជាមួយលោក Trump និងលោក Xi
11/18/2026 01:11 PM
កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាមេដែក​ស្រូប​ទាញ​អត្ថ​ប្រយោជន៍​រយៈពេល​វែង​ជំរុញ​ដំណើរ​អភិវឌ្ឍ​កម្ពុជា
11/18/2026 01:11 PM
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
11/18/2026 12:11 PM
ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ
11/18/2026 12:11 PM
ជើងហោះហើរត្រង់ថ្មីមួយទៀតមកពីប្រទេសចិនត្រូវបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជំរុញការតភ្ជាប់ផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា
11/18/2026 12:11 PM
ក្រសួងធម្មការ និងសាសនា បើកកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា
11/18/2026 12:11 PM
លោកTrump ស្វែងរកការទាញយកប្រៀបផ្នែកការទូតក្នុងដំណើរទស្សនកិច្ចនៅអាស៊ី ខណៈលោកPutin ទៅដល់ចិន
11/18/2026 12:11 PM