BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សេតវិមាន ដាក់សម្ពាធលើអ៊ីស្រាអែល អនុញ្ញាតឲ្យមានរថយន្តដឹកជំនួយកាន់តែច្រើនចូលដែនដីហ្កាហ្សា

2024/04/09 08:30:18 am        220
សេតវិមានសហរដ្ឋអាមេរិក បានស្វាគមន៍កាលពីថ្ងៃចន្ទទី៨មេសា នៃការទៅដល់កាលពីថ្ងៃអាទិត្យនៃរថយន្តដឹកជំនួយជាង៣០០គ្រឿង នៅក្នុងដែនដីហ្កាហ្សា ហែកហួរដោយសង្រ្គាម ប៉ុន្តែបាននិយាយថា ខ្លួនកំពុងដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបង្កើនចំនួនរហូតដល់ប្រមាណ៣៥០គ្រឿងក្នុងមួយថ្ងៃ ខណៈការចរចា នៅតែបន្តលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោះលែងចំណាប់ខ្មាំង។ អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា ប្រមុខចារកម្ម CIA របស់អាមេរិក លោក វីលៀម ប៊នស៍ (William Burns) កំពុងស្ថិតក្នុងរដ្ឋធានីគែរ (Cairo) ប្រទេសអេហ្ស៊ីប កាលពីចុងសប្ដាហ៍នេះ សម្រាប់ការចរចាជុំបន្ទាប់ដ៏ចម្រូងចម្រាស ស្ដីពីការធានាការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានៅឡើយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក សង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនឹងរួមទាំងបទឈប់បាញ់រយៈពេល៦សប្ដាហ៍នៅក្នុងការវាយប្រហារឥតបន្ធូរដៃរបស់អ៊ីស្រាអែលដែលមានអាយុកាល៦ខែពេញនិងឈានចូលដល់ខែទី៧ សម្លាប់ មនុស្សជាង៣ម៉ឺននាក់ ក្នុងបំណងកម្ទេចក្រុមហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីនរងការឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ។ នៅពេលត្រូវបានសួរថាតើមានហេតុផលណាមួយនឹងអាចទទួលបានសុទ្ធិដ្ឋិនិយមកាន់តែច្រើនអំពីកិច្ចព្រៀងព្រៀងដោះលែងចំណាប់ខ្មាំងដែរទេ លោក Kirby បា្រប់ក្រុមអ្នកសារព័ត៌មានថា វាគួរតែមើលឃើញផ្លូវ តាមរយៈការទូត ដែលយើងកំពុងអនុវត្ត និងអ្វីដែលក្រុមសមភាគីរបស់យើងធ្វើ ។ យើងពិតជាជឿជាក់ណាស់។ យើងពិតជាចង់ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ការដោះលែងចំណាប់ខ្មាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

មនុស្សរាប់សិបលាននាក់ មើលសូរ្យគ្រាសពេញដួងនៅទូទាំងតំបន់អាមេរិកខាងជើង

2024/04/09 08:25:14 am        213
មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាមេរិកខាងជើងបានមើលឃើញព្រះចន្ទបាំងពន្លឺព្រះអាទិត្យក្នុងអំឡុងពេលសូរ្យគ្រាសពេញដួងកាលពីថ្ងៃចន្ទទី៨មេសា សប្ដាហ៍នេះ ។ ប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានធ្លាក់ក្នុងភាពងងឹត ដោយសារសូរ្យគ្រាសពេញដួងដ៏កម្រ។ ផ្លូវរបស់សូរ្យគ្រាសលាតសន្ធឹងពីទីក្រុង ម៉ាហ្សាតឡាន(Mazatlán)របស់ប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុងធំបំផុតទី២២ នូហ្វោនលែន (Newfoundland)របស់កាណាដា ជាតំបន់មួយដែលឆ្លងកាត់រដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក និងជាទីលំនៅរបស់ប្រជាជនចំនួន៤៤លាននាក់។ អ្នកទៅគយគន់ទិដ្ឋភាពសូរ្យគ្រាសត្រូវបានជ្រួលច្រាលក្នុងភាពងងឹតនៅឧទ្យានរដ្ឋនានា នៅលើដំបូលអគារទីក្រុង និងនៅក្នុងទីក្រុងតូចៗជាច្រើន។ ភាគច្រើននៃអ្នកទាំងឡាយនៅតំបន់អាមេរិកខាងជើង ប៉ុន្តែមិនមែននៅក្នុងផ្លូវផ្ទាល់នោះទេ នៅតែបានមើលឃើញសូរ្យគ្រាសមួយផ្នែក ដោយព្រះចន្ទផ្លាស់ប្តូរព្រះអាទិត្យទៅជាអឌ្ឍចន្ទ ឬ អាចមើលឃើញព្រះចន្ទតែមួយចំណិត។ ការឈប់ក្នុងដំណាក់កាលទីមួយនៃការសូរ្យគ្រាសពេញដួង ចាំងជះមកលើភពផែនដី បានធ្វើឱ្យតំបន់ឆ្នេរសមុទ្រដែលធ្លាប់តែភ្លឺ របស់ទីក្រុងម៉ាហ្សាតឡាន (Mazatlán)ក្លាយជាងងឹត មុនបន្តទៅភាគឦសានឆ្ពោះទៅកាន់ទីក្រុងអ៊ីហ្គលផាស (Eagle Pass)ក្នុង រដ្ឋតិចសាស់ ជាកន្លែងឈប់មួយក្នុងកន្លែងឈប់ជាច្រើនលើកដំបូងរបស់សូរ្យគ្រាសនៅសហរដ្ឋអាមេរិក។ សូរ្យគ្រាសពេញដួងឬTotal solar កើតឡើងនៅកន្លែងណាមួយជុំវិញពិភពលោករៀងរាល់១១ ទៅ ១៨ ខែ ប៉ុន្តែមិនញឹកញាប់ទេ ដែលសូរ្យគ្រាសឆ្លងកាត់ផ្លូវមានមនុស្សរាប់លាននាក់មើលឃើញ។ សហរដ្ឋអាមេរិកទទួលបានរសជាតិចុងក្រោយនេះ កាលពីឆ្នាំ២០១៧ ហើយនឹងពុំអាចមើលឃើញព្រឹត្តិការណ៍នេះ ពីឆ្នេរសមុទ្រមួយ ទៅឆ្នេរសមុទ្រមួយ ម្តងទៀតទេ រហូតដល់ឆ្នាំ ២០៤៥ ។ទស្សនីយភាព នៅលើអាកាសដ៏អស្ចារ្យ ដែលមនុស្សរាប់សិបលាននាក់នៅសហរដ្ឋអាមេរិក បានមើលឃើញកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានផ្តល់ការរួបរួមគ្នាដ៏កម្រនៃឱកាសពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងពេលវេលាសម្រាប់ពិធីជប់លៀងផងដែរ។ស្រមោលរបស់ព្រះចន្ទធ្វើឲ្យតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសម៉ិកស៊ិកធ្លាក់ចូលក្នុងភាពងងឹតទាំងស្រុងនៅម៉ោង១១និង៧នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានរំកិលគ្របដណ្ដប់ពាសពេញសហរដ្ឋអាមេរិកក្នុងល្បឿនលឿនជាងសំឡេង មុនពេលត្រលប់ទៅមហាសមុទ្រវិញលើឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដា ត្រឹមតែមួយម៉ោងកន្លះបន្ទាប់ពីការបានចាប់ផ្ដើមមានសូរ្យគ្រាស៕

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្ដេជ្ញាពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែល្អ និងរឹងមាំជាមួយកម្ពុជា

2024/04/08 02:56:49 pm        144
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ឯកឧត្តមគឺជាអ្នកការទូតទីមួយ ដែលសម្ដេចបានទទួលជួបដំបូង បន្ទាប់ពីសម្ដេចក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។ សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តមនឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត។ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកើតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្ស​ប្រជាជនកម្ពុជា ​ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ ​និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេចតេជោ កន្លងទៅ ​និងសម្ដេចធិបតី​ នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវ​នាំមកនូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ​និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ហើយ ឯកឧត្តម ​ឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីរីករាយដែល ឯកឧត្តមមានវាសនាបានមក​ធ្វើជាអ្នក​ការទូត​នៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរគឺមាន​ទំនាក់ទំនង​ដ៏យូរលង់ជាពិសេស​ទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា។ ​ហើយចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ ១៩៥៥ មក គឺបានខិតខំរក្សាទំនាក់ទំនង​នេះហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើង​ក៏ជាប្រទេស​ជាសមាជិកអាស៊ានដូចគ្នាហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាថាក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំ​ពង្រឹងទំនាក់ទំនង​កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។ទន្ទឹមនឹងនេះឯកឧត្តម ក៏បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោទៅលើដំណោះស្រាយ​របស់​មីយ៉ាន់ម៉ា ឯកឧត្តម ក៏បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយ​សារ​មានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ា បានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខ​នៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់​ទណ្ឌកម្មពី​ប្រទេសខាងក្រៅផងដែរ។ ក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាង​ក្រៅ​ដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន​ ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅ​បានដាក់​សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។ ជាការឆ្លើយតបសម្ដេចតេជោប្រមុខរដ្ឋស្ដីទីក៏បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាជូន សម្ដេចក៏ដូចជាជំនួបទាំងមូល​នៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេស​យើងទាំងពីរ​បន្ថែមទៀត។ សម្ដេចតេជោ បានបញ្ជាក់ថា ឆ្នាំក្រោយនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់​ទំនង​ការទូតនៃប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ហើយថា សម្ដេច មាន​បំណងបន្ត​បំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ាបន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាព​សុខភាព។ ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធាន​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សា​ប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។ ជាចុងក្រោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជូនចំពោះសម្ដេចតេជោ ផងដែរ។ សម្ដេចតេជោ ក៏បានជូនពរដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រតិភូដែលបានចូលជួបសម្ដែងការគួរសម​ថ្ងៃនេះ និងបានផ្ដាំផ្ញើសួរសុខទុក្ខទៅដល់ ឯកឧត្តម ​នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និង សូមឲ្យឯកអគ្គរដ្ឋទូតពាំនាំនូវសំណូមពររបស់​សម្ដេច ដើម្បី​ជួបពិភាក្សាសួរសុខទុក្ខ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ​តាមរយៈវីដេអូ conference ក្នុងពេលសមស្របណាមួយអាចនឹងមុនសង្ក្រាន្ត ឬក៏ក្រោយសង្ក្រាន្តឆ្នាំថ្មីរបស់កម្ពុជា៕

អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ

2024/04/08 02:39:25 pm        354
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏​ត្រឈឹងត្រឈៃ នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្ត​អង្គុយ​សម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើ​ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ​ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាក​សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕

មនុស្សម្នាសម្រុកទៅអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយក្ដីរំភើបដើម្បីមើលបាតុភូតសូរ្យគ្រាសពេញដួង

2024/04/08 01:47:06 pm        222
នៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ប្រជាជនបានប្រញាប់ប្រញាល់សម្រុកទៅកាន់កន្លែងនានាដើម្បីទស្សនាបាតុភូតសូរ្យគ្រាសពេញដួង ខណៈដែលការព្យាករណ៍ថាមេឃមានពពកច្រើនធ្វើឱ្យអ្នកទស្សនាមានមួយចំនួនការខកចិត្ត។ បាតុភូតនេះកើតឡើងនៅពេលដែលព្រះចន្ទតម្រង់ជួរយ៉ាងល្អឥតខ្ចោះរវាងផែនដី និងព្រះអាទិត្យ ដោយបិទបាំងជិតពន្លឺព្រះអាទិត្យ។ សូរ្យគ្រាសនឹងអាចមើលឃើញក្នុងប្រទេសទាំងបីនៅថ្ងៃទី០៨ ខែមេសា នេះ។ទ្វីបអាមេរិកខាងជើង នឹងមិនឃើញសូរ្យគ្រាសពេញដួងពីឆ្នេរសមុទ្រទៅឆ្នេរសមុទ្រមួយផ្សេងទៀតសម្រាប់រយៈពេល ២១ ឆ្នាំ ដោយនេះជាហេតុដែលមនុស្សរាប់លាននាក់នៅទូទាំងប្រទេសរំពឹងថានឹងធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍កញ្ចុំផ្កាយដ៏កម្រនេះ។ផ្លូវនៃស្រមោលព្រះចន្ទ ត្រូវបានគេហៅថាផ្លូវសូរ្យគ្រាស ដែលសម្រាប់បាតុភូតនៅថ្ងៃចន្ទនេះនឹងមានរយៈទទឹងប្រហែល ១៨៥ គីឡូម៉ែត្រ ហើយនិងគ្របដណ្ដប់ពាសពេញរដ្ឋចំនួន ១៥ នៅសហរដ្ឋអាមេរិក ក្នុងទិសខាងជើងឆៀងខាងកើត (ទិសឦសាន) ចាប់ពីរដ្ឋតិចសាស់ ទៅដល់រដ្ឋម៉េន (Maine) ក្នុងរយៈពេលប្រហែលមួយម៉ោង ដែលចាប់ផ្តើមនៅម៉ោង ១:៣០ នាទីល្ងាច ម៉ោងកណ្ដាល (CT Time Zone) និងបញ្ចប់នៅម៉ោង ៣:៣៥ នាទីល្ងាច ម៉ោងភាគខាងកើត (ET Time Zone)។តាមការប៉ាន់ប្រមាណមនុស្ស ៣១,៦ លាននាក់ ដែលស្ទើរតែបីដងច្រើនជាងក្នុងឆ្នាំ២០១៧ រស់នៅក្នុងផ្លូវសូរ្យគ្រាស ដែលវែងជាង និងក៏ធំទូលាយជាងបាតុភូតសូរ្យគ្រាសទាំងអស់ពីមុន ដោយសារតែព្រះចន្ទស្ថិតនៅជិតផែនដី និងបញ្ចេញស្រមោលកាន់តែទូលំទូលាយជាងកាលពីមុន៕

ចិន មើលឃើញការធ្វើដំណើរក្នុងប្រទេសជាង៧៤០ លាននាក់ អំឡុងបុណ្យឆេងម៉េងឬ សែនផ្នូររយៈពេល៣ថ្ងៃ

2024/04/08 11:36:45 am        140
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសចិន បានកត់ត្រា ចំនួនអ្នកធ្វើដំណើរក្នុងស្រុកជាង៧៤០លាននាក់ នៅឆ្នាំនេះ អំឡុងថ្ងៃឈប់សម្រាកបីថ្ងៃនៃពិធីបុណ្យឆេងម៉េង ឬសែនផ្នូរ (Qingming Festival) ដែលបានបន្តពីថ្ងៃទី៤ខែមេសា ដល់ថ្ងៃទី៦មេសា ខណៈការធ្វើដំណើររបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ។ ក្រសួងដឹកជញ្ជូន បាននិយាយថា មានការធ្វើដំណើរជាមធ្យម ២៤៦,៨ លាននាក់ ក្នុងមួយថ្ងៃ អំឡុងរយៈពេល៣ថ្ងៃមកនេះ ស្មើប្រមាណ៥៣,៥% បើធៀបទៅនឹងឆ្នាំមុន។ ទិន្នន័យបង្ហាញថា ជាពិសេស ការធ្វើដំណើរប្រចាំថ្ងៃតាមរថភ្លើង ជាមធ្យម១៦,៥៦លាននាក់ ស្មើ៧៥,១% តាមផ្លូវទឹក ជាមធ្យម៩១៦.០០០នាក់ ស្មើ៨៤,៤% និងតាមយន្តហោះ ជាមធ្យមប្រមាណ ១,៦៨ លាននាក់ ស្មើ២១,៩ % ។ តាមការបង្ហាញទិន្នន័យដដែល ការធ្វើដំណើរតាមផ្លូវគោក សរុបចំនួន៦៨២,៩២ លាននាក់ អំឡុងពេលវេលានេះ ខណៈជាមធ្យមប្រចាំថ្ងៃមានចំនួន២២៧,៦៤ លាននាក់ ស្មើ៥២,៣% ធៀបទៅនឹងឆ្នាំមុន ។ពិធីបុណ្យ ឆេងម៉េង ឬសែនផ្នូរ (Qingming Festival ឬ Tomb-Sweeping Day) គឺជាពិធីបុណ្យតាមប្រពៃណីចិន សម្រាប់ជាឱកាសរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាការបួងសួងដល់ជីដូនជីតា ដែលបានមរណកាលទៅហើយ អំឡុងពិធីនេះ វាក៏ជាសកម្មភាពដើរកម្សាន្ត និងការទទួលទានអាហារជុំគ្រួសារនៅខាងក្រៅគេហដ្ឋានតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសចិនផងដែរ ៕

លោកស្រី Yellen៖ អាមេរិក និងចិន ត្រូវការការសន្ទនាដ៏ម៉ឹងម៉ាត់ដើម្បីដោះស្រាយកង្វល់សេដ្ឋកិច្ច

2024/04/08 11:20:03 am        186
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចេណេត យេលែន (Janet Yellen) កាលពីថ្ងៃអាទិត្យ (០៧ មេសា) បានលើកឡើងពីការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ខ្លួនអំពីសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ប្រទេសចិន ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) ដោយប្រាប់លោក លី ថាទំនាក់ទំនងទ្វេភាគីឥឡូវនេះមានស្ថេរភាពជាងមុន ហើយភាគីទាំងពីរត្រូវការការពិភាក្សា «ដ៏តឹងតែង និងម៉ឹងម៉ាត់» ដើម្បីដោះស្រាយកង្វល់នានា។នៅពេលដែលមន្រ្តីទាំងពីររូបបានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៉េកាំង ដែលដំណើរការរយៈពេល ៨០ នាទី លោក លី បានឆ្លើយតបថា ប្រទេសទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក ហើយគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ ដោយបន្ថែមថា «វឌ្ឍនភាពបែបស្ថាបនា» ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី យេលែន។រដ្ឋមន្ត្រីក្រសួងរតនាគាអាមេរិក បានព្រមានថាសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកផលិត និងការងារនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលជាការផ្តោតអារម្មណ៍នៃដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រីទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែ ហើយលោកនាយករដ្ឋមន្ត្រី លី បានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យក្រុមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិនស្វែងយល់ពីបញ្ហានេះបន្ថែមទៀត។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីលោក លី ដែលបាននិយាយថា សហរដ្ឋអាមេរិក គួរតែ «បដិសេធមិនបង្វែរបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ឬសន្តិសុខ» ហើយមើលបញ្ហានៃសមត្ថភាពផលិតកម្មតាមទស្សនៈទីផ្សារ និងជាសកលជំនួសវិញ៕

នាយករដ្ឋមន្ត្រីជប៉ុន ព្រមានថាពិភពលោកកំពុងប្រឈមចំណុចរបត់ជាប្រវត្តិសាស្ត្រ មុនជំនួបកំពូលដឹកនាំដោយអាមេរិក

2024/04/08 11:04:20 am        200
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ មុនការចេញដំណើររបស់លោកនៅថ្ងៃពុធ ដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ជំនួបជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden និងហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថា ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងបានរុញពិភពលោកទៅកាន់តែជិតចំណុចរបត់ជាប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរជំហរការពាររបស់ខ្លួន ។ លោក Kishida បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅឯគេហដ្ឋានឯកជនរបស់លោកក្នុងទីក្រុងតូក្យូថា នៅពេលយើងកំពុងមើលឃើញការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី ស្ថានភាពនៅតែបន្តក្នុងមជ្ឈិមបូព៌ា ព្រមទាំងស្ថានភាពនៅអាស៊ីបូព៌ា យើងត្រូវបានប្រឈមនឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ។លោកបានលើកឡើងថា នោះជាដើមចមដែលប្រទេសជប៉ុន បានសម្រេចចិត្តពង្រឹងសមត្ថភាពការពាររបស់ខ្លួនជាមូលដ្ឋាន ហើយយើងបានផ្លាស់ប្តូរយ៉ាងខ្លាំងលើគោលនយោបាយសន្តិសុខរបស់ប្រទេសជប៉ុន នៅលើចំណុចជាអាទិភាពទាំងនោះ ។កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក Biden ត្រូវបានកំណត់លក្ខណៈដោយទីក្រុងវ៉ាស៊ីនតោនថាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរបស់ខ្លួន ខណៈប្រទេសទាំងពីរសម្លឹងមើលការគំរាមកំហែងក្នុងតំបន់ពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង និងទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី សកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅរកតៃវ៉ាន់៕

មន្ត្រីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយចិនតាមរយៈដំណើរទស្សនកិច្ចសកម្ម

2024/04/08 09:39:53 am        81
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសចិន។ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាទិសដៅដំបូង បន្ទាប់ពីការជាប់ឆ្នោត ដោយបានទៅដល់ប្រទេសចិនកាលពីថ្ងៃទី៣១ មីនាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ ការសម្រេចចិត្តនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរក្សាគោលនយោបាយមិត្តភាពរបស់លោកប្រធានាធិបតី Joko ចំពោះប្រទេសចិន និងជំរុញការអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងទ្វេភាគី។លោកឌីចូហារី អូរ៉ាម៉ានហ្កាន់(Djauhari Oratmangun) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅប្រទេសចិនបានលើកឡើងថា ឥណ្ឌូនេស៊ី និងចិន មានសក្តានុពលក្នុងការរួមចំណែកដល់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការពិតសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។មិនយូរប៉ុន្មាន រដ្ឋមន្ត្រីការបរទេសមកពីប្រទេសឡាវ វៀតណាម និងទីម័រខាងកើត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមេសា។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហា ចក្រី សេរិនថន (Maha Chakri Sirindhorn) ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១០ ខែមេសានេះ ផងដែរ។ថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីន ដែលញុះញង់ និងគាំទ្រ ដោយសហរដ្ឋអាមេរិក បានធ្វើសកម្មភាពអុជអាលជាញឹកញាប់ទាក់ទងនឹងកោះ ហ័ងយ៉ាន់ (Huangyan) របស់ចិន និងថ្មប៉ប្រះទឹក រិនអាយ(Ren'ai) ដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង។បទពិសោធន៍នេះបានបង្ហាញថា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដែលជាបញ្ហាប្រឈម និងមានគុណតម្លៃខ្ពស់។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា ទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បដិសេធការផ្សព្វផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់ចំពោះពលករខ្មែរវិលចូលប្រទេសវិញ

2024/04/08 09:23:10 am        130
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧ នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា «មិនដូចការគិតរបស់ហ្វីមិនស្រួលទេ» បើចង់បានលឿនត្រូវអស់ ៤០០បាត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវ និងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖កាលៈទេសៈនេះដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យមានភាពរឹងមាំ
08/15/2025 07:08 PM
ក្រុមគោរពបូជានិកាយស៊ីអ៊ីត ស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅអ៊ីរ៉ាក់ ដើម្បីប្រារព្ធពិធីបុណ្យ Arbaeen
08/15/2025 07:08 PM
នាយករដ្ឋមន្ត្រីបារាំងថ្កោលទោស «ទង្វើស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ» បន្ទាប់ពីដើមឈើអនុស្សាវរីយ៍ ត្រូវបានកាប់
08/15/2025 07:08 PM
លោក Trumpចាកចេញពីសេតវិមាន ធ្វើដំណើរទៅកាន់រដ្ឋ Alaska សម្រាប់ជំនួបកំពូលជាមួយលោក Putin
08/15/2025 07:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន៤រូប នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់
08/15/2025 07:08 PM
ការព្រួយបារម្ភពីភាពអត់ឃ្លាននៅមីយ៉ាន់ម៉ា កើតមាន ស្របពេល UNព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ
08/15/2025 07:08 PM
ជនប៉ាឡេស្ទីនកាន់ទុក្ខក្មេងតូចម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា
08/15/2025 07:08 PM
ពលរដ្ឋអ៊ុយក្រែនគ្មានជំនឿចិត្តចំពោះលទ្ធផលវិជ្ជមាននៃជំនួបកំពូលរវាងលោក Putin និងលោក Trump
08/15/2025 07:08 PM
អាកាសយានដ្ឋានអន្ដរជាតិតេជោ ហោះហើរសាកល្បងយន្ដហោះ A320 ទទួលបានជោគជ័យ
08/15/2025 06:08 PM
ឆ្មាំល្បាតឆ្នេរអ៊ីតាលី សង្រ្គោះជនអន្តោប្រវេសន៍ ៦០នាក់ ក្រោយទូករបស់ពួកគេលិចនៅជិតកោះ Lampedusa
08/15/2025 06:08 PM