ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបក្រុមអ្នកជំនួញជាបន្តបន្ទាប់នៅប្រទេសអូស្រ្ដាលី

2024/03/04 11:44:39 am        77
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃនេះបា​ន​បន្ត​ជួប​ក្រុម​អ្នក​ជំនួញ​អូស្រ្ដាលីជា​បន្តបន្ទាប់ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Peter Fox ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន Linfox ។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ដែល​មាន​បទ​ពិសោធន៍ ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ ទសវត្សរ៍មកហើយ។ ក្រុមហ៊ុននេះ គឺ​ជា​ក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និងមាន​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចំនួន១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និង​អាស៊ី​អាគ្នេយ៍​។បន្ទាប់មកសម្ដេចធិបតី បានជួបជាមួយ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការ​កាត់​បន្ថយ​ការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បី​ផ្តល់​នូវ​ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការ​បង្កើត​ថាមពល​ស្អាត​។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្តជួបជាមួយ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ខណៈក្រុមហ៊ុន SunRice Group ជាក្រុម​ហ៊ុន​ឈាន​មុខ​ក្នុង​ការ​នាំ​ចេញ​អាហារ​របស់​ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និង​មជ្ឈិម​បូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនក៏មានប្រតិបត្តិការ និង​ទីផ្សារ​ជុំវិញ​ពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។សម្ដេចធិបតីក៏បានជួបជាមួយ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ផងដែរ។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន Fresh Start Australia ដោយក្រុមហ៊ុន Aegros ធ្វើអាជីវកម្ម​ក្នុង​វិស័យ​សុខាភិបាល ដែលផ្ដោតលើការផលិតឱសថប្លាស្មា ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។ ចំណែក​ក្រុម​ហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុភារកម្ម ហើយ​ក្រុម​ហ៊ុន​បាន​ផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។សូម​ជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៦ ខែមីនា​នេះ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេសអូស្រា្តលី។ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី បានទទួល​ជួប​ជាមួយ​ក្រុម​អ្នក​ជំនួញ វិនិយោគិនអូស្រ្ដាលីជាបន្តបន្ទាប់ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា។ ក្នុងឱកាសនេះសម្ដេចធិបតីក៏មានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន​មួយ​ចំនួន​ទៀត​ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីផងដែរ៕

សម្តេចធិបតី៖ ការដែលកម្ពុជាបង្កើនការអភិវឌ្ឍដឹកជញ្ជូនតាមផ្លូវទឹក គឺដើម្បីប្រកួតប្រជែង​ជាមួយប្រទេសក្នុងតំបន់

2024/03/04 11:08:48 am        303
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និង​នូវែល​ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីក្រុងម៉ែលប៊ន ប្រទេស​អូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​អភិវឌ្ឍ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយសម្តេចអះអាងថា​ការ​អភិវឌ្ឍ​នូវ​កំពង់ផែនេះ​គឺ​ដើម្បី​ប្រកួត​ប្រជែង​ការ​ដឹកជញ្ជូន​ជាមួយប្រទេសក្នុងតំបន់ ខណៈបច្ចុប្បន្នកប៉ាល់ដឹកទំនិញ អន្តរជាតិ​គេទៅ​ហួ​ស​មក​ហួស​ដោយសារតែកំពង់ផែកម្ពុជាយើងមានជម្រៅរាក់។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «កាលពីខែ១២​ឆ្នាំ​២០២៣​កន្ល​ង​ទៅ​ខ្ញុំ​បាន​បុក​គ្រឹះ​ដើម្បី​ជំរុ​ញការធ្វើកំពង់ផែខេត្តព្រះសីហនុរបស់យើងឥឡូវផែរបស់យើងវានៅទួចពេក អញ្ចឹង​ហើយ​ក​ប៉ាល់ ដែលចូលមកយើងហ្នឹងត្រូវស្តារទំនិញនៅខាងក្រៅ ចូលបានតែជាង១០ភាគរយ ហើយ​អាជាង៨០ភាគ រយត្រូវយកកប៉ាល់ទៅសាង ដូច្នេះហើយវាថ្លៃ តែពេល​ណា​ថ្លៃ​គេ​មិន​សូវ​ចូល​យើង​គេ​ទៅចូលនៅសិង្ហបូរី ចូលទៅថៃជាដើម។ អញ្ចឹងហើយយើងត្រូវបុកធ្វើវា អញ្ចឹងបន្ទាប់​ពី​ធ្វើហើយ​ដំណាក់កាលទី១នេះកប៉ាល់ ជាង៨០ភាគរយនៃទំនិញវាអាចចូលបាន ហើយ​បន្ទាប់​ពី​ដំណាក់​កាល​ទី៣ កប៉ាល់​មួយរយភាគរយវានឹង ចូលបាននៅកន្លែងយើង ដូច្នេះហើយយើង​លែង​មាន​បញ្ហា​បន្ត​ទៅទៀតហើយ អញ្ចឹងកន្លែងយើងគឺជា កន្លែងប្រកួតប្រជែងទៅខាងមុខ ដោយ​ការ​ដឹក​ជញ្ជូន​កាន់តែថោក កាន់តែប្រកួតប្រជែង សេដ្ឋកិច្ចកំពង់ផែ យើងកាន់តែរីកចម្រើន»។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា នៅថ្ងៃទី ៦ ខែ៦ខាងមុខនេះសម្តេចនឹងអញ្ជើងញទៅសម្ពោធកំពង់ផែទឹកជ្រៅនៅខេត្តកំពត ហើយ​រាជរដ្ឋាភិបាល​ក៏​កំពុងពិនិត្យមើលនៅកំពង់ផែទឹកសាបផងដែរ ដោយក្នុងនោះ​គម្រោង​ដែល​ធំ​ជាង​គេ​ដែល​រាជរដ្ឋាភិបាលកំពុង ព្យាយាមធ្វើការដឹកជញ្ជូនពីទឹកសាបទៅទឹកប្រៃ ដោយមាន​ការ​ជីកព្រែក​មួយ​ដែលហៅថា«ព្រែកជីកហ្វូណនតេជោ» ដោយធ្វើការតពីសមុទ្រនៅខេត្តកំពត ភ្ជាប់​នឹង​ទន្លេបាសាក់​។សម្តេចបានបញ្ជាក់បន្ថែមថា ក្រោយគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ»រួចហើយនោះ ការដឹក ជញ្ជូន​របស់ប្រជាពលរដ្ឋខ្មែរតាមកប៉ាលនឹងកាន់តែងាយស្រួល ហើយមានតម្លៃថោក និង​ពិសេស​ទៅ​ទៀត​ នោះប្រជាពលរដ្ឋ​ដែល​រស់នៅតាម​មាត់​ទឹក​នៅ​ពេល​ក្រោយ​នឹង​ក្លាយ​ទៅ​ជាតំប​ន់​ឧស្សាហកម្ម​ច្រើន ហើយ ប្រជាជននឹងមានការងារធ្វើច្រើន ចំណូលចូលកាន់តែច្រើនផងដែរ។ នេះហើយជាដង្ហើមសេដ្ឋកិច្ចដ៏ធំ របស់កម្ពុជាក្រោយធ្វើការដឹកជញ្ជូនផ្លូវទឹកនេះរួចជាស្ថាពរនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃ​សាធារណរដ្ឋមីយ៉ាន់ម៉ា

2024/03/04 10:30:46 am        220
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ច សូ មីន (Kyaw Soe Min) ឯក​អគ្គរដ្ឋ​ទូត​តែង​តាំង​ថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមាន​ព្រឹទ្ធសភា​។ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ច សូ មីន ដែលត្រូវបានឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច​ប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​យូរលង់មកហើយ ប្រទេស និងប្រជាជន​ទាំងពីរ​គោរព​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ​ដូចគ្នា​។សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋមីយ៉ាន់ម៉ា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងប្រទេសទាំងពីរ និងប្រជាជន​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃ​កម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បី​លើក​កម្ពស់​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផល​ប្រយោជន៍​ដ៏​ធំធេង​ទៅ​វិញ​ទៅ​មក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្ដម ច សូ មីន បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាម​រយៈ​បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​នឹង​ខិតខំ​រួម​ចំណែក​ពង្រឹង​ពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត៕

លោក ហ្សេបាស ហ្សារីហ្វ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈពលរដ្ឋមើលមិនឃើញការផ្លាស់ប្ដូរ

2024/03/04 10:15:26 am        375
កាលពីថ្ងអាទិត្យ សភាទើបបង្កើតថ្មីរបស់ប៉ាគីស្ថាន បានតែងតាំងលោក លោក ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) ជានាយករដ្ឋមន្ត្រីជាលើកទី២ ៣សប្ដាហ៍បន្ទាប់ពីការបោះឆ្នោតសកលមិនច្បាស់លាស់បណ្ដាលឲ្យមានការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ លោកបានផ្ដួល លោក អូម៉ា អាយ៉ុប (Omar Ayub) បេក្ខជនគាទ្រដោយអតីតនាយករដ្ឋមន្ត្រី លោក អ៊ីម រ៉ានខាន់(Imran Khan)ដែលឈ្នះសំឡេងគាំទ្រចំនួន៩២អាសនៈ។ ពលរដ្ឋប៉ាគីស្ថានតាមដងផ្លូវនានានៃទីក្រុងការ៉ាជី (Karachi) និងឡាហ័រ (Lahore) បានបង្ហាញក្ដីបារម្ភអំពីជីវភាពរស់នៅរបស់ពួកគេ និងស្ថានភាពដ៏យ៉ាប់យ៉ឺនមួយចំនួន ដែលភាគច្រើននិយាយថា នាយករដ្ឋមន្ត្រីថ្មីនឹងមិនអាចកែប្រែស្ថានភាពឲ្យប្រសើរឡើងបានទេ។ ការប្រកាសនេះក៏បាននាំឲ្យមានការតវ៉ាដ៏ខ្លាំងក្លាពីគណបក្សក្រុមប្រឹក្សាអ៊ីតេហាដស៊ុនី(Sunni Ittehad Council)គាំទ្រដោយលោកខាន់។ក្រុមអ្នកតំណាងរាស្ត្របានអំពាវនាវឲ្យដោះលែងលោកខាន់ និងបានស្រែកពាក្យស្លោកចោទប្រកាន់លោកហ្សារីហ្វ ពីបទក្ដាប់អំណាចតាមរយៈការលួចបន្លំការបោះឆ្នោតកាលពីថ្ងៃទី៨កុម្ភៈ។ លោកហ្សារីហ្វ គឺជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី៣ជំនាន់ លោក ណាវ៉ាស់ ហ្សារីហ្វ និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីខែមេសាឆ្នាំ២០២២ ដល់ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីលោកខាន់ ត្រូវបានដកចេញពីតំណែង៕

៦ខែបន្ទាប់ពីធ្វើជានាយករដ្ឋមន្រ្តី សម្តេច ទាក់ម៉ូយបានគម្រោងវិនិយោគ១៧២ ហើយទុនវិនិយោគជិត ៤ពាន់លានដុល្លារ

2024/03/04 10:07:44 am        307
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា ក្នុង​រយៈពេល ៦ខែ​បន្ទាប់​ពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានដើរទាក់ម៉ូយទាំងក្នុង និង​ក្រៅ​ប្រទេសបា​ន​ចំនួន ១៧២​គម្រោង ហើយទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិក។ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែល ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់ខែថ្ងៃទី២២ ខែ៨ ឆ្នាំ២០២៣ រហូតដល់ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចបានដើរទាក់ម៉ូយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ហើយ​ពេល​ដែល​គម្រោងខាងលើនេះត្រូវ បញ្ចប់នឹង​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជាង ១៩​ម៉ឺនកន្លែងផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា«ក្នុងរយៈពេលកន្លងមកនេះក្រុមហ៊ុនខ្លះ ដែល​កំពុងផលិតក្នុងប្រទេសស្រាប់(ប្រទេសកម្ពុជា) គេទុកចិត្តនូវស្ថេរភាពរហូតដល់ពង្រីកទុន ដោយខ្លះ ពង្រីកពីរទៅបីរយលានដុល្លារអាមេរិក ខ្លះទៀតពង្រីកប្រាំទៅប្រាំមួយរយលានដុល្លារ ដាក់​ពង្រីក​ទុនថែម ទៀតនៅក្នុងស្រុក ហើយបើគេមិនទុកចិត្តគេមិនពង្រីកនោះទេ... ហើយ​កាល​ណា​ពង្រីក​ទុន​ហើយគឺនឹង ពង្រីកការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។ នេះគឺជានិរន្តរ​ភាព​ក្នុង​រយៈពេល​ប្រាំ​មួយខែមកនេះ»។នៅក្នុងចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅអូស្រ្តាលី និងនូវែលហ្សេឡង់នោះដែរ សម្តេច​ធិបតី ក៏បានលើកឡើងផងដែរថា នៅថ្ងៃនេះឬថ្ងៃស្អែក សម្តេចក៏នឹង​មាន​ពិភាក្សា​ការងារ​ជាមួយ​ វិស័យឯកជននៅប្រទេសអូស្រ្តាលីបន្ថែមទៀតផងដែរ ដើម្បីទាក់ម៉ូយបន្ថែមទៀត ដោយ​តាម​គម្រោង សម្តេចនាយករដ្ឋមន្រ្តីនឹងជួបវិស័យឯកជនតាមរយៈវេទិកាធុរកិច្ចអូស្រ្តាលី-កម្ពុជា ដោយ​ទាំង​ក្រុមហ៊ុនខ្មែរ និងអូស្រ្តាលីប្រហែលជាងពីររយក្រុមហ៊ុន។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះការរិះគន់ និងការលើក ឡើង​របស់បុគ្គលមួយចំនួនដែលតែងតែនិយាយថារាជរដ្ឋាភិបាលកម្ពុជា ដើរទាក់ទាញ​តែពួ​ក​អ្នក​វិនិយោគ​ចិន​នោះ គឺមិនមែនជាការពិតនោះទេ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា សម្តេច​ដើរ​ទាក់ម៉ូយគ្រប់ទីកន្លែងទាំងអស់ដោយមិនគិតថាប្រទេសណានោះឡើយ គឺ​សម្តេច​ធិបតី​ស្វាគមន៍​ជានិច្ចឲ្យតែទៅធ្វើការវិនិយោគនៅកម្ពុជា និងបានផលជូនដល់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ បាន ចក់

បេសកជនអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងបេរូត ដើម្បីបន្តការចរចាបន្ធូរបន្ថយភាពតានតឹង

2024/03/04 10:04:26 am        287
មន្ត្រីជាន់ខ្ពស់លីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា បេសកជនអាមេរិក លោក Amos Hochstein គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងបេរូត( Beirut) នៅថ្ងៃចន្ទនេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងការទូត សំដៅកាត់បន្ថយជម្លោះ នៅទូទាំងព្រំដែនលីបង់ និងអ៊ីស្រាអែល និងនាំមកនូវស្ថិរភាព។ក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់ និងអ៊ីស្រាអែល បានជាប់គាំងក្នុងអរិភាពអស់ជាច្រើនខែ ស្របទៅនឹងសង្រ្គាមហ្កាហ្សា។ ក្រុមនេះ បានសម្គាល់ជម្លោះដ៏អាក្រក់បំផុតរវាងសត្រូវប្រដាប់ដោយអាវុធធុនធ្ងន់ ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ ដែលជំរុញឲ្យមានការភ័យខ្លាចដល់ការប្រឈមមុខដាក់គ្នាកាន់តែធំឡើង។អនុប្រធានសភានៃប្រទេសលីបង់ លោក Elias Bou Saab ជាមន្ត្រីមួយរូបដែលត្រូវជួបជាមួយលោក Hochstein បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោកបានចង្អុលបង្ហាញពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់ហ្កាហ្សា«ក្នុងរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះ»។លោកបាននិយាយថា៖«ប្រសិនបើរឿងនេះ កើតឡើង ខ្ញុំជឿថា ដំណើរទស្សនកិច្ចរបស់ Hochstein លើកនេះ នឹងមានសារៈសំខាន់ខ្លាំង ក្នុងការតាមដានបទឈប់បាញ់ នៅព្រំដែនភាគខាងត្បូងរបស់យើង និងដើម្បីពិភាក្សាអំពីអ្វីដែលត្រូវការសម្រាប់ស្ថិរភាព និងការបញ្ចប់លទ្ធភាពនៃការពង្រីកសង្រ្គាមជាមួយប្រទេសលីបង់។ ទីក្រុងវ៉ាស៊ីនតោន បានទទូចថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា គឺជិតដល់ហើយ ហើយគួរតែចូលជាធរមាន នៅដើមខែបុណ្យរ៉ាម៉ាដាន មួយសប្តាហ៍ទៀត។

រថយន្តបំពាក់ទូត្រជាក់ច្រើនគ្រឿងដឹកទំនិញឆ្លងដែនចូលកម្ពុជា តាមច្រកអូរស្មាច់ ត្រូវពលរដ្ឋសង្ស័យដឹកបំណែកសាច់បង្កក

2024/03/01 03:36:41 pm        234
ក្នុងមួយថ្ងៃៗត្រូវបានគេសង្កេតឃើញថា មានរថយន្តប្រភេទទូឃ្លុបបំពាក់ដោយម៉ាស៊ីនត្រជាក់ ឬទូក្លាសេតូចធំប្រមាណជាង ១០គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនចូលកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដោយពុំឃើញមានសមត្ថកិច្ចជំនាញប្រចាំការនៅច្រកទ្វារនោះត្រួតពិនិត្យឬឆែកឆេឡើយ ដែលករណីនេះ ត្រូវប្រជាពលរដ្ឋសង្ស័យថា មានដឹកបំណែកសាច់បង្កក ដែលពួកគាត់ចាត់ទុកថា ជាសាច់ច្បាប់ហាមឃាត់ ឬខុសច្បាប់។ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ភ្នាក់ងារទូរទស្សBTV Newsបាន​ទៅផ្តិតយករូបភាពពីច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ​គឺបានឃើញ​មានរថយន្តប្រភេទទូឃ្លុបបំពាក់​ដោយម៉ាស៊ីនត្រជាក់តូចធំ​ប្រមាណជាង១០គ្រឿង ​ដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតមែន និងបានដឹងទៀតថា ​រថយន្តខាងលើគឺដឹកទំនិញបែបនេះ ចូលតាមច្រកទ្វារអូរស្មាច់ ឆ្ពោះទៅផែស្ងួត​ដែលនៅចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីតាំងច្រកទ្វារ គឺស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ​ប៉ុន្តែមិនបានដឹងថា ជាទំនិញអ្វីឱ្យប្រាកដនោះទេ។ ដោយឡែក ប្រភពពីមន្ត្រីមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ បានបង្ហើប​ដោយសុំមិនបញ្ចេញ​អត្តសញ្ញាណ​ បានឱ្យដឹងថា រថយន្តប្រភេទបំពាក់ទូម៉ាស៊ីនត្រជាក់ខាងលើនេះ គឺដឹកបំណែក​សាច់បង្កក ជ្រូក មាន់ ទា ចូលកម្ពុជាជារៀលរាល់ថ្ងៃ ​និងគ្មានអ្នកហ៊ានពិនិត្យពិតមែន។ ជាក់ស្តែង ភ្នាក់ងារទូរទស្សBTV Newsបានសាកសួរទៅលោក ឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី២៩ ​ខែកុម្ភៈ ឆ្នាំ២០២៤​ លោកបានឆ្លើយតបថា ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ លោកពុំមានជំនាញក្នុងការត្រួតពិនិត្យអ្វីនោះទេ​ ចំពោះករណីនេះ លោកបានត្រឹមតែ​សម្លឹង​មើលរថយន្តដែលដឹកឆ្លងកាត់តែប៉ុណ្តោះ ​ព្រោះវាជាជំនាញរបស់សមត្ថិកិច្ចពាក់ព័ន្ធ ជាអ្នកត្រួតពិនិត្យ។ចំណែកលោក វ៉ាន់ ក្តេរ ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់តាមទូរស័ព្ទ​យ៉ាងដូច្នេះថា ​ករណីខាងលើលោកមិនអាចឆ្លើយ ឬអត្ថាធិប្បាយបានទេ តែបើចង់ដឹងច្បាស់ សូមប្អូនសួរទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋករចុះ។ ចំណែកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គន់ ញឹម បានប្រាប់តាមទូរសព្ទ កាលពីថ្ងៃទី២៩ ខែកុម្ភៈ យ៉ាងខ្លីថា ចាំលោកពិនិត្យ និងសួរនាំករណីនេះសិន!។ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងសេសាទ បាប្រាប់ពាក់ព័ន្ធនឹងករណីខាងលើនេះដែរថា​ បច្ចុប្បន្ននេះ យើងមិនទាន់​មាន​ការ​ហាមឃាត់ការនាំចូលសាច់បង្កកនោះទេ ប៉ុន្តែនឹងមានការហាមឃាត់បំណែក​នៃ​សាច់បង្កករយៈពេល៦ខែជាបណ្តោះអាសន្ន ​ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៤នេះទៅ។អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​នាំ​ចូល​គ្រឿង​ក្នុង​សត្វ​ និង​បំណែក​សាច់​បង្កក​រយៈ​ពេល​៦​ខែ ​ចាប់​ពី​ថ្ងៃ​ទី​១២​ ខែមីនា​ដល់​១២​ កញ្ញា​ឆ្នាំ​២០២៤​។ ​ការ​​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ទំនិញ​ទាំង​នេះ​ គឺ​ដោយ​សារ​តែ​កន្លង​មក​សមត្ថ​កិច្ច​ចាប់​បាន​​គ្រឿង​ក្នុង​សត្វ ​និង​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស ​មាន​ខូច​គុណ​ភាព​ និង​​រក្សា​ទុក​មិន​បាន​ត្រឹម​ត្រូវ​ ដែល​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​បរិភោគ​ និង​ពលរដ្ឋអ្នកចិញ្ចឹមកម្ពុជា៕

អ៊ីរ៉ង់កំពុងបញ្ជូនដ្រូនវាយប្រហារទៅឲ្យយោធាស៊ូដង់

2024/03/01 01:03:09 pm        100
មន្ត្រីអាមេរិក និងអារ៉ាប់ ប្រាប់សារព័ត៌មាន Semafor ថា អ៊ីរ៉ង់កំពុងបង្កើនការដឹកជញ្ជូនយានដ្រូនវាយប្រហារទៅឲ្យយោធាស៊ូដង់ ដោយបានធ្វើសង្គ្រាមស៊ីវិលរបស់ប្រទេសអាហ្រ្វិកខាងជើងនេះមានលក្ខណៈជាអន្តរជាតិ និងផ្តល់ឲ្យទីក្រុងតេអេរ៉ង់យ៉ាងសំខាន់នូវសម្ព័ន្ធមិត្តថ្មី តាមរយៈការដាក់ពង្រាយអាវុធ ទៅក្នុងសមុទ្រក្រហម។កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ត្រូវបានជាប់គាំង នៅក្នុងជម្លោះរយៈពេលជិតមួយឆ្នាំ ជាមួយកងកម្លាំងគាំទ្ររហ័សរបស់ក្រុមឧទ្ទាម (RSF) ដែលបានបំបែកប្រទេសនេះ និងបានហៀរចូលទៅក្នុងប្រទេសជិតខាងដូចជាប្រទេសឆាដ និងស៊ូដង់ខាងត្បូង។ សង្រ្គាមនេះ បានផ្តល់ឲ្យអ៊ីរ៉ង់នូវឱកាសកាលពីខែតុលាឆ្នាំមុន ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយរដ្ឋាភិបាលទីក្រុងខាទុំ (Khartoum) ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦ ហើយអាចបញ្ចប់ការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ស៊ូដង់ឆ្ពោះទៅរកលោក ខាងលិច។ប្រទេសដែលពីមុនត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជារដ្ឋឧបត្ថម្ភដល់អំពើភេរវកម្ម បានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកត្រាំ ហើយបានយល់ព្រមក្នុងឆ្នាំ២០២០ ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមស៊ីវិលកាន់តែអាក្រក់របស់ប្រទេសស៊ូដង់ ដែលរាប់បញ្ចូលទាំងការកំណត់គោលដៅទៅលើជនស៊ីវិល បានបញ្ឈប់ជំហានទាំងនេះឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ ហើយរដ្ឋបាលលោកបៃដិន បានដាក់ទណ្ឌកម្មថ្មីទាំងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកម្លាំងគាំទ្ររហ័សរបស់ក្រុមឧទ្ទាម (RSF) ក្នុងប៉ុន្មានខែថ្មីៗនេះ។មន្ត្រីអាមេរិក និងអារ៉ាប់ ដែលបានដឹងពីព័ត៌មានចារកម្ម បានប្រាប់សារព័ត៌មាន Semaforថា ជាផ្នែកមួយនៃការពង្រីកទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយទីក្រុងខាទុំ ទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមបញ្ជូនយានដ្រូនវាយប្រហារទៅឲ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ត្រូវបានគេរំពឹងថា នឹងដាក់ពង្រាយយានដ្រូន Mohajer-6 ដើម្បីព្យាយាម និងរារាំងប្រតិបត្តិការវាយលុករបស់កម្លាំងគាំទ្ររហ័សរបស់ក្រុមឧទ្ទាមដែលបានគ្រប់គ្រងផ្ទៃដីដ៏ធំនៃភាគកណ្តាល និងភាគខាងលិចស៊ូដង់ ក៏ដូចជាទីក្រុងខាទុំកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះ រដ្ឋាភិបាលស៊ូដង់ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ភាគច្រើនមានមូលដ្ឋាន នៅក្រៅកំពង់ផែស៊ូដង់នៅលើសមុទ្រក្រហម។

រដ្ឋាភិបាលអាល្លឺម៉ង់ បង្កើនជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាចំនួន២០លានអឺរ៉ូ

2024/03/01 12:58:49 pm        178
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបង្កើនជំនួយមនុស្សធម៌ចំនួន២០លានអឺរ៉ូ (២១,៦ លានដុល្លារ)បន្ថែមទៀតសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីបដែលបិទជិត ស្ថិតនៅក្រោមការការវាយប្រហារឥតឈប់ឈេររបស់អ៊ីស្រាអែលអស់រយៈពេលជាច្រើនខែហើយនោះ។ ប្រមុខការទូតរបស់ប្រទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វាមិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនហ្កាហ្សាទេ។ លោកស្រីបែបក់ បានបន្ថែមថា ចំនួននៃរថយន្តដឹកទំនិញដែលដឹកស្បៀងអាហារសង្គ្រោះជីវិត ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតទៅកាន់តំបន់ហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ «នេះមិនអាចទទួលយកបានទេ។ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សាដោយគ្មានការរារាំង មានសុវត្ថិភាព និងជាបន្ទាន់។យោងតាមការិយាល័យការបរទេសអាល្លឺម៉ង់ ទីក្រុងប៊ែរឡាំង បានផ្តល់ប្រាក់សរុបចំនួន ២០៦,៥ លានអឺរ៉ូដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយ។ ក្នុងចំណោមនោះ ៨៣លានអឺរ៉ូ បានផ្តល់ប្រយោជន៍ដល់ប្រជាជននៅតំបន់ហ្កាហ្សា។UNRWA បានរងការរិះគន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ខ្លួនមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រា អែល។ប្រទេសសរុបចំនួន១៦ រួមទាំងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមផ្អាកផ្តល់ជំនួយដល់ UNRWA បន្ទាប់ពីមានការចោទប្រកាន់នោះ។

មេដឹកនាំតំបន់បាល់កង់ ព្រមព្រៀងកាត់បន្ថយការចំណាយហិរញ្ញវត្ថុ ដោយសម្លឹងទៅរកទីផ្សារតែមួយរបស់អឺរ៉ុប

2024/03/01 12:45:22 pm        92
មេដឹកនាំនៃរដ្ឋតំបន់បាល់កង់ខាងលិចទាំងប្រាំមួយ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងកាត់បន្ថយការចំណាយ លើប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងតំបន់នៅចុងឆ្នាំនេះ ដែលនឹងក្លាយជាជំហានដំបូង ឆ្ពោះទៅរកដំណើរការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបតែមួយ។ មេដឹកនាំនៃប្រទេសតំបន់បាល់កង់ខាងលិចទាំងប្រាំមួយមាន ប្រទេសអាល់បានី បូស្នី កូសូវ៉ូ ម៉ុងតេណេហ្គ្រោ ម៉ាសេដូនខាងជើង និងប្រទេសស៊ែប៊ី បានជួបប្រជុំគ្នានៅទីក្រុង Tirana ប្រទេសអាល់បានី ដើម្បីពិភាក្សាអំពីកំណែទម្រង់ ដែលត្រូវការដើម្បីចូលទៅដំណើរការផែនការកំណើន ៦ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុប ដែលត្រូវបានបង្ហាញកាលពីខែតុលាមុន។ ផែនការកំណើនរបស់សហភាពអឺរ៉ុប សម្រាប់តំបន់នេះ នឹងរួមមានការបើកទីផ្សាររួមរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច នៅក្នុងវិស័យជាច្រើនដូចជា ការបញ្ជូនទំនិញ និងសេវាកម្មដោយសេរី ការដឹកជញ្ជូននិងថាមពល។ ប៉ុន្តែជាថ្នូរមកវិញ ប្រទេសទាំងអស់ ចាំបាច់ត្រូវអនុវត្តកំណែទម្រង់ និងដោះស្រាយរាល់បញ្ហាឈានមុខដែលនៅសេសសល់ជាមួយប្រទេសជិតខាង។ ស្នងការសហភាពអឺរ៉ុប លោក អូលីវ័រ វ៉ាហេលីយី(Oliver Varhelyi) បាននិយាយថា ការកាត់បន្ថយការចំណាយលើប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសទាំងប្រាំមួយ ក្នុងឆ្នាំ ២០២៤ ពុំមែនជាការលំបាកធំនោះទេ ព្រោះធនាគារនៅក្នុងប្រទេសទាំងនោះ ភាគច្រើនដំណើរការដោយធនាគារអឺរ៉ុប ដែលអាចអនុវត្តច្បាប់ដូចគ្នា។ លោក Varhelyi បាននិយាយថា បញ្ហាប្រឈមនឹងស្ថិតនៅត្រង់ថាតើច្បាប់ទាំងនោះ អាចអនុវត្តបានលឿនប៉ុណ្ណានៅក្នុងបណ្តាប្រទេសតំបន់បាល់កង់។ ប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ គឺជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលចាប់ផ្តើមកិច្ចចរចាសមាជិកភាពសហភាពអឺរ៉ុប ហើយប្រទេសអាល់បានី និងម៉ាសេដូនខាងជើង បានចាប់ផ្តើមកិច្ចចរចាជាមួយទីក្រុងប្រ៊ុចសែល ក្នុងឆ្នាំ ២០២២។ ប្រទេសបូស្នី និងកូសូវ៉ូ នៅពីក្រោយឆ្ងាយពីប្រទេសជិតខាងខ្លួនក្នុងដំណើរការនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើ OHCHR ធ្វើរបាយការណ៍សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង
11/10/2025 08:11 PM
ក្រុមហ៊ុន Lukoil ប្រកាសប្រធានសក្តិ នៅឯតំបន់ប្រេង នៅអ៊ីរ៉ាក់ ក្រោយមានទណ្ឌកម្ម
11/10/2025 08:11 PM
ប្រភព៖ ស៊ីរីបានកម្ចាត់ផែនការរបស់ក្រុម ISIS ដែលប៉ងយកជីវិតរបស់ប្រធានាធិបតី
11/10/2025 08:11 PM
កម្ពុជាទាក់ទាញភ្ញៀវទេសចរពីប្រទេសអីរ៉ុង ខណៈអ៊ីរ៉ុងមានប្រជាជន ៩២លាននាក់ លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា
11/10/2025 08:11 PM
វិមានក្រឹមឡាំង៖ ការរៀបចំយ៉ាងសកម្ម កំពុងដំណើរការ សម្រាប់ទស្សនកិច្ចរបស់លោក Putin នៅឥណ្ឌា
11/10/2025 07:11 PM
អារ៉ាប់រួមច្រានចោលការចូលរួមជាមួយកម្លាំងរក្សាស្ថិរភាពហ្កាហ្សា សម្រាប់ពេលនេះ និងគាំទ្រកិច្ចប្រឹងប្រែងសន្តិភាព
11/10/2025 07:11 PM
រដ្ឋសភារៀបចំសិក្ខាសាលា ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦
11/10/2025 07:11 PM
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
11/10/2025 07:11 PM
ក្រុមការងារ អ.ន.ក ចុះពិនិត្យការជីកស្រះទឹក និងស្ថាបនាប្រឡាយទឹក ជូនអតីតយុទ្ធជន នៅភូមិព្រៃសិន ខេត្តបាត់ដំបង
11/10/2025 07:11 PM
លោក Orban៖ ហុងគ្រីមាននូវកិច្ចព្រមព្រៀងខែលហិរញ្ញវត្ថុជាមួយទីក្រុងវ៉ាស៊ីនតោន
11/10/2025 07:11 PM