សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦រូប ប្រកបដោយផ្លែផ្កា

2024/03/07 05:24:42 pm        227
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុង​នោះមា​នឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋ​មន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​ការ​ពេញ​ចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បី​ពិភាក្សា ​រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើវិស័យថ្មីៗទៀត។ ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការ​ទិញ-​លក់​អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និង​ផ្នែកឯ​កជន​សហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់​តំបន់​ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថា​នឹង​ជំរុ​ញ​ឱ្យ​បាន​ឆាប់​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែល​នឹង​ជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក​ដោយ​រីក​រាយ​នូវ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ហ្វីលីពីនក្នុងពេលសមស្រប។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ទំនាក់​ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ច​ប្រជុំ​គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បាន​ឯកភាព គ្នាលើកទឹក​ចិត្ត​ស្ថាប័ន​ពាក់​ព័ន្ធ​អនុវ​ត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​អនុស្ស​រណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យ​បាន​ឆាប់​នូវ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពីការ​ពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បាន​ឯកភាព​លើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាព​តភ្ជាប់​តំបន់​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុន​ឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បាន​គ្រប​ដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​ជំរុញ​គម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថា​ជា​ការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើក​កម្ពស់​ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​ ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ឱ្យ​បង្កើត​កញ្ចប់​ទេសចរណ៍​រួមសំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុង​ការ​លើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០២៤។ក្នុង​ជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃ​ខ្ពស់​​ចំ​ពោះ​ការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រ​ដល់​ការ​ស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និង​ស្វាគមន៍ ការប្រកាស​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​សម្រាប់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​ឆ្នាំ​២០៤០​។សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ​នៃប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​សកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​នៃ​ប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រម​ទាំង​ជំរុញ​ឱ្យ​មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់​ពីការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយ​បាន​យល់​ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។ ថ្នាក់ដឹកនាំ​ទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែល​នឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាជន និង​ប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយក​ដោយ​ភាព​រីករាយ​នូវ​ការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់​កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ចំពោះជំនួយ​ដ៏មានត​ម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោស​សម្អាត​មីន​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​ទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែក​នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សា​ជាមួយ​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។ នាយករដ្ឋ​មន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់​រវាង​ប្រទេស​ទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​បក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធាន​រដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា​ចក្រ​កម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាប​សមភាគី​វៀតណាម​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​កោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹក​អំពី​ការ​ឯកភាព​ឱ្យ​មាន​កិច្ច​ប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និង​ការពារ​ជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឯក​ភាព​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការ​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​បន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលាន​ដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់​ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និង​បន្ត​ខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បាន​ឯកភាព ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​ប្រទេស​បី​គោលដៅតែ​មួយ​ដែល​ជា​រូបមន្ត​កិច្ច​សហ​ប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំង​ការ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី​។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មាន​ការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការត្រៀមធ្វើសង្គ្រាម

2024/03/07 04:25:51 pm        192
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (០៧ មីនា) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការហ្វឹកហ្វឺនកងទ័ពនៅមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសកាលពីថ្ងៃពុធ ហើយបានបញ្ជាឱ្យបង្កើនការត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។សារព័ត៌មាន KCNA បានរាយការណ៍ដោយដកស្រង់សម្ដីលោក គីម ដែលបាននិយាយថា យោធាត្រូវតែ «ដឹកនាំយ៉ាងស្វាហាប់ដើម្បីពង្រឹងការត្រៀមរៀបចំធ្វើសង្រ្គាម ស្របតាមតម្រូវការនៃស្ថានភាពនាពេលបច្ចុប្បន្ន»។លោក គីម បានបន្ថែមថា «កងទ័ពគួរតែបង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្ដែងដែលផ្ដោតទៅលើការធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធសម្រាប់ការត្រៀមខ្លួនដ៏ល្អឥតខ្ចោះក្នុងការធ្វើសង្រ្គាម»។ដំណើរចុះពិនិត្យរបស់មូលដ្ឋានទ័ព ដែលទីតាំងមិនត្រូវបានកំណត់នេះ បានកើតឡើងបន្ទាប់ពីការចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំដោយកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ នៅកូរ៉េខាងត្បូងដោយមានចំនួនទាហានចូលរួមចំនួនពីរដងធៀបនឹងឆ្នាំមុន ដែលផ្ដោតលើការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

កម្ពុជា និងអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងសេវាដឹកជញ្ជូនតាមផ្លូវអាកាស

2024/03/07 03:37:57 pm        206
កម្ពុជា និងអូស្រ្តាលី បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្រ្តាលី ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាការងារជា មួយគ្នាជាច្រើនទាក់ទងនឹងការបង្កើនកិច្ច​សហប្រតិបត្តិការទ្វេភាគី ដោយក្នុងនោះថ្នាក់ដឹកនាំ​ប្រទេសទាំងពីរក៏បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះប្រមុខការទូត​ប្រទេសទាំងពីរ ដែលបានសម្រេចចុះកិច្ចព្រមព្រៀង​សេវាដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ(កម្ពុជា-អូស្រ្តាលី)ផងដែរ។បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ ក៏បានឲ្យដឹងផងដែរថា នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយក រដ្ឋមន្រ្តីអូស្ត្រាលី ក៏បានចាត់ទុកកម្ពុជាថា ជាប្រទេសមួយដ៏អស្ចារ្យប្រកបដោយ ភាពធន់ទោះបីកម្ពុជាមានរបបប្រល័យពូជាសាសន៍ក៏ដោយ ហើយលោកនាយករដ្ឋមន្រ្តីក៏បានសម្តែងនូវ ការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ បានប្រកាសថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រទាំងក្នុងអំឡុង ពេលស្វែងរកសន្តិភាពនៅទសវត្សន៍១៩៩០ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសគាំទ្រពីអូស្រ្តាលី លើវិស័យកសិកម្ម សុខាភិបាល បោសសម្អាតមីន សន្តិសុខ និងការពារជាតិជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ដដែល៕អត្ថបទបាន ចក់

ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង

2024/03/07 03:10:56 pm        175
កាលពីថ្ងៃពុធទី៦មីនា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ប្រទេសហ្វីលីពីនជា «កូនអុក»នៅសមុទ្រចិនខាងត្បូង។លោកស្រីម៉ៅនីង(Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួរ ថាតើការថ្កោលទោសរបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ចិនគឺការបង្កហេតុឬយ៉ាងណា ថាប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកកុំឱ្យប្រើប្រាស់ប្រទេសហ្វីលីពីនធ្វើជាកូនអុក ដើម្បីបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងទៀត។ ហ្វីលីពីន មិនគួរបណ្ដោយខ្លួនតាមតែការចង្អុលរបស់សហរដ្ឋអាមេរិកនោះទេ។ យោងតាមអ្នកនាំពាក្យអង្គភាពឆ្មាំសមុទ្រកាលពីថ្ងៃអង្គារ នាវាហ្វីលីពីន៤គ្រឿងកាលពីថ្ងៃអង្គារបានឆ្លងចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក រិន អាយ ជីអាវ(Ren'ai Jiao)មានជម្លោះ ដែលជាផ្នែកនៃតំបន់ ណានសា កាន់តាវ(Nansha Qundao)ក្នុងតំបន់កោះ ស្រ្ពាតលី (Spratly) របស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងដើម្បីបញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាយោធាដែលបានចុះចដោយខុសច្បាប់នៅលើកោះនេះ។ ជាការឆ្លើយតប ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ប្រឆាំងនឹងនាវាហ្វីលីពីន ស្របតាមច្បាប់ដូចជាការប្រើការណុងបាញ់ជាដើម។ លោកស្រីម៉ៅ បាននិយាយថា តំបន់ជម្លោះ ថ្មប៉ប្រះទឹក រិនអាយ ជីអាវ គឺជាបញ្ហាទ្វេភាគីរវាងចិន និងហ្វីលីពីន ដោយបន្ថែមថា ភាគីទីបីណាមួយ រួមទាំងសហរដ្ឋអាមេរិក គួរតែជៀសវាងពីការញុះញង់បង្ករឿង ដោយបើកដៃឱ្យមានអន្តរាគមន៍។ អ្នកនាំពាក្យរូបនេះ បាននិយាយថា ការតាំងចិត្តរបស់ប្រទេសចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន គឺគ្មានការផ្លាស់ប្តូរឡើយ ហើយការប៉ុនប៉ងរំលោភសិទ្ធិ និងការបង្កហេតុរបស់ហ្វីលីពីន នឹងមិនជោគជ័យជាដាច់ខាត ៕

ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU

2024/03/07 03:03:59 pm        219
លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទូលៀ អ៊ែកសិន ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង។ក្នុងជំនួបទ្វេរភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្រោមក្របខណ្ឌ IPU។ភាគីទាំងពីរបានយល់ស្របគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីនិយម និងរបបពិភពលោក ដែលផ្អែកលើវិធានច្បាប់ដែលមានការធ្លាក់ចុះគួរឱ្យបារម្ភ ចាប់តាំងពីសង្រ្គាមលើកលើកទី២ ដោយសារតែការប្រកួតប្រជែងអំណាចដ៏ស្មុគ្រស្មាញរវាងប្រទេសមហាអំណាច ការកើនឡើងនូវជម្លោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។ ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និងការបង្ការជម្លោះ។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជន នោះគឺសន្តិភាព និងការអភិវឌ្ឍ។បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុងតួនាទីធ្វើជាប្រធាន IPU។ទន្ទឹមគ្នានេះ ភាគីសភាកម្ពុជាបានលើកនូវសំណើ ៥ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី និងពហុភាគី រួមមាន (១) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាកសាង និងថែរក្សាសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី។ (២) ពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអាហ្រ្វិច ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល សភា វិស័យឯកជន និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងតង់ហ្សានី អាចជាស្ពានតភ្ជាប់គ្នារវាងតំបន់ទាំងពីរអាស៊ីអាគ្នេយ៍-អាហ្វ្រិក។ (៣) ក្នុងបរិបទ នៃការប្រកួតប្រជែងអំណាច និងការបែកខ្ញែកសេដ្ឋកិច្ចអន្តរជាតិ យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈយន្តការពហុភាគីនិយម ដែលមានភាពបើកចំហរ និងបរិយាបន្ន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។ (៤) ពិនិត្យមើលឱកាស សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល និង (៥) ពង្រឹងកិច្ចសហប្រតិបត្តិការលើសភាឌីជីថល។ជាការឆ្លើយតប លោកជំទាវគាំទ្រចំពោះការលើកឡើងរបស់ភាគីកម្ពុជា ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ នៃសភាទាំងពីរ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយមានការចូលរួមទាំងវិស័យសាធារណៈ និងវិស័យឯកជន។ លោកជំទាវបញ្ជាក់ថា សភាតង់ហ្សានី រីករាយចែករំលែកបទពិសោធន៍បន្ថែមទៀតលើការអភិវឌ្ឍសភាឌីជីថល សន្តិសុខសង្គម ក៏ដូចជាការចូលរួមរបស់ស្រ្តី ក្នុងនយោបាយ។ លើសពីនេះ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ស្រ្តីដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយសកល។លោកជំទាវក៏បានអញ្ជើញសម្តេចរដ្ឋសភាធិការធិបតីធ្វើទស្សនកិច្ចនៅប្រទេសតង់ហ្សានី នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

ប៉ូឡូញនិយាយថា សហភាពអឺរ៉ុប យល់ព្រមកែប្រែកិច្ចព្រមព្រៀងដឹកជញ្ជូនជាមួយអ៊ុយក្រែន

2024/03/06 09:58:13 pm        96
ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ូឡូញ បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាគណៈកម្មការអឺរ៉ុបបានយល់ព្រមធ្វើការដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប ជាមួយអ៊ុយក្រែន លើការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលអ្នកដឹកទំនិញប៉ូឡូញបានទាមទារ។ការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀង ដែលបានដកចេញការរឹតបន្តឹងភាគច្រើនសម្រាប់អ្នកបើកបរដឹកជញ្ជូនទំនិញរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបនេះ គឺស្ថិតក្នុងចំណោមការទាមទារសំខាន់ៗរបស់អ្នកដឹកទំនិញប៉ូឡូញ ដែលបានបិទច្រកព្រំដែនមួយចំនួនជាមួយអ៊ុយក្រែន ដើម្បីតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍។កាលពីខែវិច្ឆិកា ក្រុមអ្នកដឹកជញ្ជូនប៉ូឡូញបានបិទច្រកព្រំដែនជាមួយអ៊ុយក្រែន ដោយតវ៉ាលើអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនយុត្តិធម៌ពីសមភាគីអ៊ុយក្រែនរបស់ពួកគេ។ការតវ៉ានេះត្រូវបានផ្អាកក្នុងខែមករា បន្ទាប់ពីរដ្ឋាភិបាលនៅទីក្រុងវ៉ាសូវី បានសន្យាគាំទ្រការទាមទាររបស់ពួកគេនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងព្រុចសែល និងពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនប៉ូឡូញដែលរងផលប៉ះពាល់៕

បារាំងនឹងចូលរួមជាមួយផែនការរបស់សាធារណរដ្ឋឆេក ដើម្បីទិញគ្រាប់កាំភ្លើងធំ៨០ម៉ឺនគ្រាប់ឲ្យអ៊ុយក្រែន

2024/03/06 09:21:13 pm        143
ប្រធានាធិបតីបារាំងលោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគាំទ្រផែនការរបស់សារធារណរដ្ឋឆេក ក្នុងការបញ្ជូនគ្រាបកាំភ្លើងធំចំនួន ៨00.000 គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។លោកប្រធានាធិបតីបារាំង បានថ្លែងថា គំនិតផ្តួចផ្តើមរបស់ឆេក «មានប្រយោជន៍ខ្លាំងណាស់ យើងគាំទ្រវា យើងនឹងចូលរួមក្នុងផែនការនេះ»។លោក បានបន្ថែមថា៖ «ប្រទេសនេះ បានស្វែងរកគ្រាប់រំសេវនៅគ្រប់ទីកន្លែងដែលមាន ហើយត្រូវគ្នាជាមួយនឹងឧបករណ៍ ដែលយើងបានបញ្ជូន [ទៅអ៊ុយក្រែន]»។និយាយអំពីមធ្យោបាយក្នុងការស្វែងរកមូលនិធិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការរបស់ប្រទេសឆេក លោកម៉ាក្រុង បានស្នើថា វាអាចជា «ការប្រមូលផ្តុំទ្វេភាគី វាអាចជាកិច្ចសហប្រតិបត្តិការជាមួយភាគីទីបី និងការផ្តល់ហិរញ្ញប្បទានទ្វេភាគី»។ប្រធានាធិបតីបារាំងរូបនេះ បានស្នើថា៖«វាអាចជាការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប ដែលជាឧបករណ៍សន្តិភាពអឺរ៉ុប ដែលអាចត្រូវបានប្រមូលផ្តុំជាផ្នែកសម្រាប់គំនិតផ្តួចផ្តើមនេះ»។នៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិច (Munich) ប្រធានាធិបតីឆេក លោក Petr Pavel បាននិយាយថា ប្រទេសនេះ បានរកឃើញវិធី ដើម្បីទទួលបានគ្រាប់កាំភ្លើងចំនួន ៨០០.000 ដែលខ្លួនអាចបញ្ជូនទៅកាន់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប្រសិនបើការផ្តល់មូលនិធិដឹកជញ្ជូន ត្រូវបានផ្តល់ឲ្យនោះ។ក្រសួងការពារជាតិឆេក បាននិយាយកាលពីមុនថា ខ្លួនកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានទទួលការប្តេជ្ញាចិត្តពីមុនពីប្រទេសកាណាដា ដាណឺម៉ាក និងប្រទេសផ្សេងទៀតដែលមិនមានបំណងចង់បង្ហាញអត្តសញ្ញាណ។ប្រទេសហូឡង់ ដែលបានផ្តល់២៥០លានអឺរ៉ូរួចហើយក្នុងការទិញគ្រាប់រំសេវ ហើយបែលហ្ស៊ិកដែលនឹងបរិច្ចាគ ២០០ លានអឺរ៉ូ បានប្រកាសជាសាធារណៈអំពីការចូលរួមរបស់ពួកគេ។

សហភាពអឺរ៉ុប បង្ហាញផែនការថ្មី ដើម្បីជំរុញឧស្សាហកម្មការពារជាតិ

2024/03/06 09:13:09 pm        118
សហភាពអឺរ៉ុប បានបង្ហាញផែនការថ្មី ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ប្លុកនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានចេញផ្សាយយុទ្ធសាស្ត្រឧស្សាហកម្មការពារជាតិលើកដំបូងរបស់ខ្លួនមិនធ្លាប់មាន និងកម្មវិធីឧស្សាហកម្មការពារជាតិថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងការត្រៀមខ្លួន និងសន្តិសុខរបស់សហភាពអឺរ៉ុប។ផែនការនេះ អំពាវនាវឱ្យរដ្ឋជាសមាជិក ទិញយុទ្ធោបករណ៍ការពារជាតិយ៉ាងហោចណាស់ ៤០ភាគរយទាំងអស់គ្នា ក្នុង «លក្ខណៈសហការ» នៅឆ្នាំ ២០៣០។ ផែនការនេះ ក៏និយាយផងដែរថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែមានគោលបំណងចំណាយយ៉ាងហោចណាស់ ៥០ ភាគរយនៃថវិកាលទ្ធកម្មការពារជាតិថ្មីរបស់ពួកគេ នៅក្នុងប្លុក នៅឆ្នាំដដែលនេះ។ សហភាពអឺរ៉ុប និយាយថា ខ្លួននឹងគៀងគរថវិកាចំនួន ១,៥ពាន់លានអឺរ៉ូ ឬប្រហែល ១,៦ ពាន់លានដុល្លារ នៃថវិការបស់ខ្លួន ក្នុងរយៈពេលឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៧។ ផែនការនេះ ក៏អំពាវនាវឱ្យមានការបង្កើតការិយាល័យនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការរវាងយោធា និងផ្នែកធុរកិច្ច របស់ប្រទេសអ៊ុយក្រែន និងក្រុមហ៊ុនសហភាពអឺរ៉ុប។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប បាននឹងកំពុងកាត់បន្ថយការវិនិយោគក្នុងវិស័យការពារជាតិ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការព្រួយបារម្ភថា ការចំណាយយោធានៅអឺរ៉ុប មិនគ្រប់គ្រាន់។ អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី ម៉ាហ្គ្រេត វ៉េស្តាជឺ(Margrethe Vestager) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ពួកគេ ដោយមិនគិតពីសក្ដានុពលនៃការបោះឆ្នោត នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី បានបញ្ជាក់ ពីសារៈសំខាន់របស់សហភាពអឺរ៉ុប ដែលមានយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួន។

យោធាអាមេរិកទម្លាក់ជំនួយបន្ថែមដល់តំបន់ហ្កាហ្សា នឹងមិនដាក់ពង្រាយកងទ័ពទេ

2024/03/06 09:10:14 pm        136
យោធាអាមេរិក បានអនុវត្តការទម្លាក់ជំនួយមនុស្សធម៌ផ្លូវអាកាសថ្មីដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សាកាលពីថ្ងៃអង្គារ ដោយទម្លាក់តាមឆ័ត្រយោងនូវអាហារជាង ៣៦.៨០០កញ្ចប់ ខណៈដែលរដ្ឋបាល លោកបៃដិន បានជំរុញមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលឲ្យទទួលបានជំនួយកាន់តែច្រើន ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន។ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទីលំនៅភាគច្រើននៃប្រជាជន ២,៣លាននាក់ និងនាំឲ្យមានការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យ។ស្ថានភាពនេះ គឺអាក្រក់បំផុតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលហួសពីលទ្ធភាពនៃភ្នាក់ងារជំនួយ ឬកាមេរ៉ាព័ត៌មាន ហើយជាគោលដៅនៃការធ្លាក់ចុះ កាលពីថ្ងៃអង្គារ។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា កុមារចំនួន ១៥នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ ឬខ្វះជាតិទឹក នៅក្នុងមន្ទីរពេទ្យតែមួយ។មន្ត្រីអាមេរិក បាននិយាយថា ជំនួយដែលទម្លាក់តាមអាកាស គឺជាជម្រើសដ៏ថ្លៃ និងមិនគ្រប់គ្រាន់សម្រាប់ជំនួយដែលដឹកជញ្ជូនមក ដោយសារទំហំនៃវិបត្តិមនុស្សធម៌។ រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងជំរុញឲ្យមានជំនួយចូលកាន់តែច្រើនឡើងតាមផ្លូវគោក។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinកាលពីថ្ងៃអង្គារ បានជួបជាមួយលោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល នៅមន្ទីរបញ្ចកោណ ហើយបានជំរុញឲ្យមានការគាំទ្ររបស់លោកសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើការបន្ថែមទៀត ដើម្បីជួយជនស៊ីវិល។

រដ្ឋបាលរាជធានីភ្នំពេញ ចុះចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៦គ្រួសារ

2024/03/06 08:53:28 pm        138
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំឯកឧត្តម ឃួង ស្រេង បានចាត់អោយលោក ធឹម សំអាន អភិបាលព្រែកព្នៅ និងប្រធានភូមិបាលខណ្ឌ ចុះចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់ នៅលើដី មិនស្របច្បាប់នៅភូមិសំរោងត្បូង អោយរស់នៅលើដីស្របច្បាប់ ដែលរដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំជូនប្រជាពលរដ្ឋចំនួនសរុប២៦គ្រួសារ នៅព្រឹកថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៤ នេះ។ក្នុងកម្មវីធីចែកបណ្ណកម្មសិទ្ធិ លោក ធឹម សំអាន អភិបាលព្រែកព្នៅ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ១៥១ លើដី កម្មសិទ្ធិរដ្ឋ ចំនួនប្រមាណ៧០គ្រួសារ សុំមកទទួល យកដី ខាងរដ្ឋបាលរាជធានី និង រដ្ឋបាលខណ្ឌរៀបចំជូនដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ០១ឡូត៍ ទំហំ៤ម៉ែត្រកន្លះ គុណនិង១៨ម៉ែត្រ មានបណ្ណកម្មសិទ្ធិស្របច្បាប់ ។ក្នុងពិធីនោះ លោកអភិបាលខណ្ឌ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋគ្មាន​បណ្ឌកម្មសិទ្ធិត្រឹមត្រូវនោះ ចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយ ​ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរដ្ឋាភិបាល៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM
អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសអាហ្សង់ទីន ជាអង្គការភេរវកម្ម
11/12/2026 12:11 PM
អ្នកបើករថយន្តដឹកទំនិញនៅប្រទេសឈីលី បិទផ្លូវដើម្បីតវ៉ាការឡើងថ្លៃប្រេងឥន្ធនៈ
11/12/2026 12:11 PM
មេដឹកនាំពិភពលោកបង្ហាញពីគោលដៅអាកាសធាតុនៅក្នុងកិច្ចប្រជុំ COP31
11/12/2026 12:11 PM
អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១
11/12/2026 12:11 PM
រដ្ឋមន្រ្ដីក្រសួងវប្បធម៌កម្ពុជា និង​ម៉ារ៉ុក អញ្ជើញជាអធិបតី អបអរសាទរ «ទិវាវប្បធម៌​ម៉ារ៉ុក​នៅ​កម្ពុជា​ឆ្នាំ២០២៦» ពង្រឹង​ទំនាក់ទំនងការទូតប្រទេស​ទាំងពីរ
11/12/2026 12:11 PM
អនុប្រធានទី១អាជ្ញាធរមីន៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
11/12/2026 12:11 PM
ក្រុម AOT-KH ចុះសង្កេតការណ៍នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន
11/12/2026 12:11 PM