សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ហុងគ្រី ប្តេជ្ញាបន្តថែរក្សាទំនាក់ទំនងល្អ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ

2024/02/14 03:37:38 pm        145
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះភាគីទងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ជាមួយគ្នា ភាគីទងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ទន្ទឹមគ្នាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយ​ជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤ និងបានថ្លែងអំណរគុណ​ចំពោះការ​បន្តគាំទ្ររបស់ហុងគ្រី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបលើគ្រប់វិស័យ។

ឥណ្ឌូនេស៊ី ស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយ មុនការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក

2024/02/13 08:54:04 pm        242
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារ (១៣ កុម្ភៈ) នេះមុនការបោះឆ្នោតនៅថ្ងៃពុធ (១៤ កុម្ភៈ) ដោយមាននគរបាលប្រហែល ២៥.០០០ នាក់ បានដាក់ពង្រាយដើម្បីធានាសន្តិសុខនៅក្នុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក និងជាការប្រកួតមួយដែលត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏ធំនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានចាប់តាំងពីការបញ្ចប់នៃការគ្រប់គ្រងផ្តាច់ការកាលពី ២៥ ឆ្នាំមុន។បេក្ខជនប្រធានាធិបតីបីរូប កំពុងប្រជែងគ្នាដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់តាមឈ្មោះហៅក្រៅថា ចូកូវី (Jokowi) ដែលកំពុងបញ្ចប់អាណត្តិទីពីរនៃចំនួនអតិបរមាពីរអាណត្តិដែលត្រូវបានអនុញ្ញាត។បេក្ខជនទាំងនោះរួមមាន លោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) របស់គណបក្សដ៏ធំបំផុត និងបេក្ខជនឯករាជ្យ លោក អានីស បាស្វេដាន (Anies Baswedan) ដែលជាអតីតអភិបាល ដោយអ្នកទាំងពីរនេះស្ថិតក្នុងវ័យ ៥០ ឆ្នាំ និងរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនរូ (Prabowo Subianto) អតីតមេបញ្ជាការកងកម្លាំងពិសេសវ័យ ៧២ ឆ្នាំ។ការស្ទង់មតិបានបង្ហាញយ៉ាងជាប់លាប់ថា លោក ប្រាបូវ៉ូ គឺជាបេក្ខភាពឈ្នះឆ្នោត ដែលមានការព្យាករណ៍ថាលោកអាចឈ្នះសំឡេងភាគច្រើនជាមួយនឹងការគាំទ្រច្រើនជាង ៥០%។ មនុស្សច្រើនជាង ២០០ លាននាក់នៃចំនួនប្រជាជន ២៧០ លាននាក់ របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោក មានសិទ្ធិបោះឆ្នោត៕

បារាំង ស្នើឱ្យក្រុមហេសបូឡា ដកថយ និងជំរុញកិច្ចចរចាព្រំដែនសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់

2024/02/13 08:29:39 pm        267
បារាំង បានប្រគល់សំណើជាលាយលក្ខណ៍អក្សរទៅទីក្រុងបេរូត ក្នុងគោលបំណងបញ្ចប់អរិភាពជាមួយអ៊ីស្រាអែល និងដោះស្រាយជម្លោះព្រំដែនលីបង់-អ៊ីស្រាអែល នេះបើយោងតាមឯកសារដែលឃើញដោយសារព័ត៌មានរ៉យទ័រ ដែលអំពាវនាវឱ្យក្រុមប្រយុទ្ធនានា រួមទាំងអង្គភាពវរជនហេសបូឡា (Hezbollah) ដកថយចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន។ផែនការនេះមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅតាមព្រំដែន។ អរិភាពនេះបានកើតឡើងស្របគ្នានឹងសង្គ្រាមនៅហ្កាហ្សា ហើយកំពុងជំរុញឱ្យមានការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាដែលអាចបង្កការបំផ្លិចបំផ្លាញបន្ថែម។ឯកសារដែលជាសំណើលាយលក្ខណ៍អក្សរលើកដំបូងនោះ បាននាំយកទៅទីក្រុងបេរូត ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃការសម្រុះសម្រួលលោកខាងលិច និងត្រូវបានប្រគល់ទៅឱ្យមន្ត្រីប្រមុខរដ្ឋនៃប្រទេសលីបង់ រួមទាំងនាយករដ្ឋមន្ត្រី ណាជីប មីខាទី (Najib Mikati) ដោយរដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វែន ស៊ឺហ្ស៊ូន (Stephane Sejourne) កាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីជាន់ខ្ពស់លីបង់បួននាក់ និងបារាំងបីនាក់។សំណើនោះប្រកាសពីគោលបំណងនៃការទប់ស្កាត់ជម្លោះ «ដែលអាចធ្លាក់ចេញពីការគ្រប់គ្រង» និងការអនុវត្ត «លទ្ធភាពបទឈប់បាញ់ នៅពេលដែលលក្ខខណ្ឌត្រឹមត្រូវ» ហើយនៅទីបំផុតអាចនឹងមើលឃើញការចរចាស្តីពីការកំណត់ព្រំដែនដីជម្លោះរវាងលីបង់ និងអ៊ីស្រាអែល៕

ប្រមុខការបរទេសសហភាពអឺរ៉ុប ស្នើឱ្យសហរដ្ឋអាមេរិក កាត់បន្ថយជំនួយយោធាដល់អ៊ីស្រាអែល

2024/02/13 08:26:09 pm        267
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃចន្ទ (១២ កុម្ភៈ) បានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ដោយសារតែចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិតឡើងខ្ពស់ខ្លាំងនៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា។លោក បូរ៉ែល បានរំលឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីសប្តាហ៍មុនថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ពួកហាម៉ាសគឺ «ជ្រុលហួសហេតុ» ហើយក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបាននិយាយម្តងហើយម្តងទៀតថា ជនស៊ីវិលច្រើនពេកហើយកំពុងត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា។លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីជំនួយអភិវឌ្ឍន៍សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ថា «ប្រសិនបើអ្នកជឿថាមនុស្សច្រើនពេកកំពុងត្រូវបានសម្លាប់ ប្រហែលជាអ្នកគួរតែផ្តល់អាវុធតិចជាងនេះ ដើម្បីការពារមនុស្សជាច្រើនទៀត»។សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធបរទេសដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដោយបានផ្តល់ឱ្យអ៊ីស្រាអែលនូវជំនួយយោធាចំនួន ៣,៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រាប់ចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ រហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនបានស្តាប់តាមការទទូចណាមួយ ក្នុងការកាត់ជំនួយបែបនេះទេ៕

អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាប់ពន្ធនាគារលោក ថាក់ស៊ីន បានទទួលការលើកលែងទោស

2024/02/13 08:20:04 pm        282
មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទទួលការលើកលែងទោស នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថាវ៉ី សុដសុង (Tawee Sodsong)។ លោក ថាក់ស៊ីន ដែលកំពុងជាប់ទោសរយៈពេលមួយឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាលមួយកន្លែង។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោកស្ថិតនៅក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ ដែលត្រូវបានគេចាត់ទុកថាជាមនុស្សមានវ័យចំណាស់ ឬមានជំងឺ ហើយត្រូវបានយល់ព្រមឱ្យដោះលែង។ យោងតាមច្បាប់ប្រទេសថៃ លោក ថាក់ស៊ីន អាចត្រូវបានដោះលែងបន្ទាប់ពីជាប់ទោសរយៈពេលប្រាំមួយខែនៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ។ទោះបីជាទទួលបានការដោះលែងក៏ដោយ អតីតមេដឹកនាំរូបនេះនៅតែអាចត្រូវឃុំខ្លួន ខណៈដែលព្រះរាជអាជ្ញារដ្ឋ កំពុងពិចារណាចោទប្រកាន់លោកពីបទប្រមាថព្រះមហាក្សត្រក្នុងអំឡុងពេលសម្ភាសន៍ឆ្នាំ២០១៥។កាលពីខែសីហា លោក ថាក់ស៊ីន ដែលជាឥស្សរជននយោបាយដ៏ល្បីម្នាក់របស់ប្រទេសថៃ បានវិលត្រឡប់មកប្រទេសកំណើតវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំក្នុងការនិរទេសខ្លួនឯងដើម្បីគេចពីពន្ធនាគារ។ ការវិលត្រឡប់មកវិញរបស់លោក កើតឡើងស្របពេលដែលសម្ព័ន្ធមិត្ត និងអ្នកនយោបាយចំណូលថ្មី លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃតែមួយ៕

កសិករទីក្រុង Delhi ចេញធ្វើបាតុកម្មនៅថ្ងៃនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបរាជ័យ

2024/02/13 08:12:31 pm        231
កិច្ចប្រជុំដ៏សំខាន់មួយរវាងអ្នកដឹកនាំកសិករ និងរដ្ឋមន្ត្រីសហភាព បានបញ្ចប់ដោយគ្មានដំណោះស្រាយកាលពីល្ងាចថ្ងៃច័ន្ទ ដោយជំរុញឱ្យកសិករដាក់សម្ពាធការតវ៉ានៅទីក្រុង Delhi នៅថ្ងៃនេះ។ទោះបីជាមានការសន្ទនាជាច្រើនម៉ោងក៏ដោយ ភាគីទាំងពីរ ពុំបានឈានដល់កិច្ចព្រមព្រៀងលើការទាមទារសំខាន់ៗនោះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលបាននិយាយថា ការយល់ស្របមួយ ត្រូវបានឈានដល់លើបញ្ហាភាគច្រើន ហើយរូបមន្តមួយក៏ត្រូវបានស្នើឡើងសម្រាប់ការដោះស្រាយបញ្ហាមួយចំនួន តាមរយៈការបង្កើតគណៈកម្មាធិការមួយ។ ក្នុងការរំពឹងទុកពីភាពចលាចលរបស់កសិករ នគរបាលទីក្រុងដេលី បានបង្កើនវិធានការសន្តិសុខ ដោយដាក់ការរឹតត្បិតលើការប្រមូលផ្តុំមនុស្ស និងពង្រឹងនៅតាមព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់។ អ្នកដឹកនាំកសិករ បានប្រកាសពីការសម្រេចចិត្តចេញធ្វើបាតុកម្មបន្ទាប់ពីកិច្ចប្រជុំរយៈពេលប្រាំម៉ោងជាមួយរដ្ឋមន្ត្រីសហភាព នៅតែមិនទទួលបានលទ្ធផល។ អ្នកដឹកនាំកសិករ និយាយថា យើងមិនគិតថា រដ្ឋាភិបាល ពុំមានភាពហ្មត់ចត់លើការទាមទារណាមួយរបស់យើងនោះទេ។ យើងមិនគិតថា ពួកគេមិនចង់បំពេញការទាមទាររបស់យើងនោះទេ ប្រសិនបើរដ្ឋាភិបាលផ្តល់អ្វីៗមកយើង នោះយើងអាចពិចារណាឡើងវិញនូវភាពចលាចលរបស់យើង។រដ្ឋមន្ត្រីក្រសួងកសិកម្មសហភាព លោក អាជុន មុនដា(Arjun Munda) ដែលបានចូលរួមក្នុងកិច្ចពិភាក្សារួមជាមួយរដ្ឋមន្ត្រីកិច្ចការស្បៀងអាហារ និងអ្នកប្រើប្រាស់ លោក Piyush Goyal បានបង្ហាញពីសុទិដ្ឋិនិយមអំពីកិច្ចពិភាក្សានេះ។ លោកនិយាយថា យើងនៅតែសង្ឃឹមថាស្ថាប័នកសិករនឹងជួបពិភាក្សាគ្នា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជជែកដេញដោលអំពីមូលហេតុសង្គ្រាមអ៊ុយក្រែន ខណៈ ខួប២ ឆ្នាំខិតជិតមកដល់

2024/02/13 08:01:23 pm        286
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ខណៈជាជម្លោះមានមនុស្សស្លាប់ច្រើនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលខិតជិតដល់ខួប២ឆ្នាំ របស់ខ្លួន ដោយពុំបានមើលឃើញមានទីបញ្ចប់ឡើយ។រុស្ស៊ី បានស្នើសុំឲ្យមានកិច្ចប្រជុំនេះ ដែលការពិភាក្សា បានផ្តោតលើកិច្ចព្រមព្រៀងទីក្រុង Minsk បទឈប់បាញ់ និងកិច្ចព្រមព្រៀងកំណែទម្រង់ធម្មនុញ្ញ រវាងទីក្រុងគីវ និងកងកម្លាំងផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបានសម្របសម្រួលនៅក្នុងឆ្នាំ ២០១៤ និងឆ្នាំ២០១៥ ដោយប្រទេសរុស្ស៊ី បារាំង និងប្រទេសអាល្លឺម៉ង់ នៅដើមដំបូងនៃជម្លោះជាមួយអ៊ុយក្រែន។ ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនចេញពីលំនៅឋាន ហើយទីក្រុងច្រើនរាប់មិនអស់ បានប្រែក្លាយទៅជាគំនរបាក់បែក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ អ៊ុយក្រែន និយាយថា មនុស្សប្រមាណ ៨.០០០នាក់ ជាជនស៊ីវិល និងយោធា នៅតែស្ថិតក្នុងការចាប់ឃុំខ្លួនរបស់រុស្ស៊ី ដែលបណ្តាលមកពីការឈ្លានពានពេញលេញរបស់ទីក្រុងមូស្គូ ដែលបានចាប់ផ្តើម កាលពី២ឆ្នាំមុន។ ការប្រយុទ្ធគ្នាដ៏ឃោឃៅបំផុតនៅដើមដំបូងនៃសង្រ្គាមគឺនៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ជាកន្លែងដែលកងកម្លាំងសន្តិសុខអ៊ុយក្រែន បានព្យាយាមការវាយរុញច្រានកងទ័ពរុស្ស៊ី មុនពេលទីក្រុងគីវ ត្រូវបានបញ្ជាឱ្យចុះចាញ់ នៅពេលដែលប្រព័ន្ធការពារដែនអាកាសមើលទៅបានថយចុះខ្លាំង។

សម្ដេចធិបតី ឱ្យកំណត់ការពិនិត្យតាមដានការអនុវត្តការងារអធិការកិច្ច នៅតាមក្រសួងស្ថាប័នកុំឱ្យជាន់គ្នា

2024/02/13 07:54:21 pm        288
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ណែនាំ​ដល់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណា​ឱ្យការងារអធិការកិច្ច និងសវនកម្មនេះមានរបៀបរៀបរយ មានស្ដង់ដាល្អ មានប្រសិទ្ធភាព និងមិនអនុវត្តជាន់គ្នា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាត​បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះថា ការតាមដាន ត្រួតពិនិត្យ ការសង្កេត ការស្រាវជ្រាវ លើដំណើការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើលើគុណសម្បត្តិ និង​គុណវិបត្ដិ​លើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន ដើម្បីឈាន​ទៅកែលម្អឱ្យបានល្អប្រសើរគឺជា​ការ​ចាំបាច់ណាស់។ សម្ដេចធិបតីបានថ្លែងថា ដូច្នេះកិច្ចការងារអធិការកិច្ចនេះ គឺត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡាគ្នា ​មិនត្រូវឱ្យមានការអនុវត្តត្រួតគ្នា ​ឬជាន់គ្នាឡើយ។ក្នុងឱកាសនេះ សម្ដេចធិបតី ​នាយករដ្ឋមន្រ្ដី ​ក៏បានណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​ត្រូវចូលរួមសហការជាមួយកិច្ចការងារអធិការកិច្ចនេះ ដើម្បីឈាន​ទៅ​ធ្វើការកែទម្រង់រដ្ឋសាធារណៈរបស់រដ្ឋឱ្យមានភាពល្អប្រសើរឡើងថែមទៀត ហើយកុំចាត់ទុក​ការងារ​អធិការកិច្ចនេះ គឺជាការងារចុះចាប់កំហុសរបស់ក្រសួង ស្ថាប័ននានាឱ្យសោះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ណែនាំឱ្យក្រសួងអធិការកិច្ចរៀបចំផ្ទះខ្លួនឯងឱ្យស្អាតមុន នឹងចេញទៅបម្រើពលរដ្ឋ

2024/02/13 07:47:05 pm        340
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់ ក្រសួងអធិការកិច្ច ដែលជាសេនាធិកាសំខាន់របស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ តាមដាន និងវាយតម្លៃលើកិច្ចការងារផ្សេងរបស់ក្រសួង ស្ថាប័នរបស់រដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាសម្អាតផ្ទះខ្លួនឯងឱ្យបានស្អាតជាមុន មុននឹងចេញទៅបម្រើដល់ប្រជាពលរដ្ឋ ក្នុងទិសដៅ កែទម្រង់ ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាល​សាធារណៈប្រកប​ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសន្និបាត​បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅ​សណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាកិច្ចការងារស្នូលធំបំផុត។ ដូច្នេះការអនុវត្តកិច្ចការងារនេះ គឺត្រូវរៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។ សម្ដេចធិបតី បានថ្លែងថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំងមន្ទីររាជធានី ខេត្ត ទាំង ២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរ​ជាទីមោទនៈ ខណៈដែលក្រសួងអធិការកិច្ច បានដើរតួនាទីសំខាន់ ដើម្បីពង្រឹងកិច្ចការអភិបាលកិច្ច​នេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលក្រសួងនេះមកនៅត្រឹមថា «ក្រសួងអធិការកិច្ច»។ ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕អត្ថបទ៖ វ៉ន ដារ៉ា

មេដឹកនាំគណបក្សអភិរក្សនិយមអាល្លឺម៉ង់ គាំទ្រការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា

2024/02/13 07:37:51 pm        327
លោក ហ្វ្រាយឌ្រីច មឺស ( Friedrich Merz) ប្រធានគណបក្សប្រឆាំងអភិរក្សនិយម នៅក្នុងសភាអាល្លឺម៉ង់ បានគាំទ្រសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបនិងទីក្រុងរ៉ាហ្វា នៅព្រំដែនភាគខាងត្បូង ក្នុងអំឡុងពេលទស្សនកិច្ចនៅអ៊ីស្រាអែល។លោក បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅទីក្រុងហ្ស៊េរុយសាឡឹមថា៖«តាមគំនិតរបស់ខ្ញុំ រដ្ឋាភិបាលអ៊ីស្រាអែល និងកងទ័ពអ៊ីស្រាអែល កំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីការពារប្រជាជនស៊ីវិល នៅទីនោះ»។លោកមឺស បាននិយាយថា ប្រជាជនស៊ីវិលកំពុងត្រូវបានក្រុមហាម៉ាសប្រើប្រាស់ជាខែល ដើម្បីធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មកាន់តែលំបាក។ ក្នុងន័យនេះ ឥឡូវនេះ វាអាស្រ័យលើក្រុមហាម៉ាសផងដែរ ដើម្បីធានាថា មិនមានជនស៊ីវិលស្លាប់បាត់បង់ជីវិតទៀតទេ។យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្សជាង ២៨,០០០ នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការលុកលុយដី ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ មនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានរាយការណ៍ថា បានរងរបួស។ក្រុមហាម៉ាស និងក្រុមជ្រុលនិយមផ្សេងទៀត បានសម្លាប់មនុស្សជាង ១.២០០ នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហារភេរវកម្មមួយ និងបានចាប់មនុស្សប្រហែល ២៤០នាក់ ជាចំណាប់ថ្នូរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM
មេដឹកនាំ៖ កោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនដោយឈរលើមូលដ្ឋានសមភាព
11/12/2026 04:11 PM
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
11/12/2026 04:11 PM
លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM
កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
11/12/2026 04:11 PM