សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

2024/01/29 07:35:13 pm        197
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ។លោកបានធ្វើការអធិប្បាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។និយាយអំពីការបដិសេធរបស់អ៊ីស្រាអែលចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គួរតែអនុវត្តដូចគ្នាចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។តុលការ ICJ កាលពីថ្ងៃសុក្រ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ បើតាមតុលាការ សេចក្តីសម្រេចនេះ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់។ទោះជាយ៉ាងនេះក្តី តុលាការនេះ មិនបានបញ្ជាឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែល បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ផងដែរនោះ។

តុលាការហុងកុង បង្គាប់ឲ្យក្រុមហ៊ុនចិន Evergrande ជម្រះបញ្ជីបំណុល ៣០០ពាន់លានដុល្លារ

2024/01/29 07:30:59 pm        444
តុលាការហុងកុងនៅពីថ្ងៃចន្ទ (ទី២៩ ខែមករា)នេះ បានបញ្ជាឲ្យក្រុមហ៊ុន China Evergrande Group ជម្រះបញ្ជីបំណុល ដែលជាការសម្រេចមួយទំនងជាបង្កឲ្យមានបញ្ហាកាន់តែច្រើនតាមរយៈទីផ្សារហិរញ្ញវត្ថុដែលដួលរលំរបស់ប្រទេសចិន នៅពេលដែលក្រុមអ្នកបង្កើតគោលនយោបាយ ព្យាយាមទប់ទល់នឹងវិបត្តិកាន់តែជ្រៅ។លោកចៅក្រម លីនដា ចាន់ (Linda Chan) បានសម្រេចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ជម្រះបញ្ជីបំណុលសរុបជាង ៣០០ពាន់លានដុល្លារ បន្ទាប់ពីបានកត់សម្គាល់ថា ក្រុមហ៊ុន Evergrande មិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានទេ បើទោះបីជាមានការពន្យារពេលជាច្រើនខែ និងសវនាការតុលាការជាច្រើនលើកក៏ដោយ។លោកចាន់ ដែលនឹងផ្តល់ហេតុផលលម្អិតនៅល្ងាចថ្ងៃចន្ទនេះ បាននិយាយថា៖«ដល់ពេលដែលតុលាការនិយាយថា គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ»។ក្រុមហ៊ុន Evergrande មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មានរ៉យទ័រទេ។ការសម្រេចចិត្តនេះ កំណត់ដំណាក់កាលសម្រាប់អ្វីដែលត្រូវបានគេរំពឹងថា នឹងជាដំណើរការអូសបន្លាយយូរ និងស្មុគស្មាញជាមួយនឹងការពិចារណាផ្នែកនយោបាយដ៏សំខាន់ ដោយសារអាជ្ញាធរជាច្រើនពាក់ព័ន្ធ។អ្នកវិនិយោគនៅឈូងសមុទ្រ នឹងផ្តោតលើរបៀបដែលអាជ្ញាធរចិនប្រព្រឹត្តចំពោះម្ចាស់បំណុលបរទេស នៅពេលដែលក្រុមហ៊ុនមួយ បរាជ័យ។លោក ហ្គារី ង ( Gary Ng) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis បាននិយាយថា៖« វាមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរការដ៏យូរនៃការរំលាយចោលដែលនឹងធ្វើឲ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់តែពិបាក»។

រុស្ស៊ី និងបេឡារុស នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា

2024/01/29 07:25:36 pm        144
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាស្សេនកូ (Alexander Lukashenko) បាននិយាយថា មេដឹកនាំទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងវិស័យផ្សេងៗទៀត។ មេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងទីក្រុងធំបំផុតទីពីររបស់រុស្ស៊ី សឺត ភីធឺស្បឺក (St. Petersburg) កាលពីថ្ងៃអាទិត្យ។លោកពូទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាថា ប្រទេសទាំងពីរ កំពុងអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ការអប់រំ និងវប្បធម៌។ លោក Lukashenko បានឆ្លើយតបថា ភាគីទាំងពីរកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីរបៀបអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មយោធារបស់ប្រទេសទាំងពីរ។រុស្សី និងបេឡារុស កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដែលនៅតែបន្ត។ លោក Putin និងលោក Lukashenko នឹងចូលរួមកិច្ចប្រជុំមួយនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគី ក្នុងគោលបំណងបង្កើតរដ្ឋសហជីពមួយ។ ទន្ទឹមនឹងនេះ អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានប្រកាសពីការស៊ើបអង្កេតលើមនុស្ស ៥ នាក់ ពីបទសង្ស័យប៉ុនប៉ងកេងបន្លំប្រាក់ប្រហែល ៤០ លានដុល្លារនៅក្នុងការទិញគ្រាប់កាំភ្លើងធំ។ ករណីពុករលួយជាបន្តបន្ទាប់ បានលេចចេញជាពន្លឺនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យរដ្ឋាភិបាលស្ថិតក្រោមការត្រួតពិនិត្យជាសាធារណៈយ៉ាងដិតដល់។ ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់ជំនួយយោធា ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ក៏កំពុងជំរុញឱ្យទីក្រុងគីវ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ ដើម្បីលុបបំបាត់អំពើពុករលួយ។

អ៊ីរ៉ង់ និយាយថា ជម្លោះនៅហ្កាហ្សា បង្ហាញពីលក្ខណៈ«លាក់ពុត»របស់សហរដ្ឋអាមេរិក

2024/01/29 07:20:12 pm        191
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយកាលពីថ្ងៃអាទិត្យថា អ្វីដែលបានកើតឡើងនៅតំបន់ហ្កាហ្សា បានបង្ហាញពី «លក្ខណៈលាក់ពុតនៃអ្វីដែលគេហៅថា អ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ» ។លោកបាននិយាយដូច្នេះ នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ខណៈ បានស្តីបន្ទោសអង្គការសិទ្ធិមនុស្សរបស់លោកខាងលិច ចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ១១៤ថ្ងៃកន្លងទៅនេះ និងការគាំទ្ររបស់ប្រទេសលោកខាងលិចមួយចំនួន ចំពោះប្រទេសអ៊ីស្រាអែលក្នុងការវាយប្រហាររបស់ខ្លួនលើតំបន់ហ៊ុមព័ទ្ធឆ្នេរ។លោកបានកត់សម្គាល់ថា «មុខមាត់ពុតត្បុតដែលគេហៅថាអ្នកគាំទ្រសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានបង្ហាញនៅចំពោះមុខពិភពលោក បន្ទាប់ពីមានការវិវឌ្ឍន៍ និងស្ថានការណ៍ នៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យបាននិយាយថា ប្រជាជនជាង ១,៩ លាននាក់នៃចំនួនប្រជាជន ២,២លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញ និងគ្មានលំនៅឋានរស់នៅ ហើយជាង ២៦.០០០នាក់ក្នុងចំណោមពួកគេ រួមមានស្ត្រី និងកុមារប្រមាណ ១៨.០០០នាក់ត្រូវបានសម្លាប់ ដោយបាននិយាយថា អ្នកគាំទ្រអ៊ីស្រាអែល គួរតែខ្មាស់អៀនចំពោះការផុយស្រួយខាងសីលធម៌ដ៏ខ្លាំងរបស់ពួកគេ ទាក់ទងនឹងជោគវាសនារបស់ពលរដ្ឋតំបន់ហ្កាហ្សា ។អ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ បន្ទាប់ពីក្រុមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់ស្លាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅបន្តលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៦.៤២២ នាក់។

អ៊ីរ៉ង់ច្រានចោលថា ខ្លួនពុំជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ទាហានអាមេរិក នៅក្នុងប្រទេសហ្ស៊កដានីទេ

2024/01/29 07:16:52 pm        129
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស៊រ កាណានី (Nasser Kanaani)បាននិយាយនៅថ្ងៃចន្ទននេះថា ទីក្រុងតេអេរ៉ង់ពុំជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីដែលបានបណ្ដាលឲ្យទាហាន៣នាក់ស្លាប់ និងជាង៣០នាក់រងរបួស នោះទេ ។ ចលនាតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមសាខារបស់កងជីវពលអ៊ីស្លាមស៊ីយ៉ា(Islamist Shia militias) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយដែលត្រូវគេស្គាល់ថា Tower 22 នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយព្រំដែនហ្ស៊កដានី និងស៊ីរី។ លោកប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខណៈអ្នកនយោបាយអាមេរិកជាច្រើនបានស្ដីបន្ទោដោយផ្ទាល់លើប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានចង្អុលទៅអ៊ីរ៉ង់ផងដែរ ដោយជំរុញឲ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះ បន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ លោក Kanaani បាននិយាយថា ដូចដែលយើងបានបញ្ជាក់ច្បាស់រួចមកហើយ ក្រុមចលនាតស៊ូអ៊ីស្លាមនានា នៅក្នុងតំបន់នេះ កំពុងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ។ ពួកគេមិនមែនធ្វើតាមការបញ្ជារបស់អ៊ីរ៉ង់នោះទេ។ ក្រុមទាំងនោះ បានសម្រេចចិត្ត និងធ្វើសកម្មភាពអាស្រ័យលើគោលការណ៍ផ្ទាល់ និងចំណុចអាទិភាពរបស់ពួកគេ ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជាជនរបស់ពួកគេប៉ុណ្ណោះ៕

អង្គការសហប្រជាជាតិ ជំរុញការពិចារណាឡើងវិញចំពោះការផ្អាកមូលនិធិរបស់ UNRWA

2024/01/29 07:10:45 pm        111
មន្ត្រីអង្គការសហប្រជាជាតិ កំពុងជំរុញឱ្យប្រទេសនានា ពិចារណាឡើងវិញអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ឬ UNRWA កាលពីថ្ងៃអាទិត្យ ទី ២៨ ខែមករា។ យ៉ាងហោចណាស់ប្រទេសចំនួន៩ រួមមានទាំងម្ចាស់ជំនួយកំពូល គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករាប់សិបនាក់ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅតំបន់ហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា លោក អំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលទាំងឡាយណា ដែលបានផ្អាកការរួមចំណែករបស់ពួកគេ ឲ្យធានាការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ។ លោក បានប្តេជ្ញាថានឹងឲ្យបុគ្គលិករបស់អង្គការសហប្រជាជាតិណាម្នាក់ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មចេញមកទទួលខុសត្រូវ។ លោក បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការកាត់ទោសព្រហ្មទណ្ឌ ដែលជាវិធានការដ៏កម្រនៅក្នុងស្ថាប័នពិភពលោក ចាប់តាំងពីបុគ្គលិកភាគច្រើនទទួលបានអភ័យឯកសិទ្ធិមុខងារ។ លោក Guterres និយាយថា សមាជិកបុគ្គលិក ១២ នាក់ បានជាប់ពាក់ព័ន្ធ ហើយ ៩ នាក់ត្រូវបានបញ្ចប់ការងារ។ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់របស់អ៊ីស្រាអែល កំពុងដំណើរការ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាង ២៦.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ក្នុងតំបន់ ហើយភាគច្រើននៃប្រជាជន ២,៣ លាននាក់នៅហ្កាហ្សា បានពឹងផ្អែកលើជំនួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ផ្តល់ឲ្យ។តួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ត្រូវបានអ៊ីស្រាអែលរិះគន់ជាយូរមកហើយ ដែលចោទថាទីភ្នាក់ងារនេះ បានគាំទ្រក្រុមហាម៉ាសរយៈពេលជាច្រើនឆ្នាំមកហើយ ដែលការចោទប្រកាន់នេះ ភ្នាក់ងារបានបដិសេធ។

លោកស្រី Le Pen គណបក្សស្តាំនិយម ទៅជួបកសិករបារាំង និងរិះគន់រដ្ឋាភិបាល

2024/01/29 07:07:04 pm        127
មេដឹកនាំស្តាំនិយមប្រទេសបារាំង លោកស្រី Marine Le Pen បានទៅជួបជាមួយកសិករ ដែលធ្វើបាតុកម្មនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ និងបានរិះគន់រដ្ឋាភិបាល ចំពោះអ្វីដែលលោកស្រី បាននិយាយថា បរាជ័យក្នុងការជួយដល់កសិករ។ លោកស្រី Le Pen ដែលជាគូប្រជែងប្រកៀកបំផុតរបស់ប្រធានាធិបតី លោក Emmanuel Macron នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ២០២២ បានស្តីបន្ទោសការប្រជែងពីផលិតផលកសិកម្មបរទេស ហើយបាននិយាយថា ប្រទេសបារាំងគួរតែចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលលោកស្រី និយាយថា ដាក់ទណ្ឌកម្មលើកសិកររបស់ខ្លួន។ កសិករនៅក្នុងប្រទេសបារាំង ជាអ្នកផលិតផ្នែកកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប បានត្អូញត្អែរអំពីការប្រកួតប្រជែងដ៏អយុត្តិធម៌ពីគូប្រជែងនៅក្នុងប្រទេសដែលមានការគ្រប់គ្រងកាន់តែធូស្រាលជាងមុន។ ជាង១សប្តាហ៍កន្លងទៅនេះ កសិករបានបិទផ្លូវយានយន្ត ដើម្បីបញ្ជាក់ពីមូលហេតុរបស់ពួកគេ។ ពួកគេក៏បានបំផ្លាញទ្រព្យសម្បត្តិ រួមទាំងការិយាល័យរដ្ឋាភិបាលក្នុងតំបន់ផងដែរ។ ការតវ៉ានៅប្រទេសបារាំង ធ្វើទៅតាមសកម្មភាពស្រដៀងគ្នា នៅក្នុងប្រទេសអ៊ឺរ៉ុបផ្សេងទៀត រួមមានប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញ នៅមុនការបោះឆ្នោតនៅអឺរ៉ុប ក្នុងខែមិថុនា ដែលគណបក្សស្តាំនិយម តំណាងឱ្យកសិករ នៅមណ្ឌលបោះឆ្នោតកំពុងកើនឡើង ដែលត្រូវបានគេព្យាករណ៍ថានឹងទទួលបានសំឡេងច្រើន។ កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា រដ្ឋាភិបាលបានទម្លាក់ចោលផែនការដើម្បីកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋជាបណ្តើរៗលើប្រេងម៉ាស៊ូតកសិកម្ម ហើយបានប្រកាសពីជំហានផ្សេងៗទៀត ដើម្បីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ដែលកសិករប្រឈមមុខ។ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបារាំង អាចនឹងផ្តល់ជំនួយបន្ថែមទៀតដល់កសិកររបស់ប្រទេសនេះ បន្ទាប់ពីមេដឹកនាំផ្នែកកសិកម្ម បាននិយាយថា ការតវ៉ានៅទូទាំងប្រទេស ទាមទារប្រាក់ឈ្នួលប្រសើរជាងមុន និងលក្ខខណ្ឌរស់នៅនឹងបន្ត។

អ៊ុយក្រែន បានរកឃើញការក្លែងបន្លំទិញសព្វាវុធមានតម្លៃ ៤០ លានដុល្លារ

2024/01/29 07:03:54 pm        143
អង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា អង្គភាពបានរកឃើញគម្រោងអំពើពុករលួយមានតម្លៃ៤០លានដុល្លារ ដែលបានលួចយកប្រាក់បម្រុងទុកសម្រាប់ទិញអាវុធ ដែលត្រូវការខ្លាំងនៅក្នុងពេលមានការឈ្លានពានរបស់រុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SBU បាននិយាយថា ការស៊ើបអង្កេតបានបង្ហាញអតីតមន្ត្រីជាន់ខ្ពស់ និងបច្ចុប្បន្ន នៅក្រសួងការពារជាតិ និងអ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អាវុធ។ ទីភ្នាក់ងារ និយាយថាការកេងបន្លំយកប្រាក់ ពាក់ព័ន្ធទៅនឹងកិច្ចសន្យាទិញគ្រាប់កាំភ្លើងត្បាល់ចំនួន ១០០.០០០គ្រាប់ ជាមួយក្រុមហ៊ុនផលិតអាវុធ នៅឃ្លាំងអាវុធទីក្រុងល្វីវ(Lviv) កាលពីខែសីហាឆ្នាំ ២០២២ ត្រឹមតែរយៈពេល៦ខែ នៅក្នុងសង្រ្គាម។ ការទូទាត់ត្រូវបានធ្វើឡើងជាមុន ដោយមូលនិធិមួយចំនួនត្រូវបានផ្ទេរទៅក្រៅប្រទេស។ ប៉ុន្តែ គ្មានអាវុធណាត្រូវបានគេផ្តល់ឲ្យឡើយ។សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលចំនួន៥រូប ជាប់ពាក់ព័ន្ធក្នុងការជូនដំណឹងអំពីការសង្ស័យ ជាដំណាក់កាលដំបូងនៅក្នុងដំណើរការផ្លូវច្បាប់របស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ និយាយថា ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនខណៈកំពុងព្យាយាមឆ្លងកាត់ព្រំដែនអ៊ុយក្រែន។ សេចក្តីប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយនឹងមានសារៈសំខាន់ខ្លាំង នៅក្នុងប្រទេសមួយដែលកំពុងដោះស្រាយភាពហត់នឿយបន្ទាប់ពីការវាយលុករបស់រុស្ស៊ី កាលពី២ឆ្នាំមុន។ សេចក្តីប្រកាសនិយាយបានផងដែរ អំពីអំពើពុករលួយដែលជាបញ្ហាចម្បង ខណៈអ៊ុយក្រែន ដាក់សម្ពាធបំណងរបស់ខ្លួនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប និងក្នុងពេលមានការជំរុញឱ្យមានការផ្តល់មូលនិធិនិងឧបករណ៍ថ្មីៗពីទីក្រុងវ៉ាស៊ីនតោន។អំពើពុករលួយក្នុងជួរយោធា គឺជាបញ្ហាដ៏រសើបជាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ ត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំមុនជុំវិញករណីពុករលួយជាច្រើនករណី ទោះបីជាលោក មិនត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយដោយផ្ទាល់ក៏ដោយ។

មន្ត្រីជាន់ខ្ពស់របស់របបសឹកមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ

2024/01/29 06:59:53 pm        108
ប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាម្នាក់បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ។ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួង ប្រាបាង (Luang Prabang) ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នេះកើតឡើងនៅមុនខួបលើកទីបីនៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់សហភាពមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។សហភាពមីយ៉ាន់ម៉ាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីសមាជិកអាស៊ានបានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ក្នុងការអនុញ្ញាតឱ្យមានតែតំណាងមិននយោបាយមកពីប្រទេសនេះដើម្បីចូលរួមប៉ុណ្ណោះ។ប្រទេសឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ មានឆន្ទៈចូលរួមជាមួយរបបយោធាមីយ៉ាន់ម៉ា។ ដំបូងឡើយ របបយោធាស្នើឲ្យមានមន្ត្រីជាន់ខ្ពស់ ដូចជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដើម្បីចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ៕

ប្រមុខអង្គការណាតូ ជំរុញឲ្យសមាជិកសភាអាមេរិក បន្តគាំទ្រអ៊ុយក្រែន ដោយព្រមានថា ទីក្រុងប៉េកាំងកំពុងឃ្លាំមើល

2024/01/29 06:49:45 pm        137
អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថិនប៊ឺក ( Jens Stoltenberg) កាលពីថ្ងៃអាទិត្យ បានលើកទឹកចិត្តសមាជិកសភាអាមេរិកឲ្យបន្តផ្តល់មូលនិធិដល់អ៊ុយក្រែន ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយព្រមានថា ទីក្រុងប៉េកាំង និងមហាអំណាចផ្តាច់ការផ្សេងទៀត នឹងត្រូវបានពង្រឹង ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទួលជោគជ័យ។លោកស្តូលថិនប៊ឺក បានបង្ហាញខ្លួននៅលើកម្មវិធី «Fox News Sunday»របស់សារព័ត៌មាន Fox News ហើយបានព្រមានថា ទីក្រុងប៉េកាំង កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធនូវការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការលុកលុយរបស់ពូទីនលើអ៊ុយក្រែន។លោកបាននិយាយថា៖«អ្វីដែលសំខាន់នោះ គឺថា អ៊ុយក្រែនទទួលបានការគាំទ្រជាបន្ត ពីព្រោះយើងត្រូវដឹងថា នេះត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ នៅក្នុងទីក្រុងប៉េកាំង»។លោកបានអះអាងថា សហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក នឹងកាន់តែងាយរងគ្រោះ ប្រសិនបើលោកពូទីន«ទទួលបានអ្វីដែលលលោកចង់បាននៅអ៊ុយក្រែន"។ប្រធានអង្គការណាតូ បាននិយាយថា៖«វាសំខាន់ណាស់ដែលពូទីនមិនទទួលបានផ្លូវរបស់ខ្លួននៅអ៊ុយក្រែន»។ នោះនឹងពង្រឹងអំណាចផ្តាច់ការផ្សេងទៀត។ ថ្ងៃនេះ គឺអ៊ុយក្រែន ថ្ងៃស្អែក វាអាចជាតៃវ៉ាន់ក៏ថាបាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហានរុស្ស៊ី ត្រូវបានសម្លាប់ដោយគ្រាប់បែកបង្កប់​ក្នុងរថយន្ត នៅជិតទីក្រុង St Petersburg
11/12/2026 07:11 PM
ការព្រមានបំផ្ទុះ​គ្រាប់បែក រំខាន​ដល់​​រថភ្លើង នៅ​បារាំង​​ និងសេវាកម្ម​ឆ្លងកាត់រវាង​​ប្រទេស នៅ​​​​​អឺរ៉ុប ​
11/12/2026 07:11 PM
ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM