គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សប្រជាជន ឈរនៅខាងប្រជាជន កៀកជាមួយប្រជាជន កសាង និងការពារនូវសន្តិភាព

2024/12/15 10:01:32 am        121
គណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាងប្រជាជន និង​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខ​រវាង​រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជា​ប្រធាន​ក្រុម​ការងារ​ចុះមូលដា្ឋនស្រុកសន្ទុក លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ឃុំ​បឹងល្វា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ធ្នូ ម្សិលមិញនេះថា ក្នុងរយៈ​ពេល​ជាង ៤៥ ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះ គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និង​ការ​លំបាក​ច្រើន​រាប់​មិន​អស់ ដោយមិនរត់ចោលប្រជាជនរួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេច​បាន​សមិទ្ធ​ផល​ធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនរាប់មិនអស់។ ហើយថ្មីៗនេះ ដោយបានមើល​ឃើញ​ពី​ស្នាដៃ​ដ៏​ធំធេង មិនអាចប្រកែកបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពាន រង្វាន់“សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអំឡុងមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃ​បណ្ដាគណបក្សនយោបាយអាស៊ី (ICAPP)។លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានភាព​រឹងមាំ​មក​ដល់​សព្វ​ថ្ងៃ គឺត្រូវមានកត្តាចូលរួម ជាច្រើន ក្នុងនោះមានទាំងកត្តារូបវន្ត និងកត្តាស្មារតី។ កត្តារូបវន្ត បាន​បង្ហាញយ៉ាងច្បាស់ តាមរយៈអគារដែលបាននិងកំពុងសម្ពោធ ដាក់ឱ្យប្រើប្រា​ស់នា​ពេល​នេះ​។ ដោយសារឱកាសនេះ យើងទាំងអស់គ្នាបានមកជួបជុំ និងប្រារព្ធពិធី​សម្ពោធ​អ​គា​រ​ទីស្នាក់​ការ​បក្ស​ថ្មី ដែលបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បាន​រៀបចំ​ក្រុម​ការងារ​ចុះតា​មភូមិ-ឃុំ ដែលជា ផ្នែកមួយនៃកត្តារចនាសម្ព័ន្ធចាត់តាំង ដោយមានការរៀបចំ​យ៉ាង​ច្បាស់​លាស់ និងមានគោលដៅជាក់លាក់ សមតាមយុទ្ធសាស្ត្រដាក់ ចេញរបស់គណបក្ស។ តាមរយៈ​ការរៀបចំក្រុមការងារនេះ គណបក្សបានបង្ហាញឱ្យឃើញពីគោលគំនិត ដែលតែង​តែឈ​រ​នៅខាង ប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការ​រួម​សុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ ការណ៍នេះសរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់របស់គណបក្ស និងការលើកកម្ពស់អត្តចរិត គុណធម៌ សីលធម៌ របស់មន្ត្រី​គណបក្ស​ព្រមទាំងសាម្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ឱ្យមានការឯកភាពគ្នាខាងទស្សនៈ នយោ​បាយ សតិអារម្មណ៍ និងការចាត់តាំងក្នុងការបម្រើប្រជាជនដោយសេចក្តីស្មោះត្រង់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅតួកគីយេហើយបន្តទស្សនកិច្ចផ្លូវការទៅកាន់​ប្រទេសអេមីរ៉ាតអារ៉ាប់រួម

2024/12/13 02:49:29 pm        341
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើ​ដំណើរចាកចេញពីរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ ហើយបានបន្តដំណើរ​ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ក្នុងឱកាសដំណើរអញ្ជើញដល់ប្រទេសតួកគី សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា, ឯកឧត្តម សុខ ជាឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយេព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។វត្តមាននៃការអញ្ជើញដល់សណ្ឋាគារ ក្នុងរដ្ឋធានីអង់ការ៉ា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងប្រកបរបរចញ្ចឹមជីវិត និងធ្វើកម្មសិក្សា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ។ ដំណើរទស្សនកិច្ចនៅតួកគី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានាធិបតីទី១ នៃប្រទេសតួកគីយ៉េ លោក Mustafa Kemal Atatuk។ សម្ដេចក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េផងដែរ។ បន្ទាប់មកនៅថ្ងៃដដែលនេះ សម្តេចតេជោ បានអញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយេ។ ក្នុងឱកាសជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចៅបង្កើត និងអនាគតចៅប្រសារ ដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគីយេ។ ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀត សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេផងដែរ។នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេ ក៏បានសន្និសីទសារព័ត៌មានរួមគ្នារវាងផងដែរ។ ក្នុងសន្ដិសីទនេះ សម្តេចតេជោ បានជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាង កម្ពុជា និងតួគីយ៉េឱ្យបានទំហំ១ពាន់លានដុល្លារ។ សម្តេចតេជោក៏បានប្រកាសជំហរថា កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ទាក់ទងនឹងបញ្ហាតំបន់ និងពិភពលោក សម្តេច បានជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែនផងដែរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ថា នយោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទេ ប៉ុន្ដែ ផ្ទុយទៅវិញការដាក់ទណ្ឌកម្មមកលើប្រទេសណាមួយដោយឯកតោភាគីនោះបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក។ សម្តេចតេជោ បានបានជម្រាបទៅឯកឧត្តមប្រធានរដ្ឋសភាតួគីថា សម្ដេចទើបតែរៀនធ្វើប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការងារនីតិប្បញ្ញត្តិទើបតែបាន៩ ខែទេ។ ប៉ុន្ដែបើរាប់តាំងពីការធ្វើជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងធ្វើជានាយករដ្ឋមន្រ្ដី គឺសម្ដេចបានធ្វើរយៈពេល៤៥ឆ្នាំមកហើយ ដូច្នេះសម្ដេចស្នើសុំរៀនសូត្រការងារនីតិប្បញ្ញត្តិពីឯកឧត្តមប្រធានរដ្ឋសភាតួគីផង។សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោបានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ និងសូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសតួកគីយេ នៅថ្ងៃទី១២ ខែធ្នូនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ( Tayyip Erdogan) ប្រធានាធិបតីតួកគីយ៉េ ក្នុងឱកាសនៃការប្រារព្ធពិធីបិទមហោស្រពវប្បធម៌តួកគីយ៉េ-ហុងគ្រីផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា 

ក្រុមមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

2024/12/13 02:06:11 pm        56
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលេីកដំបូង។ លោកប្រធានបានបន្ថែមទៀតថាបណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន

2024/12/13 02:02:17 pm        72
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគី បានបង្ហាញនូវការពេញចិត្តចំពោះតួនាទី របស់តួគី ក្នុងការចូលរួមដំណោះស្រាយជាអន្តរជាតិ ពិសេសជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន។ សម្តេច បង្ហាញនូវក្តីសង្ឃឹមថា តួគីនឹងបន្តដើរតួនាទីនេះថែមទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចនៅប្រទេសតួគីយេ។ សម្តេចថ្លែងថា សម្ដេចពិតជាមានការពេញចិត្តជាមួយតួនាទី នៅក្នុងដំណោះស្រាយជាអន្តរជាតិ ហើយចាប់តាំងពីគ្រាដំបូងនៃការចាប់ផ្តើមជម្លោះរុស្ស៉ី-អ៊ុយក្រែន តួគីបានដើរតួនាទីនេះ។ សម្ដេចសង្ឃឹមថា តួគី នឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ សម្ដេចតេជោបញ្ជាក់ថា បញ្ហាប្រដាប់អាវុធ គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរាចមួយគត់ ដែលអាចឈានដល់ការបញ្ចប់សង្គ្រាម ដែលរឿងនេះបានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ។ក្នុងឱកាសនោះសម្តេចតេជោបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ទីក្រុងអង់ការ៉ា នៃប្រទេសតួគី សម្តេចទើបតែនឹងរៀនធ្វើជាប្រធានព្រឹទ្ធសភាទេ ចាប់ពីខែមេសា ដល់ពេលនេះ សម្តេចទើបតែធ្វើប្រធានព្រឹទ្ធសភា បាន៩ខែប៉ុណ្ណោះ ខណៈសម្តេចធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី គឺមានរយៈពេល៤៥ឆ្នាំ ដូច្នេះសម្តេចសុំរៀនសូត្រពី ប្រធានព្រឹទ្ធសភាតួគី។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាតួគីយេ ធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនា​ពេញលេញរបស់អាស៊ាន

2024/12/13 01:53:03 pm        66
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគី ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់តួគី គឺសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។ សម្តេចបន្តថា ចំពោះកិច្ចសន្ទនាតាមវិស័យរវាងតួគី ជាមួយអាស៊ាន សម្ដេចបានខិតខំជំរុញទាំងនយោបាយ និងទំនាក់ទំនងតាំងពីពេលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពង្រីកស្ថានភាពតួគីទៅជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ក្នុងឱកាសនោះសម្ដេចតេជោ បញ្ជាក់ថា ទោះបីជាការជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន នេះត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ក៏ប៉ុន្តែកម្ពុជា គឺជាសមាជិកម្នាក់ ដែលផ្តល់នូវការគាំទ្រ ហើយសម្រេច និងរួមជាមួយដៃគូដទៃទៀតជួយពង្រឹងការងារនេះ ព្រោះថាមានសារសំខាន់នៅក្នុងទំនាក់ទំនង រវាងតំបន់ពីរ ដែលតួគី គឺផ្នែកមួយរបស់អាស៊ីផង និងជាផ្នែកមួយរបស់អឺរ៉ុបផង ហើយសម្ដេចសង្ឃឹមថា ការតភ្ជាប់សម្រាប់តំបន់ទាំងពីរនេះ តាមរយៈតួនាទីរបស់តួគីនឹងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន ជាមួយតួគីកាន់តែប្រសើរ។សូមម្រាបថា តួគីយេ បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងអាស៊ានតាំងពីឆ្នាំ ១៩៩៩ ដោយព្យាយាមពង្រីកទំនាក់ទំនងជាមួយអាស៊ានក្នុងកម្រិតកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំរបស់អាស៊ាន៕

សម្តេចតេជោ ជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគកម្ពុជា-តួគីឱ្យបានទំហំ ១ពាន់លានដុល្លារ

2024/12/13 01:46:30 pm        94
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់​លានដុល្លារ។សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទ​សារព័ត៌​មាន​រួម​គ្នា​ជាមួយឯកឧត្តមសាស្ត្រាចារ្យ​បណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះឱ្យសម្រេចគោលដៅ។ សម្ដេចបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្តិចម្តងៗ ហើយគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈប្រទេសកម្ពុជា និងតួកគី មានទំហំពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី ១ពាន់លាន ឬរហូតដល់៤ពាន់លាន ឬ ១០ ពាន់លានដុល្លារដែលអាចធ្វើទៅរួច។ ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគី ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។ សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អំពីទំនាក់ទំនងកម្ពុជា-តួគី ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីមានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣៕ អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ

2024/12/11 03:44:14 pm        222
សៀមរាប៖ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹក​នាំ​គណៈ​កម្មការ​អន្តរ​ក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយ​តម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,​០០០​ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេ​ត្ត​សៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និង​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​មក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានជួបសំណេះសំណាល និងពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និង​បាន​សំណូមពរ​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ជួយ​ថែ​ទាំ​ផ្លូវ​នេះឱ្យ​បាន​ដិត​ដល់​ដើម្បី​ធានា​ថា​ផ្លូវ​នេះ​អាច​ប្រើ​ប្រាស់​បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល ក៏បានស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​ចូល​រួម​ណែនាំដល់រថយន្តធុនធ្ងន់ សូមកុំឱ្យដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវ ពីព្រោះរាជ​រដ្ឋាភិបាល​បាន​ចំណាយថវិកាអស់ជាច្រើន ដើម្បីស្ថាបនាផ្លូវនានានៅទូទាំងប្រទេសកម្ពុជា សម្រាប់​បម្រើ​ការធ្វើដំណើរ និងជញ្ជូន។ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន បានបង្ហាញនូវការសប្បាយរីករាយ ដែល​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​ផ្លូវ​ថ្នល់​ដែល​ជា​សរសៃ​ឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យ​កាន់​តែ​មានភាពល្អប្រសើរឡើង។ពួកគាត់បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវដ៏ស្អាតមួយខ្សែ ដែលបាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និង​ការ​ដឹក​កសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន ៕ បានសុខរិទ្ធិ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ប្រធានរដ្ឋសភា រដ្ឋកាតា

2024/12/10 03:32:33 pm        326
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ហាសសាន ប៊ីន អាប់​ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា រដ្ឋធានីដូហា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌិត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតតេជោ ហ៊ុន សែន បានបន្តដំណើរទស្សនកិច្ចផ្លូវការនៅ រដ្ឋធានីដូហា រដ្ឋកាតា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាមអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋធានីដូហា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕

សកម្មជនមកពីគណបក្សផ្សេងៗ ស្ម័គ្រចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា

2024/12/09 12:50:35 pm        174
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្ម​ជន​ដែលមកពីគណបក្សផ្សេងៗ មកពី ៩ក្រុង/ស្រុក សរុប ១៦០នាក់។មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និង​ជឿជាក់យ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែល​ពុំ​មាន​គណបក្ស​ណា​អាចធ្វើបាន។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះ​ត្រង់​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្រប​តាម​ទិសស្លោក" សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក" និង​សូម​ចលនា​សាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បី​គណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និង​ការរីកចម្រើនទ្វេឡើង៕ 

សម្ដេចតេជោ និងគណៈប្រតិភូអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី នៅអារ៉ាប៊ីសាអូឌិត

2024/12/09 10:45:03 am        88
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌិត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញ​ទស្សនា​កំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋ​ធានី​រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និង​ប្រតិភូ​ជាន់​ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃ​កំផែង​ឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi)។ កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរា​ជា​ណា​ចក្រ​អារ៉ាប៊ី​សាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។ គម្រោង​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋ​អារ៉ាប៊ី​សាអូឌីតឲ្យទៅជាគោលដៅលំដាប់ពិភពលោកដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និង​ស្ថាបត្យ​កម្ម​របស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើត​របស់​រាជ​វង្ស​អារ៉ាប៊ី​សាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។ តំបន់​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ស្រុកអាត់ ទួរេហ្វ (At-Turaif) ក្នុងទីក្រុង ឌីរីយ៉ា ត្រូវបានកំណត់ថា ជាតំបន់បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដោយសារចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិត និងសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ទីក្រុង​នេះល្បីល្បាញដោយសាររចនាសម្ពន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិត​រូប​នៃ​អត្ត​សញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌិត។ តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាស​កាល​ពីឆ្នាំ២០១៧ ថាជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌិត ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅ​ជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះក៏មានការអភិវឌ្ឍ និងការ​បង្ហាញ​ពី​សារៈ​សំខាន់​ជា​ប្រវរ្តិសាស្រ្ត និងវប្បធម៌ផងដែរ។ សូមបញ្ជាក់ដែរថា កំផែនឌីរីយ៉ា គឺលើសពីគម្រោង​អភិវឌ្ឍ​មួយ​កំផែង​នេះ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជាតិ ដើម្បីធ្វើការដឹងគុណចំពោះ និងថែរក្សាប្រវត្តិសាស្រ្ត​ដ៏​សំបូរ​បែប​របស់​ប្រទេសអា​រ៉ាប៊ី​សា​អូ​ឌិត ព្រមទាំងទទួលយកអនាគត។ ដោយធ្វើការរួមបញ្ចូលភាពពិតប្រាកដនៃវប្បធម៌ ជាមួយ​និង​បរិក្ខា​ទំនើបៗ គម្រោងនេះមានបំណងបង្កើតគោលដៅតែមួយ ដែលឆ្លើយតប​និង​អ្នកទេសចរអារ៉ាប៊ីសាអូឌិត និងភ្ញៀវអន្តរជាតិ ស្របតាមគោលដៅទូលំទូលាយ នៃចក្ខុវិស័យ​ឆ្នាំ២០៣០។ បន្ទាប់មកនៅរសៀល ថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ កម្បុជា បានអញ្ជើញទស្សនាភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី (Al Bujairi) ក្នុង​រដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត។ សូម​បញ្ជាក់ថា ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី មានទីតាំងនៅក្នុងទីតាំងប្រវត្តិសាស្រ្តឌីរីយ៉ា ក្បែរ​រដ្ឋធានីរីយ៉ាត គឺជាតំបន់មានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។ តំបន់នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់រានឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអភិវឌ្ឍកំផែងឌីរីយ៉ា ដើម្បី​ប្រែក្លា​យ ឌីរីយ៉ា ទៅជាគោលដៅវប្បធម៌ និងទីតាំងរស់នៅប្រណិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ស្ថិតនៅជាប់ស្រុកអាត ទួរេហ្វ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែល​ត្រូវបានគេស្គាល់ដោយសាររចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិតពិសេស និងជាក​ន្លែង​កំណើតដំបូងរបស់រដ្ឋអារ៉ាប៊ីសាអូឌិត។ ជាប្រវត្តិសាស្រ្ត ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និង​ការ​ជួប​ជុំសង្គម ដែលរួមចំណែកដល់តួនាទីរបស់ទីក្រុងឌីរីយ៉ា ក្នុងនាមជាចំណុចបង្គោល នៃ​បេតិកភណ្ឌអារ៉ាប៊ីសាអូឌិត។ ភូមិវប្បធម៌ធម្មជាតិនេះ ដើរតួនាទីជាគំរូមួយសម្រាប់ការអភិរក្ស និង​ការបង្ហាញនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌិត ដោយរួមបញ្ចូលគ្នានូវភាពពិតប្រាកដ នូវ​ប្រវត្តិ​សាស្រ្ត​ជាមួយ​និង​សម្ភារៈបរិក្ខារទំនើបៗ។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាសក្ខីភាពមួយ នៃការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌិត ក្នុង​ការគោរព​ដឹង​គុណ​ចំពោះ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ខ្លួន ដោយធ្វើការសម្របខ្លួនជាមួយភាពទំនើប។ នៅក្នុង​ឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនោះ សម្តេចតេជោ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការ​បង្កើន​ចំណូល​ក្រៅពីប្រេង។ សម្តេចតេជោ បានចាត់ទុកថាសមិទ្ធផលទាំងអស់នោះ គឺជាគុណ​តម្លៃ​មិន​អាចកាត់ថៃបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិ​សាស្រ្ត​វប្បធម៌​របស់ប្រទេសអារ៉ាប៊ីសាអូឌិត៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនមួយចំនួន រត់ភៀសខ្លនចេញពីទីក្រុងហ្កាហ្សា ខណៈពលរដ្ឋខ្លះទៀតកាន់ទុក្ខមនុស្សជាទីស្រលាញ់
09/11/2025 07:09 PM
កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
09/11/2025 06:09 PM
ព័រទុយហ្គាល់ចាប់ផ្តើមកំណែទម្រង់ច្បាប់ការងារ ដោយរងការរិះគន់ពីសហជីព
09/11/2025 06:09 PM
ក្រុងសេអ៊ូល៖ កម្មករកូរ៉េខាងត្បូងដែលចាប់ខ្លួននៅក្នុងការវាយឆ្មក់អាមេរិក ត្រូវដោះលែងឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ
09/11/2025 06:09 PM
កម្ពុជា ជំរុញពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយ វៀតណាម
09/11/2025 06:09 PM
ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
09/11/2025 06:09 PM
វិចិត្រករដីខ្សាច់ឥណ្ឌាអំពាវនាវឲ្យមានសន្តិភាពនៅនេប៉ាល់តាមរយៈចម្លាក់ខ្សាច់
09/11/2025 06:09 PM
រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha
09/11/2025 06:09 PM
កិច្ចពិភាក្សារបស់អ្នកការទូតជាន់ខ្ពស់ចិន-អាមេរិក គឺជា «ជំហានដ៏តូច» ឆ្ពោះទៅជំនួប រវាងលោក Trump និងលោក Xi
09/11/2025 06:09 PM
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ
09/11/2025 05:09 PM