កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិ ACU បានទទួលឯកសារប្រកាសចំនួន ៨០២៩រូបហើយ

2024/01/02 08:58:23 pm        500
ថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ ACU បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន ៨០២៩រូបហើយ និងមានក្រសួង ស្ថាប័នមួយចំនួនបានបញ្ចប់ការប្រកាស១០០%។អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ឆ្នាំ២០២៤នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស​ទ្រព្យសម្បត្តិ និងបំណុល ចំនួន ៨០២៩រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ​ស្មើនឹង ៤៣.៩២% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប ​ដែលចំនួននេះ​ គិតចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ។សូមបញ្ជាក់ថា ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រួមមាន​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ​ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤នេះដំណើរការមួយខែពេញនៃខែមករានេះ គឺចាប់ពីវេលាម៉ោង០៨ព្រឹក ​ដល់ម៉ោង០៥ល្ងាច ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានការឈប់សម្រាកសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះទេ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ក្រសួងការបរទេសឡាតវី៖ ទោះបីជាអ៊ុយក្រែនរំដោះទឹកដីរបស់ខ្លួនក៏ដោយ ការគំរាមកំហែងរបស់រុស្ស៊ីចំពោះអឺរ៉ុប នឹងនៅតែមាន

2024/01/02 08:43:15 pm        487
លោក Krišjānis Kariņš រដ្ឋមន្ត្រីការបរទេសឡាតវី បាននិយាយថា ទោះបីជាអ៊ុយក្រែនរំដោះទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីទាំងអស់ក៏ដោយ ក៏ការគំរាមកំហែងខាងយោធាចំពោះអឺរ៉ុបពីរុស្ស៊ី នឹងនៅតែមាន។«រដ្ឋាភិបាលរុស្ស៊ី មិនអាចកែលម្អសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួនបានទេ។ ការគ្រប់គ្រងស្ថានភាព ត្រូវបានផ្តោតទៅលើការប្រឆាំងនឹងការស្វែងរកសត្រូវខាងក្រៅ និងមានការបណ្តុះគំនិតថា ការដួលរលំនៃសហភាពសូវៀត គឺជាអំពើអាក្រក់ដ៏ធំបំផុត។ ដូច្នេះចំាបាច់ត្រូវប្រគល់ទឹកដីដែលបាត់បង់មកវិញរួមទាំងផលប្រយោជន៍ផ្សេងៗ។ វាជាការសោកស្ដាយដែលនេះ មិនមែនជាសង្រ្គាមរបស់វិមានក្រឹមឡាំងទេ វាបានក្លាយជាសង្រ្គាមដែលគាំទ្រដោយប្រជាជនរុស្ស៊ី។ ប្រទេសរុស្ស៊ី កំពុងឈានទៅមុខជាមួយនឹងការពង្រីកចក្រពត្តិ ហើយបន្តជាការគំរាមកំហែងដល់អឺរ៉ុប»។ដូចដែលអ្នកនយោបាយរូបនេះ បាននិយាយថា នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានបញ្ចប់ ការគំរាមកំហែង នឹងចាប់ផ្តើមកើនឡើង ប្រទេសរុស្ស៊ី នឹងបន្តកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ។លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពឋិតថេរនៃរដ្ឋាភិបាលរុស្ស៊ី គឺផ្អែកលើមហិច្ឆតាចក្រពត្តិនិយម។លោក Kariņš បានបន្ថែមថា ការពិភាក្សាអំពីការបរាជ័យ ឬការបាត់បង់ទឹកដីមួយចំនួន ដែលអាចកើតមានរបស់អ៊ុយក្រែន និងជ័យជម្នះរបស់រុស្ស៊ី គឺមានបំណងលើកទឹកចិត្តប្រទេស និងសង្គមលោកខាងលិច ឲ្យទប់ស្កាត់សេណារីយោបែបនេះ។ ដូចដែលលោករដ្ឋមន្ត្រីការបរទេស បានលើកឡើង ជ័យជម្នះនៅអ៊ុយក្រែន នឹងបង្ហាញដល់វិមានក្រឹមឡាំងថា គោលនយោបាយរបស់ខ្លួនត្រឹមត្រូវ ដែលធ្វើឲ្យខ្លួនអាចវាយប្រហារប្រទេសជិតខាង និងទទួលបានផលប្រយោជន៍ពីវានោះ។

លោក ស៊ី ជីនពីង បានលើកឡើងនៅឆ្នាំ២០២៤ ជាមួយនឹងការទទួលស្គាល់ដ៏កម្រថា សេដ្ឋកិច្ចរបស់ ចិនកំពុងមានបញ្ហា

2024/01/02 08:31:02 pm        451
លោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) បានទទួលស្គាល់ក្នុងអំឡុងពេលសុន្ទរកថាពេលល្ងាចថ្ងៃអាទិត្យចូលឆ្នាំសកលរបស់លោកថា អាជីវកម្មរបស់ប្រទេសចិន កំពុងជួបការលំបាក ហើយអ្នកស្វែងរកការងារធ្វើ មានបញ្ហាក្នុងការស្វែងរកការងារ។នេះ គឺជាលើកទីមួយហើយ ដែលលោក ស៊ី បានលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នៅក្នុងសារឆ្នាំថ្មីប្រចាំឆ្នាំរបស់ខ្លួន ចាប់តាំងពីលោក បានចាប់ផ្តើមថ្លែងក្នុងឆ្នាំ២០១៣។ វាកើតឡើង នៅដំណាក់កាលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃរចនាសម្ព័ន្ធដែលបណ្តាលមកតម្រូវការធ្លាក់ចុះ ភាពអត់ការងារធ្វើកំពុងកើនឡើង និងភាពជឿជាក់លើអាជីវកម្មក៏ធ្លាក់ចុះផងដែរ។ដោយទទួលស្គាល់ពី«ស្ថានភាពដ៏លំបាក» ដែលប្រទេសនេះកំពុងប្រឈម លោកស៊ី បានទទួលស្គាល់ក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«សហគ្រាសមួយចំនួន មានពេលវេលាដ៏លំបាក។ មនុស្សមួយចំនួនមានការលំបាកក្នុងការស្វែងរកការងារធ្វើ និងបំពេញតម្រូវការមូលដ្ឋាន»។លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ទាំងអស់នេះ នៅតែស្ថិតនៅក្នុងចំណុចសំខាន់នៃគំនិតរបស់ខ្ញុំ»។ «យើងនឹងបង្រួបបង្រួម និងពង្រឹងសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។នៅប៉ុន្មានម៉ោងមុនពេលលោកស៊ីថ្លែង ការិយាល័យស្ថិតិជាតិ (NBS) បានចេញផ្សាយការស្ទង់មតិប្រចាំខែរបស់ខ្លួន សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ដែលបង្ហាញថា សកម្មភាពរោងចក្រ បានធ្លាក់ចុះក្នុងខែធ្នូដល់កម្រិតទាបបំផុត ក្នុងរយៈពេល៦ខែ។

ក្រុមឧទ្ទាម Zapatista នៅម៉ិកស៊ិក អបអរខួប ការបះបោរប្រឆាំងសកលភាវូបនីយកម្ម

2024/01/02 08:19:11 pm        421
ក្រុមជនជាតិដើមបដិវត្តន៍ម៉ិកស៊ិក ជាកងទ័ពក្រុមឧទ្ទាម Zapatista សម្រាប់ការរំដោះប្រទេស កំពុងអបអរខួបលើកទី ៣០ នៃការបះបោរប្រដាប់អាវុធរបស់ពួកគេ ដែលបានបញ្ចប់ទៅក្លាយជានិមិត្តរូបដំបូងសម្រាប់អ្នកគាំទ្រចលនាប្រឆាំងសកលភាវូបនីយកម្ម។កាលពីឆ្នាំ ១៩៩៤ សេនាធិការរង លោក Marcos បានដឹកនាំក្រុមបះបោរប្រដាប់អាវុធ នៅក្នុងរដ្ឋ Chiapas ភាគខាងត្បូង និងក្រីក្រ ក្នុងការប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាល នៅថ្ងៃដែលរដ្ឋនេះ បើកព្រំដែនចំពោះពាណិជ្ជកម្មសេរី។ដោយដាក់ឈ្មោះឱ្យវីរបុរសបដិវត្តន៍ម៉ិកស៊ិក អ៊ីមីលាណូ ហ្សាប៉ាតា (Emiliano Zapata)(EZLN) ខណៈក្រុមនេះត្រូវបានគេស្គាល់ ហើយសហគមន៍ Zapatista បានអញ្ជើញអ្នកផ្សេងទៀតឱ្យមកចូលរួមជាមួយពួកគេ និងអបអរនូវអ្វីដែលពួកគេបានចាត់ទុកថាជា «ខួបនៃការចាប់ផ្តើមសង្រ្គាមប្រឆាំងចំពោះការបំភ្លេចចោល» ។មេដឹកនាំក្រុមបះបោរ លោក Marcos ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរង Marcos និងអត្តសញ្ញាណផ្សេងទៀត បានបង្ហាញខ្លួនកាលពីរសៀលថ្ងៃច័ន្ទ នៅក្នុងការប្រារព្ធពិធីអបអរខួបនេះ។ លោក បានពាក់ម៉ាស់ក្លែងបន្លំមុខ ខណៈលោកកំពុងជក់បារីខ្សៀ។ វាជារឿងអាថ៍កំបាំងមួយ ដែលអតីតមេដឹកនាំឧទ្ទាមរូបនេះ មិនត្រូវបានគេឃើញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ។ ការប្រារព្ធពិធីអបអររយៈពេល ៤ ថ្ងៃ ដែលបញ្ចប់នៅថ្ងៃអង្គារនេះ មានការសម្តែងសិល្បះ របាំ និងកំណាព្យ ឧទ្ទិសដល់ដល់អ្នកដែលបានប្រយុទ្ធក្នុងរយៈពេល ១២ថ្ងៃ ជាមួយកងទ័ពម៉ិកស៊ិក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់ ១៤០នាក់ ។ក្នុងអំឡុងពេលនៃការប្រារព្ធពិធីអបអរនេះ ស្ត្រីជាច្រើននាក់បានស្លៀករ៉ូប ដែលប៉ាក់ដោយផ្កាចម្រុះពណ៌ និងគ្រឿងតុបតែង ជាលក្ខណៈនៃសហគមន៍ជនជាតិដើមផ្សេងៗគ្នារបស់ពួកគេ ហើយស្ត្រីផ្សេងទៀត ព្រមទាំងបុរសជាច្រើន បានស្លៀកពាក់ឯកសណ្ឋានបែបយោធា។

ចិនអំពាវនាវឲ្យប្រជាជនកោះតៃវ៉ាន់ លើកស្ទួយការបង្រួបបង្រួមជាតិដោយសន្តិវិធី

2024/01/02 08:00:00 pm        407
ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ សាររបស់លោកសុង តាវ (Song Tao)ដែលបានកើតឡើងមិនដល់២ប្ដាហ៍មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ខែ មករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។ លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកនៅលើគេហទំព័រការិយាល័យ ថា មាតុភូមិ នេះ នឹងត្រូវតែបង្រួបបង្រួមឡើងវិញ។ លោក បានបន្ថែមថា នេះគឺជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។ លោក និយាយថា ប្រជាជនកោះតៃវ៉ាន់ គួរតែគាំទ្រទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រដើម្បីវិលទៅរកមាគារដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍ និងលើកស្ទួយដំណើរការបង្រួបបង្រួមជាតិប្រកបដោយសន្តិវិធីនៃមាតុភូមិនេះ។ រដ្ឋាភិបាលកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិរបស់ប្រទេសចិន។ទាំងគណបក្សកាន់អំណាចប្រជាធិបេតេយ្យជឿនលឿន និងគណបក្សប្រឆាំងដ៏ធំ គឺគណបក្សគូមីងតាង (Kuomintang) បាននិយាយថា ប្រជាជនកោះតៃវ៉ាន់ អាចសម្រេចអនាគតរបស់ខ្លួនដោយខ្លួនឯងបាន៕

កងទ័ពជើងទឹកអាមេរិក បញ្ចប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅមជ្ឈិមបូព៌ា

2024/01/02 07:56:47 pm        226
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា នាវាផ្ទុកយន្តហោះ Gerald R Ford នឹងត្រឡប់ទៅកាន់កំពង់ផែរបស់ប្រទេសវិញ ដោយបញ្ចប់ការដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដែលបានចាប់ផ្តើមគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ នាវា Ford ដើរដោយថាមពលនុយក្លេអ៊ែរ ជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់កងទ័ពជើងទឹក មានបុគ្គលិកជាង ៤.០០០នាក់ និងយន្តហោះចំនួន៨គ្រឿង បានក្លាយជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃការគាំទ្ររបស់អាមេរិក ដោយបានប្រញាប់ប្រញាល់ទៅកាន់តែជិតប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការវាយប្រហារនេះ បានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយកងកម្លាំងអ៊ីស្រាអែល បានពង្រាបទឹកដីភាគច្រើនឱ្យទៅជាកម្ទេចកម្ទី បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឱ្យមនុស្សចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភ្លាមៗបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ក្រុមវាយប្រហាររបស់នាវា USS Gerald R ត្រូវបានបញ្ជាឱ្យទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីចូលរួមរារាំង និងជំហរការពារនៅក្នុងតំបន់នោះ។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានពង្រីកការដាក់ពង្រាយនាវា Ford បីលើក ដោយសង្ឃឹមថា វត្តមានរបស់នាវានេះនឹងរារាំងក្រុមគាំទ្រអ៊ីរ៉ង់ និងនិងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាពិសេសក្រុមហេសបូឡា នៅប្រទេសលីបង់ មិនឲ្យវាយប្រហារមកលើអ៊ីស្រាអែល។ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី បានអត់ធ្មត់នឹងការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ុក្កែត ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមហ៊ួទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានរំខានដល់ពាណិជ្ជកម្មពិភពលោកដោយការវាយប្រហារទៅលើនាវាដឹកប្រេង និងនាវាដឹកទូរទំនិញនៅសមុទ្រក្រហមដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

ប្រធានាធិបតីអ៊ុយក្រែន និយាយថារុស្ស៊ី ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ

2024/01/02 07:34:15 pm        444
ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមី ហ៊្សេលិនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយការយល់ឃើញដែលថាទីក្រុងមូស្គូ កំពុងឈ្នះសង្រ្គាមជិតពីរឆ្នាំនេះគឺគ្រាន់តែជា «ការគិតស្មាន» ដែលមិនផ្អែកលើការពិតប៉ុណ្ណោះ។លោកបានប្រាប់ទស្សនាវដ្តី ដឹអ៊ីកូណូមីស (The Economist) នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (០១ មករា) ថា «ទាហានរុស្ស៊ីរាប់សិបម៉ឺននាក់ត្រូវបានសម្លាប់ ហើយគ្មាននរណាម្នាក់យកសពពួកគេចេញនោះទេ» ដោយសំដៅលើការប្រយុទ្ធគ្នាជុំវិញទីក្រុងដែលឡោមព័ទ្ធនៅភាគខាងកើតនៃទីក្រុង អាវឌីវកា (Avdiivka) ដែលលោកបានទៅទស្សនាកាលពីសប្តាហ៍មុន។លោកហ៊្សេលិនស្គី មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែក្រុមអ្នកវិភាគយោធាលោកខាងលិចយល់ស្របថា រុស្ស៊ីកំពុងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ទាហាន និងគ្រឿងយុទ្ធោបករណ៍ដោយទទួលបានការចំណេញតិចតួចប៉ុណ្ណោះនៅភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការប៉ាន់ប្រមាណលោកខាងលិចនៃចំនួនអ្នកស្លាប់របស់រុស្ស៊ី គឺជាការបំផ្លើស ហើយតែងតែមើលស្រាលការខាតបង់របស់អ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា ជំហររបស់រុស្ស៊ីកំពុងប្រសើរឡើង ហើយខ្លួននឹងមិនបញ្ឈប់នូវអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» នោះទេរហូតដល់គោលដៅរបស់ខ្លួន រួមទាំង «ការបង្រួបបង្រួម ភាពគ្មានយោធា និងស្ថានភាពអព្យាក្រឹត» របស់អ៊ុយក្រែនត្រូវបានសម្រេច៕

លោកហ្សេឡិនស្គី ធ្វើការសន្ទនាជាអន្តរជាតិលើកដំបូងនៃឆ្នាំ ២០២៤ ជាមួយនាយករដ្ឋមន្ត្រីកាណាដា

2024/01/02 07:29:50 pm        370
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានធ្វើសន្ទនាជាអន្តរជាតិលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)។លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ពួកគេ បានពិភាក្សាជាចម្បងលើបញ្ហាសន្តិសុខ ដែលលោកបានជូនដំណឹងទៅនាយករដ្ឋមន្ត្រីកាណាដាអំពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីទៅលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែន។លោកហ្សេឡិនស្គី បានបញ្ជាក់ថា ភាគីទាំងពីរ បានពិភាក្សាការងារលើការធានាសន្តិសុខ ហើយបានព្រមព្រៀងថា ក្រុមរបស់ពួកគេ នឹងបង្កើនកិច្ចសន្ទនាទ្វេភាគី ក្នុងពេលឆាប់ៗនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា៖«ខ្ញុំដឹងគុណចំពោះលោកនាយករដ្ឋមន្រ្តី ទ្រូដូ សម្រាប់ឆន្ទៈរបស់លោកក្នុងការជួយពួកយើង ក្នុងការការពារដែនអាកាសរបស់អ៊ុយក្រែន ជាពិសេសតាមរយៈការផ្តល់នូវប្រព័ន្ធការពារដែនអាកាស NASAMS និងមីស៊ីលបន្ថែមទៀត»។លោកបានបន្ថែមថា ពួកគេក៏បាននិយាយអំពីការរៀបចំកិច្ចប្រជុំទី៤នៃក្រុមទីប្រឹក្សា ដែលកំពុងធ្វើការដើម្បីអនុវត្តរូបមន្តសន្តិភាព ដែលវានឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមករា នៅទីក្រុង Davos ប្រទេសស្វ៊ីស។

រុស្ស៊ីចាប់ខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅឯពិធីបុណ្យចូលឆ្នាំថ្មី

2024/01/02 07:25:17 pm        402
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទថា នគរបាលរុស្ស៊ីបានឃុំខ្លួនជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទូទាំងប្រទេសក្នុងការវាយឆ្មក់ក្នុងឱកាសចូលឆ្នាំសកល ដោយភាគច្រើននៃពួកគេ ប្រឈមនឹងការនិរទេសទៅប្រវេសន៍កំណើតវិញ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍ថា ជនអន្តោប្រវេសន៍ប្រហែល៣ពាន់នាក់ ត្រូវបានឃុំខ្លួននៅទីក្រុង សេន ភីធឺស្បើក (St. Petersburg) ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងឆែកឆេរ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់ប្រភពពីភ្នាក់ងារអនុវត្តច្បាប់ដែលមិនបញ្ចេញឈ្មោះថា ជនអន្តោប្រវេសន៍ជាង ៦០០ នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការបំពានផ្សេងៗនៃច្បាប់ធ្វើអនន្តោប្រវេសន៍ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើ បានបន្ថែមថា មនុស្សជាង ១០០ នាក់ប្រឈមនឹងការនិរទេស។សារព័ត៌មានអនឡាញ SOTA របស់រុស្ស៊ីបាននិយាយថា បុរសម្នាក់មកពីប្រទេសតាជីគីស្ថាន ដែលស្លៀកពាក់ជាតាណូអែល ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ជាច្រើនដែលត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ។នៅទីក្រុងឆេលយ៉ាប៊ីនស៍(Chelyabinsk)ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ី ដែលជាគណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ខ្លួនកំពុងបើកសំណុំរឿងព្រហ្មទណ្ឌលើក្រុមជនអន្តោប្រវេសន៍បីនាក់ពាក់ព័ន្ធនឹងសកម្មភាពហឹង្សា ប្រឆាំងនឹងទាហានរុស្ស៊ី និងប្រពន្ធរបស់ពួកគេ។ គណៈកម្មាធិការនេះ បាននិយាយនៅលើ Telegram ថា ក្រុមជនអន្តោប្រវេសន៍ក្នុងស្ថានភាពស្រវឹងបានវាយប្រហារយុវជនពីរនាក់ដែលត្រូវបានពង្រាយពីខ្សែបន្ទាត់ជួរមុខ ក្នុងនោះ ទាហានម្នាក់ត្រូវបានវាយដោយដំបង៕

នាយករដ្ឋមន្ត្រីហ្វាំងឡង់ប្តេជ្ញាគាំទ្រអ៊ុយក្រែន បន្ថែមទៀត និងបង្កើនការផលិតគ្រាប់រំសេវ

2024/01/02 07:12:42 pm        371
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួន នឹងរក្សាការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន និងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។លោក Orpo បាននិយាយថា៖«ប្រទេស និងរដ្ឋហ្វាំងឡង់ ឈរយ៉ាងរឹងមាំនៅពីក្រោយអ៊ុយក្រែន។ ការសម្រេចចិត្តរបស់យើង នៅថ្នាក់ជាតិ ដូចជាការបង្កើនសមត្ថភាពផលិតសម្រាប់គ្រាប់រំសេវធុនធ្ងន់ អនុញ្ញាតឲ្យយើងគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលវែង។ យើងក៏កំពុងពង្រឹងសមត្ថភាពការពារផ្ទាល់ខ្លួនរបស់យើង»។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានបន្តអស់ រយៈពេលជិតពីរឆ្នាំហើយ ដោយកត់សម្គាល់ថា វាបានផ្លាស់ប្តូរស្ថានភាពសន្តិសុខ នៅអឺរ៉ុប ខណៈដែល«ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីប្រទេសរបស់ពួកគេ ដើម្បីអឺរ៉ុបទាំងមូល និងសម្រាប់គុណតម្លៃរបស់លោកខាងលិច»។លោក Orpo បាននិយាយថា៖ «យើងកំពុងធ្វើការយ៉ាងសកម្ម នៅក្នុងសហភាពអឺរ៉ុប ដើម្បីធានាថា អឺរ៉ុបត្រូវបានរួបរួមជាមួយអ៊ុយក្រែន។ ការចាប់ផ្តើមនៃការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន គឺជាសារនៃក្តីសង្ឃឹមសម្រាប់ប្រជាជនអ៊ុយក្រែន៖ អ៊ុយក្រែនត្រូវបានអញ្ជើញឲ្យចូលរួមជាមួយគ្រួសារអឺរ៉ុប ហើយប្រទេសនេះជាកម្មសិទ្ធិរបស់សហភាពអឺរ៉ុប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM