កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

2023/12/26 04:57:26 pm        180
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការកំណត់ទិន្នន័យគឺមានសារសំខាន់បំផុត ​ខណៈទិន្នន័យនេះនឹងជួយឲ្យយើងធ្វើការ​សម្រេចចិត្ត​បានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ដូច្នេះត្រូវតែ កំណត់ទិន្នន័យនេះឲ្យបានច្បាស់លាស់ ដើម្បីដាក់គោលដៅជាក់លាក់សម្រាប់អនាគត។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការកំណត់ទិន្នន័យ ពីព្រោះថា​ប្រភពទិន្នន័យជាផែនទីត្រីវិស័យ​ក្នុងការសម្រេចចិត្តគ្រប់លក្ខណៈ​ជ្រុងជ្រោយ​ ដោយមិន​ប្រថុយប្រថាន​នោះឡើយ ជាក់ស្តែងដូចជា​ក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យដោយការ​សម្រេច​ចិត្តច្បាស់លាស់ ការព្យាករសេណារីយ៉ូពីអនាគតត្រឹមត្រូវ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានពន្យល់ផងដែរថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ ដោយ​វាបានកំណត់ឲ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី ​និងភូមិសាស្រ្តនយោបាយ​ សេដ្ឋកិច្ច ធុរកិច្ច ជាពិសេសស្ថានភាពនៅជុំវិញខ្លួនយើងតែម្តង៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផល​ចុង​ក្រោយ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២

2023/12/26 03:40:53 pm        237
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផល​ចុង​ក្រោយ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ *ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើងក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។-សម្ដេចធិបតី មានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹតភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពមន្រ្ដី ជាពិសេសមន្រ្ដីដែលទទួលកិច្ចការងារបច្ចេកទេសសំខាន់ៗ នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រើប្រាស់ទិន្នន័យមានសារសំខាន់ណាស់។ សម្ដេច បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបណ្ដុះបណ្ដាលមន្រ្ដីលើការប្រើប្រាស់ទិន្នន័យ ដែលបានដាក់ចេញនេះឱ្យបានត្រឹមត្រូវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤

2023/12/25 11:22:15 pm        212
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំ គឺនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បីទី១ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​នៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាត​នៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព។ទី២ តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ។សូមជម្រាបថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ធ្វើឡើង​ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយបានពិនិត្យឡើងវិញ​នូវវឌ្ឍនភាព​ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ។ កិច្ចប្រជុំនេះ ក៏បានកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ​ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោម​បណ្តាប្រទេស​មេគង្គ-ឡានឆាងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាព​របស់​ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។កិច្ចប្រជុំនេះ ឯកសារចំនួនបីគ្រោងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ ទី១ សេចក្តីថ្លែងការណ៍​ទីក្រុង ណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ទី៣ គំនិតផ្តួចផ្តើមរួម​ស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង។

ជើងហោះហើរចំនួន២៣ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានទីក្រុងស៊ីដនី នៅថ្ងៃបុណ្យណូអែល

2023/12/25 09:38:00 pm        123
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជើងហោះហើរចំនួន២៣ ជើង ចូលនិងចេញពីអាកាសយានដ្ឋានទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានលុបចោល នៅថ្ងៃបុណ្យណូអែលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក កាលពីមួយថ្ងៃមុនេះ។ គិតត្រឹមម៉ោង៧ព្រឹក នៅថ្ងៃចន្ទនេះ ម៉ោងក្នុងស្រុក ផ្ទាំងប្រកាសព័ត៌មានពីការមកដល់ នឹងការចាកចេញ នៅលើគេហទំព័រអាកាសយានដ្ឋានទីក្រុងស៊ីដនី បានបង្ហាញថា ជើងហោះហើរចំនួន២៣ ត្រូវបានលុបចោលរួចហើយ។ គេហទំព័រព័ត៌មានក្នុងស្រុកបាននិយាយថា ខណៈអាកាសយានដ្ឋាន ទីក្រុងស៊ីដនី បានបញ្ជាក់ថា គ្មានបញ្ហាប្រតិបត្តិការនៅអាកាសយានដ្ឋានទេនៅថ្ងៃចន្ទនេះ ការរំខានទំនងជាមានផលប៉ះពាល់ដោយប្រយោលពីការពន្យាពេល និងការលុបចោលនៅថ្ងៃបុណ្យណូអែល ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់រន្ទះ។ សារព័ត៌មានអូស្ត្រាលី channel Sky News បានរាយការណ៍ថា ការលុបចោលនៅថ្ងៃចន្ទនេះ រួមមានជើងហោះហើរក្រុមហ៊ុនអាកាស Virgin ចំនួន៧ ក្រុមហ៊ុនអាកាសចរណ៍ Qantas ចំនួន៦ និងក្រុមហ៊ុន Jet Star ចំនួន៣ ព្រមទាំងមួយចំនួនធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ប្រចាំតំបន់តូចៗជាច្រើន។ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានបញ្ជាក់ថា ការលុបចោលជើងហោះហើរ ដោយសារតែអាកាសធាតុមិនអំណោយផល នៅក្នុងនិងជុំវិញទីក្រុងស៊ីដនី រយៈពេល២៤ម៉ោងកន្លងទៅនេះ។ សារព័ត៌មានបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អង្គភាពសង្គ្រោះបន្ទាន់រដ្ឋ New South Wales បានជួយសង្គ្រោះ២០លើក នៅទូទាំងទីក្រុងស៊ីដនី និងបានឆ្លើយតបទៅនឹងការរាយការណ៍ពីលំនៅឋានចំនួន៣០ខ្នង ដែលបានជន់លិច នៅជាយក្រុង Pagewood ភាគខាងត្បូងទីក្រុង។

ក្រុមហ៊ុនដឹកជញ្ជូនជប៉ុនជាច្រើន សម្រេចគេចចេញពីសមុទ្រក្រហម ដោយសារការវាយប្រហាររបស់ក្រុមហ៊ួទី

2023/12/25 09:14:36 pm        128
ក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសជប៉ុន កំពុងផ្លាស់ប្តូរផ្លូវនាវារបស់ពួកគេ ដើម្បីគេចចេញពីសមុទ្រក្រហម ជាកន្លែងដែលក្រុមហ៊ួទី(Houthi) ប្រឆាំងរដ្ឋាភិបាលនៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវាដែលឆ្លងកាត់។ក្រុមហ៊ុន Nippon Yusen ជាក្រុមហ៊ុនជប៉ុន ដែលគេស្គាល់ថា NYK Line និងក្រុមហ៊ុន Mitsui O.S.K. Line បានផ្លាស់ប្តូរបណ្តោះអាសន្ននូវការធ្វើដំណើររបស់នាវាពួកគេ ទៅ និងមក ពីសហភាពអឺរ៉ុប ដើម្បីបញ្ចៀសសមុទ្រក្រហម ដោយលើកឡើងពីលទ្ធភាពដែលថាអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល អាចត្រូវបានកំណត់គោលដៅដោយក្រុមហ៊ួទី(Houthi)។ ក្រុមហ៊ុនទាំងនេះ នឹងបញ្ជូននាវារបស់ពួកគេ នៅជុំវិញជ្រោយ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។ក្រុមហ៊ុន Kawasaki Kisen Kaisha ឬ K Line ក៏កំពុងបង្វែរផ្លូវនាវារបស់ខ្លួនបណ្តោះអាសន្ន នៅជុំវិញជ្រោយ Cape of Good Hope ព្រមទាំងការផ្លាស់ប្តូរទៅកាន់ផ្លូវឆ្លងកាត់តាមអាមេរិកខាងជើង។ ក្រុមហ៊ុន Ocean Network Express ជាក្រុមហ៊ុនដឹកជញ្ជូនទូរទំនិញ ដែលដំណើរការរួមគ្នាដោយក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ក៏បានបញ្ចៀសការឆ្លងកាត់តាមសមុទ្រក្រហម ហើយបានប្តូរទៅផ្លូវផ្សេងទៀត រួមទាំងផ្លូវមួយនៅជុំវិញជ្រោយ Cape of Good Hope។សមុទ្រក្រហម គឺជាផ្លូវទឹកជិតបំផុតសម្រាប់តភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុប តាមរយៈព្រែកជីកស៊ុយអេ។ ការព្រួយបារម្ភ កំពុងកើនឡើងដែលថាការផ្លាស់ប្តូរផ្លូវ នៃនាវាពាណិជ្ជកម្ម អាចបណ្តាលឱ្យមានការពន្យារពេលការដឹកជញ្ជូនទំនិញ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់។

ខេត្តអូគីណាវ៉ា នឹងសម្រេចការព្រមព្រៀងពិនិត្យឡើងវិញ ផែនការសម្រាប់ការផ្លាស់ប្តូរ​មូលដ្ឋានកងទ័ពអាមេរិក

2023/12/25 09:07:59 pm        187
រដ្ឋាភិបាលខេត្តអូគីណាវ៉ា នឹងកំណត់សម្រេចថាតើត្រូវព្រមព្រៀងលើការងារដើម្បីធ្វើឲ្យប្រសើរមូលដ្ឋាន នៅទីតាំងផ្លាស់ប្តូរនៅឆ្នេរសមុទ្រតាមផែនការសម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្តនេះ។ ការងារនេះ គឺជាផ្នែកមួយនៃគម្រោងរៀបចំដីឡើងវិញ នៅឆ្នេរ Henoko ទីក្រុង Nago កោះ Okinawa។ រដ្ឋាភិបាលកណ្តាល មានផែនការ ផ្លាស់ប្តូរស្ថានីយអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន ទៅកាន់តំបន់ឆ្នេរសមុទ្រ ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលខេត្តក៏ដោយ។ ប៉ុន្តែ បាតសមុទ្រនៅទីតាំងរៀបចំមូលដ្ឋាន ត្រូវបានគេរកឃើញថាមានស្ថានភាពទន់ពេក។ បន្ទាប់មក រដ្ឋាភិបាលកណ្តាល បានស្នើសុំការអនុញ្ញាតពីខេត្ត ដើម្បីពិនិត្យឡើងវិញផែនការដើម និងអនុវត្តការងារការធ្វើឲ្យរឹងមាំ។ ប៉ុន្តែរដ្ឋបាលខេត្ត ពុំទាន់បានអនុម័តការកែសម្រួលឡើងវិញនេះទេ ហើយការងារនៅតែត្រូវបានផ្អាក។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខេត្ត បានបើកកិច្ចប្រជុំតាមអ៊ីនធឺណិត កាលពីថ្ងៃអាទិត្យ ជាមួយក្រុមអ្នកជំនាញផ្នែកច្បាប់រដ្ឋបាល។ ថ្លែងទៅកាន់សារព័ត៌មាន NHK បន្ទាប់ពីកិច្ចប្រជុំ សាស្រ្តាចារ្យ លោក Tokuda Hiroto នៃសាកលវិទ្យាល័យ Ryukyus បាននិយាយថា មានបញ្ហាច្រើនជាមួយសេចក្តីសម្រេចរបស់តុលាការ។ លោកនិយាយថា តុលាការមិនបានកំណត់ភាពស្របច្បាប់ នៃការបដិសេធរបស់រដ្ឋបាលខេត្ត ក្នុងការអនុម័តការកែប្រែនេះ។មន្ត្រីនិយាយថា ខេត្ត កំពុងពិចារណា មិនអនុម័តការកែប្រែនេះទេ ហើយ អភិបាលខេត្ត ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចុងក្រោយនៅថ្ងៃចន្ទនេះ។

ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួនបួនគ្រឿង ដោយប្រើយានចម្លង Kuaizhou-1A

2023/12/25 09:02:31 pm        178
ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួនបួនគ្រឿងដោយជោគជ័យទៅកាន់ទីអវកាសនៅលើកំពូលយានចម្លង ក្វៃចូវ-១A (Kuaizhou-1A) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន នៅម៉ោង ០៩:០០ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅថ្ងៃច័ន្ទ (២៥ ធ្នូ) នេះ។ផ្កាយរណបចំនួន ៤គ្រឿង ដែលជាផ្កាយរណបលេខ១១ ដល់លេខ១៤ នៃក្រុមតារានិករឧតុនិយម ធានមុ-១ (Tianmu-1) បានចូលទៅក្នុងគន្លងដែលបានគ្រោងទុក ដោយធ្វើឲ្យបេសកកម្មនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ ផ្កាយរណបឧតុនិយមទាំងនេះនឹងត្រូវបានប្រើជាចម្បងដើម្បីផ្តល់សេវាទិន្នន័យឧតុនិយមពាណិជ្ជកម្ម។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី២៣ ដោយប្រើយានចម្លងពាណិជ្ជកម្ម ក្វៃចូវ-១A។យានចម្លង ក្វៃចូវ-១A គឺជារ៉ូកែតដឹកជញ្ជូនឥន្ធនៈរឹងតូចមួយគ្រឿងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន សាជីវកម្មវិទ្យាសាស្ត្រ និងលំហអាកាសចិន លីមីធីត។ វាអាចផ្តល់សេវាបាញ់បង្ហោះសម្រាប់ផ្កាយរណបតូចក្នុងគន្លងទាបទម្ងន់ ៣០០គីឡូក្រាម ព្រមទាំងមានភាពជឿជាក់ខ្ពស់ ប្រតិបត្តិការក្នុងគន្លងមានភាពជាក់លាក់ រយៈពេលរៀបចំខ្លី និងការចំណាយទាប៕

លោករីស៊ី ស៊ុណាក់ បានជំរុញឲ្យបញ្ឈប់ «ភាពស្ទាក់ស្ទើរ» ទៅលើការផ្តល់មូលនិធិរបស់អ៊ុយក្រែន

2023/12/25 08:56:43 pm        157
អតីតរដ្ឋមន្ត្រីការពារជាតិ៤រូប បាននិយាយថា រដ្ឋាភិបាលរបស់លោក រីស៊ី ស៊ុណាក់ (Rishi Sunak) ត្រូវតែប្រកាសជាបន្ទាន់ថាតើជំនួយយោធាចំនួនប៉ុន្មាន នឹងត្រូវផ្តល់ឲ្យប្រទេសអ៊ុយក្រែន នៅឆ្នាំក្រោយ។រដ្ឋាភិបាល បានសន្យាផ្តល់ប្រាក់ចំនួន ២,៣ ពាន់លានផោន ក្នុងឆ្នាំ ២០២២ និងម្តងទៀត នៅឆ្នាំ ២០២៣ ប៉ុន្តែមិនទាន់បានប្រកាសថា នឹងផ្តល់ចំនួនប៉ុន្មានសម្រាប់ឆ្នាំ ២០២៤។លោក Sir Michael Fallon, Ben Wallace, Liam Fox និង លោក Sir Gavin Williamson សុទ្ធតែ បានអំពាវនាវឲ្យមានការសន្យាយ៉ាងហោចណាស់ ២,៣ ពាន់លានផោន ដោយមានរដ្ឋមន្ត្រីមួយចំនួន ជំរុញឲ្យផ្តល់ខ្ពស់ជាងនេះ។អតីតរដ្ឋមន្ត្រីមួយរូប បានពណ៌នាអំពីការបរាជ័យក្នុងការប្រកាសការផ្តល់មូលនិធិ រហូតមកទល់ពេលនេះថាជា «ការបង្រួបបង្រួម» ហើយទាំងអស់បានសម្តែងការព្រួយបារម្ភថា ខ្លួនកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។កាលពីដើមខែនេះ កញ្ចប់ជំនួយអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភា ខណៈដែលការគាំទ្ររបស់សហភាពអឺរ៉ុប ត្រូវបានវេតូដោយលោក វីកទ័រ អ័របាន ( Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី។ស្របពេលជាមួយគ្នានេះដែរ នៅក្នុងខែនេះ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាករថា ការគាំទ្ររបស់លោកខាងលិច «មិនយូរមិនឆាប់ នឹងត្រូវបញ្ចប់។

បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់ចិន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ

2023/12/25 08:17:58 pm        335
បណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងភាគីមិត្តចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ខណៈបណ្ណាល័យនេះ ស្ថិតនៅក្នុងបរិវេន វិទ្យាល័យបឹងត្របែក។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​លើក​ឡើងថា បណ្ណាល័យនេះ គឺមានសារសំខាន់បំផុតក្នុងការសិក្សាឈ្វេងយល់អំពីផល​ប៉ះពាល់​នូវបញ្ហា​គ្រឿងញៀន​ពីសំណាក់សាធារណៈជន ​ហើយក៏ជាមណ្ឌលមួយសម្រាប់ធ្វើការផ្សព្វផ្សាយ​នូវបញ្ហាគ្រឿងញៀន ដល់មហាជន ជាពិសេសសន្ទាប់យុវជនតែម្តង។នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​បានថ្លែងកោតសរសើរ​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងសូមអរគុណដល់ភាគីចិន ​ដែលបានផ្តល់អំណោយរៀបចំ​បាននូវបណ្ណាល័យប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មួយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចូលបញ្ហាគ្រឿងញៀនជាស្នូល ក្នុងនោះការងារផ្សព្វផ្សាយអប់រំជាអាទិភាព​ដើម្បី​បញ្ជូនសារចំណេះដឹងដល់សាធារណជន ពិសេសយុវជនកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃ​គ្រឿងញៀន​ «យុវជនល្អមានសមត្ថភាពប្រទេសអភិវឌ្ឍន៍លឿន »ជាដើម។ថ្លែងនៅក្នុងកម្មវិធីនោះដែរលោក ចាង ឈាង (Mr.CHANG JIAN)អនុប្រធានបេសកកម្មនៃស្ថានទូត​សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា«យុវជនខ្លាំង ប្រទេស​ខ្លាំង» យើងត្រូវបង្កើនការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងអស់គ្នា ដើម្បីភាព រីកចម្រើនសង្គមជាតិទាំងមូល។ លោកចាង ឈាង បានបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រៀងញៀនដែរ រដ្ឋាភិបាលចិននឹងបន្តអនុវត្តគោល​ការណ៍​ជួយដល់ប្រទេសកម្ពុជាជានិច្ច ​ហើយរដ្ឋាភិបាលចិនក៏សូមគាំទ្រដល់ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីសម្ពោធនូវបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខាងលើនេះដែរ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងកោតសសើរ និងថ្លែងអំណរគុណ​ដល់គ្រប់​អ្នក​ពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្តនៃគោលការណ៍មិត្តភាព​គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនក្នុងទម្រង់មិត្តភាពត្បូងពេជ្រ ពិតជា​ធ្វើឱ្យកម្ពុជា-ចិនមានពន្លឺរស្មីឆោមព៌ណដូចគ្រាប់ពេជ្រ និងមានតម្លៃថ្លៃថ្លា ខណៈបណ្ណាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះពិតជាថ្នាលពង្រឹងចំណេះដឹង ​ចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយ​បាននូវបញ្ហាបង្កឡើងដោយគ្រឿងញៀន ការពារបាននូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍ​ជាតិ​ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិកម្ពុជាជាដើម៕អត្ថបទ៖ បាន ចក់

ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ត្រៀមសិល្បករ ចូលរួមសម្តែងសិល្បៈ

2023/12/25 07:58:16 pm        318
ភ្នំពេញ៖ ខួប២៥ឆ្នាំនៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមសិល្បករ សិល្បការិនី ចូលរួមសម្តែងសិល្បៈជាច្រើនទម្រង់ជូនមហាជនទស្សនា។លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ខួប២៥ឆ្នាំ នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នាយកដ្ឋានសិល្បៈទស្សនីយភាព បានត្រៀមសិល្បករ សិល្បការិនីជាច្រើនរយនាក់ ដើម្បីចូលរួមសម្តែងសិល្បៈ ជាច្រើនទម្រង់ជូនមហាជនទស្សនា រយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣)ខាងមុខនេះ។ ជាក់ស្តែងនៅព្រឹកនេះ ក៏មានលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ចំនួន៣ក្រុម កំពុងហ្វឹកហាត់ត្រៀមសម្តែងសិល្បៈ រួមមាន៖ របាំ អបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា (របាំបង្កើតថ្មី) - ល្ខោនអាប៉េ រឿងនាងផ្ការំចង់ និងល្ខោនយីកេ រឿងមាយើង។លោក ស៊ុ ចាន់ធឿន ប្រធានការិយាល័យនីតិកម្ម និងសិល្បៈទស្សនីយភាព និងជាគ្រូ អ្នកនិពន្ធ និងដឹកនាំរឿង ក្នុងទម្រង់សិល្បៈល្ខោនអាប៉េ បានលើកឡើងថា ដោយសារមានកម្មវិធីអបអរសាទរ​ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។ ដូច្នេះនាយកដ្ឋានសិល្បៈ និងទស្សនីយភាព មានគម្រោងត្រៀម​ដើម្បីសម្តែង​ក្នុងខួប២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដូចជារបាំ និងល្ខោន ទន្ទឹមនឹងនោះនៅផ្នែកលោកគ្រូ មានក្រុមសិល្បៈ សម្តែងល្ខោនអាប៉េ ដែលជាទម្រង់ល្ខោនបែបបុរាណ និងបាត់បង់ការសម្តែង​យូរមកហើយ និងត្រៀមសម្តែងអបអរ និងបង្កបរិយាកាសសប្បាយរីករាយ និងបញ្រ្ជាបដល់​មហាជន ប្រជាជន និងកូនចៅជំនាន់ បានទស្សនាចងចាំ និងចូលរួមថែរក្សា។ជាចុងក្រោយលោក ស៊ុ ចាន់ធឿន សង្ឃឹមថា តាមរយៈការសម្តែងសិល្បៈ ដើម្បីអបអរសាទរខួប​២៥ឆ្នាំ​នៃអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺប្រជាជនយើងនឹងយល់ពីទម្រង់ល្ខោនអាប៉េ ឲ្យចូលរួមថែរក្សា និងបន្តមានការវិត្តន៍ទៅមុខទៀត ដែលមានលក្ខណៈកំប្លុកកំប្លែង ត្រៀម​នឹង​បាត់បង់ ត្រូវខិតខំប្រឹងធ្វើ ដោយសារតែដំណើរខឿនសន្តិភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល​អាណតិ្តថ្មី មានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM