សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 11:52:54 am        58
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

តុលាការកំពូលរបស់ម៉ិកស៊ិក បានផ្ដល់ភាពស្របច្បាប់ដល់ការរម្លូតកូន

2023/09/08 11:50:52 am        56
ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។ សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕

អ្នកជំនាញ៖ បើមិនបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទេ នោះកម្ដៅដ៏ខ្លាំងនឹងក្លាយជាបញ្ហាអាកាសធាតុធម្មតា

2023/09/08 11:48:44 am        69
របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 11:46:39 am        99
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់នៅភាគនិរតីប្រទេសកាមេរូន

2023/09/08 11:44:20 am        65
កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។ សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។ អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។ ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 11:41:05 am        204
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 11:34:47 am        202
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ឯកឧត្តម ហ៊ុន ម៉ានី៖ «អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើនសន្ទុះកំណើនសេដ្ឋកិច្ច »

2023/09/08 11:27:27 am        334
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានថ្លែងអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។ឯកឧត្តមថ្លែងថា ក្នុងអតីតកាល​ និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់​មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់​ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ឯកឧត្តមបន្តថា បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីក​ដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញ​ក្តីស្រមៃរបស់ខ្លួន។ឯកឧត្តមបញ្ជាក់ថា៖«អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើន​សន្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល​ រីកចម្រើនជឿនលឿនតទៅមុខ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារ​អាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត»៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 11:25:14 am        185
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

អតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ត្រូវបានផ្តន្ទាទោសពីបទមើលងាយសភា

2023/09/08 11:22:30 am        181
អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM