សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

នគរបាលហៃទីប្រកាសស៊ើបអង្កេតលើការតវ៉ាដឹកនាំដោយព្រះវិហារដែលបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើន

2023/08/29 10:39:18 am        78
ហៃទី៖ នគរបាលជាតិហៃទី បានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើអ្នកដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើនកាលពីថ្ងៃសៅរ៍ នៅពេលដែលមេដឹកនាំព្រះវិហារ បានដឹកនាំអ្នកកាន់សាសនាគ្រិស្តលើការតវ៉ាដោយប្រដាប់អាវុធឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយក្រុមជនអន្ធពាលនៃរដ្ឋធានីព័រអូប្រាំង(Port-au-Prince) ។លោក Frantz Elbé អគ្គស្នងការនគរបាល បាននិយាយថា ការស៊ើបអង្កេត នឹងជួយធានាថា «ទង្វើមិនសមហេតុផលបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ»។លោក Elbé បានបន្ថែមថា៖«នគរបាលជាតិថ្កោលទោសសោកនាដកម្មដ៏សោកសៅនេះ និងបង្ហាញក្តី អាណិតអាសូរដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ក្រុមជនរងគ្រោះ»។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក Elbé បានពិពណ៌នាអំពីរបៀបដែលហ្វូងមនុស្សដ៏ច្រើ បានប្រមូលផ្តុំគ្នា នៅពីក្រោយមេដឹកនាំសាសនា លោក Marcorel Zidor កាលពីចុងសប្តាហ៍ដោយពាក់ឯកសណ្ឋានពណ៌បៃតងអូលីវ និងសំលៀកបំពាក់ដែលមានប៉ាក់ឈ្មោះរបស់លោកZidor៕

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់មន្ត្រីនគរបាលត្រូវខិតខំបំពេញការងារ លើកមុខមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/29 10:33:30 am        451
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល​អត្តចរិត​ និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ។ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ច​ជាស្នងការ នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា ​មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ​ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹង​តែជាការទុកចិត្ត​ពី​សំណាក់ថ្នាក់​ដឹកនាំ​ពីជំនានមុន ​រហូតដល់បច្ចុប្បន្ន ដូចនេះ​ត្រូវបំពេញ​ភារកិច្ចឲ្យបានត្រឹមត្រូវ ។អគ្គស្នងការបានបន្តថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់​ មិនត្រូវធ្វើអ្វីដែលខុស ដើម្បី​ផលប្រយោជន៍ខ្លួន ​ប៉ះពាល់​ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យ​អាប់អោន​ដល់​កិត្តិយស​របស់ថ្នាក់ដឹកនាំ ​នៅក្នុងអាណត្តិថ្មី​ នឹងធ្វើឲ្យមានការរិះគន់ពីមហាជន ។ឯកឧត្តម បានបន្ថែមថា ​ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ​ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមាន​កម្លាំងនៅប្រចាំការ​ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង ​គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍​ពីសមត្ថកិច្ច ​នៅពេលមានកើតហេតុណាមួយ ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ​ដើម្បីលើកទូរស័ព្ទឆ្លើយតប​ការ​សុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ។នាយកឧត្តមសេនីយ៍ ស ថេត បន្តទៀតថា កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ​ត្រូវខិតខំទប់ស្កាត់ និង​បង្ក្រាបបទល្មើសនានា ​ដែលកើតឡើងនៅតាមមូលដ្ឋាន ​ដូចជាបញ្ហាចោរកម្ម ​ក្មេងទំនើង និង​បញ្ហាគ្រឿងញៀនជាដើម ​ដើម្បីកុំឲ្យមានការព្រួយបារម្ភ​ដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើស​ទាំងអស់នោះ ​ក្លាយជាជំងឺ​រ៉ាំរ៉ៃ ​។ឯកឧត្តមអគ្គស្នងការ ​បានជំរុញទៅផងដែរទៅឧត្តមសេនីយ៍ទោ ជួន ណារិន ដែលទើបទទួល​តំណែង​ជាអគ្គស្នងការរង​ និងជាស្នងការរាជធានីភ្នំពេញ ​ត្រូវតែខិតខំថែរក្សាសុខសុវត្ថិភាព ក្នុង​រាជធានីភ្នំពេញ ​ដែលជាគោលដៅស្នូល ក្នុងការការពារ ព្រោះមានបណ្ដុំដោយថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ បណ្ដាអង្គទូត ​និងស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើន ។ក្នុងឱកាសទទួលបានតំណែងថ្មីនេះឧត្តមសេនីយ៍ទោ ជួន ណារិន បានប្ដេជ្ញាអនុវត្តតាមការណែនាំ​របស់​អគ្គស្នងការនគរបាលជាតិ ​ដែលមានទាំងការរក្សាសាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ​និងខិតខំដោះ​ស្រាយបញ្ហាប្រឈមនានា ​ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ

មេដឹកនាំយោធាស៊ូដង់ សន្យាទទួលជ័យជម្នះដាច់ខាត និងច្រានចោលការដោះស្រាយជាមួយ «ជនក្បត់»

2023/08/29 10:31:29 am        72
ស៊ូដង់៖ កាលពីថ្ងៃច័ន្ទ (២៨សីហា) មេដឹកនាំយោធានៃប្រទេសស៊ូដង់ លោក Abdel Fattah al-Burhan បានទម្លាក់ក្តីសង្ឃឹមនៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាច្រើនខែ ដោយបានរិះគន់កងកម្លាំងគាំទ្ររហ័សដែលជាគូប្រជែង (RSF) ថាជា «ជនក្បត់» ព្រមទាំងបានសន្យាថា នឹងទទួលជ័យជម្នះឲ្យបាន នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់ក្រុមទាហាន។មនុស្សរាប់លាននាក់ត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ ហើយវិបត្តិមនុស្សធម៌បានកើនឡើងចាប់តាំងពីជម្លោះរវាងកងទ័ព និងកងកម្លាំង RSF បានចាប់ផ្តើមកាលពីខែមេសា មក។ ការចរចាជាបន្តបន្ទាប់បានបរាជ័យក្នុងការជំរុញឱ្យការប្រយុទ្ធគ្នាត្រូវបញ្ឈប់ទាំងស្រុង។សុន្ទរកថារបស់លោក Burhan បានធ្ចើឡើងមួយថ្ងៃបន្ទាប់ពីប្រមុខកងកម្លាំង RSF បានសម្តែងការបើកចំហចំពោះកិច្ចពិភាក្សា និងបទឈប់បាញ់រយៈពេលវែង ហើយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Burhan បានងើបចេញពីរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ភាគីជម្លោះទាំងពីរក៏បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមការគ្រប់គ្រងទីក្រុង Nyala ក្នុងរដ្ឋដាហ្វួរខាងត្បូង ដោយក្រុមសកម្មជនរាយការណ៍ពីការរងគ្រោះរស់ជនស៊ីវិល ហើយភ្នាក់ងារជំនួយជាច្រើននាក់បាននិយាយថា ទីក្រុងនេះត្រូវបានកាត់ផ្តាច់ពីជំនួយ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗផងដែរ៕

រដ្ឋមន្ត្រីការបរទេសលីប៊ី ត្រូវបណ្តេញចេញពីតំណែងបន្ទាប់ពីកិច្ចប្រជុំជាមួយអ៊ីស្រាអែល

2023/08/29 10:28:57 am        80
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ីដែលទទួលស្គាល់ជាអន្តរជាតិ បានបណ្តេញប្រមុខការទូតរបស់ខ្លួនចេញពីតំណែង បន្ទាប់ពីលោកស្រីបានជួបជាមួយសមភាគីអ៊ីស្រាអែល ហើយព័ត៌មាននៃការជួបគ្នានេះ បានបង្កឱ្យមានការតវ៉ាជាច្រើននៅក្នុងប្រទេសដែលមិនទទួលស្គាល់អ៊ីស្រាអែលមួយនេះផងដែរ។ប្រទេសលីប៊ីដែលសម្បូរទៅដោយប្រេង ដែលបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីមេដឹកនាំផ្តាច់ការរបស់ខ្លួនលោក Muammar Gaddafi ត្រូវបានផ្តួលរំលំ និងបានសម្លាប់នៅក្នុងការបះបោរដែលគាំទ្រដោយអង្គការណាតូឆ្នាំ២០១១នោះ ត្រូវបានបែងចែកចាប់តាំងពីឆ្នាំ២០១៤មក រវាងរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិរបស់នាយករដ្ឋមន្ត្រីលីប៊ី លោក Abdelhamid Dbeibah នៅទីក្រុងទ្រីប៉ូលី និងរដ្ឋបាលគូប្រជែងដែលមានមូលដ្ឋាននៅក្នុងខាងកើតរបស់ប្រទេស។ក្រុមអ្នកវិភាគដែលបាននិយាយទៅកាន់សារព័ត៌មាន AFP ហាក់ដូចជាយល់ស្របថា លោកស្រី Najla al-Mangoush គឺជា «មនុស្សមានកំហុស» សម្រាប់ការសម្រេចចិត្តដែលធ្វើឡើងដោយមេដឹកនាំគូប្រជែងរបស់ប្រទេសលីប៊ី ហើយបានភ្ជាប់កិច្ចប្រជុំនោះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធបណ្ដាប្រទេសអារ៉ាប់បន្ថែមទៀត ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែលឡើងវិញ។ បណ្តាញព័ត៌មានឯកជន Al-Ahrar ដែលសំអាងដល់ប្រភពរដ្ឋាភិបាលបាននិយាយថា លោកស្រីMangoush ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុននៅទីក្រុងរ៉ូមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ។ស្ថានទូតប៉ាឡេស្ទីននៅទីក្រុងទ្រីប៉ូលីមួយនេះ ក៏បានរាយការណ៍ពីការបណ្តេញលោកស្រីចេញផងដែរ ដោយនិយាយថា ការបណ្ដេញចេញនោះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី Dbeibah ក្នុងអំឡុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃចន្ទទៅកាន់បេសកកម្មនោះ។ ស្ថានទូតបាននិយាយថា លោក Dbeibah ក៏បានប្រកាស «ការបដិសេធរបស់ខ្លួនចំពោះការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល» និងការគាំទ្រទាំងស្រុងរបស់លីប៊ីសម្រាប់ប្រជាជនប៉ាឡេស្ទីន៕

ប្រធានEU៖ សហភាពអឺរ៉ុបគួរតែត្រៀមខ្លួនទទួលសមាជិកថ្មីនៅឆ្នាំ២០៣០

2023/08/29 10:26:37 am        63
EU៖ កាលពីថ្ងៃចន្ទ (២៨ សីហា) ប្រមុខសហភាពអឺរ៉ុបលោក Charles Michel បានលើកឡើងថា សហភាពអឺរ៉ុប គួរតែត្រៀមខ្លួនដើម្បីទទួលយកសមាជិកថ្មីពីអឺរ៉ុបខាងកើត និងតំបន់បាល់កង់ នៅត្រឹមឆ្នាំ២០៣០។ ការលុកលុយរបស់រុស្សីលើអ៊ុយក្រែន បានផ្តោតអារម្មណ៍នៅទីក្រុងព្រុចសែល លើតម្រូវការសម្រាប់សន្ទុះនយោបាយថ្មី ដើម្បីគាំទ្រមហិច្ឆតាអឺរ៉ុបសម្រាប់បេក្ខភាពសមាជិកភាពមួយចំនួន។ប៉ុន្តែ ជាមួយនឹងការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលដែលគាំទ្រលោកខាងលិចរបស់ប្រទេសម៉ុលដូវ៉ាកំពុងព្យាយាមធ្វើកំណែទម្រង់ បណ្ដាមន្ត្រីជាន់ខ្ពស់ពីមុនមានការស្ទាក់ស្ទើរក្នុងការផ្តល់តារាងពេលវេលាច្បាស់លាស់សម្រាប់សមាជិកភាព។ លោក Michel បាននិយាយថា «នៅពេលយើងរៀបចំរបៀបវារៈយុទ្ធសាស្ត្របន្ទាប់របស់សហភាពអឺរ៉ុប យើងត្រូវកំណត់ខ្លួនយើងនូវគោលដៅច្បាស់លាស់។ ខ្ញុំជឿថា យើងត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ភាគីទាំងពីរនៅឆ្នាំ២០៣០ ដើម្បីពង្រីកខ្លួនបន្ថែមទៀត»។លោក Michel បានបញ្ជាក់ថា បណ្តាប្រទេសនៅតំបន់បាល់កង់លោកខាងលិច ដែលបានបង្កើតឡើងពីការបែកបាក់បង្ហូរឈាមនៃអតីតប្រទេសយូហ្គោស្លាវី បានចាប់ផ្តើមសំណើររបស់ពួកគេដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបជាងពីរទសវត្សរ៍មុនមកម៉្លេះ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានអនុម័តទស្សនៈរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា អឺរ៉ុបគួរតែធ្វើតាមការសន្យាដែលទីក្រុងព្រុចសែលបានធ្វើឡើងចំពោះបណ្ដាប្រទេសបេក្ខភាពសហភាពអឺរ៉ុប៕

រដ្ឋសភានឹងបើកិច្ចប្រជុំនាថ្ងៃទី៣១ខែសីហា ដើម្បីពិភាក្សាសំណើរគណបក្សប្រជាជនកម្ពុជា សុំផ្លាស់ប្តូរតំណាងរាស្រ្ត២៩រូប

2023/08/29 10:24:34 am        232
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សាលើសំណើររបស់គបក្សប្រជាជនកម្ពុជា ដែលបានសុំធ្វើការផ្លាស់ប្តូរតំណាងរាស្រ្តរបស់ខ្លួនចំនួន២៩រូប និងពិភាក្សាលើរបៀបវារៈមួយចំនួនទៀត។យោងតាមលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ​ប្រធានរដ្ឋសភាកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំបានកំណត់កាលបរិច្ឆេទយកថ្ងៃទី៣១ ខែសីហា ខាង មុខនេះបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើសំណើរសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃ​គណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប ​តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ហើយការ​ប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យ​ប្រជុំរដ្ឋសភា​នាពេលខាងមុខនេះផងដែរ។នៅក្នុងកិច្ចប្រជុំខាងលើនេះក៏បានអនុម័តលើរបាយការណ៍ស្តីពីលទ្ធផល​នៃការទទួលពាក្យសុំឈរ​ឈ្មោះ​ជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូបសម្រាប់ជំនួសឯកឧត្តម​ សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ​ដែលបានទទួល​មរណភាព​កាលពីកន្លងទៅថ្មីៗនេះផងដែរ។ ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានអនុម័តយល់ព្រមលើសមាសភាពលេខាធិការ​សម័យ​ប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៧ ចំនួន៣រូបផងដែរ ​ក្នុងនោះមាន ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ, ឯកឧត្តម ម៉ាត់ សេត អាយុ ៤២ឆ្នាំ, និង ឯកឧត្តម សេង ញ៉ក់ អាយុ ៤៣ឆ្នាំ៕ អត្ថបទ៖ បាន ចក់

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យមានការពង្រឹងកងកម្លាំងជើងទឹកបន្ថែមទៀត

2023/08/29 10:24:09 am        68
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (២៩សីហា)នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពង្រឹងកងកម្លាំងជើងទឹករបស់ប្រទេស ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្វែរដែនទឹកនៅជិតឧបទ្វីបកូរ៉េទៅជា «ដែនទឹកដែលមិនស្ថិតស្ថេរបំផុតជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ»។នៅក្នុងសុន្ទរកថាមួយដើម្បីប្រារព្ធទិវាកងទ័ពជើងទឹក លោក គីម បាននិយាយថា «មេក្រុមជនអន្ធពាល» របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានប្រកាសធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់ ដោយជាក់ស្តែងសំដៅទៅលើកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃទី១៨ ខែសីហានៅឯវិមានសម្រាកលំហែ Camp David នៅរដ្ឋMaryland សហរដ្ឋអាមេរិក។នៅក្នុងកិច្ចប្រជុំផ្ទាល់ខ្លួនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុននោះ អ្នកទាំងបីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈដែលពួកគេស្វែងរកការរួបរួមក្នុងការប្រឈមមុខនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើង ទាមទារឱ្យកងទ័ពជើងទឹករបស់ខ្លួន រក្សាការត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម ដែលជា «ការប្រុងប្រយ័ត្នជានិច្ច» ហើយបានអំពាវនាវឱ្យធ្វើ «ទំនើបកម្ម» សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍របស់ខ្លួនបន្ថែមទៀតផងដែរ៕

សវនាការរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន ត្រូវកំណត់ធ្វើឡើងនៅខែមីនាឆ្នាំ២០២៤ ចំពេលការតតាំងដ៏ស្វិតស្វាញនៃតំណែងប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ

2023/08/29 10:04:27 am        91
អាមេរិក៖ លោក Donald Trump នឹងត្រូវកាត់ទោសនៅខែមីនា ឆ្នាំ២០២៤ពាក់ព័ន្ធការព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០ របស់លោកមួយថ្ងៃមុនក្រុមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋជាង១០ នៅសហរដ្ឋអាមេរិក នឹងសម្រេចចិត្តថាតើត្រូវផ្តល់ឱកាសឲ្យលោកចូលដណ្តើមយកតំណែងនៅសេតវិមានឡើងវិញឬយ៉ាងណា។ចៅក្រមសហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាកខាន់(Tanya Chutka) កាលពីថ្ងៃចន្ទបានកំណត់ថ្ងៃជំនុំជម្រះក្ដីនៅថ្ងៃទី៤ ខែមីនាសម្រាប់សំណុំរឿងសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន ដែលជាការកាត់ទោសព្រហ្មទណ្ឌមួយក្នុងចំណោមការកាត់ទោសចំនួន៤ដែលអតីតប្រធានាធិបតីរូបនេះត្រូវប្រឈម។បញ្ហានេះបានកើតឡើងមួយថ្ងៃមុន "Super Tuesday" ដែលជាកាលបរិច្ឆេទដ៏សំខាន់បំផុតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ នៅពេលដែលរដ្ឋនានាចាប់ពីរដ្ឋ ម៉េន (Maine) ដល់រដ្ឋ California នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនរបស់ពួកគេ។ ការស្ទង់មតិបង្ហាញថា លោកTrump នាំមុខគូប្រជែងរបស់លោកយ៉ាងច្រើនលើសលុប។ការសម្រេចចិត្តរបស់លោកស្រីឆាកខាន់(Chutkan) មានន័យថា លោក Trump ទំនងជានឹងត្រូវកាត់ក្តីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌយ៉ាងតិចបីដាច់ដោយឡែកពីគ្នា ខណៈលោកកំពុងធ្វើយុទ្ធនាការសម្រាប់ការតែងតាំងរបស់គណបក្សដើម្បីតតាំងជាជាមួយលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ កាលបរិច្ឆេទជំនុំជម្រះក្នុងសំណុំរឿងព្រហ្មទណ្ឌទីបួនមិនទាន់ត្រូវបានកំណត់នៅឡើយទេ។លោកក៏ជាចុងចោទនៅក្នុងបណ្តឹងរដ្ឋប្បវេណីចំនួនបីដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៦ខែខាងមុខនេះផងដែរ។ ក្រុមមេធាវីរបស់លោក Trump បានជំរុញឲ្យមានកាលបរិច្ឆេទកាត់ក្តីនៅខែមេសា ឆ្នាំ២០២៦ ប៉ុន្តែលោកស្រីឆាកខាន់ បាននិយាយថា ពួកគេមិនត្រូវការពេលយូរដើម្បីរៀបចំសំណុំក្ដីទាំងនេះនោះទេ។ការកាត់ក្តីលើកទី៣គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ លើការចោទប្រកាន់របស់សហព័ន្ធនៅរដ្ឋ Florida ដោយចោទប្រកាន់ថាលោក Trump ពីបទរក្សាទុកកំណត់ហេតុ ដែលត្រូវបានចាត់ថ្នាក់ដោយខុសច្បាប់ បន្ទាប់ពីចាកចេញពីសេតវិមាន និងព្យាយាមរារាំងយុត្តិធម៌។ លោក Trump មិនបានចូលរួមសវនាការកាលពីថ្ងៃចន្ទទេ។នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមេធាវីរបស់លោក Trump បាននិយាយថា ពួកគេត្រូវការពេលវេលាដើម្បីរៀបចំភស្តុតាងរបស់រដ្ឋាភិបាល ដែលមានសរុបប្រហែល ១២,៨ លានទំព័រ៕

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចុះជួបកម្មករ និយោជិត តាមរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ

2023/08/29 09:52:39 am        285
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលមានខ្លឹមសារដូចខាងក្រោម៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូចសព្វថ្ងៃនេះ។ឯកឧត្តម បញ្ជាក់ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រ​គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែក​មួយយ៉ាងសំខាន់​ក្នុងការ​បង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេស​កម្ពុជាឱ្យមានការ​រីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្ត​ចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោល​នយោបាយនានា​ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើន​ទៅមុខបានទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅ​ទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផល​ដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ ជាពិសេស ​គឺសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាគោលនយោបាយ​ឆក់កណ្ដៀត ដូចគណបក្ស​នយោបាយមួយចំនួនដែលមានភាពមិនច្បាស់លាស់នោះទេ។ ប៉ុន្ដែគោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងមានរយៈពេលយូរអង្វែងសម្រាប់អភិវឌ្ឍជាតិ មាតុភូមិ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយ​កុំមើល​ងាយគេពេក ប៉ុន្ដែត្រូវវិភាគរិះគន់ដើម្បីស្ថាបនា។ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបាន​យល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលពីមុន មាន មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍​បន្ថែម​នូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយមួយ គឺមិនមែនជាការដាក់ចេញនូវគោលនយោបាយដែលស្អាត​ ឬពិរោះស្ដាប់នោះទេ ប៉ុន្ដែជាការដាក់​ចេញនូវគោលនយោបាយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយគោលនយោបាយ​ដែលបានដាក់ចេញហើយ គឺត្រូវតាមដានលើការអនុវត្តចំពោះគោលនយោបាយ​ទាំងនោះ​ឱ្យបានជាប់ជានិច្ច។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​អន្តរជាតិ​នានា ដែលបានផ្ញើសារលិខិតអបអរសាទរ ចំពោះការឡើងតំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភារបស់ឯកឧត្ដម។ ខណៈការផ្ញើសារលិខិតអបអរសាទរនេះ គឺមិនមែនជាកាតព្វកិច្ចរបស់ប្រទេសនានា ឬប្រទេសទំនាក់ទំនងការទូតណាមួយនោះទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា កូវីដ-១៩ សម្លាប់យើងពីរផ្នែក ទី១ គឺអាយុជីវិត ទី២ គឺសេដ្ឋកិច្ច។ ដូច្នេះការសម្រេចចិត្តដ៏លំបាករបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនោះ ​គឺជាការសម្រេចចិត្តដ៏លំបាក ដើម្បីថែរក្សាអាយុជីវិតរបស់ប្រជាជនផង​តាមរយៈការ​បញ្ចេញថវិកាសន្សំរបស់រដ្ឋផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងរក្សាឱ្យបាននូវស្ថិរភាព​របស់​ប្រទេសកម្ពុជា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ខ្ញុំគ្មានពេលឈ្លោះជាមួយអ្នកនយោបាយរត់ចោលស្រុកមួយចំនួននោះទេ ពេលវេលារបស់ខ្ញុំគឺទុកសម្រាប់ប្រទេសជាតិ និងប្រជាជន។ ប៉ុន្ដែបើចង់ឈ្លោះចាំឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ។ ប៉ុន្ដែពេលខ្លះខ្ញុំក៏ត្រូវមានមតិខ្លះដែរ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកមួយចំនួនថា បើធ្វើបាតុកម្មនៅក្រៅស្រុក សូមធ្វើដោយស្របច្បាប់ប្រយ័ត្នផ្ទុយពីច្បាប់នៅស្រុកគេ។ឯកឧត្ដមបណ្ឌិតបន្តថា ពេលនេះគឺជាពេលជជែកគ្នាពីគោលនយោបាយ និង អនុសាសន៍នានា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ មិនមែនជាពេលវេលាធ្វើបាតុកម្មនោះទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមដែលខ្ញុំបង្កើតមុនគេ គឺជាក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋនូវទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយថ្មីសម្រាប់អាណត្តិទី៧នេះ គឺទី១ ថែរក្សាស្ថិរភាពនយោបាយ និងសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលថ្នាក់ដឹកនាំអាណត្តិចាស់បានខិតខំកសាង និងបង្កើតឡើងជាង ៤០ឆ្នាំមកនេះ និងទី២ បង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ មានដូចជា គោលនយោបាយគន្លឹះទាំង៦ និងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ កាលពីថ្ងៃទី ២៤ ខែសីហានេះ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេសជាច្រើនរូប។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកែទម្រង់លើវិស័យមុខងារសាធារណៈក៏ជាវិស័យអាទិភាពទីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។ ជាពិសេសគឺការជ្រើសរើសមន្រ្ដីរាជការថ្មី គឺត្រូវជ្រើរើសមន្រ្ដីឱ្យចូលបម្រើការងារឱ្យចំជំនាញច្បាស់លាស់។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រព័ន្ធលើកទឹកចិត្តថ្មី គឺផ្ដោតលើមន្រ្ដីដែលធ្វើការងារជំនាញច្បាស់លាស់ ជាពិសេសមន្រ្ដីដែលស្ថិតនៅលើមុខងារលើការរៀបចំផែនការ និងគោលនយោបាយ គឺត្រូវមានការលើកទឹកចិត្តបន្ថែម។ឯកឧត្តមបណ្ឌិត ណែនាំដល់ក្រសួងពាក់ព័ន្ធត្រូវរៀបចំបង្កើតឱ្យមានក្រុមការងារក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីរៀបចំចង់ក្រង និងសរសេរប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីគោលនយោបាយគន្លឹះអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣នេះ តែម្ដងគឺមិនអាចរងចាំឡើយចំពោះការងារបម្រើប្រជាពលរដ្ឋ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសអនុញ្ញាតដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន ១.៥ លាននាក់ ដើម្បីអាចបង្កើនជំនាញរបស់ខ្លួនបន្ថែមទៀតផងដែរ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវ ត្រូវបង្កើតឱ្យមានការប្រកួតប្រជែងលើប្រធានបទ សុខុមាលភាពកន្លែងការងារសម្រាប់បងប្អូនកម្មករនិយោជិតចាប់ពីឆ្នាំ ២០២៤ តទៅ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសទទួលរាល់ការរិះគន់ដើម្បីស្ថាបនា ប៉ុន្ដែមិនទទួលចំពោះការរិះគន់ដើម្បីតែវាយប្រហារ និងជាន់បន្លិចនោះទេ។ ដូច្នេះរាល់ការរិះគន់ គឺមិនមែនត្រូវតែមានការឆ្លើយតបគ្រប់ពេលនោះដែរ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅខណ្ឌពោធិ៍សែនជ័យ

2023/08/29 07:20:42 am        136
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូប, ដេរស្បែកជើង និងរោងចក្រផ្សេង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជិត៤០០នាក់​បញ្ចប់វគ្គ​បណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាព​អនុវត្ត​ការងារ​នៅ​មន្ទីរ​ប្រៃសណីយ៍និងទូរគមនាគមន៍ឆ្នាំ២០២៥ ប្រធានបទ “ជំរុញការចាប់យក​ឌីជីថល​ដើម្បី​ប្រសិទ្ធ​ភាពការងារ”
07/18/2025 11:07 AM
ការវាយប្រហារតាមអាកាសអ៊ីស្រាអែលនៅហ្កាហ្សាសម្លាប់មនុស្សជាង ៩០ នាក់ក្នុងពេល ២៤ម៉ោង រួមទាំងអ្នកស្វែងរកជំនួយ
07/18/2025 11:07 AM
ចិនបានដាក់ការរឹតត្បិតថ្មីលើបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនី ក្នុងចំណាត់ការចុងក្រោយដើម្បីពង្រឹងការគ្របគ្រង
07/18/2025 10:07 AM
យោធាមីយ៉ាន់ម៉ា ដណ្តើមយកទីប្រជុំជនយុទ្ធសាស្ត្រពីក្រុមឧទ្ទាមមកវិញ ក្រោយប្រឹងប្រែងអស់មួយឆ្នាំ
07/18/2025 10:07 AM
ពលរដ្ឋអាមេរិក ចេញតវ៉ាទូទាំងប្រទេសប្រឆាំងលោក Trump ជុំវិញការបង្រ្កាបអន្តោប្រវេសន៍ និងការកាត់ជំនួយ
07/18/2025 10:07 AM
អាមេរិក៖ ខ្លួនមិនគាំទ្រការវាយប្រហារនៅស៊ីរីរបស់អ៊ីស្រាអែលទេ ខណៈលោកSharaa ប្តេជ្ញាការពារ ជនជាតិភាគតិច Druze
07/18/2025 10:07 AM
រុស្ស៊ីគំរាមលោកខាងលិចពីការវាយប្រហារជាមុន ខណៈណាតូសម្លឹងរកការបញ្ជូនប្រព័ន្ធការពារដែនអាកាសប៉ាទី្រយ៉ូតឱ្យបានលឿន
07/18/2025 10:07 AM
លោក Trump ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានឈាមកកក្នុងសរសៃឈាម បន្ទាប់ពីជើងហើម និងស្នាមជាំលើដៃ
07/18/2025 10:07 AM
អឺរ៉ុប ព្រមានដាក់ទណ្ឌកម្ម UN ឡើងវិញលើអ៊ីរ៉ង់ បើពុំមានវឌ្ឍនភាពជាក់ស្តែងលើកិច្ចចរចានុយក្លេអ៊ែរ
07/18/2025 09:07 AM
ការស្ទង់មតិ៖ សង្គ្រាមហ្កាហ្សា ជាបញ្ហាសំខាន់បំផុតសម្រាប់សាធារណជនអ៊ីស្រាអែល នៅមុនការបោះឆ្នោតបន្ទាប់
07/18/2025 09:07 AM