ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងចំហេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

2023/08/10 06:58:33 pm        125
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ចំហេះព្រៃដែលជំរុញបន្ថែមដោយខ្យល់នៃព្យុះសង្ឃរាដ៏ឆ្ងាយមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងបានបង្កការខូចខាតយ៉ាងធំធេងនៅលើកោះ Maui (ម៉ូអ៊ី) នៃរដ្ឋហាវ៉ៃ កាលពីថ្ងៃពុធ (៩ សីហា) ដោយបង្ខំមនុស្សមួយចំនួនឲ្យលោតចូលទៅក្នុងមហាសមុទ្រដើម្បីគេចពីផ្សែង និងអណ្តាតភ្លើង។ផ្នែកខាងលិចនៃកោះនេះ រួមទាំងរមណីយដ្ឋានទេសចរណ៍ ឡាហេណា (Lahaina) ស្ទើរតែត្រូវបានកាត់ផ្តាច់ ដោយមានតែផ្លូវហាយវេមួយខ្សែប៉ុណ្ណោះដែលនៅតែបើក ខណៈក្រុមមន្ត្រីបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលមិនអាចកំណត់ពីទំហំនៃការខូចខាតបាននៅឡើយ។ ស្ថានភាពនៅរដ្ឋហាវ៉ៃ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនៅរដូវក្តៅនេះ ដោយសារចំហេះព្រៃដែលបណ្តាលមកពីកម្ដៅដ៏ខ្ពស់ បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលជំរុញដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កំពុងកើតឡើងញឹកញាប់ និងបង្កើនអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ ដោយពួកអ្នកវិទ្យាសាស្រ្តបានព្រមានជាយូរមកហើយថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសដើម្បីការពារគ្រោះមហន្តរាយអាកាសធាតុ៕

មេដឹកនាំកូរ៉េខាងជើង ជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់ ដោយអំពាវនាវឱ្យត្រៀមសម្រាប់សង្រ្គាម

2023/08/10 06:55:37 pm        126
កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធា ហើយបានអំពាវនាវឱ្យមានកាត្រៀមលក្ខណៈបន្ថែមទៀតសម្រាប់លទ្ធភាពនៃផ្ទុះសង្គ្រាមដែលអាចកើតមាន ដោយការជំរុញការផលិតសព្វាវុធ និងការពង្រីកសមយុទ្ធយោធា។ប្រព័ន្ធផ្សព្វផ្សាយដដែល បាននិយាយថា លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធាមជ្ឈិម ដែលធ្វើឡើងកាលពីថ្ងៃពុធ (៩ សីហា) ហើយបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង ដែលខ្លួនមិនបញ្ចេញឈ្មោះ។ រូបថតដែលចេញផ្សាយដោយទូរទស្សន៍ KRT បង្ហាញថាលោក គីម ចង្អុលទៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីកូរ៉េខាងត្បូងនៅលើផែនទី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកឧត្តមសេនីយ៍ រី យ៉ុងគីល (Ri Yong Gil) ត្រូវបានតែងតាំងជំនួសឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធាលោក ផាក ស៊ូអ៊ីល (Pak Su Il) ដែលជានាយអគ្គសេនាធិការ ដោយមិនបានបញ្ជាក់ព័ត៌មានលម្អិត។ គេមិនច្បាស់នោះទេថា តើលោក រី នឹងរក្សាតួនាទីរបស់ខ្លួនជារដ្ឋមន្ត្រីការពារជាតិ ឬយ៉ាងណា។របាយការណ៍បាននិយាយថា លោក គីម ក៏បានកំណត់គោលដៅសម្រាប់ការពង្រីកសមត្ថភាពផលិតសព្វាវុធផងដែរ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិត។ កាលពីសប្តាហ៍មុន លោកបានទៅពិនិត្យរោងចក្រផលិតសព្វាវុធ ដែលលោកបានអំពាវនាវឲ្យផលិតម៉ាស៊ីនមីស៊ីល កាំភ្លើងធំ និងអាវុធជាច្រើនផ្សេងៗបន្ថែមទៀត៕

ពលរដ្ឋគុយបាសម្រុកទៅលេងឆ្នេរសមុទ្រ ខណៈរលកកម្ដៅវាយប្រហាររដ្ឋធានីឡាហាវ៉ាន

2023/08/10 06:52:13 pm        106
គុយបា៖ ប្រជាជនគុយបាបាននាំគ្នាទៅកាន់ឆ្នេរសមុទ្រកាលពីថ្ងៃពុធ (៩ សីហា) ខណៈដែលសីតុណ្ហភាពនៅក្នុងប្រទេសកោះនៅមហាសមុទ្រការ៉ាអ៊ីបមួយនេះ បានឡើងដល់កម្រិត៤០អង្សាសេ (១០៤ ហ្វារិនហៃ) ក្នុងរលកកម្ដៅដ៏ខ្លាំងក្លា។ ក្រុមមន្ត្រីបាននិយាយថា ខែកក្កដាគឺជាខែដែលមានសីតុណ្ហភាពក្តៅបំផុតរបស់ប្រទេសកោះនេះចាប់តាំងពីឆ្នាំ១៩៥១មក។ វិទ្យាស្ថានឧតុនិយមរបស់ប្រទេសគុយបាបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺកម្រិត ២៩,១អង្សាសេ (៨៤,៣៨ ហ្វារិនហៃ)។កម្ដៅពីមហាសមុទ្រនៅជុំវិញប្រទេសគុយបា ក៏ជាការរួមចំណែកធ្វើឲ្យសីតុណ្ហភាពពេលយប់នៅក្នុងប្រទេសនេះ មានសភាពក្តៅខ្លាំងខុសប្លែកធម្មតា ដោយធ្វើឱ្យអ្នកស្រុកគេងមិនលក់ និងបង្កើនភាពតានតឹងនៅក្នុងប្រទេសដែលរងគ្រោះរួចទៅហើយដោយកង្វះអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។កំណើនជាបន្តបន្ទាប់ និងការហក់ឡើងនៃអាកាសធាតុធ្ងន់ធ្ងរ ទាំងនៅលើដី និងក្នុងមហាសមុទ្រ គឺជាសញ្ញានៃបម្រែបម្រួលអាកាសធាតុសកល ជាកត្តាជំរុញដោយមនុស្ស ដែលកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ដោយអ្នកជំនាញក្នុងវិស័យនេះបាននិយាយថា រលកកម្ដៅដ៏ខ្លាំងក្លារំពឹងថានឹងបន្តពេញមួយខែសីហានេះផងដែរ៕

លោក Biden បញ្ជាឲ្យហាមឃាត់ការវិនិយោគលើបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន

2023/08/10 06:47:53 pm        90
អាមេរិក៖ លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានចុះហត្ថលេខាលើក្រឹត្យដែលនឹងហាមឃាត់ការវិនិយោគថ្មីមួយចំនួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិនក្នុងបច្ចេកវិទ្យារសើបដូចជាបន្ទះឈីបកុំព្យូទ័រនិងតម្រូវឲ្យមានការជូនដំណឹងពីរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យាផ្សេងទៀត។ក្រឹត្យដែលបានរង់ចាំជាយូរមកហើយ អនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកហាមឃាត់ ឬដាក់កម្រិតការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គភាពអាជីវកម្មរបស់ចិនក្នុងវិស័យចំនួនបីគឺ ឧបករណ៍បន្ទះអេឡិចត្រូនិក និងបន្ទះឈីប  បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។ រដ្ឋបាលបាននិយាយថាការរឹតបន្តឹងនឹងអនុវត្តចំពោះ ផ្នែកតូចចង្អៀត នៃវិស័យទាំងបីប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ទេ។ សំណើនេះត្រូវបានបើកសម្រាប់ការបញ្ចូលទិន្នន័យជាសាធារណៈ។ ក្រឹត្យនេះមានគោលបំណងរារាំងដើមទុន និងក្រុមអ្នកជំនាញរបស់អាមេរិកកុំឲ្យជួយប្រទេសចិន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដែលអាចគាំទ្រដល់ទំនើបកម្មយោធារបស់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វិធានការទាំងនេះផ្តោតលើភាគហ៊ុនឯកជន ដើមទុនបណ្តាក់ទុន ការបណ្តាក់ទុនរួមគ្នា និងការវិនិយោគលើវិស័យបៃតង។ លោក Biden មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយនៅក្នុងលិខិតមួយទៅកាន់សភាថា លោកកំពុងប្រកាសភាពអាសន្នថ្នាក់ជាតិ ដើម្បីដោះស្រាយការគំរាមកំហែងនៃការរីកចម្រើនដោយប្រទេសនានាដូចជាប្រទេសចិន នៅក្នុងបច្ចេកវិទ្យា និងផលិតផលដ៏រសើបចំពោះយោធា ផ្នែកចារកម្ម ការឃ្លាំមើល ឬសមត្ថភាពដែលអាចប្រើអ៊ីនធឺណិតបាន។ចំណែកប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រឹត្យនេះ ហើយថាខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការតប៕

ប្រទេសប៉ាគីស្ថាន បានពន្យារពេលការបោះឆ្នោតក្នុងវិបត្តិនយោបាយចុងក្រោយបំផុត

2023/08/10 06:45:30 pm        79
ប៉ាគីស្ថាន៖ សភាប៉ាគីស្ថាន ត្រូវបានរំលាយជាផ្លូវការ ប៉ុន្តែការបោះឆ្នោតដែលមានន័យថានឹងត្រូវបានពន្យារពេលក្នុងរយៈពេល៩០ថ្ងៃ ទំនងជាត្រូវពន្យារពេល ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា ព្រំដែននៃការបោះឆ្នោតត្រូវតែត្រូវបានគូរឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីទិន្នន័យជំរឿនថ្មីៗ ដែលជាដំណើរការ ត្រូវការរយៈពេលជាច្រើនខែ។  កាលពីសប្ដាហ៍មុន អតតីនាយករដ្ឋមន្ត្រី លោក អ៊ីមរាន ខាន់ (Imran Khan) ត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារ៣ឆ្នាំ និងបានហាមប្រាមពីឆាកនយោបាយរយៈពេល៥ឆ្នាំ ។លោកបានជំទាស់ដោយបើកចំហចំពោះការបង្កើតយោធាដ៏មានឥទ្ធិពល ហើយបានអះអាងថា នេះជាការបង្កភាពជ្រួលច្របល់ នៃការបោះឆ្នោត។ ខណៈដែលបទបញ្ជារបស់លោកប្រធានាធិបតី អារីហ្វ អាល់វី (Arif Alvi) កាលពីថ្ងៃពុធឲ្យរំលាយសភា រដ្ឋាភិបាលចាំផ្ទះ នឹងទទួលបន្ទុក ។លោកនាយករដ្ឋជិតផុតអាណត្តិ សេបាស សារីហ្វ (Shehbaz Sharif) និង រដ្ឋាភិបាល របស់លោកត្រូវបានផ្ដល់រយៈពេលឲ្យ៣ថ្ងៃ ដើម្បីតែងតាំងមេដឹកនាំអន្តរកាលមួយរូប។ គណៈកម្មការរៀបចំការបោះឆ្នោតជាន់ខ្ពស់ប៉ាគីស្ថានមួយរូបបានប្រាប់សារព័ត៌មាន BBC ថា ការបោះឆ្នោត នឹងត្រូវរៀបចំឡើងនៅពេលដែលការធ្វើជំរឿនត្រូវបានបញ្ចប់រួចរាល់ ដែលនឹងត្រូវការពេលវេលាប្រហែល៤ខែ ។ជាលទ្ធផល ការបោះឆ្នោតអាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ៕

សហរដ្ឋអាមេរិកចេញទណ្ឌកម្មថ្មីប្រឆាំងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី គឺប្រទេសបេឡារុស

2023/08/10 06:42:33 pm        94
អាមេរិក៖ ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុសកាលពីថ្ងៃពុធ (ទី៩ សីហា) ដោយបន្ថែមថា ខ្លួនកំពុងរៀបចំដាក់បុគ្គលចំនួន ៨រូប និងអង្គភាពចំនួន៥ ទៅក្នុងបញ្ជីមួយជុំវិញការចោទប្រកាន់ថា បានផ្តល់មូលនិធិដល់រដ្ឋាភិបាលបេឡារុស។ ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វិធានការនេះ កំណត់គោលដៅទៅលើអង្គភាពមួយចំនួនដែលពាក់ព័ន្ធនឹងការបន្តការគាបសង្កត់សង្គមស៊ីវិលរបស់របបបេឡារុស ភាពស្មុគស្មាញនៅក្នុងសង្គ្រាមអយុត្តិធម៌របស់សហព័ន្ធរុស្ស៊ី នៅប្រទេសអ៊ុយក្រែន និងការពង្រឹងនៃរបបមេដឹកនាំបេឡារុសដែលផ្តាច់ការ គឺ លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko)។ លោកលូកាសិនកូ បានចោទប្រកាន់លោកខាងលិចម្តងហើយម្តងទៀតថា បានព្យាយាមផ្តួលរំលំរូបលោក បន្ទាប់ពីការតវ៉ាដ៏ធំប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់ បានផ្ទុះឡើងក្នុងឆ្នាំ២០២០ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលក្រុមប្រឆាំង បាននិយាយថា គាត់បានឈ្នះឆ្នោតដោយការក្លែងបន្លំ។ លោកលូកាសិនកូ បាននិយាយថា គាត់បានឈ្នះដោយយុត្តិធម៌ ខណៈពេលដែលបានធ្វើការបង្រ្កាបជាទូទៅទៅលើក្រុមប្រឆាំងរបស់លោក។ទណ្ឌកម្មរបស់លោកខាងលិច ត្រូវបានដាក់លើប្រទេសបេឡារុស ក្នុងរយៈពេលជាច្រើនឆ្នាំទាក់ទងនឹងការបង្រ្កាបដែលត្រូវបានចោទប្រកាន់ និងការក្លែងបន្លំការបោះឆ្នោត។ ទីក្រុងមីនស្ក៍ (Minsk) ក៏បានអនុញ្ញាតឲ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបញ្ជូនទ័ពចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

លោកអភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យ ទីតាំងដាក់ប្រព័ន្ធលូរំដោះទឹក និងអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់

2023/08/10 06:27:10 pm        133
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះត្រួតពិនិត្យមើលទីតាំងជួសជុលប្រព័ន្ធលូរំដោះទឹក និងការអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ជាដើម ដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ កាត់បន្ថយការជន់លិច ជាពិសេសតំបន់ស្តុបផ្សារដេប៉ូ មូលដ្ឋានខណ្ឌ៧មករា។ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១០ ​ខែសីហាឆ្នាំ ២០២៣ នេះ លោកថេង សុថុល អភិបាល​នៃ​គណៈអភិបាលខណ្ឌ៧មករា ​បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលទីតាំង​ ជួសជុលប្រព័ន្ធលូ នៅ​តាមបណ្ដោយផ្លូវលេខ ២១៥ (មហាវិថីហ្សាហារឡាលនេហ៍រុន) និងការអ៊ុតកៅស៊ូផ្លូវជង្ហុក​សំបុកមាន់ ផ្លូវលេខ២៣២ ក្នុងមូលដ្ឋានខណ្ឌ៧មករា។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ​បានលើកឡើង រដ្ឋបាលខណ្ឌ៧មករា សូមថ្លែង​អំណរអរគុណ ​ដល់ឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ដែលបានទទួលយក​នៅ​សំណូមពរ របស់ខណ្ឌ ​ការដាក់ប្រព័ន្ធលូររំដោះទឹក​ ក្បែរចំណុចស្តុបអាងទឹកផ្លូវលេខ២១៥ ដើម្បី​បង្ហូទឹកចូល​ប្រព័ន្ធលូរមេ​ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ ​មានការលិចផ្លូវ ជាងខ្លាំងនៅ​ផ្លូវលេខ២១៥ ​ចំណុចស្តុបផ្សារដេប៉ូ នេះ ​ធ្វើឲ្យអ្នកធ្វើដំណើរលំបាក។ដូច្នេះ បានដាក់ប្រព័ន្ធ​លូមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។លោក អភិបាលបានបន្តលើកឡើងថា ​រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ​ក្រោយការផ្លាស់ប្ដូរប្រព័ន្ធ​លូមេ​ នៅចំណុចស្តុបផ្សារដេប៉ូរួច​ ការជន់លិចអាចកាត់បន្ថយបានច្រើន ​ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា ​និងផ្លូវលេខ២១៥ ​ចំណុចស្តុបផ្សារដេប៉ូ ​មូលដ្ឋានខណ្ឌ៧មករា។ជាចុងក្រោយរដ្ឋបាលខណ្ឌសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋាន​នៅតាមបណ្ដោយ​ផ្លូវ​លេខ២១៥ទាំងអស់គ្នា ​សូមចូលរួម​ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ​ ជៀសវាង​ហូរចូលមាត់លូរ បង្កការ​កកស្ទះប្រព័ន្ធទឹក ​និងដើម្បីរក្សារបរិស្ថានអនាម័យ​ សណ្ដាប់ធ្នាប់សាធារណៈ បាន​ល្អប្រសើរ៕ អត្ថបទ៖ កុម្ភៈ

មនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ ផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពក្តីមេត្តា និងការយោគយល់

2023/08/10 05:50:38 pm        326
ភ្នំពេញ៖ មនី្ទរពេទ្យបង្អែកដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់សេវាថែទាំសុខភាព​ប្រកប​ដោយប្រសិទ្ធភាព កី្តមេត្តា និងការយោគយល់ ដើម្បីធានាបានថា ​បងប្អូនប្រជាពលរដ្ឋមកពិនិត្យ ពិគ្រោះព្យាបាលជំងឺ មានភាពសុខភាពល្អ ក្រោយទទួលការថែទាំសុខភាព។បើតាមលោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមនី្ទរពេទ្យបង្អែកដង្កោ ​តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ​នៅមនី្ទរពេទ្យបង្អែកដង្កោ ​ឈរលើគោលការណ៍សមធម៌​ ការផ្តល់សេវាថែទាំសុខភាព គឺស្មើភាពគ្នា។ ជាពិសេសថ្មីៗនេះ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក ក្រុង-ខណ្ឌ-រាជធានី-ខេត្ត ក៏ដូចជាបណ្ណ​ប.ស.ស.សម្រាប់​កម្មករ និយោជិតក្នុងប្រព័ន្ធ មន្រី្តរាជការ និងអតីតយុទ្ធជន ​និងសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងប័ណ្ណសមធម៌ សម្រាប់គ្រួសារក្រីក្រកម្រិត១ និងកម្រិត២។ ​ដោយផ្តោតលើស្រី្ត ដែលមក​ពិនិត្យផ្ទៃពោះ តាមកាលវិភាគ គាត់នឹងទទួលបានថវិកាបន្ថែមទៀត។នេះជាសញ្ញាបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានយកចិត្តទុកណាស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ​ជាពិសេសស្រី្ត ដែល​មានផែនការយកបុត្រធីតា គឺឲ្យគាត់ទទួលបានសុខភាពមាំទាំ និងបុត្រធីតា​ មានសុខភាពល្អ គឺជាទំពាំស្នងឬស្សី ដែលមានគុណភាពនាពេលខាងមុខ។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងមូលដ្ឋាន​ខណ្ឌដង្កោ មកទទួលសេវាថែទាំសុខភាពពីក្រុមការងារគ្រូពេទ្យ ​នៅមនី្ទរពេទ្យបង្អែកដង្កោ បាន​លើកឡើងរួមគ្នាថា ​ការផ្តល់សេវារបស់គ្រូពេទ្យជូនគាត់ ពិតជាល្អ និងមានគុណភាពប្រសិទ្ធភាព​គួរជាទីទុកចិត្ត និងលើកទឹកចិត្តដល់គាត់ឲ្យប្រើប្រាស់សេវារបស់មនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ នៅពេលមាន​បញ្ហាសុខភាព។ ជាពិសេសគាត់ មានប័ណ្ណប.ស.ស. និងប័ណ្ណមូលនិធិសមធម៌ មកពិនិត្យសុខភាព និងព្យាបាលជំងឺ ព្រមទាំងទទួលឱសថ និងពិនិត្យផ្ទៃពោះ ដោយមិនអស់​ថវិកានោះទេ។ ដូច្នេះគាត់ពិតជាសប្បាយចិត្តជាពន់ពេក ដែល​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់មកលើកម្មករ កម្មការិនី ​និងបងប្អូនប្រជាពលរដ្ឋ ដើម្បីព្យាបាល​ជំងឺដោយអស់ថវិកា។លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន បានបញ្ជាក់ផងដែរថា មនី្ទរពេទ្យបង្អែកដង្កោ ​ជាមនី្ទរពេទ្យកម្រិត០១ ហៅកាត់ថា CPA1 ។ ដូច្នេះការផ្តល់សេវាជូនប្រជាពលដ្ឋ ដោយផ្តោតសំខាន់ទៅលើការ​ពិគ្រោះ​ជំងឺក្រៅ ការសម្រាកព្យាបាលជំងឺ សម្រាប់កុមារ ​និងមនុស្សចាស់ ​ការថែទាំមុនសម្រាល និងក្រោយសម្រាល មានផ្នែកសម្ភព ​និងរោគស្រី្ត ផ្នែកសង្រ្គោះបន្ទាន់ និងផ្នែកវះកាត់តូច និង​ផ្នែកផ្សេងៗទៀត​ ដើម្បីលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕អត្ថបទ រដ្ឋា

ហ្វីលីពីន និងអាមេរិក នឹងចាប់ផ្តើមការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ

2023/08/10 05:36:30 pm        158
ហ្វីលីពីន៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមការល្បាតរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ដែលបង្កឡើងដោយកំណើននៃការវាតទីរបស់ប្រទេសចិន និងការប្រើកាណុងបាញ់ទឹកដាក់នាវាហ្វីលីពីន ពីឆ្មាំល្បាតឆ្នេរចិន។ការល្បាតរួមគ្នានោះបានស្ថិតនៅក្នុងការគ្រោងទុកចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ឡើងកាន់អំណាចកាលពីឆ្នាំមុនមក ដោយបានបង្វែរគោលជំហររបស់លោកអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ទីក្រុងប៉េកាំង ក្នុងអំឡុងពេលដែលប្រទេសចិនកាន់តែពង្រឹងការអះអាងសិទ្ធិលើដែនដីរបស់ខ្លួន។លោក Jonathan Malaya អ្នកនាំពាក្យក្រុមកងកម្លាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានប្រាប់សារព័ត៌មាន BenarNews ថា «ការពិភាក្សាលើការល្បាតរួមគ្នានោះ គឺស្ថិតក្នុងដំណាក់កាលជឿនលឿន ហើយវានឹងធ្វើឡើងនៅក្នុងឆ្នាំនេះ»។ លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយលើកឡើងពីភាពរសើបនៃបញ្ហានេះ ហើយមិនទាន់មានការឆ្លើយតបភ្លាមៗពីស្ថានទូតអាមេរិកចំពោះសំណើសុំធ្វើអត្ថាធិប្បាយនោះដែរ៕

រាជរដ្ឋាភិបាលបន្តបង្កើនទំហំផ្ទៃដីជម្រកសត្វព្រៃ២ទៀត គឺជម្រកសត្វព្រៃភ្នំសំកុស និងជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

2023/08/10 05:15:51 pm        328
ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជា បានបន្តចេញអនុក្រឹត្យកែប្រែង្កើនទំហំផ្ទៃដីសម្រាប់ជម្រកសត្វព្រៃ​ចំនួនពីរ​បន្ថែមទៀត​ គឺជម្រកសត្វព្រៃភ្នំសំកុស ​ដែលពីផ្ទៃដី៣៣៣៧៥០ហិកតាទៅដល់៣៦២៣៨៤ ហិកតា ​ខណៈជម្រកសត្វព្រៃគូលែន-ព្រហ្មទេពពី៤០២៥០០ហិកតាទៅ៤២៨៩៧១ហិកតា។តាមអនុក្រឹត្យ ​ដែលបានចេញព្រមគ្នារបស់រាជរដ្ឋាភិបាល ហើយ​ទូរទស្សន៍​BTVទទួលបាន ​នាថ្ងៃទី​១០ ​ខែសីហា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ​ការដែលរាជរដ្ឋាភិបាលសម្រេចកែប្រែ ដោយបង្កើន​ទំហំផ្ទៃដី ​សម្រាប់ជម្រកសត្វព្រៃទាំងពីរនេះ ​គឺក្នុងគោលបំណង​ធានាឱ្យមានការថែទាំទីជម្រក​សត្វព្រៃ​និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទ​ណាមួយនៃសត្វ រុក្ខជាតិ ​និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួល​អាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការប្រើប្រាស់ធនធាន​ធម្មជាតិប្រកប​ដោយសនិទានភាពនិងនិរន្តរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា​សាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង​ ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ ​និងខេត្តឧត្តរមានជ័យ ​ហើយសម្រាប់ ​ដែនជម្រកសត្វព្រៃភ្នំសំកុស គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់ ​ខេត្តបាត់ដំបង ​និងខេត្តកោះកុង។រាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីនេះ ​ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និង​គ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃទាំងពីរខាងលើនេះ ​ដោយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល ដែលជាប់ពាក់ព័ន្ធ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ​ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាម​ព្រះរាជក្រឹត្យស្តីពីការបង្កើត​តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្រប​តាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំងអស់ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ​ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Xi ចេញ​ដំណើរទៅសហរដ្ឋអាមេរិក សម្រាប់​ទស្សនកិច្ចផ្លូវរដ្ឋ និងជំនួប​កំពូលជាមួយលោក Trump
09/23/2026 06:09 PM
អ៊ីរ៉ង់ បញ្ជាក់​ថា មាន​ការ​ទាក់​ទង​ជាមួយអាមេរិក តាមរយៈកាតា និងបានបញ្ជាក់​ពី​លក្ខខណ្ឌរបស់ខ្លួន
09/23/2026 06:09 PM
អង្គការមនុស្សធម៌របស់UN បង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលកំពុងកើនឡើងនៅប្រទេសស៊ូ ដង់
09/23/2026 06:09 PM
ក្រុមប្រឹក្សាសន្តិភាពរបស់លោក TRUMP នឹងបង្ហាញផែនការស្តារហ្កាហ្សាដែលមានទឹកប្រាក់ ២,៤៥ ពាន់លានដុល្លារ
09/23/2026 06:09 PM
កំណើនសេដ្ឋកិច្ចសកល​ថយចុះ ក្នុង​អំឡុង​ពេលនៃ​ជម្លោះ នៅតំបន់​មជ្ឈិមបូព៌ា
09/23/2026 06:09 PM
ប្រធានកងរក្សាសន្តិភាព៖ UN នៅតែប្តេជ្ញាចំពោះតួនាទីរបស់ខ្លួន នៅលីបង់ ទោះបី UNIFIL បញ្ចប់បេសកកម្មក្តី
09/23/2026 06:09 PM
របាយការណ៍៖ មេដឹកនាំមីយ៉ាន់ម៉ា បញ្ជាក់ថា លោកមាន​ «ភាព​អត់ឱន​ខ្លាំង​បំផុត» ចំពោះលោកស្រី ស៊ូជី
09/23/2026 06:09 PM
មេបញ្ជាការជាន់ខ្ពស់ NATO ព្រមានថា លោក PUTIN កាន់តែហ៊ានប្រឈមនឹងហានភ័យ ខណៈសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយ
09/23/2026 06:09 PM
កងទ័ពប្រទេសឥណ្ឌា និងអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នានៅតំបន់វាលខ្សាច់
09/23/2026 06:09 PM
លោក Macron៖ បារាំងត្រៀមរួចរាល់ចូលរួមបន្ថែមទៀត ដើម្បីធានាដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
09/23/2026 06:09 PM