សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា
ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក៖ ប្រមុខការពារជាតិរុស៊ីធ្វើទស្សនកិច្ច នៅកូរ៉េខាងជើងស្វែងរកការគាំទ្រផ្នែកយោធា

2023/08/04 07:33:04 pm        249
អាមេរិក៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុនគឺត្រូវជំរុញឲ្យទីក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យទីក្រុងមូស្គូ។ លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ។ លោកបានជួបសន្ទនាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើងរបស់លោក លោក Kang Sun Nam និងមេដឹកនាំប្រទេសលោក Kim Jong Un។និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថារុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយបែបនេះ ខណៈទទួលបានគ្រាប់កាំភ្លើងធំពីទីក្រុងព្យុងយ៉ាង។ លោក Kirby និយាយថាអាមេរិក នៅតែមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង បន្តសំឡឹងមើលការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។  លោកនិយាយថា កិច្ចព្រមព្រៀងអាវុធណាមួយ រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោក Kirby និយាយថា ជាលទ្ធផលដែលរងផលប៉ះពាល់ដោយទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលត្រូវបានដាក់ដោយប្រទេសលោកខាងលិច ប្រទេសរុស្ស៊ីកំពុងងាកទៅរកប្រទេសនានាដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការគាំទ្រសម្រាប់សង្គ្រាម។  លោកនិយាយថា សហរដ្ឋអាមេរិក នឹងបន្តកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងរដ្ឋដ៏ទៃទៀត ដែលអាចត្រូវបានត្រៀមគាំទ្រសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕

ក្រុមហ៊ុន Amazon ព្យាករថា ប្រាក់ចំណូល នៅត្រីមាសទី៣ លើសពីការរំពឹងទុក

2023/08/04 07:26:55 pm        266
អាមេរិក៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក Amazon.com ព្យាករណ៍ពីប្រាក់ចំណូលត្រីមាសទី៣ ថា លើសពីការរំពឹងទុករបស់ផ្សារហ៊ុន Wall Street កាលថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ដោយចំណូលនេះ ត្រូវបានជំរុញដោយការលក់ក្នុងព្រឹត្តិការណ៍ Prime Day ដ៏ធំបំផុតរបស់ខ្លួន ក្នុងខែកក្កដា ដែលបានទាក់ទាញអ្នកប្រើប្រាស់ ដែលដឹងពីតម្លៃចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ការលក់បញ្ចុះតម្លៃលើមុខទំនិញនានា និងកូដកិច្ចព្រមព្រៀងលើកដំបូងលើសេវាកម្ម ដូចជាការកក់សណ្ឋាគារ បានជំរុញឲ្យការលក់អនឡាញរបស់សហរដ្ឋអាមេរិក កើនឡើង ៦,១ភាគរយ គឺកើនដល់កំណត់ត្រា ១២,៧ពាន់លានដុល្លារ អំឡុងព្រឹត្តិការណ៍ទិញទំនិញរបស់ក្រុមហ៊ុន Amazon នេះ ខណៈជនជាតិអាមេរិក ដែលរងគ្រោះដោយអតិផរណា ប្រញាប់ប្រញាល់ចាប់យកឱកាសទិញទំនិញបន្ថែមទៀត។សមាជិក Prime ជិត ២០០លាននាក់របស់ក្រុមហ៊ុន Amazon សន្សំបានជាង ២,៥ពាន់លានដុល្លារ លើមុខទំនិញប្រហែល ៣៧៥លាន ដែលត្រូវបានលក់ ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ២ថ្ងៃ។ អ្នកវិភាគរំពឹងថា ដើម្បីបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងសេវាកម្មអាជីវករដែរ នៅពេលដែលពាណិជ្ជករភាគីទី៣ ចុះឈ្មោះកាន់តែច្រើន។ក្រុមហ៊ុនបានព្យាករពីការលក់សុទ្ធ ក្នុងត្រីមាសបច្ចុប្បន្ន ចន្លោះ ១៣៨ពាន់លានដុល្លារ និង ១៤៣ពាន់លានដុល្លារ។ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយក្រុមហ៊ុន Refinitiv រំពឹងថា ប្រាក់ចំណូលមានចំនួន ១៣៨,២៥ពាន់លានដុល្លារ៕

សាលារៀន ព្រះវិហារ និងយានយន្តត្រូវបានឆេះបំផ្លាញក្នុងការវាយប្រហារលួចដុត នៅឈីលី

2023/08/04 07:23:17 pm        240
ឈីលី៖ អគារថែទាំសុខភាពបឋម ព្រះវិហារ សាលារៀន មជ្ឈមណ្ឌលសហគមន៍មួយ និងយានយន្តជាច្រើនគ្រឿង ត្រូវបានឆេះបំផ្លាញនៅក្នុងការវាយប្រហារដោយចេតនាលួចដុតនៅក្នុងតំបន់ Araucania (អារ៉ូកានី) ដែលស្ថិតនៅដាច់ស្រយាលរបស់ប្រទេសឈីលី។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាអ្នកវាយប្រហារបានបន្សល់ទុកសារមួយនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់ ក្នុងពេលការបាញ់កាំភ្លើង។ គ្រូពេទ្យសង្គ្រោះបឋមម្នាក់ បានរងការរលាកស្រាល បន្ទាប់ពីលោកបានព្យាយាមពន្លត់អគ្គិភ័យ។ តំបន់ Araucania ខេត្តBiobio និងខេត្តArauco នៅក្នុងតំបន់ Biobio ស្ថិតនៅក្រោមច្បាប់រដ្ឋក្នុងគ្រាអាសន្នរយៈពេលជាង១ឆ្នាំមកនេះ។ នេះត្រូវបានរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche(ម៉ាពូឆេ) និងរដ្ឋាភិបាលប្រទេសឈីលី។ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយ ភាគខាងត្បូងទីក្រុង Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់ខ្លាំង។ សកម្មជនជនជាតិដើមភាគតិចនិយាយថា ដែនដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយវិស័យកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត និងបានបន្ទោសរដ្ឋចំពោះការមិនបានគាំទ្រសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ។

អ្នកគាំទ្រយោធាប្រទេសនីហ្សេ តវ៉ាចំពោះការដាក់ទណ្ឌកម្ម

2023/08/04 07:19:13 pm        250
នីហ្សេ៖ ក្រុមអ្នកគាំទ្រយោធាប្រទេសនីហ្សេរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Niamey កាលពីថ្ងៃព្រហស្បតិ៍អរបអរសម្រាប់យោធា និងតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មរបស់អាហ្វ្រិកខាងលិច។ ស្ត្រីម្នាក់និយាយថា ពលរដ្ឋនីហ្សេ មានសេរីភាពនៅថ្ងៃនេះ ជាថ្ងៃមួយដែលលោកស្រីនិយាយថាលោកស្រីមិនដែលឃើញនោះទេ។ ក្រុមអ្នកតវ៉ាមួយចំនួនទៀត បានរិះគន់ទណ្ឌកម្មដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS។ ទណ្ឌកម្មត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតី លោក Mohamed Bazoum ត្រូវបានផ្តួលរំលំកាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍ លោក Abdourahamane Tiani អតីតប្រធានកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសនីហ្សេ ចាប់តាំងពីពេលនោះមកបានប្រកាសខ្លួនឯងជាប្រមុខរដ្ឋ។ ប្រមុខការពារជាតិប្រចាំតំបន់ កំពុងពិភាក្សាគ្នាអំពីការធ្វើអន្តរាគមន៍ដែលអាចកើតមានដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះគឺជារដ្ឋប្រហារលើកទី៧ នៅប្រទេសអាហ្វ្រិកភាគកណ្តាលនិងភាគខាងលិច ចាប់តាំងពីឆ្នាំ២០២០ ហើយក្រោយមកកាលពីពេលថ្មីៗមានការដណ្តើមអំណាចដោយយោធានៅក្នុងប្រទេសម៉ាលី បួរគីណាហ្វាសូ និងប្រទេសហ្គីណេ។ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច និយាយថា រដ្ឋប្រហារនឹងលែងត្រូវបានអត់ឱនទៀតហើយនៅក្នុងតំបន់នេះ ហើយខ្លួនអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កងកម្លាំងប្រសិនបើទាហានមិនឲ្យលោក Bazoum ចូលកាន់អំណាចវិញនោះទេនៅត្រឹមថ្ងៃអាទិត្យ។ ឧបទ្ទវហេតុហិង្សា នៅក្នុងប្រទេសនីហ្សេ បានធ្លាក់ចុះជិត៤០ភាគរយ នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ៕

សិស្សសាលា ទាមទារឲ្យមានការដោះលែង គិលានុបដ្ឋាក ដែលត្រូវបានចាប់ជំរិតនៅហៃទី

2023/08/04 07:08:10 pm        219
ហៃទី៖ សិស្សសាលា ឪពុកម្តាយ និងគ្រូបង្រៀន បានទាមទារឲ្យមានការដោះលែងគិលានុបដ្ឋាក លោកស្រី Alix Dorsainvil កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Dorsainvil ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនាយកអង្គការជំនួយមនុស្សធម៌ផ្អែកលើជំនឿ El Roi Haiti ត្រូវបានចាប់ជំរិតរួមជាមួយកូនរបស់នាង នៅក្នុងទីក្រុងព័រអូប្រាំង កាលពីថ្ងៃទី២៧ ខែកក្កដា។ នៅបរិវេណអង្គការ El Roi ជាទីដែលលោកស្រី Dorsainvil ត្រូវបានចាប់ជំរិត សមាជិកជាច្រើនរបស់សាលាអង្គការ បានទាមទារឲ្យមានការដោះលែងលោកស្រី ដែលបានរំលឹកឡើងវិញពីការងារដ៏ល្អដែលលោកស្រីបានធ្វើនៅក្នុងសហគមន៍។ គេព្រួយបារម្ភថា ការចាប់ជំរិតនឹងបណ្តាលឲ្យសាលារៀនត្រូវបិទទ្វារ ខណៈមនុស្សជាច្រើនទទួលបានអាហារ ការថែទាំផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រដ៍ទៃទៀតតាមរយៈអង្គការ El Roi។  សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីលោក Joe Biden បានសង្ខេបខ្លីលើករណីនេះថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីជំរុញឲ្យមានការដោះលែង៕

រលកកម្ដៅដ៏ខ្លាំងបានជំរុញឱ្យអឺរ៉ុបបញ្ជាទិញម៉ាស៊ីនត្រជាក់ជាច្រើន

2023/08/04 07:05:03 pm        272
អឺរ៉ុប៖ រលកកម្ដៅដែលហក់ឡើងក្នុងរង្វង់៤០អង្សាសេនៅអឺរ៉ុប កំពុងជំរុញការលក់ម៉ាស៊ីនត្រជាក់ ជាផលិតផលដែលប្រជាជនអឺរ៉ុបជាច្រើនមិនមាន ឬកម្រប្រើក្នុងរដូវក្តៅ។ យោងតាមសារព័ត៌មាន AP កាលពីថ្ងៃពុធបានឲ្យដឹងថា សីតុណ្ហភាពខ្ពស់មិនធម្មតាជាច្រើនឆ្នាំបានផ្លាស់ប្តូរម៉ាស៊ីនត្រជាក់ពីការបំពាក់ដើម្បីប្រណីតភាព ទៅជាតម្រូវការចាំបាច់នៅក្នុងផ្នែកជាច្រើននៃទ្វីបអឺរ៉ុប។សូម្បីតែនៅប្រទេសបារាំង ជាទីដែលផ្ទះសម្បែង និងអគារលំនៅឋានភាគច្រើនមិនមានបំពាក់ម៉ាស៊ីនត្រជាក់ទាល់តែសោះនោះ ត្រូវបានគេមើលឃើញថា ម៉ាស៊ីនត្រជាក់ចំនួន១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ca' Foscari របស់ប្រទេសអ៊ីតាលីបានព្យាករណ៍ថា អត្រាជ្រៀតចូលម៉ាស៊ីនត្រជាក់តាមផ្ទះរបស់អេស្ប៉ាញនឹងឡើងដល់ ៥០% នៅឆ្នាំ២០៤០ ដោយកើនឡើងពីចំនួន ៥% កាលពីឆ្នាំ១៩៩០។ដោយសារអាកាសធាតុធ្លាប់តែត្រជាក់ សូម្បីតែក្នុងរដូវក្តៅក៏ដោយ ក៏ភោជនីយដ្ឋាន និងរោងកុនជាច្រើននៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចទំនងជាមិនសូវបើកម៉ាស៊ីនត្រជាក់ទេ។ លើសពីនេះ តម្លៃអគ្គិសនីគឺខ្ពស់ជាងនៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនចំណាយពេលវិស្សមកាលយូរនៅរដូវក្តៅ ដោយកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់។បណ្តាប្រទេសនៅអ៊ឺរ៉ុប រួមទាំងប្រទេសអេស្បាញ ជាប្រពៃណីបានយកឈ្នះលើអាកាសធាតុក្ដៅដោយការសម្រាកមិនចេញទៅណា ក្នុងអំឡុងរយៈពេលក្តៅបំផុត។ ទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅដ៏អាក្រក់បំផុតក្នុងរដូវក្តៅនេះ បានបង្ហាញថា វិធីសាស្រ្តទប់ទល់កម្ដៅទាំងនោះមិនមានប្រសិទ្ធភាពនោះទេ៕

រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ»

2023/08/04 07:03:04 pm        1555
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញអនុក្រឹត្យ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ»។ យោងតាមអនុក្រឹត្យ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំនេះ លើផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា (មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន ៩ ទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទីតាំង ៩កន្លែងនៃ តំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ» នេះ មានឈ្មោះនិងទំហំផ្ទៃដី ដូចជា ទី១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ ១០១,៤១១៩ហិកតា (មួយរយមួយហិកតាសែសិបមួយអាដប់ប្រាំបួន សង់ទីអា)។ ២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា)។ ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា(មួយហិកតាសាមសិបប្រាំមួយអាសសិបពីរ សង់ទីអា)។ ៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា(បើហិកតាដប់បួនអាហាសិបមួយសង់ទីអា)។ ៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា)។ ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា)។ ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា)។ ៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអាហុកសិបបួន សង់ទីអា)។ ៩- មណ្ឌលមុនីស្ថានតាបសភ្នំតូច មានផ្ទៃដីទំហំ៥,៧៦៧៩ហិកតា(ប្រាំហិកតាចិតសិបប្រាំមួយអា ចិតសិបប្រាំបួនសង់ទីអា)។

អ្នកស្រុក ប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋម៉ានីពួរ ដែលរងគ្រោះដោយអំពើហិង្សាក្នុងប្រទេសឥណ្ឌា

2023/08/04 07:02:31 pm        246
ឥណ្ឌា៖ ក្រុមអ្នកស្រុកជាពិសេសស្ត្រីមកពីសហគមន៍ជនជាតិភាគតិច ម៉ីតី បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងស្រុក Bishnupur នៃរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ (៣ សីហា) ។កងកម្លាំងសន្តិសុខបានប្រើការបាញ់ផ្លោងបំពង់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថា បានព្យាយាមចូលទៅក្នុងកន្លែងមួយដែលកុលសម្ព័ន្ធ គូគី រៀបចំពិធីបុណ្យសពដ៏ធំមួយ សម្រាប់ជនរងគ្រោះនៃការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច។ នៅព្រឹកថ្ងៃដដែលនោះ តុលាការក្នុងរដ្ឋបានបញ្ជាឱ្យពន្យារពេលការបញ្ចុះសពទៅរយៈពេលប្រាំពីរថ្ងៃបន្ទាប់។ទន្ទឹមនឹងនេះដែរ យោងតាមរបាយការណ៍ មនុស្សយ៉ាងហោចណាស់១៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ហើយការបន្ធូរបន្ថយបម្រាមគោចរត្រូវបានដកចេញពីផ្នែកខ្លះនៃរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះ។ រដ្ឋនេះបានក្លាយជានិមិត្តរូបនៃជម្លោះនិកាយដ៏សាហាវរវាងសហគមន៍ជនជាតិភាគតិច ម៉ីតី កុលសម្ព័ន្ធ គូគី ដែលបានសម្លាប់មនុស្សជាង១៨០នាក់ចាប់តាំងពីខែឧសភាមក៕

ក្រុមអ្នកតវ៉ាអាកាសធាតុ បានគ្របក្រណាត់ខ្មៅលើគេហដ្ឋានឯកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេស

2023/08/04 06:58:02 pm        264
អង់គ្លេស៖ ក្រុមយុទ្ធនាការបរិស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣ សីហា)ថា ក្រុមអ្នកតវ៉ាអាកាសធាតុ បានយកផ្ទាំងក្រណាត់ពណ៌ខ្មៅដ៏ធំ ទៅគ្របពីលើគេហដ្ឋានឯកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយថាមពលរបស់រដ្ឋាភិបាលរបស់លោក។វីដេអូដែលបង្ហោះដោយក្រុមបរិស្ថានចក្រភពអង់គ្លេស បានបង្ហាញក្រុមបាតុករឡើងទៅលើគេហដ្ឋាននោះ ដោយគ្របវាដោយក្រណាត់ខ្មៅ ខណៈមនុស្សពីរនាក់ទៀតកាន់បដាដែលសរសេរថា «តើលោក RISHI SUNAK ជ្រើសរើសយកចំណូលពីការជួញដូរប្រេង ឬក៏គិតពីអនាគតបរិស្ថានរបស់ប្រទេស?»។ការិយាល័យរបស់លោក Sunak មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះបញ្ហានេះទេ។ ចក្រភពអង់គ្លេសបានអនុម័តគោលដៅនៃការឈានដល់ការបំភាយឧស្ម័នកាបូនសុទ្ធស្មើសូន្យនៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក្នុងឆ្នាំ២០១៩ ហើយបានបង្កើនល្បឿនក្នុងការកសាងសមត្ថភាពថាមពលកកើតឡើងវិញរបស់ខ្លួន។ ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថានបានរិះគន់កំណត់ត្រាបំភាយឧស្ម័នកាបូនសុទ្ធរបស់រដ្ឋាភិបាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

របបសឹកនីហ្សេ ដកកិច្ចសហប្រតិបត្តិការយោធាជាមួយបារាំង

2023/08/04 06:54:58 pm        247
នីហ្សេ៖ របបសឹកនីហ្សេ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនបានដកកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាច្រើនជាមួយប្រទេសបារាំង បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Mohamed Bazoum ក្នុងរដ្ឋប្រហារកាលពីសប្តាហ៍មុន។ ប្រទេសបារាំងមានកងទ័ពចន្លោះពី ១.០០០នាក់ទៅ១.៥០០នាក់នៅក្នុងប្រទេសនីហ្សេ ដែលកំពុងជួយប្រយុទ្ធប្រឆាំងនឹងការបះបោរ ដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម ដែលបានរីករាលដាលពាសពេញតំបន់នោះ។របបសឹកនោះក៏បានប្រកាសតាមទូរទស្សន៍ជាតិថា ខ្លួនកំពុងបញ្ចប់អាណត្តិរបស់ឯកអគ្គរដ្ឋទូតនីហ្សេប្រចាំប្រទេសបារាំង នីហ្ស៊េរីយ៉ា តូហ្គោ និងសហរដ្ឋអាមេរិកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
09/24/2026 06:09 PM
ចារកម្ម​ដាណឺម៉ាក៖ ការឈ្លានពានរបស់រុស្ស៊ីលើសមាជិកណាតូ​ ទំនងមិន​មាន​ តែ​មិនអាចបដិសេធឡើយ
09/24/2026 06:09 PM
អេក្វាឌ័រអំពាវនាវឲ្យ UNចាត់វិធានការលើឧក្រិដ្ឋកម្មអន្តរជាតិ និងចែករំលែកព័ត៌មានចារកម្ម
09/24/2026 06:09 PM
កាសែតលក់ដាច់ជាង​គេ​របស់បារាំង នឹងកាត់បន្ថយការងារ​ជាង ១៥០កន្លែង​
09/24/2026 06:09 PM
អ៊ីរ៉ង់លុបចោលជើងហោះហើរទាំងអស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម
09/24/2026 06:09 PM
មេដឹកនាំដូមីនីកជំរុញ UN ឲ្យបង្កើនការគាំទ្របេសកកម្មនៅប្រទេសហៃទី
09/24/2026 06:09 PM
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
09/24/2026 06:09 PM
អ៊ីរ៉ង់គំរាមពង្រីកសង្គ្រាមទៅដល់​មហាសមុទ្រឥណ្ឌា ប្រសិនបើអាមេរិកវាយប្រហារម្តងទៀត
09/24/2026 06:09 PM
យោធាចិន៖ ជប៉ុនកំពុងព្យាយាមផ្តាច់ខ្លួនចេញពីសណ្តាប់ធ្នាប់ក្រោយសង្គ្រាម
09/24/2026 06:09 PM
កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​
09/24/2026 05:09 PM