សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង ៩៥គីឡូម៉ែត្រ

2022/12/26 02:30:42 pm        438
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ។ ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤ )ដល់ជុំគិរី(ខេត្តកំពត) នឹងត្រូវស្តារ លើកកម្រិតគុណភាព ក្រោយឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ផ្លូវជាតិលេខ៤១ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ដែលឆ្លងកាត់ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដែលផ្លូវនេះក្រោយបញ្ចប់ការសាងសង់ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផល ដំណាំស្រូវ ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។

សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក

2022/12/24 09:06:23 pm        1173
ភ្នំពេញ៖ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃទី២៤ ខែធ្នូនេះមានខ្លឹមសារថា នៅពេលឆ្នាំ២០២២ ជិតបញ្ចប់ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកបានទទួលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនៅស្ថានទូតអាមេរិកនៅភ្នំពេញ។ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកានៅភ្នំពេញ ហើយនឹងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។ស្ថានទូតអាមេរិកប្រកាសថា “យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន”។ ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕

ឯកឧត្តម វេង សាខុន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧របស់គណបក្សប្រជាជនកម្ពុជា

2022/12/24 06:24:26 pm        163
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ។ ឯកឧត្តម វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សទាំងអស់​ ដែលបានចុះជួយដោះស្រាយរាល់កង្វល់ ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរបានយ៉ាងសកម្ម និងល្អប្រសើរ។ឯកឧត្តមបញ្ជាក់ថា ការងារបម្រើប្រជាពលរដ្ឋ និងការដឹងអំពីសុខទុក្ខរបស់គាត់ គឺជាការតបស្នងសងគុណដែលពួកគាត់បាន និងបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនយើងរហូតមក ស្តែងចេញគឺលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សមាជិក សមាជិកាបក្សទូទាំងស្រុកតំបែរត្រូវប្តេជ្ញាគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីក និងបន្តធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យបាន ព្រោះថាសមាជិកគណបក្ស០១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស០១សន្លឹក។ សមាជិក សមាជិកាគណបក្សទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងយុវជនបក្សត្រូវបន្តសកម្មភាពឱ្យបានសកម្មក្នុងការចិញ្ចឹមចលនាមហាជនតាមភូមិ ឃុំ និងបញ្រ្ជាបអំពីអំពើល្អ សមិទ្ធផល និងសកម្មភាពរបស់គណបក្សក្រោមការដឹកនាំដោយសម្តេចតេជោ ដូចជាជោគជ័យក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ ការបញ្ចេញប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រ ការរក្សាបានយ៉ាងរឹងមាំនូវសេដ្ឋកិច្ចជាតិ ជញ្ជីងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតែមានការកើនឡើងជាបន្តបណ្តាប់ ការជោគជ័យក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងទស្សនកិច្ចរបស់សម្តេចតេជោទៅអឺរ៉ុបកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា គីជាក្តីមោទនៈដែលសមាជិក សមាជិកាគណបក្សយើងមិនអាចមើលរំលង ហើយត្រូវផ្សព្វផ្សាយ ដើម្បីធានានូវភាពឈ្នះជូនគណបក្ស។ បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងសមាជិក សមាជិកាយើងទាំងអស់។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរក្សា និងធានាដល់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋយើង៕

តំបន់​សំណង់​អគារ​បារាំង​ក្នុង​ក្រុង​កំពតនឹង​ប្រែក្លាយ​ឲ្យ​ទៅជា​ផាប់​ស្ត្រី​តទី​២​ នៅ​កម្ពុជា

2022/12/24 05:00:13 pm        469
កំពត៖ សេវាករ​ទេសចរណ៍​នៅ​តំបន់​ផ្សារ​ក្រណាត់​ចាស់​ក្រុង​កំពត​បាន​លើកឡើងថា​ ពួកគាត់​កំពុង​ខិតខំ​បង្កើន​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ និង​សំបូរបែប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​កាន់​តែច្រើន ​ពោល​គឺ​ចង់​ឲ្យ​តំបន់​នោះ​ក្លាយជា​ផាប់​ស្ត្រី​ត​។ ​ចំណែក​មន្ត្រី​ជំនាញ​ក៏បាន​អះអាង​ដែរ​ថា​ កំពុង​សហការ​រៀបចំ ស្វែងរក​លទ្ធភាព​ជំរុញ​តំបន់​នោះ​ឲ្យ​កាន់តែ​ទាក់ទាញ​ និង​ក្លាយជា​ផាប់​ស្ត្រី​តទី​២​ នៅ​កម្ពុជា​។ ​​បុគ្គលិក​អាហារដ្ឋាន “​ឌឺ​ជេ​ប្រេ​ក​” បាន​ប្រាប់​ឲ្យ​ដឹង​ថា តំបន់​ផ្សារ​ក្រណាត់​ចាស់ ឬ​តំបន់​សំណង់​អគារ​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​បរទេស​ឲ្យ​មក​អង្គុយ​កម្សាន្ត និង​ទទួល​អាហារ​ច្រើន​ជាងគេ​ក្នុង​ខេត្ត​។ ហើយ​បន្ទាប់ពី​ស្ងប់ស្ងាត់​ភ្ញៀវ​មួយ​រយៈ​អំឡុងពេល​កូ​វីដ-​១៩ បី​ខែ​ចុងក្រោយ​នេះ​កំណើន​ភ្ញៀវ​កើន​ឡើងវិញ​ខ្លាំង ហើយ​ឃើញ​មាន​ហាង អាហារដ្ឋាន ភោជនីយដ្ឋាន​ថ្មីៗ​ជាច្រើន​បាន​បើក​បម្រើ​សេវាកម្ម​រប​ស់​ខ្លួន ធ្វើ​ឲ្យ​តំបន់​នេះ​អ៊ូអរ និង​ទាក់ទាញ​ជាង​មុន​។ អ្នក​គ្រប់​គ្រង់ “​កា​ប៉ាល់​” (KAPAL) ភោជនីយដ្ឋាន ក្លិប​កម្សាន្ត និង​ស្កា​យ​បារ ដែល​ទើប​បង្កើត​ថ្មី​ដំបូង​គេ​នៅ​ម្តុំ​សួនច្បារ​ផ្សា​ក្រណាត់​ក្រុង​កំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​ឃើញ​អំពី​សន្ទុះ​នៃ​ការខិតខំ​អភិវឌ្ឍន៍​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ស្ថាបនា​ផ្លូវ​បាន​ស្អាត បង្កើត​ឆ្នេរ​ខ្សាច់ និង​សួន​កម្សាន្ត​មាត់​ព្រែក​ដ៏​ទាក់ទាញ ពិសេស​លោក​តែងតែ​ខិតខំ​បង្កើត​ព្រឹត្តិការ​ធំៗ​សប្បាយ​ៗ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​នោះ ទើប​ក្រុមការងារ​លោក​មានគំនិត​បង្កើត KAPAL នេះ​ឡើង ដើម្បី​ជំរុញ​តំបន់​សំណង់​អគារ​បារាំង​នេះ​ទៅជា​តំបន់​ផាប់​ស្ត្រី​តទី​២ ​របស់​កម្ពុជា​។ ​ប្រធាន​មន្ទីរ​ទេសចរណ៍ លោក សយ ស៊ី​ណុល បាន​បញ្ជាក់ថា តំបន់​សំណង​អគារ​បន្សល់ទុក​ពី​សម័យ​អាណានិគម​និយម​បារាំង​នៅ​ក្រុង​កំពត​ប្រមាណ​ជាង ​៣០០​ខ្នង ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ តំបន់​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ព្រែក​ប៉ែក​ខាងកើត ហើយ​ជា​កន្លែង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​បរទេស​យ៉ាង​ច្រើន ពិសេស​រាប់​ពេល​ល្ងាច​ពួក​គេ​តែងតែ​មក​ប្រមូល​ផ្តុំគ្នា អង្គុយ​លម្ហែ ទទួល​ទាន​អាហារ ជជែក​កន្លែង​កម្សាន្ត​នៅ​តាម​ហាង អាហារដ្ឋា​ន និង​ផាប់​ប្រមាណ​ជាង​មួយ​រយ​កន្លែង​នៅក្នុង​តំបន់​នោះ​។ លោក​បាន​បញ្ជាក់​ថា លោក​បាន​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ក្លាយ​ជា​តំបន់​ផាប់​ស្ត្រី​ទី​២​ របស់​កម្ពុជា​នៅ​ប៉ែក​និរតី​។ ​សម្រាប់​ឆ្នាំ​២០២២​ មាន​ចំនួន​ភ្ញៀវ​ទេសចរ ១​លាន ៨​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥​ម៉ឺន​នាក់។ ភ្ញៀវ​អន្តរជាតិ​មកពី​អឺរ៉ុប​បើ​ប្រៀបធៀប​ទោ​នឹង​ឆ្នាំ​២០១៩ គឺ​ស្មើនឹង ៦០%​ហើយ​៕ អត្ថបទ៖ អន សារឹម

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន

2022/12/23 07:30:03 pm        391
ភ្នំពេញ៖ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត 5pc ជាពិសេសផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា រៀបចំឡើងតាមសំណុcទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច(5PC)។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការត្រួតពិនិត្យ ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗពីមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន សួរទៅក្រុមប្រឆាំងថា តើហ៊ានស្បថទេដែលតែងតែនិយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅៗនោះ

2022/12/22 05:10:09 pm        426
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បាន​មាន​ប្រសាសន៍​ដោយ​ចោទ​សួរ​ទៅ​ក្រុម​ប្រឆាំងថា តើហ៊ានស្បថទេដែលតែងតែនិយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅ​ៗ​នោះ​។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការហួសចិត្ត និង​ដាក់​ជា​សំណួរ​ឱ្យ​ក្រុម​អ្នក​ប្រឆាំង​ស្បថ​អំពី​ការ​ពិត​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឱ្យប្រើប្រាស់​ជាផ្លូ​វ​ការ​ផ្លូវ​២​ខ្សែ​ គឺផ្លូវលេខ១៤៦បេ(វិថីសម្តេចសង្ឃរាជ ទេព វង្ស) និងផ្លូវ១៤៨(តីរវិថីសម្តេចតេជោ ហ៊ុន សែន)ប្រវែងសរុប៤៣,០២៥គ.ម នៅខេត្តព្រះសីហនុ ដែលប្រើប្រាស់ថវិកាជាតិរបស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងពិធីដែលធ្វើនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយ​សារ​តែ​ការ​រីក​ចម្រើន​តាម​រយៈ​សមិទ្ធផល​រីក​ដុះ​ដាល​ជាបន្តបន្ទាប់ សម្តេចតេជោ ក៏បានមាន​ប្រសាសន៍​ចោទ​ជា​សំណួរ​ទៅ​កាន់​ក្រុម​ប្រឆាំង​ដែល​តែង​តែ​និយាយថា រដ្ឋាភិបាលធ្វើយូរៗទៅ ក្រទៅៗនោះ តើហ៊ានស្បថដែរឬទេ។ សម្តេច​បាន​មាន​ប្រសាសន៍បន្តថា គ្មានអ្វីដែលក្រជាងកាលពីឆ្នាំ១៩៧៩ទេ ហើយ​សមិទ្ធផល​ដែល​ទទួល​បានរហូតមកដល់សព្វថ្ងៃជាការរីកចម្រើនសម្រាប់ប្រជាជន។គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធបើកឱ្យប្រើប្រាស់នៅថ្ងៃនេះ មានផ្លូវ២ខ្សែ ក្នុងនោះមួយ​ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់​ពី​ចំណុច​បំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ មួយខ្សែ​ទៀត​មាន​ឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិត​នៅ​បណ្តោយ​តាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញទៅតាមលក្ខណៈបច្ចេកទេស និងបែងចែកជាពីរប្រភេទគឺ៖ ១). កំណាត់ផ្លូវប្រវែងជិត ២១គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ និង ២). កំណាត់ផ្លូវប្រវែងជាង ២២គីឡូម៉ែត្រ ត្រូវបានស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ម៉ែត្រ រួមទាំងការសាងសង់សំណង់សិល្បការ្យផ្សេងៗ រួមមានដូចជា សាងសង់ស្ពានថ្មី ០១កន្លែង និងពង្រីកស្ពានចាស់ ១៧កន្លែង និងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែង។គម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុង ខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ការស្ថាបនាផ្លូវទាំងពីរខ្សែនេះ បានចំណាយថវិកាសាងសង់ជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល៕

សម្តេចតេជោ ចំអកឲ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ីថា ល្ងង់ពេករហូត​ដល់មិនដឹង​អាណត្តិ​ធម្មនុញ្ញ​អាស៊ាន

2022/12/22 04:38:39 pm        864
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចំ​អក​ដល់​ទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះ ថាជា​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​មិន​ដឹងអាណត្តិធម្មនុញ្ញអាស៊ានយ៉ាងម៉េច ហើយថាការ​លើក​ឡើង​របស់​ទណ្ឌិត​ក្បត់​ជាតិ​រូប​នេះ​កាល​ពីកន្លងទៅថាសម្តេចប្លន់ប្រធានអាស៊ាននោះ គឺប្រៀប​បាន​ដូច​ជា​ប្រមាថ​មើល​ងាយ​ដល់​ប្រធានាធិបតីបារាំង ក៏ដូចជាសហភាពអឺរ៉ុបទាំងមូលផងដែរ។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាឆ្ងល់ និងមិនយល់​ទាល់​តែ​សោះមាន​មនុស្ស​​ចង្រៃម្នាក់ គឺទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបាន​ចោទ​សម្តេច​ថា​បាន​ប្លន់​ជា​ប្រធាន​អាស៊ាន ដើម្បីទៅបោកប្រធានធិ បតីបារាំង និងសហភាពអឺរ៉ុបនោះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានកំពុងតែឆ្ងល់ផងដែរ ចំពោះ​បង​ប្អូនប្រ​ជាពលរដ្ឋ​ខ្មែរ​ មួយ​ក្តាប់​តូច​ដែល​បាន​លង់លក់​ក្នុង​ការ​ជឿការ​បោក​ប្រាស់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​រូប​នេះ ដែលម្តង ហើយម្តងទៀតតែងតែធ្វើការភួតភរកុហក និងបោក​ប្រាស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​នៅ​ក្រៅប្រទេសនោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យ​ជន​ក្បត់​ជាតិ​បីជំនាន់​រូបនេះថា ធ្វើប្រជាពលរដ្ឋកម្ពុជាមិនសាកសមនោះទេ ហើយធ្វើជា​ប្រជាពលរដ្ឋ​បារាំង​កាន់​តែ​មិនសាកសមទៅទៀត ខណៈបុគ្គល នេះបានប្រមាថប្រធានធិបតីបារាំង រូបទាំងប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេសទាំង១៧ ក្នុងតំបន់អឺរ៉ុប និងប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាននេះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

2022/12/22 04:28:47 pm        865
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ។ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មាន​ប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ, ព្រះសីហនុ និងសៀមរាប ដែលទាមទារឱ្យរាជរដ្ឋាភិបាលប្រឹងប្រែងពង្រឹង ស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ធានានិរន្តរភាពសេដ្ឋកិច្ច។- សម្តេចតេជោ ហ៊ុន សែន បានស្តាប់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធផ្លូវខេត្តទាំងពីរខ្សែនេះ ដែលពីមុន ពិបាកក្នុងការធ្វើដំណើរ និងចំណាយពេលយូរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ រួមទាំងផ្លូវល្បឿនលឿនផងដែរ។- សម្តចេតេជោ ហ៊ុន​ សែន បានប្រកាសថា ការតភ្ជាប់ដែលមានភាពល្អប្រសើរ បានផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ពេលវេលា និងថវិកា ដែលជាកត្តាសត្យានុម័ត មិនអាចប្រកែកបាន។ សម្តេចបញ្ជាក់ថា «អ្នកទទួលផលសំខាន់បំផុត គឺអ្នករស់នៅតាមសងខាងផ្លូវតែម្តង»។- សម្តេចតេជោ ហ៊ុន សែន ​បានប្រកាសថា វិធានការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់ នៅតែបន្តសកម្មភាពជាប់ជានិច្ច ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ សូមមេត្តាកុំដឹកលើសទម្ងន់ ដែលជាផ្នែកមួយអាក្រក់បំផុតនាំឱ្យខូចខាតផ្លូវ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិជូរចត់ក្នុងពេលផ្តើមស្នេហ៍រវាងសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែលគ្រានោះបញ្ហាទាំងឡាយបានកើតឡើង ពាក់ព័ន្ធនឹងការធ្វើដំណើរ ។ សម្តេចបញ្ជាក់ថា «ពេលល្អយើងជិះកង់ ដល់ពេលផ្លូវលំបាកកង់ត្រូវជិះយើងវិញ»។- សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្ម​ផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២២ សម្តេចមានបេសកកម្មជាច្រើនតាមបណ្តាខេត្តនានា ក្នុងនោះរួមមាន៖ ការសម្ពោធបើកការដ្ឋានស្ថាបនា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមកម្មវិធី ដែលបានគ្រោងទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូមគោរបច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈដែលគ្រោះថ្នាក់ចរចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍អនុវត្តន៍ច្បាប់។ សម្តេចបញ្ជាក់ថា «បើយើងមិនខុស មិនរំលោភច្បាប់ចរាចរណ៍ គ្មាននរណាមកចាប់ផាកពិន័យយើងទេ»។- សម្តេចតេជោ ហ៊ុន សែន បាននិយាយនិយាយដល់ក្មេងជម្លើយម្នាក់ឈ្មោះ «សួងនាគព័ន្ធ» ដែលបានចូលទៅ Commment ក្នុងផេក Facebookផ្លូវការរបស់សម្តេច ហើយសម្តេចសម្តេចបញ្ជាក់ថា «Commmentនោះ សម្តេចនឹងមិនលុបចោលនោះទេ ទុកឱ្យប្រជាពលរដ្ឋមើលសំណេរក្មេងដ៏ឈ្លើយនោះ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសបារាំង និងតំបន់អឺរ៉ុប ដែលពេលនោះ ក្រុមប្រឆាំងតវ៉ាដឹកនាំដោយទណ្ឌិតរត់ចោលស្រុកក្រកូលក្បត់ជាតិ ៣ជំនាន់ មានគ្នាតែជាង៦០នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋមកជួបសម្តេចជាង២.០០០នាក់ឯណោះ។ សម្តេចបញ្ជាក់ថា «ពេលនោះចង់បាន៥.០០០នាក់ក៏បានដែរ ឱ្យតែមានសាលដាក់(កន្លែងជួបជុំសំណេះសំណាល)»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមប្រើប្រាស់ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) ដែលចំណេញពេលវេលា និងថវិកា ហើយសម្តេ​ចក៏នឹងអាចបើកបរដោយខ្លួនឯងនៅថ្ងៃណាមួយ តាមផ្លូវល្បឿនលឿននេះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជានៅឆ្នាំ២០២២នេះ ដែលឯកសារជាច្រើនត្រូវបានទម្លុះទម្លាយ និងសមាជិកភាពបន្ថែមរបស់ទីម័រ ឡេស្តត្រូវបានឯកភាពជាសមាជិកទី១១របស់អាស៊ាន និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយបណ្តាប្រទេសដៃគូធំៗ និងមហាអំណាចជាច្រើន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងសៀមរាប និងបណ្តាខេត្តនានា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់គណៈប្រតិភូសមាជិកអាស៊ាន និងប្រទេសដៃគូមកប្រជុំនៅកម្ពុជា ។សម្តេចក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំកិច្ចប្រជុំ និងជំនួបនានាប្រកបដោយភាគជោគជ័យ និងមោទកភាពជាតិខ្មែរ។- សម្តេចតេជោ ហ៊ុន​សែន​ ប្រកាសដល់ទណ្ឌិតត្រកូលក្បត់ជាតិ ៣ជំនាន់ ដែលចោទសម្តេចរំលោភអំណាចជាប្រធានអាស៊ានទៅលួចជួបជាមួយប្រធានាធិបតីបារាំង និងធ្វើជាសហប្រធានដៃគូសន្ទាអាស៊ាន-អឺរ៉ុបកាលពីពេលកន្លងទៅ ដែលជាការប្រមាថធ្ងន់ធ្ងរមិនត្រឹមតែសម្តេចនោះទេ តែជាការប្រមាថដល់មេដឹកនាំបារាំង អាល្លឺម៉ង់ និងមេដឹកនាំជាច្រើននៅអឺរ៉ុប។- សម្តេចតេជោ ហ៊ុន ​សែន ប្រកាសថា នាឡិកាអាស៊ានសម្រាប់ផ្តល់ជូនសមាជិកអាស៊ាន និងប្រទេសដៃគូ មកប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ចំណាយថវិកាផល្លិតជាង កន្លះលានដុល្លារអាមេរិក ដោយមួយគ្រឿងៗចំណាយការផលិតមិនក្រោម២ម៉ឺនដុល្លារនោះទេ។ សម្តេចក៏បានសម្តែងការសោកស្តាយ ដែលមិនបានផ្តល់ជូនអង្គការដៃគូ ដោយសារនាឡិកាអាស៊ានផលិតមកមានចំនួនកំណត់។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឪពុកម្តាយ យាយតា ចាស់ជរា សូមមានការប្រុងប្រយ័ត្ន គិតគូពីសុខភាពរបស់គាត់ឱ្យបានជាប់ជាប្រចាំនៅក្នុងរដូវរងារនេះ ព្រោះចាស់ៗចាញ់រងារណាស់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខប្រចាំថ្ងៃ នៃការឆ្លងថ្មីជំងឺកូវីដ-១៩មានការឡើងចុះ។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង២៧នាទី។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

2022/12/22 02:43:03 pm        997
ព្រះសីហនុ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ តភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕

សម្តេចតេជោ៖ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ ទោះបីមានបញ្ហាចាក់ស្រេះតែកម្ពុជាដោះស្រាយបានទាំងអស់

2022/12/20 06:59:53 pm        609
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រធានសហព័ន្ធ​សន្តិភាព​សកលថា​ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះបើទោះបីមានបញ្ហា​ចាក់ស្រេះ តែកម្ពុជាបាន​ដោះស្រាយ​មិនមាន​ឯកសារណាមួយរាំងស្ទះឡើយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មានប្រសាសន៍​យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាត​ឱ្យ​លោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហព័ន្ធសន្តិភាពសកល ចូលជួបសំដែងការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ធ្នូនេះ ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ហូរ បានគោរព សម្ដែង​នូវ​ការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ​ដែលបានរៀបចំ​និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងកិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប ថ្មីៗនេះ សម្រេចបានយ៉ាងជោគជ័យ។ ជាងនោះទៅទៀតឯកឧត្តម ហូរ បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរអំពីដំណើរការ កៀងគរ​ការ​គាំទ្រ​ធម្មនុញ្ញ ​សន្តិភាពពិភពលោកនិង គម្រោងសួនសន្តិភាពមេគង្គហើយក៏បាន គោរព​ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីសម្ដេចអំពីករណីនេះ។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហូ ​ចំពោះការអបអរសាទរ អំពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ គឺមានបញ្ហា​ចាក់ស្រេះ​យ៉ាង​ច្រើនតែទោះជាយ៉ាងណាក៏ដោយកម្ពុជា​ បានដោះស្រាយទាំងអស់ហើយ​ក៏បាន​ចេញឯកសារ ទាំងអស់​ ចំនួន១០១ឯកសារដោយពុំមានឯកសារណាមួយរាំងស្ទះឡើយ។សម្ដេចតេជោ បានផ្ដល់អនុសាសន៍ជូនឯកឧត្តម ហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+x នោះគឺ តាមរយៈការគាំទ្រពីតូចទៅធំ ​រីឯគម្រោង ​សួនសន្តិភាព ​មេគង្គវិញ​សម្ដេច​បានសុំឱ្យបន្ត​ធ្វើការ​ថែមទៀត៕អត្ថបទ៖ មុត​ សុទ្ធ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
10/06/2026 09:10 PM
WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM
កេនយ៉ាបញ្ជាក់ករណីជំងឺអេបូឡាលើកដំបូងដែលបាននាំចូលពីប្រទេសកុងហ្គោ
10/06/2026 06:10 PM
សភាលីទុយអានីបោះឆ្នោតលុបចោលការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
10/06/2026 05:10 PM
តៃវ៉ាន់៖ លទ្ធភាព​​​បែងចែកជាផ្នែកតូចៗនៃ​​ការលក់អាវុធថ្មីរបស់អាមេរិក មិន​ទាន់​ត្រូវបាន​ឮនៅឡើយទេ​
10/06/2026 05:10 PM
លោក Vance៖អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស Fairford នៅព្រីត ថេន
10/06/2026 05:10 PM