រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
ផលិតកម្ម និងការនាំចេញមមាញឹក ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងអាកាសកើនឡើង
រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ

2026/09/30 10:44:51 am        182
វិស័យមូលបត្រក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានទំហំមូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ជា​មធ្យម​ជាង​ ១៦% ក្នុងមួយឆ្នាំ ខណៈសន្ទុះនៃទីផ្សារមូលបត្រ តាមរយៈការ​បោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ ​មានកំណើនប្រមាណ ៨០ លានដុល្លារអាមេរិក និងបាន ប្រមូលសាច់ប្រាក់លើទីផ្សារ បាន​ក្នុង​រង្វង់​ប្រមាណ ២០លានដុល្លារអាមេរិក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ ​(អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២៦ ថា សមិទ្ធផលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ហ.) ក្នុង​នោះ​សម្រា​ប់វិស័យមូលបត្រផ្ទាល់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំមូលធ​នូបនី​យក​ម្ម​ទីផ្សារ ​បានកើនជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ចំណែកសន្ទុះនៃទីផ្សារមូលបត្រប្រកបដោយចីរភាព, ក្នុងនោះការបោះផ្សាយ លក់​សញ្ញា​បណ្ណ​បៃតង​ និងសញ្ញាបណ្ណចីរភាព មានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាមេរិក ហើយក្នុងខែនេះ សញ្ញាបណ្ណចីរភាព (មានបុគ្គលធានា) បានប្រមូលសាច់ប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ខណៈការជួញដូរភាគហ៊ុនបាន កើនលើសពីចំនួន ៣ លានដុល្លារអាមេរិកក្នុង១ថ្ងៃផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់និយ័តករមូលបត្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូល បត្ររួមមាន៖ និយ័តករមូលបត្រកម្ពុជាត្រូវបន្តដឹកនាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រឆ្នាំ ២០២៥-២០៣៥ ប្រកបដោយ ស្មារតីបុរេសកម្ម ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបន្តពង្រឹងអេកូប្រព័ន្ធហិរញ្ញវត្ថុ សម្រាប់វិស័យមូលបត្រការធ្វើ ពិពិធកម្មផលិតផលមូលបត្រ និងទីផ្សារមូលបត្រ ឲ្យស្របតាមកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុជារួម និងបានអំពាវនាវក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក៏ដូចជា វិស័យឯកជនបន្តសកម្មចូលរួម ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ឲ្យសម្រេច បានលទ្ធផលល្អតាមការរំពឹងទុក ទៅតាមដំណាក់កាល និងស្របតាមក្របខណ្ឌ សំដៅបន្តអភិវឌ្ឍទីផ្សារមូលបត្រឲ្យកាន់តែមាន វិសាលភាពធំទូលាយ និងបន្តដើរតួជាប្រភពហិរញ្ញប្បទាន ឱ្យបានស្និទ្ធជាមួយវិស័យធនាគារ ក្នុងអេកូប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ និយ័តករមូលបត្រកម្ពុជា ត្រូវពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ តាមរយៈការចាប់យក និងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបជាអាទិ៍៖ សន្ធានកម្មកម្មវិធីកុំព្យូទ័រ និងការតភ្ជាប់ប្រព័ន្ធ API បើកចំហ, ទិន្នន័យធំ, បច្ចេកវិទ្យាភ្លោដ, កិច្ចសន្យាឆ្លាតវៃ និងឧបករណ៍ជួញដូរឌីជីថលកម្រិតខ្ពស់ ដើម្បីក្រសោបយកកាលានុវត្តភាពថ្មី ដែល ផុសឡើង និងធានាថា ទីផ្សារមូលបត្រ ដើរតាមបរិវត្តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ និយ័តករមូលបត្រកម្ពុជា ត្រូវខិតខំបន្តពង្រឹងអនុលោមភាព និងការគ្រប់គ្រងហានិភ័យឲ្យបានកាន់តែប្រសើរ, ច្បាស់ណាស់ ថា កំណើនទីផ្សារត្រូវតែបន្តរីកចម្រើន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព ដូច្នេះអន្តរការីមូល បត្រ និងក្រុមហ៊ុនចុះបញ្ជី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងសកម្មភាពអាជីវកម្ម, អភិបាលកិច្ចសាជីវកម្ម, វិធានការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការអាជីវកម្ម។ និយ័តករមូលបត្រ កម្ពុជា ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ លើការបន្តជំរុញសមាហរណកម្មទីផ្សារទៅក្នុងតំបន់ និងលើឆាកអន្តរជាតិដើម្បី ធានាថា ទីផ្សារមូលបត្រនៅកម្ពុជាមានបរិយាបន្ន នវានុវត្តន៍ ចីរភាព និងភាពធន់ ការបន្តពង្រីកវិសាលភាព និងទំនុកចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរនិយ័តករក្នុងតំបន់ និងលើសកលលោក សំដៅចែករំលែកព័ត៌មាន ពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីដំណើរការស្របតាមគោលការណ៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី​

រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

2026/09/21 02:52:53 pm        464
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយ​បាន​និង​កំពុង​បន្ត​និន្នាការកើនឡើងល្អប្រសើរ ទោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​នៅ​មាន​ឱន​ភាព​ជញ្ជីងពាណិជ្ជកម្មក៏ដោយ។ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, បើ​យោង​តាម​របាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បាន​បង្ហាញ​ថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ សរុបប្រមាណ ១៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែល​មាន​ទំហំ​ទឹក ​ប្រាក់ជាង ១២,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទាក់ទិនការធ្វើពាណិជ្ជកម្មខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ និង​កសិផល​សំខាន់​ៗ​ចូល​ទៅ​ប្រទេសចិន មានទឹក ប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹក ប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​អាមេរិក ​កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន​បង្ហាញឱ្យឃើញថា មានឱនភាពជញ្ជីងពាណិជ្ជកម្មឆ្ងាយពីគ្នានៅឡើយ, តែទោះបី​យ៉ាង​ណា​ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ បានកំពុងចូលរួមដល់កំណើនសេដ្ឋកិច្ច ការ​បង្កើត​ការ​ងារ ជាពិសេសជំរុញដល់ការនំាំចេញកសិផលរបស់កម្ពុជា។ ចំពោះការនាំចេញ, កម្ពុជាបាននាំចេញទំនិញ និងផលិតផលចូលទីផ្សារចិន ចាប់​ពី​ដើម​ឆ្នាំ​២០២៦ មកដល់ពេលនេះ ឃើញ ថា បាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ស្រប​តាម​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញ នាំចេញកសិផល​របស់​កម្ពុជា ​តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រ​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀន​ស្រស់​ជា​ដើម។ ចំណែកការនាំចូលពីប្រទេសចិនមក កម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំ​ចូល​ដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ​សរុបរ​បស់​កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុប ជាង ២២,១ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់សរុបជាង ២៦,៥ ពាន់​លាន ដុល្លារអាមេរិក កើនជាង ២០ ភាគរយ បើធៀបរយៈពេល​ដូចគ្នានិង​ឆ្នាំ​២០២៥​៕ អត្ថបទ៖ សុន រ៉ាឌី 

ផលិតកម្ម និងការនាំចេញមមាញឹក ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងអាកាសកើនឡើង

2026/09/18 12:54:19 pm        212
ភ្នំពេញ៖ សកម្មភាពដឹកជញ្ជូនទំនិញរបស់កម្ពុជា ដើម្បីបម្រើដល់វិស័យផលិតកម្ម និងការនាំចេញ កំពុង​មាន​សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ខណៈក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦នេះ ការដឹក​ជញ្ជូន​ទំនិញ​តាម​កំពង់​ផែស្វយ័តភ្នំពេញកើនឡើង ២៤% និងការដឹកជញ្ជូនតាមផ្លូវ​អាកា​ស​កើន​ឡើង​ ១៧%។ កំណើននេះស្របពេលសកម្មភាពផលិតកម្ម និងការនាំចេញមានភាពមមាញឹក ជា​ពិសេស​ក្នុង​រដូវកាលដែលតម្រូវការដឹកជញ្ជូនអន្តរជាតិកើនឡើង។ របាយការណ៍របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេលខែឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសម្រេចបានចំនួន ៦៦,៥៥៩ តោន កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការដឹកជញ្ជូនទំនិញ-ប្រេងឥន្ធនៈ ឆ្លង់កាត់កំពង់ផែស្វ័យភ្នំពេញមានចំនួនជាង ៣,៩៤លានតោន កើនឡើង ៦,៦០ភាគរយ ខណៈ​បរិមាណកុងតឺន័រមានចំនួនជាង ៤៨ម៉ឺន ធីអ៊ីយូ កើន ២៣,៩០ភាគរយ និងរកចំណូលបានជាង ៣៩,៩៣លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ពុំធ្វើសវនកម្ម​របស់​កំពង់ផែស្វ័យភ្នំពេញ។ លោកឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា បរិមាណទំនិញដែលដឹកជញ្ជូនពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមផ្លូវអាកាស កំពុងមាននិន្នាការកើនឡើង ដោយសារបច្ចុប្បន្នជារដូវកាលមមាញឹក (Peak Season) ដែលមានរយៈពេលចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា។ លោកឧកញ៉ា​បានបញ្ជាក់ថា ក្នុងរដូវកាលនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងសម្ភារកីឡា ពីកម្ពុជាមានសកម្មភាពមមាញឹកខ្លាំង។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងធានាល្បឿននៃការដឹកជញ្ជូន ទំនិញមួយចំនួនត្រូវបានបង្វែរពីការដឹកជញ្ជូនតាមផ្លូវទឹក មកដឹកជញ្ជូនតាមផ្លូវអាកាសវិញ ព្រោះអាចចំណេញពេលវេលា និងនាំទំនិញទៅដល់គោលដៅបានឆាប់រហ័សជាងមុន។ ជាទូទៅ «រដូវកាលមមាញឹក» សំដៅលើរយៈពេលជាក់លាក់មួយក្នុងឆ្នាំ ដែលតម្រូវការ ការធ្វើដំណើរ ឬសកម្មភាពអាជីវកម្មកើនឡើងខ្ពស់ជាងធម្មតា ដែលជំរុញឱ្យតម្រូវការសេវាដឹកជញ្ជូន និងភស្តុភារកម្មកើនឡើង តាមផងដែរ។ លោកបន្តថា ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ក៏បានបង្ហាញពីសន្ទុះកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន។ និន្នាការនេះត្រូវបានជំរុញដោយសមត្ថភាពវិស័យភស្តុភារកម្មដែលកាន់តែប្រសើរឡើង និងអាចឆ្លើយតបនឹងការកើនឡើងនៃផលិតកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា។ ឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម មានប្រសាសន៍ថា៖ «សមត្ថភាពវិស័យភស្តុភារ និងឡូជីស្ទិករបស់កម្ពុជា កំពុងបន្តវិវឌ្ឍឆ្ពោះទៅរកភាពប្រសើរឡើង ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងពីវិស័យផលិតកម្ម និងពាណិជ្ជកម្ម។ ការរីកចម្រើននេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារអន្តរជាតិ ផងដែរ»។ ប្រទេសកម្ពុជាមានគោលបំណងបង្កើនការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងដំណើរការពង្រីកសមត្ថភាព ត្រូវបានរំពឹងថា បរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹង​ទទួលបានកុងតឺន័រឆ្លងកាត់អាចឈានដល់ប្រមាណ ១លាន ៥សែន TEUs នៅក្នុងឆ្នាំ២០២៧ និង កើនដល់ ២,៦៤ លាន ធីអ៊ីយូ នៅឆ្នាំ២០៣០៕

រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ

2026/09/18 11:54:53 am        198
កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃចេញពីវិស័យកសិកម្ម នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណ ជាង ៣,២ ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នការនាំចេញកសិផលស្រស់ និងផលិតផលដែលកែច្នៃរួច បានកំពុងគាំទ្រកំណើនៃ ការនាំចេញសរុបរបស់កម្ពុជា។    ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នាំចេញប្រភេទទំនិញ និងកសិផលសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈ ពេល ៨ ខែ ឆ្នាំ២០២៦, ដោយក្នុងនោះមានប្រភេទទំនិញជាច្រើន រួមជាមួយការនាំចេញកសិផលពីវិស័យកសិកម្ម បាននិង កំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនកើនឡើងជាលំដាប់ គាំទ្រដល់ការបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ វិស័យការងារ និងកំណើននៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែនេះ កសិកផលសំខាន់ៗដែលជួយជ្រោមជ្រែងដល់ការនាំចេញរួមមាន៖ ការនាំចេញអង្ករ មានទឹកប្រាក់ជាង ៤៣២ លានដុល្លារ កើនឡើង ៨២ ភាគរយ, ស្រូវ ៣៣៨ លានដុល្លារ ធ្លាក់ចុះ ៤០០ ភាគរយ, ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើនប្រមាណ ៣៦៥ ភាគរយ, ជ័រកៅស៊ូ ជាង ៣៨១ លានដុល្លារ កើនជាង ៦៤ ភាគរយ, ដំឡូង ៤៨៩ លានដុល្លារ ថមថយ ៩ ភាគរយ, ចេក ១៥៧ លានដុល្លារ កើនជាង ៤១ ភាគរយ, ស្វាយជិត ១០០ លានដុល្លារ, មៀន ២០ លាន ដុល្លារ, ម្រេច ២៧ លានដុល្លារ, ពោតជាង ១ លានដុល្លារ, ថ្នាំជក់ជាង ២ លានដុល្លារ និងកសិផលផ្សេងៗទៀត មានទឹកប្រាក់ជាង ៧៥ លានដុល្លារ កើនឡើងជិត ៥៩ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ចំណែកផលិតផលកែច្នៃចេញពីវិស័យកសិកម្ម ដែលនាំចេញ ក្នុងរយៈពេល ៨ ខែនេះដែររួមមាន៖ ការនាំចេញស្ករស មាន ទឹកប្រាក់ជិត ១៩ លានដុល្លារ ថយចុះ ២៣ ភាគរយ និងការនាំចេញបារី មានទឹកប្រាក់ជាង ១៤ លានដុល្លារ កើនជាង ៩ ភាគរយ ក្រៅពីនេះនៅមានកសិផលកែច្នៃផ្សេងៗទៀតដែលបានជួយដល់ការនាំចេញរបស់កម្ពុជា។ សូមបញ្ជាក់ថា កសិផលកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសជាង ៦០ ជុំវិញពិភពលោក ក្នុងនោះទីផ្សារសំខាន់ៗដែលគាំទ្រខ្លាំង ជាងគេរួមមាន៖ ប្រទេសវៀតណាម, គឺជាទីផ្សារធំជាងគេមួយ សម្រាប់កសិផលកម្ពុជាដូចជាស្រូវ អង្ករ កៅស៊ូ និងដំណាំដំឡូងមី។ ប្រទេសចិន, គឺជាដៃគូពាណិជ្ជកម្មដ៏ធំដែលនាំចេញអង្ករ ចេកអំបូងលឿង ស្វាយស្រស់ មៀនប៉ៃលិន និងកសិផលផ្សេងៗ ទៀត ជាច្រើនមុខ។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU), មានការនាំចេញអង្ករ និងទំនិញកសិកម្មកែច្នៃមួយចំនួន និង ប្រទេសផ្សេងៗ ទៀតដូចជា កូរ៉េខាងត្បូង ថៃ ជប៉ុន ឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ានផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជាង ១,២ពាន់លានដុល្លារ ឈរក្នុងលំដាប់ទី៤ នៃ​ការ​នាំ​ចេញ​សរុប

2026/09/18 11:28:32 am        334
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សុរបជាង ១,២ ពាន់លាន ដុល្លារអាមេរិក កើនជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៤ នៃការនាំចេញសរុប របស់កម្ពុជា។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការនាំចេញរបស់កម្ពុជា ឈកក្នុងលំដាប់ទី៤ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក វៀតណាម និងទីផ្សារចិន។ ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ នេះ, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹកប្រាក់ជាង ១,២ ពាន់ លានដុល្លារអាមេរិក កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន, ប្រភេទទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈធ្វើដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តជាដើម ។   ចំណែការនាំចូលពីប្រទេសជប៉ុនមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មានទឹកប្រាក់សរុបប្រមាណជាង ៧១៧ លាន ដុល្លារអាមេរិក កើនជាង ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ។ ចំពោះទំនិញសំខាន់ៗដែលបាននាំចូលរួមមាន៖ រថយន្ត គ្រឿងបន្លាស់រថយន្ត និងយានយន្តផ្សេងៗ,· ម៉ាស៊ីន ឧបករណ៍មេកានិច និងឡចំហាយ,· គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី រួមទាំងឧបករណ៍បំពងសំឡេង និងទូរទស្សន៍,· វត្ថុធាតុដើម និងផលិតផលធ្វើពីប្លាស្ទិក និងផលិតផលសេរ៉ាមិច និងកញ្ចក់ជាដើម។ ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុននេះ, នៅដើមឆ្នាំ២០២៦ កន្លងមក ប្រទេសទាំងពីរក៏បានប្រកាសដាក់ឱ្យដំណើរ ក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែលកំពុង ពិចារណាវិនិយោគ ទទួលបាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយតែមួយកន្លែង ​ដើម្បីលើកកម្ពស់​ដល់ការវិនិយោគ នៅកម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មី សម្រាប់​នាំចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

2026/09/16 04:26:15 pm        359
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​ដ៏​សំខាន់នៃ​ “ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាង​ក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំ​ចេញ​ដោយ​ផ្ទាល់​ពី​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។ ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។ នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥ ។ សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មីដើម្បីចូលរួមធានាសន្តិសុខស្បៀង។ ការសហការយ៉ាងជិតស្និទ្ធរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន Francisco P.Tiu Laurel Jr. រួមទាំងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ជាពិសេសការសម្របសម្រួលការរៀបចំវេទិការទំនាក់ទំនងផ្គូរផ្គងវិស័យឯកជន B2B បានរួមចំណែកយ៉ាងសំខាន់ក្នុងលទ្ធផលជាក់ស្តែងនេះ។ កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការបើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្មការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត៕

ប្រតិភូក្រុមហ៊ុន JAPFA Group ឈ្វេងយល់លើការវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​នៅកម្ពុជា

2026/09/16 03:51:08 pm        285
គណៈប្រតិភូនៃក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី បាន​អញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែង​រ​ក​កា​លា​នុវត្តភាព​វិនិយោគ​នៅ​ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំ​ដោយ​លោក Mark Gerald Eman នាយកក្រុមហ៊ុន ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ីដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ដោយមានបទ ពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្នក្រុមហ៊ុននេះមាន ប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្ម រួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ។ ក្នុងជំនួបនោះ, ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីច្បាប់ស្តីពីវិនិយោគ ជាពិសេសរបបលើកទឹកចិត្តដែលមាន ភាពទាក់ទាញ និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និង វិនិយោគ និងបានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា” នាពេលកន្លងមក ដើម្បីទាក់ ទាញវិនិយោគឯកជនក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។ លោក Mark Gerald Eman បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថា ច្បាប់ ស្តីពីវិនិយោគរបស់កម្ពុជាពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែង ព្រមទាំងមានក្រប ខណ្ឌគោលនយោបាយដោយឡែកសម្រាប់គាំទ្រដល់វិស័យកសិឧ-ស្សាហកម្ម និងបានចាត់ទុកកម្ពុជាគឺជាគោលដៅវិនិយោគផងដែរ។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគោលបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេង ដែលទាមទារឱ្យមានក្រុមហ៊ុនដែលមានជំនាញ និង បទពិសោធន៍ច្បាស់លាស់ លើមកបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យនេះ។ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន មិនត្រឹមតែនៅ ដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ

2026/09/16 02:41:13 pm        334
ការ​ដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ៧ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ​មុន ដោយក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ និង​ការ​នាំ​ចូល​ពី​វៀតណាម​ជាង ៣ពាន់លានដុល្លារ។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេស​ទីផ្សារ​វៀត​ណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជាកើនឡើងជាគំហុក និង​បាន​ឈរ​ក្នុង​លំដាប់ទី២ បន្ទាប់ពីការនំាចេញទំនិញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦នេះ, បើយោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋានគ​យ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារអាមេរិក កើន​ប្រមាណ ៧ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥,៥ ពាន់​លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាម មាន​ទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ កើនឡើងជាង ៧ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ​មុន​។ ចំណែកទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ស្រូវ​ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ចំពោះការ​នាំ​ចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មាន​ទឹក​ប្រាក់​ជាង ៣ពាន់លានដុល្លារអាមេរិក កើនជាង ៧ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២៥​, ប្រភេទទំនិញសំខាន់ៗដែលនាំចូលកម្ពុជារួមមាន៖ វាយនភណ្ឌ, សម្ភារៈសំណង់, ដែក​និង​ដែក​ថែប​ ក្រដាសនិងក្រដាសកាតុង ជីកសិកម្ម ថ្នាំសម្លាប់សត្វ ល្អិតនិងស្មៅ ម៉ាស៊ីនភ្លើង ទូរសព្ទ​គ្រប់​ប្រភេទ និងផលិតផលផ្សេងៗ ជាច្រើនទៀត។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរ​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ​ដល់​យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់​លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស

2026/09/15 02:40:18 pm        668
អគ្គិសនីកម្ពុជាកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី​សម្រាប់​ស្ថានីយ​បញ្ជូល​ថាមពល​ដល់​យាន​យន្ត​អគ្គិសនីជា​ង ៤០០កន្លែង នៅទូទាំងប្រទេស ក្រោមគម្រោងទុនវិនិយោគជំហានដំបូង ដោយ​មាន​ថវិ​កាប្រមាណ ១០ លានដុល្លារអាមរិក ដើម្បីពង្រីកបណ្តាញបញ្ចូល ថាមពលល្បឿន​លឿន​ជូន​សាធារណជន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងតាមប្រព័ន្ធវីដេអូ ក្នុង​កម្ម​វិធី​សប្ដាហ៍​ថាមពលស្អា​ត ឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ជុំវិញបញ្ហា​ថាមពល​, ប្រព័ន្ធថាមពលនៅកម្ពុជាកាន់តែរឹងមាំ បានកំពុងប្រើប្រាស់ នៅក្នុង វិស័យសេដ្ឋកិច្ច ដោយ​ក្នុង​នោះ​តម្លៃ​អគ្គិសនីបានបង្ហាញឱ្យឃើញតាមរយៈប្រព័ន្ធដឹកជញ្ជូន អាជីវកម្ម និងសកម្មភាព​ផលិត​ភាព បានកំពុងពឹងផ្អែកខ្លាំងលើថាមពលអគ្គិសនី បច្ចុប្បន្នកម្ពុជា​បាន​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​បញ្ចូល​ថាមពលឱ្យយានយន្តអគ្គិសនីជាតិ ដែលមានភាពតភ្ជាប់គ្នាទូទាំងប្រទេស ជាក់​ស្តែង​អគ្គិសនីកម្ពុជាបានកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បញ្ចូលថាមពលឱ្យយាន យន្ត​អគ្គិសនី​ជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញគម្រោងបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីនេះ នៅក្នុង​ជំហាន​ដំបូង ​បានចំណាយថវិកា ប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងគម្រោង​ពង្រីក​បណ្តាញ​ស្ថានីយ​បញ្ចូល​ថាមពលល្បឿនលឿនសម្រាប់សាធារណជន នៅតាម បណ្តោយផ្លូវជាតិសំខាន់ៗ និង​ទៅ​កាន់​តំបន់​នានា ដែលសេវាកម្មឯកជនមិនទាន់បានអភិវឌ្ឍន៍ ។ បញ្ហានេះដែរ ក្រសួងកំពុង​សហការ ​ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់អ្នករត់កង់បីនៅកម្ពុជា ក្នុងការ​ផ្លាស់​ប្រើ​ប្រាស់​កង់​បីដើរ​ដោយអគ្គិសនីផងដែរ។ ឯកឧត្តម កែវ រតនៈ សង្កត់ធ្ងន់ថា ប្រសិនយើងគណនាលើផ្នែកសេដ្ឋកិច្ច គឺបាន​បង្ហាញ​នូវ​លទ្ធ​ផល​ល្អ ​លើការផ្លាស់ប្តូរទៅប្រើ ប្រាស់ថាមពលនេះ ដោយអាចជួយលើកកម្ពស់ជីវភាពរស់នៅ ព្រម​ទាំង​ការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលផងដែរ។ ឯកឧត្តម បន្ថែមថា នៅ​ពេល​សេដ្ឋកិច្ចកាន់តែពឹងផ្អែកលើថាមពលអគ្គិសនី ប្រសិទ្ធ​ភាព​នៃ​កា​រ​ប្រើ​ប្រាស់​ថាមពល​ក៏​កាន់​តែ​មាន​សារៈសំខាន់ផងដែរ។ ឯកឧត្តម លើកឡើងបន្ថែមថា កាលពីខែកក្កដា កន្លងមកនេះ កម្ពុជាបានដាក់ឱ្យដំណើរការមូលនិធិវិលជុំសម្រាប់ប្រសិទ្ធភាព ថាមពល ដែលមានទំហំទឹកប្រាក់ ២០ លានដុល្លារអាមេរិក, មូលនិធិនេះបានជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគ លើឧបករណ៍ និងដំណើរការផលិតកម្មដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងតិច ៣០ ភាគរយ នៃហិរញ្ញវត្ថុនៅក្នុងមូលនិធិនេះ ដោយត្រូវ បានបម្រុងទុកសម្រាប់សហគ្រាសដែលជាកម្មសិទ្ធរបស់ស្រ្តី ឬថ្នាក់ដឹកនាំដោយស្រ្តី នៃការប្រើប្រាស់អគ្គិសនីប្រកបដោយផលិតភាព នៅក្នុងលំនៅដ្ឋាន ក៏ដូចជាការជួយគាំទ្រដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ

2026/09/09 12:29:08 pm        333
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រំលេចអំពីការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅ​កាន់​ដៃ​គូ​អន្តរជាតិ លើការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាម​រយៈ​ការ​ដាក់ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ និងការលើក​កម្ពស់​សន្តិសុខ និងការបើកច្រកទីផ្សារធំៗជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃការជ្រើសរើសការពង្រឹងកិច្ចសហប្រតិបត្តិ- ការ និងការបើកចំហសេដ្ឋកិច្ច រវាងប្រទេសនិងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ឯកឧត្តមលើកឡើងថា កម្ពុជាគឺជាប្រទេសគំរូមួយ នៃការទាញយកផលប្រយោជន៍ពី នយោបាយបើកចំហ ដែលបានផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបន្ទាប់ពីឆ្លងកាត់សង្គ្រាម និងការរស់នៅដោយឯកោ មកជាប្រទេសដែល មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រោមការដឹកនាំរបស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំរៀបចំខ្លួន ឈានទៅរកការអភិវឌ្ឍមួយកម្រិតទៀត ដោយមានបំណងប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិស័យឯកជនត្រូវបានចាត់ទុកជាបេះដូងនៃរបត់មួយនេះ ដោយ សារការវិនិយោគពីវិស័យឯកជន មិនត្រឹមតែនាំមកនូវទុនក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជា ឱកាសការងារ ការផ្ទេរនូវចំណេះដឹងបច្ចេកវិទ្យាទំនើបថ្មីៗ និងការផ្សារភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់តាមរយៈ៖ ១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។ ២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។ ៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។ឯកឧត្តម ក៏បានជម្រាបជូនអំពីលទ្ធផលនៃចំនួនគម្រោងវិនិយោគ ដែល ក.អ.ក. បានអនុម័តក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៦ ដោយទទួលបានសរុបចំនួន ៣០៩ គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាមេរិក ដែលរំពឹងថា នឹង បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១៧ ម៉ឺនកន្លែង ក្នុងនោះកម្ពុជាក៏បាននិងកំពុងបង្កើនគុណភាពនៃការវិនិយោគ តាមរយៈការធ្វើពិពិធកម្មទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ជាក់ស្តែងបើទោះបីជាវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែក ជើង និងសម្ភារៈធ្វើដំណើរ នៅតែជាវិស័យសំខាន់យ៉ាងណាក្តី កម្ពុជាបាននិងកំពុងបោះជំហានក្នុងការទាក់ទាញលំហូរវិនិយោគ ឆ្ពោះ ទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើបរួមមាន៖ ការផលិតគ្រឿងអេឡិចត្រូនិក, ការដំឡើងយានយន្ត, ការអភិវឌ្ឍថាមពលស្អាត, ការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់, និងប្រព័ន្ធភស្តុភារកម្មទំនើប ឱ្យក្លាយជាកម្លាំងចលករថ្មី ក្នុងការ បង្កើនផលិតភាព ពង្រឹងខ្សែច្រវាក់តម្លៃសកល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព និងភាពធន់វែងឆ្ងាយ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
10/01/2026 12:10 PM
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០
10/01/2026 11:10 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
10/01/2026 10:10 AM
ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM