ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្ម ជំរុញការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ

2022/01/17 02:07:39 pm        659
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគចិញ្ចឹមត្រីក្នុងលំហសមុទ្រ ដែលអាចទាញប្រយោជន៍ជាសេដ្ឋកិច្ចបានយ៉ាងច្រើន ទាំងអ្នកវិនិយោគ និងប្រជាសហគមន៍នេសាទ។ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាតាមរយៈ បទពិសោធន៍នៃបណ្តាប្រទេស​ មួយចំនួន​នៅ​ក្នុងតំបន់​ ការ​ចិញ្ចឹមត្រី​ក្នុងលំហសមុទ្រ ដែលអាច​ទាញ​អត្ថប្រយោជន៍ ​ជាសេដ្ឋកិច្ច ​បានយ៉ាងច្រើន ទាំងអ្នកវិនិយោគ​ និងប្រជាសហគមន៍នេសាទ តាមកំណើននៃត្រីធម្មជាតិដែលចូលមក ​រកចំណីពីតំបន់ចិញ្ចឹម ។កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្រ របស់​ក្រុមហ៊ុន ដែលផែន ការ​វិនិយោគ​វារីវប្បកម្ម​សមុទ្ររបស់ក្រុមហ៊ុន ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី។ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ​គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផល​នៅ​កម្ពុជា និងជាពិសេស​ចូល​រួម​បង្កើត​ការងារជូនប្រជាពលរដ្ឋ ​បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និង​ផលត្រីចិញ្ចឹមសម្រាប់​ផ្គត់ផ្គង់ក្នុងស្រុក។តបឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុន​ឲ្យ​បញ្ជូន​ឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន ​និង​សង្គម​លើ​គម្រោង​វិនិយោគ​វារីវប្បកម្មសមុទ្រនេះ​មកក្រសួង និងជាពិសេស​ត្រូវ​ធ្វើការ​ស្នើសុំ និងមានការ​អនុម័តពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាមុនសិន ​ទើបក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​អាចចុះកិច្ច​ព្រមព្រៀង​លើការ​អនុវត្ត​គម្រោង​នេះ ​ជាមួយ​ក្រុមហ៊ុនបាន។សូមបញ្ជាក់ថា ​ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការ​យោគ​យល់​គ្នា​រវាង​ក្រសួង ​និងក្រុមហ៊ុនកាលពីថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧ ​និងបានធ្វើការពិនិត្យ សិក្សា និងពិភាក្សា ជាមួយក្រសួង​ពាក់​ព័ន្ធ ​ជាពិសេសលើការសិក្សាវាយតម្លៃលើ​ផលប៉ះពាល់ បរិស្ថាន ​និងសង្គម ទទួល​បានលទ្ធផល ​យ៉ាងល្អប្រសើរ​ ដោយ​ក្រសួង​ពាក់ព័ន្ធបាន​សម្រេច​កំណត់​យកតំបន់កោះថាស ​ជាតំបន់សាកសម ​និង​មានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ៕ អត្ថបទ៖ វណ្ណៈ 

កសិករ​មមាញឹក​និង​សប្បាយ​ចិត្ដ​ក្នុង​ការ​ប្រមូល​ផលដំឡូងមី ខណៈតម្លៃដំឡូងមីឆ្នាំនេះ​មាន​ទីផ្សារល្អ​

2022/01/14 11:12:58 am        602
ព្រះវិហារ៖ ប្រជាកសិករក្នុងខេត្តព្រះវិហារ បានសប្បាយរីករាយនិងមមាញឹកក្នុងការប្រមូលផលដំណាំដំឡូងមី ខណៈដែលដំឡូងប្រភេទនេះ មានទិន្នផលល្អ និងមានទីផ្សារខ្ពស់ជាងឆ្នាំមុនគួរឱ្យកត់សំគាល់។លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះ​ប្រជាសហគមន៍កសិកម្មរបស់លោក បាននិងកំពុងមមាញឹកខ្លាំង​ក្នុង​ការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ​ សម្រាប់​ផ្គត់ផ្គង់លក់​ជូនក្រុមហ៊ុន តាមរយៈការធ្វើ​កសិកម្មតាមកិច្ចសន្យា ​លើបរិមាណសរុបជាង​ ៩,១៨៧តោន។លោកបន្ដថា ការធ្វើកសិកម្មលើដំណាំដំឡូងនេះ​ មានសមាជិកផលិតសរុប២៩២គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ​៥១៨ហិកតា។លោកថា បងប្អូនប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង គ្រាដែលទិន្នផល​ឆ្នាំនេះ​មានការកើនឡើង​ រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់។.លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ​បានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ​ពីមួយឆ្នាំទៅមួយឆ្នាំ មាន​ការ​កើនឡើងគួរឱ្យកត់សម្គាល់ ​ដោយបច្ចុប្បន្នផ្ទៃដីដាំដុះនៅទូទាំងខេត្ត ​មានចំនួនប្រមាណជាង ២៩,៥៨៣ហិកតា ​បើធៀបកាលពីឆ្នាំ២០២០កន្លងទៅ ​ផ្ទៃដីដាំដុះមានប្រមាណជាង ២៥,០០០ហិកតាប៉ុណ្ណោះ។ លោកថា គិតមកត្រឹមជិតពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមីរបស់កសិករ​នៅ​ទូទាំងខេត្ត សម្រេចបានប្រមាណជា ​២៥%ហើយ ​ហើយប្រជាសហគមន៍បាន និងកំពុង​សម្រុក​ប្រមូលផលលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនទៅតាមកិច្ចសន្យាក្នុងតម្លៃ ៣៧៥រៀល ក្នុងមួយគីឡូក្រាម។ប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថាក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ ​សម្រាប់ខេត្តព្រះវិហារ មាន​សហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ​១៣០០គ្រួសារ ​បានចុះកិច្ចសន្យាផលិត និង​ផ្គត់ផ្គង់​ដំឡូងមីសរីរាង្គស្រស់លក់ទៅអោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែល​មានក្រុមហ៊ុនថៃវ៉ាជាដៃគូរ ​លើបរិមាណសរុបជាង ​៣៤,០០០តោន។ជាមួយនេះលោកក៏បានផ្ដាំផ្ញើ ជម្រុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យ​ចុះ​ឈ្មោះ​ចូល​ជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្ម​ដូចជា​ដំឡូងមី​ជាដើម ​ដោយក្នុងនោះកសិករ​មិនត្រឹមតែទទួល​បាននូវនិរន្ដរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់​សមាជិក និង​សហគមន៍ ​មិនមាន​ការកាត់ភាគរយ​ទម្ងន់ ​ដោយក្នុង១តោន ​ក្រុមហ៊ុនគិតលុយជូន ១០០០គីឡូពេញ ​ប៉ុន្ដែបើធៀបជាមួយកសិករខាងក្រៅ ​ក្រមឈ្មួញបាន​កាត់ចាប់ពី១០ ទៅ២០% ។បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះបណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម ​និងការអនុវត្តជាក់ស្តែង ដើម្បី​ឱ្យទិន្នផលរបស់កសិករមានការកើនឡើង​ ព្រមទាំងទទួល​បាន​ធនធាន ក្នុង​ការអភិវឌ្ឍ​សហគមន៍​របស់​ពួកគាត់ ​នៅនឹងកន្លែងផ្ទាល់ទៀតផង៕

កសិកររស់នៅស្រុកបន្ទាយអំពឹល កំពុងតែ​មមាញឹក​ក្នុងការ​ដាំដុះ​ដំណាំ​ដំឡូងមី​ដើម្បី​ផ្គត់ផ្គង់​ឲ្យទាន់ទីផ្សារ

2022/01/12 01:18:16 pm        655
ឧត្តរមានជ័យ៖ ប្រជាកសិករភាគច្រើនរស់នៅស្រុកបន្ទាយអំពឹល ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែមមាញឹកងាកមកក្នុងការបង្ករបង្កើនផលដាំដំណាំដំឡូងមី បន្ទាប់ពីធ្វើស្រែ ខណៈតម្លៃដំឡូមីបច្ចុប្បន្នមានតម្លៃហក់ឡើងខ្ពស់ នៅលើទីផ្សារ នឹងមានការប្រកួតប្រជែងខ្លាំងពីក្រុមឈ្មួញក្នុងស្រុកនឹងក្រៅស្រុក មកចាំទទួលទិញដល់ទីតាំង។កសិករម្នាក់ឈ្មោះ អ៊ុ ផល្លី វ័យជាង៦០ឆ្នាំ រស់នៅស្រុកបន្ទាយអំពឹល បានរៀបរាប់ឲ្យដឹងថា កន្លងមកក្រួសារគាត់ធ្លាប់តែធ្វើស្រែ ប៉ុន្តែបច្ចុប្បន្នតម្លៃស្រូវមានការធ្លាក់ចុះ​ធ្វើហើយពេលប្រមូល​ផល​ម្តងៗ មិនរួចខ្លួនរូបគាត់​សម្រេចចិត្តងាកមកបង្កើន​ការដាំដំណាំដំឡូងមី​បន្ថែមទៀត​ដោយ​សារ​តែ​តម្លៃដំឡូងមីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ ក្រុមឈ្មួញ​ទាំង​ក្នុង​ស្រុកនឹងក្រៅស្រុកមកទទួលចាំទិញ ក្នុងតម្លៃខ្ពស់ហើយមានការប្រកួតប្រជែង​តម្លៃ​នៅ​លើទីផ្សារ​ផងដែរ។យ៉ាងណាម៉ិញលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ​ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះយើងសង្កេតឃើញថា ប្រជាកសិករមួយចំនួនធំងាកមកធ្វើការដាំដំណាំដំឡូងមីវិញ ច្រើនជាងការធ្វើស្រែ​ដោយសារតម្លៃ​ដំឡូងមី​នៅខេត្តជាប់ព្រំដែនមួយនេះ មានក្រុមឈ្មួញមកពីប្រទេសថៃ នឹងវៀតណាម មកទទួល​ទិញ​នឹងបានធ្វើការប្រកួតប្រជែងគ្នាឲ្យតម្លៃខ្ពស់ផងដែរ។កត្ដាទាំងអស់នេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ច​ក្នុងប្រទេសកម្ពុជា ទោះបីស្ថិតក្នុងស្ថាន​ភាព​កូវីដ-១៩​ យ៉ាង​ណាក្តីក៏​ផ្នែកដំណាំ​កសិកម្មផ្នែក​ដំណាំដំឡូងមី​នេះ​ ដូចជា​មិនសូវមានការ​ប្រឈម​អ្វីនោះទេ​ ៕អត្ថបទ៖ ឃិនសារិទ្ធ

កសិករដាំដំឡូងមី រីករាយក្នុងការប្រមូលផល ដោយសារការលក់ដូរបានតម្លៃថ្លៃ​ជាងឆ្នាំមុន

2022/01/07 11:57:28 am        731
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានចាប់មុខរបរដាំណាំដំឡូងមី បានសំដែងនៅភាពសប្បាយរីករាយ ក្នុងការប្រផលទទួលបានផល ហើយលក់បានតម្លៃថ្លៃជាងឆ្នាំមុនៗ។លោក ញេប សាវ៉ន ប្រជាកសិករដាំដំឡូងនៅក្នុងចម្ការលើឃុំរដែងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យBTVដឹងថា ឆ្នាំនេះ ដំឡូងមីមានតម្លៃថ្លៃជាងឆ្នាំកន្លងមក ទាំង​ដំឡូង​ស្រស់​និងតំឡូងក្រៀម។លោក បន្តថា ប្រជាកសិករដាំដំណាំដំឡូងមី ​ទទួលបានផលល្អ ហើយលក់ដូរក៏មានតម្លៃខ្ពស់ ជាងឆ្នាំកន្លងទៅ ដំឡូងស្រស់លក់បានក្នុងតម្លៃ ៣៩០ទៅ៤០០រៀលក្នុង១គីឡូក្រាម ចំពោះដំឡូងក្រៀមលក់បានចាប់ពី ៧២០ទៅ៧៥០ក្នុង ១គីឡូក្រាម។ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ជាង ៨០ភាគរយគឺប្រកបរបកសិកម្ម ហើយ​ប្រជាកសិករទាំងអស់​បានខិតខំដាំដុះនៅដំណាំគ្រប់ប្រភេទ ​ជាពិសេសដាំដំឡូងមី ព្រោះដំឡូងមីឆ្នាំនេះ មានហាងឆេងល្អ ។លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានទទួលស្គាល់ថា ​ឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ ហើយលោក​បានជម្រុញប្រជាកសិករ ​ឲ្យធ្វើការដាំដុះនៅដំណាំណាដែមានទីផ្សារល្អ ជៀសវាង​ការ​ដាំដុះ​បានផលហើយ ​លក់ដូរមិនមានតម្លៃធ្វើឲ្យមានការខាតបង់៕ អត្ថបទ៖ មាស ផល្លា

ពេញមួយឆ្នាំ២០២១​កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវ បាន​ចំនួនជាង ១លានតោន

2022/01/06 03:58:44 pm        480
តាកែវ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ កម្ពុជានាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួន៣របស់ខេត្តតាកែវ បានចំនួនជាង ១លានតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងឲ្យដឹងថា គិតចាប់ពីខែថ្ងៃទី ១ខែមករា រហូតដល់ដើមខែមរា ​ឆ្នាំ ២០២២នេះ ស្រូវចំនួន ១លាន១៧ម៉ឺនតោន បានដឹកឆ្លងច្រកទ្វាព្រំដែនចំនួន ៣របស់ខេត្តតាកែវ គឺច្រកទ្វាបាក់ដៃ នៅក្នុងស្រុកអង្គបូរី ច្រកទ្វាកំពង់ក្រសាំង នៅស្រុកបូរីជលសារ និងតាមច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន របស់ស្រុកគីរីវង់ យកទៅលក់នៅប្រទេសវៀតណាម ​ហើយភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយលក់ក្នុងតម្លៃ ១តោន​បានជាង ៨០ម៉ឺនរៀល។ លោកប្រធានមន្ទីរកសិកម្ម បានថ្លែងបន្តថា ​ស្រូវទាំងអស់នោះ ត្រូវបាន​នាំ​យកមកលក់តាមបណ្ដាល​ខេត្តមួយចំនួន​របស់​ប្រទេសកម្ពុជា​ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល ពោធិ៍សាត់​និងកំពង់ឆ្នាំង​ជាដើម ​ហើយបើប្រៀបធៀប​ និងឆ្នាំ២០២០កន្លងមក ​ការនាំស្រូវ​យក​ទៅលក់នៅ​ប្រទេសវៀតណាម​ ក្នុងឆ្នាំ២០២១នេះ ​មាន​ការកើន​ឡើង​ប្រមាណជាង ៨០០ភាគរយ ពោលកាលពីឆ្នាំ២០២០កន្លងមក​ការ​នាំស្រូវ​យក​ទៅ​លក់នៅ​ប្រទេស​វៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត ២សែន​តោន​ តែប៉ុណ្ណោះ ហើយមូលហេតុដែលកានាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម​ក្នុង​ឆ្នាំ២០២១ កើនឡើងខ្លាំងដោយសារតែ ច្រកទ្វាព្រំដែន​បាន​បើកដំណើរការឡើងវិញ​ក្រោយពី​ស្ថានភាព​ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធូស្រាល។លោក ញិប ស្រ៊ន បានថ្លែងបន្តថា ក្រៅពីស្រូវ​កម្ពុជាយើងក៏​បាននាំផ្លែស្វាយប្រមាណ ៤ម៉ឺនតោន​យក​ទៅ​លក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយ​វិញគឺក្រុម​ឈ្មួញវៀតណាម​ទិញក្នុង​តម្លៃ ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀលក្នុងមួយតោន។ តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹងតម្លៃលក់នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​របស់កម្ពុជាយើង៕ ដោយ៖ គុជ វិភាគ

កម្ពុជានាំចេញកង់មានទឹកប្រាក់សរុបជាង ៥០០លានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/27 02:44:49 pm        510
ភ្នំពេញ៖ ការនាំចេញកង់ផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង នៅតែបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ ទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ក្នុងរយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង ៥១៤លានដុល្លារ កើន២១% បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ ៤២៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ទីផ្សារគោលដៅដែលកម្ពុជា នាំចេញកង់រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។បច្ចុប្បន្នកម្ពុជា ​មានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ច​ពិសេស​មួយចំនួន ក្នុងខេត្តស្វាយ។ក្នុងសន្និបាតក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា ទោះបីជាមានការរំខាន ​ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏កម្ពុជា​នៅ​តែ​នាំចេញបាន ក្នុងអត្រាមួយគួរឲ្យកត់សម្គាល់។ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ តម្លៃនាំចេញមានចំនួន ១៥.៧២ បប៊ីលានដុល្លារអាមេរិក។សូមបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ​ពីការនាំចេញកង់ សរុបចំនួន ៥២៧ លាន​ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕អត្ថបទ៖ ជា វណ្ណៈ​

កម្ពុជា-ហុងគ្រី ត្រៀមបើកវេទិកាជំនួបធុរកិច្ចនៅដើមឆ្នាំ២០២២

2021/12/27 12:48:49 pm        339
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ត្រៀមរៀបចំវេទិកាជំនួបធុរកិច្ចរួមគ្នាតាមប្រព័ន្ធអនឡាញ នៅខែកុម្ភៈ នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅលើកកម្ពស់ផលប្រយោជន៍រួម និងការអភិវឌ្ឍដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យល្អប្រសើរ។ កាលសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បានលើកឡើងថា វេទិកាជំនួបធុរកិច្ច នឹងផ្តោតលើការ​ផ្គូផ្គង​ធុរកិច្ច និងបង្ហាញ​អំពី​កាលានុវត្ត​ភាពក្នុងវិស័យសក្តានុពលមួយចំនួន រួមមាន៖ ​កសិកម្ម ការកែច្នៃម្ហូបអាហារ សុវត្ថិភាព​ចំណីអាហារ ​និងសេវាកម្មក្នុងវិស័យទេសចរណ៍។ឯកឧត្តម បានបន្តថា ជំនួបធុរកិច្ចនេះ ក៏នឹងជួយជំរុញឲ្យធុរជន ​និងវិនិយោគិនហុងគ្រី មក​ពង្រីក​ប្រតិបត្តិការធុរកិច្ច​ និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។ឯកឧត្តម បានឲ្យដឹងទៀតថា ចំពោះវេទិកាជំនួបធុរកិច្ច ​នឹងជួយជំរុញឲ្យធុរជន និងវិនិយោគិន​ហុងគ្រី មកពង្រីកប្រតិបត្តិការធុរកិច្ច ​និងវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ថែមទាំងជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ​និងការវិនិយោគរវាងប្រទេសទាំងពីរ គ្រាដែលទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​​នៅមានកម្រិតទាប។សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ២០១៧ រហូតត្រឹមឆ្នាំ២០២០ ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ហុងគ្រី​ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនជាង ​១៦លានដុល្លារ ​ខណៈពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី​ សរុបមានជាង ៤លានដុល្លារ។ដោយឡែក គិតត្រឹម ១១ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេច​បាន​ចំនួនជិត ៣លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ២លានដុល្លារ ចំណែកឯការនាំចូលពីហុងគ្រី​មានចំនួនជាង ៨២ម៉ឺនដុល្លារអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី 

ផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២១នេះ ថយចុះជាងពីពាន់តោន

2021/12/24 01:57:15 pm        796
កំពត៖ មន្ត្រីជំនាញជលផល មានផែនការជាច្រើនដើម្បីរក្សភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រថយចុះជាលំដាប់។ ជាក់ស្តែងឆ្នាំ២០២១នេះ ផលនេសាទសមុទ្រ បានថយចុះជាងឆ្នាំមុនចំនួនជាងពីរពាន់តោន។នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផលនេសាទ សមុទ្រមានចំនួនតែ១៨០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ មាន២០ពាន់៣០០តោន គឺថយចុះ ២៣០០តោន ឬប្រមាណ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។លោក បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះបណ្តាលមកពីកត្តាពីរ ទី១. កត្តា ធម្មជាតិ ​មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំង​ញឹកញាប់​ជាដើម និងទី២ កត្តា មនុស្សការបាត់បង់ទីជម្រកក្នុងដែននេសាទ ​ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើ​ឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន ​និងធនធានធម្មជាតិសមុទ្រ។ដើម្បីថែរក្សានិរន្តរភាពធនធានសមុទ្រឲ្យមាននិរន្តរភាព នាយខណ្ឌរដ្ឋបាលជលផលបានដាក់ ចេញ​នូវផែនការ និងទិសដៅអនុវត្តបន្តសំខាន់ៗជាច្រើន ដូចជា៖ មន្ត្រីជលផល ​នៅតែបន្តកៀរគរអង្គការ ដៃគូ ធ្វើការបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បន្តផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជានេសាទឲ្យចូលរួមសហការ ដើម្បីលុបបំបាត់នូវការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។​ផ្សព្វផ្សាយ​ការរៀបចំបច្ចេកទេស​ឲ្យប្រជានេសាទចូលរួមបង្កើន​មុខរបរ​ចិញ្ចឹម​ត្រី​សមុទ្រ​ជាដើម ​ដើម្បីកាត់បន្ថយការនេសាទតាមធម្មជាតិនៅលើផ្ទៃសមុទ្រ។ ​ពង្រឹងសហគមន៍​នេសាទ​ឲ្យយល់​ដឹងអំពីផ្នែកច្បាប់ និងចូលរួមការពារធនធាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស។លោក បានបញ្ជាក់បន្ថែមថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំ​ដូចភ្លៀងរលឹម ដើម្បី​ការពារទប់ស្កាត់បទល្មើសនេសាទ។ជាងនេះទៅទៀតខណ្ឌរដ្ឋបាលជលផល ​នឹងរៀបចំសហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ​ដើម្បីរកប្រាក់ចំណូលបន្ថែម​ក្នុងការជួយទ្រទ្រង់ជីវភាព ក្រៅ​ពីការចេញទៅនេសាទ។​ ខេត្តកំពត មានទូក ​និងកាណូតនេសាទ ​កំពុងប្រតិបត្តិការ ចំនួន​ជាង១០០០គ្រឿង៕ អត្ថបទ៖ អន សារឹម

មន្រ្តីជំនាញចិន នឹងចាប់ផ្តើមពិនិត្យ​គុណភាព ចម្ការ និងកន្លែងវេចខ្ទប់មៀនប៉ៃលិន ដើម្បីនាំចេញទៅចិន

2021/12/23 11:33:50 am        793
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណឹងនេះ ពិតជាល្អប្រពៃណាស់សម្រាប់វិស័យឯកជន ដែលមានបំណងចង់នាំចេញ។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្បុជា​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិតចិន ​ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងថា ដើម្បីមានលទ្ធភាព​ចរចា​បើកទីផ្សារឱ្យបានលឿនឈាន​ដល់ការ​អនុញ្ញាត​នាំចូលទៅប្រទេសចិន ​ចាំបាច់​ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្ដង់ដារ​គុណភាព ​និងសុវត្ថិភាពឱ្យបានពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេស​ដាំដុះ​តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់​សម្លាប់​សមាសភាពចង្រៃតាមស្តង់ដារ ​កំណត់ឱ្យបានគ្រប់គ្រាន់។ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាការឆ្លើយតប អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្ត​ដំណើរ​ការ​វាយតម្លៃវិភាគ ​ហានិភ័យ​លើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំ​របស់​ក្រសួងកសិកម្ម ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិន​ប្រចាំនៅ​កម្ពុជាផងដែរ។ប្រភពដដែល បានលើកឡើងបន្តថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខ ដោយធ្វើការជ្រើសរើស​សម្រិត​សម្រាំង​យក​ចម្ការមួយចំនួន ​ជាតំណាង ​និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រតែមួយបានសាង់សង់​រួច​ មានទីតាំង​នៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃ​បញ្ចប់​ដំណាក់កាលវិភាគ​ហានិភ័យ​ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។ក្នុងបរិការណ៍នេះក្រសួងកសិកម្ម ​បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍​កសិកម្មមៀនប៉ៃលិន និង​ម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ​ត្រៀមលក្ខណៈជាស្រេចចូលរួមសហការ​ជាមួយ​មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួល​បាន​លទ្ធផលល្អ និងជោគជ័យ តាមផែនការគ្រោងទុក។ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវថែមទៀតទៅដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់​សម្លាប់​សមាស​ភាព​ចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំ​ចេញផ្លែមៀន​ប៉ៃលិន​ទៅកាន់ប្រទេសចិន​នៅអគ្គនាយកដ្ឋានកសិកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួនជាង ៣៧ប៊ីលានដុល្លារ ក្នុងរយៈពេល១០ខែ

2021/12/23 04:20:28 am        368
ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់សរុបចំនួន ៣៧. ៣បប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួនជាង ១៤.២ប៊ីលានដុល្លារ ថយចុះ ២ភាគរយ និងការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ២៣ ប៊ីលានដុល្លារ កើនឡើង ៥៨ភាគរយ។នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០២២ ​នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា​ក្នុងការនាំចេញ មាន​ដូចជា អាម៉េរិក ជប៉ុន ចិន កូរ៉េ កាណដា ចក្រភពអង់គ្លេស អូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ថៃ វៀតណាម អាស៊ាន និងប្រទេសផ្សេងៗទៀត។មុខទំនិញសំខាន់ៗដែលបាននាំចេញ មានដូចជា សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ អង្ករ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី និងបន្លែនិងផ្លែឈើ។ល។ឯកឧត្តម បានឲ្យដឹងទៀតថា ដោយឡែក ការនាំចូលរបស់កម្ពុជា មានដូចជា វាយនភណ្ឌ សម្ភារៈសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី ជីកសិកម្មនិងថ្នាំ និងមុខទំនិញផ្សេងទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោក​ទាំងមូលនៅកំពុងជួបបញ្ហាប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្ក​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ចជាតិ ​និងជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ​ ក៏មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេសបានចូលរួមពិភាក្សាដោយផ្ទាល់ និង​តាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងទទួលយក​នូវអនុសសាសន៍ល្អៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តភារកិច្ចរៀងៗ​ខ្លួន​ឲ្យ​ទទួល​បានប្រសិទ្ធផល​ និងប្រសិទ្ធភាពខ្ពស់ ​និងសម្រេចបាននូវជោគជ័យតាមទិសដៅ ដែលបានគ្រោងទុកនៅ​ក្នុង​ឆ្នាំ២០២១នេះ៕អត្ថប៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

BREAKING NEWS I ព្រឹកនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់
12/17/2025 07:12 AM
អភិបាលខេត្តពោធិ៍សាត់ ចុះជួបគ្រួសារវីរកងទ័ពជួរមុខ និងពិនិត្យវឌ្ឍនភាព វាយតម្លៃគម្រោងមូលនិធិឃុំ ក្នុងស្រុកក្រគរ
12/16/2025 09:12 PM
ក្តីស្រមៃពឹងផ្អែកស្រូវសាលីរបស់ប្រជាកសិករអ៊ីរ៉ាក់ត្រូវបានបំផ្លាញដោយសារវិបត្តិទឹក
12/16/2025 08:12 PM
ពលរដ្ឋលីបង់ស្វាគមន៍រដូវកាលបុណ្យណូអែលជាមួយក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងជួយទប់ស្កាត់សង្រ្គាម
12/16/2025 08:12 PM
តើយានដ្រូនបានផ្លាស់ប្តូរសង្រ្គាមបែបណាខ្លះនៅក្នុងឆ្នាំ ២០២៥?
12/16/2025 08:12 PM
ផ្សែងអ័ព្ទយ៉ាងក្រាស់នៅប៉ាគីស្ថាន បង្ខំឲ្យបិទផ្លូវហាយវ៉េសំខាន់ៗជាច្រើនខ្សែនៅខេត្ត Punjab
12/16/2025 08:12 PM
ចិនបញ្ជាក់ឡើងវិញពីតម្រូវការឲ្យនាយករដ្ឋមន្រ្តីជប៉ុនកែសម្រួលសេចក្តីអត្ថាធិប្បាយលើបញ្ហាកោះតៃវ៉ាន់
12/16/2025 08:12 PM
ក្រុមហ៊ុនធានារ៉ាប់រង Swiss Re ៖ គ្រោះមហន្តរាយធម្មជាតិធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសកល ២២០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥
12/16/2025 08:12 PM
មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា នៅខេត្តព្រះសីហនុ
12/16/2025 08:12 PM
រដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
12/16/2025 08:12 PM