អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ
កម្ពុជានាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរក្នុងឆ្នាំ២០២៥ បានបន្តចលន​ការកំណើន​ល្អ​ប្រសើរ
ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំចំនួន ៣,០៨៣ ក្នុងទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារ
កម្ពុជាប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារពិភពលោកធ្វើបទបង្ហាញអំពីការប្រមូលទិន្ន័យ ដើម្បីរៀបចំកម្រងព័ត៌មាន​ភស្តុភារកម្មកម្ពុជា

2025/04/04 11:03:52 am        174
តំណាងធនាគារពិភពលោក ធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មាន ភស្តុភារកម្មសម្រាប់កម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើទិន្នន័យ និងសូចនាករនៅក្នុងប្រតិបត្តិការ ដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យ ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើត កម្រងព័ត៌មានភស្តុភារកម្មសម្រាប់កម្ពុជា ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ “កម្រងព័ត៌មានភស្តុភារកម្ម” គឺជាកម្រងឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធ- ភាព ក្នុងការសម្រេចចិត្តពីភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន។ តាមរយៈការផ្តល់នូវទិដ្ឋភាពស៊ីជម្រៅ និងស្របតាមពេលវេលាជាក់ស្តែងនៃសូចនាករសំខាន់ៗទាំងនោះ គឺជាការផ្តល់ លទ្ធភាពដល់ភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ យ៉ាងសកម្ម និងស្របតាមគោលបំណងអាជីវកម្មដែលរំពឹងទុក៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យលើវិធានការដំឡើងពន្ធរបស់អាមេរិកដើម្បីរកដំណោះស្រាយធានាដល់សេដ្ឋកិច្ចជាតិ

2025/04/03 04:27:32 pm        617
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត លើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងគ្រោងដាក់ចេញនូវវិធានការជាក់លាក់មួយ បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួចលើដំណោះស្រាយទាំងនេះ ដើម្បីធានាដល់ ការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ BTV បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩ ភាគរយ ដែលជាកម្រិតខ្ពស់មួយ នៅព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិកនេះថា ជុំវិញការដំឡើងកំណត់ពន្ធគយនេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការវាយតម្លៃដោយម៉ត់ចត់ជាទីបំផុត ចំពោះ សហរដ្ឋអាមេរិក ដែលបានរៀបចំនូវលើវិធានការថ្មីនេះ។អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួច ក្រសួងនឹងមានវិធានការជាក់លាក់មួយ សម្រាប់ជា ដំណោះស្រាយ ធ្វើយ៉ាងណាធានាដល់កិច្ចដំណើរនៃសេដ្ឋកិច្ចកម្ពុជា អាចបន្តមានភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរលើកំណើន និងការងារជូនដល់ប្រជាជនពលរដ្ឋកម្ពុជា។ឯកឧត្តម មាស សុខសេនសាន៖«ក្រសួងមានក្រុមការងារកំពុងវាយតម្លៃយ៉ាងល្អិតល្អន់ និងម៉ត់ចត់មែនទែន ក្នុងការដែលសហរដ្ឋអាមេរិករៀបចំនូវវិធានការ [កំណត់ពន្ធគយ]» ថ្មីនេះ។ ក្រុមការងារពិនិត្យហើយនឹងមើលពីការពិបាកនៃការដំឡើងនេះបន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងម៉ត់ចត់បំផុតដើម្បីជាដំណោះស្រាយធ្វើយ៉ាងម៉េចធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរសម្រាប់កំណើន ព្រមទាំងការងាររបស់ប្រជាពលរដ្ឋ»។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនជាង ៩ ៩០០ លានដុល្លារអាមេរិក កើនជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនជាង ២៦៤ លានដុល្លារអាមេរិក កើនឡើង ២,៧ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ នេះវិញ, ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទំហំជាង ១ ៦៧៥ លានដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមាន ចំនួនជាង ១ ៦២៦ លានដុល្លារអាមេរិក ខណៈការនាំចូលមានចំនួនជាង ៤៨ លានដុល្លារអាមេរិក៕

កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បន្ថែម

2025/04/03 11:41:26 am        172
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយ​ផ្សព្វ​ផ្សាយ​អំពី​បច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅ​កាន់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ​ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុង​នាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តម​ធ្លាប់​បាន​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែល​ជា​និច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​អំណរ​គុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ ​ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បាន​កត់​សម្គាល់​ឃើញ​នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខ​ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាង​ក្រុម​ហ៊ុន​ជប៉ុន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និង​បច្ចេក​វិទ្យា​ថ្មី​ៗផងដែរ។តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគម​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​​បច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់​សហគមន៍​ធុរ​កិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅ​ក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ

2025/04/02 12:50:02 pm        230
ក្រុមហ៊ុនអាជីវកម្មក្រៅស្រុកមួយ មានគោលដៅសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ វារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីលើកកម្ពស់ផលិតភាព, ការច្នៃបង្កើតពូជថ្មីៗ, និងការបង្កើនស្តង់ដារ គុណភាពជលផល។លោក Shun Ishimoto នាយកប្រតិបត្តិ (អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុម ហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ បានធ្វើបទបង្ហាញអំពីបេសកកម្ម និងចក្ខុវិស័យ, ជំនាញឯកទេស និងប្រវត្តិប្រតិបត្តិការរបស់ក្រុមហ៊ុន ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការ ចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយស្ថាប័នពាក់ព័ន្ធ នាពេលអនាគត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅ នៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយ ដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជា ដែលមានស្រាប់។សូមបញ្ជាក់ថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្រ្តជាន់ខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារ គុណភាពជលផល ដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរ បច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាព ផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យវាយនភណ្ឌ និងការកាត់ដេររបស់កម្ពុជា នឹងធានាការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន

2025/04/01 10:39:48 am        272
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាសម្រាប់ការ កសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាដល់វិស័យវាយនភណ្ឌ និងការកាត់ដេរ សម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «កសាងអនាគត៖ បង្កើនភាពកួតប្រជែងនិងចីរភាព» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោល ដៅវិនិយោគគួរពិចារណា, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិស ប្រកបដោយចក្ខុវិស័យរបស់សម្តេច ធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រង បរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអនុវត្ត ឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីយន្តនៃការត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ច្បាម យកឱកាសនាពេលអនាគត ស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីក ចម្រើន ទំនើបទាន់សម័យ, និងការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការ យកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗ ស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ នឹងបានឈ្វេងយល់បន្ថែម អំពីមាគ៌ា នៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថា វិស័យ វាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី១ ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា, អង្គការពលកម្មអន្តរជាតិ តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៤ គម្រោងមានទឹកប្រាក់ ២៦ លានដុល្លារ

2025/04/01 10:31:43 am        329
កម្ពុជា និង JICA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួន៤ ក្នុងនោះកិច្ចព្រមព្រៀងហិរញ្ញប្ប ទានឥតសំណងថ្មីចំនួន ១ និងវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ៣ មានទឹកប្រាក់សរុបប្រមាណ ២៦ លានដុល្លារអាមេរិក។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៤ មានទឹកប្រាក់សរុបចំនួនជិត ៤ ពាន់លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២៦ លានដុល្លារអាមេរិក។ ក្នុងនោះរួមមានគម្រោង៖ ទី១-លើវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក មានថវិកាបន្ថែមចំនួន ១២,៣៣ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹក ប្រាក់ចំនួន ២២,៤១ លានដុល្លារអាមេរិក)។ គម្រោងនេះមានគោលបំណងពង្រីកសមត្ថភាពផលិតរបស់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែកពី ១៥០ ពាន់ម៉ែត្រគីប ដល់ ១៩៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ៤៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ, សាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹកឆៅ, អាង ស្តុកទឹក និង ប្រព័ន្ធចែកចាយទឹក។ ទី២- វិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងការកសាងបណ្ដាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស មានថវិកាបន្ថែម ៤ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹកប្រាក់ ៨,៩២ លានដុល្លារអាមេរិក) ។ គម្រោងនេះ មានគោលបំណងពង្រឹងសេវារដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើតបណ្តាញ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយប្រព័ន្ធផ្កាយរណប ដែលអាចទទួលទិន្នន័យ កំណត់ទីតាំងដែលមានសុក្រិតភាពខ្ពស់ ពីប្រព័ន្ធផ្កាយ រណបសកល, និងការដំឡើងឧបករណ៍សម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរួមមួយដែលនឹងត្រូវធ្វើប្រតិបត្តិការជាប្រព័ន្ធ។ទី៣-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចមានទឹកប្រាក់ ៧,៧៧ លានដុល្លារ អាមេរិក, កម្មវិធីនេះមានគោលបំណងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ស្តីអំពីសកម្មភាពបោសសម្អាតមីន តាមរយៈការផ្ដល់សម្ភារសំខាន់ៗចាំបាច់ទាក់ទង នឹងសកម្មភាពសម្អាតមីន នៅតាមអង្គភាព CMAC ក្នុងខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, និងទីតាំងបណ្តុះបណ្តាលនានា។ចំណែកទី៤- គឺវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វ ផ្សាយអប់រំ ការយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានថវិកាបន្ថែម ២ លានដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការចាំបាច់ និងសម្រេចទស្សនវិស័យនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គភាព CMAC, ការ ធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងជាសាធារណៈ អំពីផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម, ផ្សព្វផ្សាយអប់រំ អំពីវិបត្តិនៃសង្គ្រាម និងលើកកម្ពស់ស្មារតីឱ្យស្គាល់ពីតម្លៃពិតនៃសន្តិភាព ក្នុងស្ថានភាពចំពោះមុខ និងអនាគត តាមរយៈការសាងសង់ សំណង់អគារមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក្នុងខេត្តកំពង់ ឆ្នាំង, សាងសង់អគារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីសង្គ្រាម នៅខេត្តសៀមរាប និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

[BREAKING NEWS] មីយ៉ាន់ម៉ា​នឹង​ប្រារព្ធ​ពិធីស្ងៀមស្ងាត់មួយនាទី ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​ហក់ឡើង​ដល់​ជាង២.០០០​នាក់

2025/04/01 06:23:18 am        198
សហភាពមីយ៉ាន់ម៉ានឹងប្រារព្ធពិធីស្ងៀមស្ងាត់មួយនាទីនៅថ្ងៃអង្គារ ១ មេសានេះដើម្បីឧទ្ទិសដល់ជនរងគ្រោះនៃគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញរបស់ប្រទេសនេះដែលបានសម្លាប់មនុស្សជាង២.០០០ នាក់ ខណៈក្តីសង្ឃឹមកាន់តែតិចក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតនៅក្នុងគំនរបាក់បែកនៃអគារបាក់រលំ។

កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិបានជាង ៤៥ពាន់ក្រុមហ៊ុនដោយ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ

2025/03/28 03:08:34 pm        213
គិត​មកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការ​បើក​សហ​គ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បាន​ចំនួន​ប្រមាណ​ជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិល​មិញ​នេះ​ថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយ​សម្រួល​ដល់​ការ​ចុះ​បញ្ជី អាជីវកម្ម ក៏ដូចជាការស្នើរសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងសេវាសាធារណៈផ្សេងៗ ដែល​ពាក់ព័ន្ធ និងការធ្វើធុរកិច្ច ដែលបាននិងកំពុង អនុវត្តន៍ដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត បន្តឱ្យដឹងថា ចំពោះការចុះបញ្ជី គិតមកដល់ពេលនេះ ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា មានសមាជិកទាំងដៃគូរ របស់រាជរដ្ឋាភិបាល និងវិស័យឯកជន មានចំនួន ៦៥ ដែល​បាន​ចូល​រួម​ជាសមាជិក និងបានកំពុងបន្តផ្លាស់ប្តូរទិន្នន័យជាមួយគ្នា បើគិតជាមធ្យម មានចំនួន​ប្រមាណ​ជា ២លានប្រតិបត្តិការ។ ចំណែកទូរលេខនៃការចុះបញ្ជី ដែលទទួលបាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការងារ បណ្តុះ​បណ្តាល និងវិជ្ជាជីវៈជាដើម ជាមធ្យមនៅក្នុង មួយខែៗ ទទួលបានក្រុមហ៊ុនដែលស្នើរចុះបញ្ជីថ្មី មាន​ចំនួន​ប្រមាណជាង ៨០០ ក្រុមហ៊ុន មកដល់ពេលនេះ ការចុះបញ្ជីតាមថ្នាល CamDX បាន​ចំនួន​ជាង ៤៥ពាន់ក្រុមហ៊ុនហើយ។ឯកឧត្តមបណ្ឌិត តាំង ងួនលី បន្ថែមថា ជុំវិញថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX នេះ, មជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី "តេជោ" នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ ជាក់ស្តែង​នា​ពេល​កន្លង​មកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍​សេវា​អេឡិច​ត្រូនិច​ សម្រាប់ធុរិកិច្ចឆ្នាំ ២០២៥-២០២៨ ដែល​យុទ្ធ​សាស្រ្ត​នេះ​បាន​ផ្តោត​លើ​ការ​ជំរុញ​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំសេវាសាធារណៈរបស់ខ្លួន ជុំវិញការធ្វើ​ធុរកិច្ច​ពី​ក្រៅ​បណ្តាញ ​មកក្នុងបណ្តាញ ដោយប្រើ CamDX ជាមធ្យោបាយ។ ដូច្នេះចាប់បីឆ្នាំនេះទៅ រហូត​ដល់​ឆ្នាំ២០២៨ ជាគោលការណ៍ គឺចង់ឱ្យសេវាសាធារណៈសម្រាប់ធុរកិច្ចបានដល់ ៨០% នៃ​សេវា​ដែលមានការស្នើសុំញឹកញាប់ និងមានហានីភ័យទាប គឺផ្តល់លទ្ធភាពអាចស្នើសុំតាមចិត្ត ទាំង​ប្រព័ន្ធ​អនឡាញនិងប្រព័ន្ធអេឡិចត្រូនិច មានន័យថា ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល កំពុងមានវឌ្ឍនភាពល្អ៕ អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» កំពុងគាំទ្រដល់ធុរកិច្ចថ្មីឲ្យក្លាយជាធុរកិច្ចមានសក្តានុពល

2025/03/27 02:59:10 pm        165
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាក្រុមហ៊ុន​ដែល​អាច​ផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កម្មវិធីនេះត្រូវបានរៀបចំក្នុងរយៈពេល ១៤ សប្ដាហ៍ និងបែងចែកជា៣ដំណាក់កាលរួមមាន៖ វគ្គជំរុំចាប់ផ្តើម (Bootcamp), វគ្គពន្លឿនអាជីវកម្ម (Acceleration), និងថ្ងៃបទ បង្ហាញសាធារណៈ (Demo Day) ។ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញនូវ សេចក្តីសោមនស្សរីករាយ សម្រាប់សមិទ្ធិផលនៃកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត ក៏បានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍ ទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការ បណ្ដុះបណ្ដាលធនធានទេពកោសល្យ និងបណ្តុះស្មារតីសហគ្រិនបន្ថែមទៀត។ជុំវិញកម្មវិធីខាងលើនេះ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានទទួលពាក្យស្នើសុំពីបេក្ខជនចំនួន ៧០ ក្រុម ប៉ុន្តែក្រោយការ សម្រាំងនិងឆ្លងកាត់ ៣ ដំណាក់កាលរួចមក កម្មវិធីនេះបានរកឃើញធុរកិច្ចឆ្នើមចំនួន ៥ រួមមាន៖ Golden Spiral Co., Ltd., Mainichi Digital, Polymer Invoice, Scholarar, និង Zippy Express ដែលអាចឈានបន្តទៅកាន់ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣។ ចំពោះធុរកិច្ចឆ្នើមទាំងនេះ ត្រូវបានផ្តល់ជូនទុនវិនិយោគ ដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុម ដោយក្រុមនីមួយៗទទួលបានប្រាក់ វិនិយោគ ចំនួន ២០ លានរៀល។ ក្នុងនោះតាមរយៈការធ្វើបទបង្ហាញអំពីអាជីវកម្មនៅក្នុងវគ្គផ្តាច់ព្រ័ត្រ, គណៈកម្មការបានសម្រេចផ្តល់នាម “Top Performance” ទៅកាន់ Polymer Invoice ជាមួយនឹងទឹកប្រាក់ ២០ លានរៀល និងនាម “Most Collaborative” ទៅកាន់ Scholarar ជាមួយនឹងទឹកប្រាក់ ៨ លានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/03/27 02:11:53 pm        106
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំនួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តី មានគោលដៅពង្រឹងការងារមូលដ្ឋានគ្រប់វិស័យ ដោះស្រាយបញ្ហារាំងស្ទះឱ្យមានភាពល្អប្រសើរ ពិនិត្យការងារកសិកម្ម និងជំរុញការងារអត្រានុកូលដ្ឋាន ផ្តល់សេវាសាធារណៈឱ្យបានល្អដាច់គេទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពង្រឹងភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករបានទទួលជ្រាប និងចូលរួមចងក្រង សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច ចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយក្រសួងកសិកម្មនឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃដដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។ដោយមើលឃើញពីសក្តានុពល ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រិក និងអ៊ីស្រាអែលពង្រឹងទំនាក់ទំនងយោធា ស្របពេលសង្រ្គាមប្រល័យពូជសាសន៍នៅហ្កាហ្សា
02/04/2026 08:02 PM
អាមេរិកបាញ់ទម្លាក់យានដ្រូនអ៊ីរ៉ង់ដែលហោះខិតមកជិតនាវាដឹកយន្តហោះចម្បំាង
02/04/2026 08:02 PM
នគរបាលអង់គ្លេស ចាប់ខ្លួនបុរសម្នាក់ពីបទឃាតកម្ម ក្រោយមានការចាក់នៅទីក្រុង Leicester
02/04/2026 08:02 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សាសម្លាប់មនុស្ស ២១នាក់ ដែលស្ថិតក្នុងចំណោមថ្ងៃស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់
02/04/2026 08:02 PM
លោក ស៊ី និងលោក ពូទីន សាទរទំនាក់ទំនង អំឡុងការជជែកទូរសព្ទ ខណៈសង្គ្រាមអ៊ុយក្រែនជិតដល់ខួប
02/04/2026 08:02 PM
អគ្គលេខាធិការសមាគមអតីតយុទ្ធជនអញ្ជើញចុះពិនិត្យអណ្តូងទឹក និងការរៀបចំប្រព័ន្ធសូឡាសម្រាប់បូមទឹកជូនអតីតយុទ្ធជន នៅភូមិព្រៃសិន
02/04/2026 08:02 PM
ការស្ទង់មតិ៖ ក្រុមសង្គមនិយមទំនងផ្ដួលមេដឹកនាំស្តាំនិយមជ្រុល ក្នុងការបោះឆ្នោតប្រធានាធិបតីព័រទុយហ្គាល់
02/04/2026 08:02 PM
សភាកូរ៉េខាងត្បូងនឹងបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីមូលនិធិវិនិយោគរបស់អាមេរិក នៅថ្ងៃទី៩ ខែមីនា
02/04/2026 08:02 PM
ក្រុមខ្មាន់កាំភ្លើងសម្លាប់អ្នកភូមិយ៉ាងហោច ៣៥នាក់ នៅរដ្ឋ Kwara ប្រទេសនីហ្សរីយ៉ា
02/04/2026 08:02 PM
នគរបាលជម្លៀសមនុស្សចេញពីតំបន់ Zaporizhzhia របស់អ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ីរុលចូល
02/04/2026 07:02 PM