សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតជូន ឯកឧត្តម តូ ឡឹម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ
មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

សេដ្ឋកិច្ច និង កសិកម្ម

តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ

2024/12/20 02:34:20 pm        388
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤.០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងប៉ុណ្ណោះ ខណៈការប្រើប្រាស់ប្រាក់ដុល្លារនៅ កម្ពុជាមិនទាន់ថមថយនៅឡើយ។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តរតនគីរី នៅថ្ងៃទី ២០ ខែ ធ្នូ នេះថា ទាក់ទិនដុល្លារូបនីយកម្ម, ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី ៩០, អ៊ុនតាក់ បាននាំ មកនូវថវិកាចំនួន ១.៧ ពាន់លានដុល្លារអាមេរិកមកកម្ពុជា ហើយនៅពេលនោះ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជា ក៏មាន ភាពទន់ខ្សោយនៅឡើយដែរ។ ក៏ប៉ុន្តែក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ហើយតែបានត្រឹមទប់ ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ។ឯកឧត្តម បន្តថា នេះគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថាការបាត់បង់ទំនុកចិត្តលើប្រាក់រៀល ដែលកើតឡើងត្រឹម រយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដោយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងនោះក៏មានគោលនយោបាយលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញ លេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ JICA, កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់ រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែល ប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ជាក់ស្តែងសម្រាប់ខេត្តរតនគិរី ទិន្នន័យស្រាវជ្រាវបង្ហាញថា ទាក់ទិនប្រាក់រៀលនេះ ជាមធ្យមប្រមាណ ៩១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើង ជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំ, ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ ២០២៣ បានបង្ហាញ ផងដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់ រៀល ជាពិសេសទៅលើការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។ ចំណែកឯកម្មករ និយោជិត អ្នកដែលរស់នៅទីក្រុង ចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នក ទិញប្រើប្រាស់ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរ ដល់អត្រាប្តូរប្រាក់នោះទេ៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងកសិកម្ម និងអង្គការ FAO គ្រោងរៀបចំកម្មវិធីការអភិវឌ្ឍវិស័យកសិកម្មបន្តទៀតដើម្បីជំរុញការវិនិយោគនៅកម្ពុជា

2024/12/20 12:29:34 pm        165
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៥ខាងមុខនេះ នឹងបន្តសហការជាមួយអង្គការស្បៀង និងកសិកម្ម (FAO) ដើម្បីប្រារព្ធកម្មវិធីការអភិវឌ្ឍវិស័យកសិកម្មផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ក្នុងជំនួបការងារជាមួយ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល ៥ឆ្នាំ កាលពីល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀងនិងកសិកម្ម នាពេលបច្ចុប្បន្ន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ មាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដែលបានសហការយ៉ាងជិតស្និតជាមួយអង្គការ FAO ក្នុងការប្រារព្ធក្នុងឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគលើកសិផលសក្តានុពលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ

2024/12/20 11:58:45 am        78
នេះជាលើកទី២ ដែលសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកជើងនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្តីពី ពន្ធលើប្រាក់ចំណូល និងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (ToI E-Filling) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សមាជិកសមាគម។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា ក្នុងអង្គសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចនានារបស់រោងចក្រ សហគ្រាស រួមមាន៖ ពន្ធលើប្រាក់ចំណូល ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីជំរុញភាពប្រសើរឡើង និងមានសប្រសិទ្ធិភាពខ្ពស់ ដោយមានសមាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២០ក្រុមហ៊ុន។ក្រោយអង្គសិក្ខាសាលានេះ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មូលហេតុដែលបន្តកិច្ចសហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយសារជាកាតព្វកិច្ចក្នុងការផ្តល់នូវចំណេះដឹង ជាពិសេសផ្តល់ជាព័ត៌មានទាំងឡាយណាដែលប្រទាក់ក្រឡាការអនុវត្តច្បាប់ស្តីពីសារពើពន្ធជូនទៅដល់អ្នកជាប់ពន្ធ ដើម្បីឲ្យបានយល់ដឹងក្នុងការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។ លោកជំទាវ បានបន្តថា ចំពោះការងារនេះ អគ្គនាយកដ្ឋានដារនឹងបន្តធ្វើជាប្រចាំ ហើយក៏មិនមែនតែជាមួយសមាគមវិស័យកាត់ដេរប៉ុណ្ណោះទេ គឺនឹងធ្វើជាមួយអ្នកជាប់ពន្ធគ្រប់វិស័យទាំងអស់ ហើយក៏មិនមែនត្រឹមតែលក្ខណៈរូបវ័ន្តផងដែរ គឺមានតាមប្រព័ន្ធវីដេអូ ឬហៅថា កម្មវិធី E-Learning ជាដើម។ ក្រៅពីនេះ ក៏មានផ្សព្វផ្សាយនៅបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដែរ ដើម្បីបញ្រ្ជាបការយល់ដឹង។ លោកជំទាវអគ្គនាយករង ក៏បានលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ថា កុំមានអារម្មណ៍ខ្លាចរដ្ឋបាលសារពើពន្ធ ព្រោះជាមន្រ្តីដែលជាអ្នកផ្តល់សេវា ជាអ្នកដែលអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជាអ្នកផ្តល់សេវាជូនទៅអ្នកជាប់ពន្ធ ដែលអាចមកពិភាក្សាដោយផ្ទាល់ជាមួយមន្រ្តីពន្ធដារបាន ដោយផ្អែកទៅលើច្បាប់នានា ប៉ុន្តែចៀសវាងនូវការផ្តល់ព័ត៌មានមិនល្អទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលសារពើពន្ធកន្លងមក ក្នុងការកំណែទម្រង់ស៊ីជម្រៅ ទាំងទិដ្ឋភាពគតិយុត្ត ទាំងទិដ្ឋភាពយន្តការនៃការប្រតិបត្តិទាំងឡាយ៕ អត្ថបទ ឈិត បូរ៉ាវី 

AFD ផ្តល់ហិរញ្ញប្បទានជាង១៩២លានដុល្លារ សម្រាប់ស្ដារស្ទឹងស្វាយចេក និងសាងសង់​រោងចក្រ​បាក់ខែង

2024/12/20 11:47:18 am        213
កម្ពុជានិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញប្ប​ទា​ន​សហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជា​ប្រមាណ​ជាង ១៩២ លានដុល្លារអាមេរិក សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹង ស្វាយចេក និងគម្រោង​សាងសង់​រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាព អឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៤ នេះ, បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះមានកិច្ចព្រមព្រៀងឥណទាន សម្បទានចំនួន២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ។ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន៖ ទី១, សម្រាប់គម្រោងស្ដារឡើងវិញអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទាន ចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណជាង ៩៥ លានដុល្លារអាមេរិក ។ គម្រោងនេះមានគោលបំណងស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨ កន្លែង, បង្កើនសមត្ថភាពចំនួន ៥ កន្លែង, និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦ កន្លែង ដើម្បី កាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។ ទី២,គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរ ភាព តាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង៣, ពង្រឹងដល់ការគ្រប់គ្រងធនធានទឹក ចម្រុះ នៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដាន វាយតម្លៃ អំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង ។ចំណែកកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ គឺជា កញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាមេរិក ។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឲ្យបាន១៣ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ បំពាក់បំពង់មេ នាំទឹក ពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ដោយឡែកកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ ត្រូវជាប្រមាណជាង ១២ លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតទៅលើរួមមាន៖ ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំ ផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និង ការបណ្តុះបណ្តាលផ្សេងៗ។ ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់ គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕ អត្ថបទ៖ សុន រ៉ាឌី

តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ចុះ ស្របពេលប្រាក់ដុល្លារបន្តឡើងថ្លៃ

2024/12/20 11:35:05 am        975
តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បាន​កាត់នូវ​អត្រា​ការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល គឺវាអាស្រ័យទៅលើ ប្រាក់ដុល្លារ ក្នុងនោះប្រសិនប្រាក់ដុល្លារឡើងថ្លៃ ចំណែកទីផ្សារមាសនឹងធ្លាក់ចុះ ជាក់ស្តែងនៅថ្ងៃ ១៨ ខែធ្នូ កន្លងមកនេះ ធនាគារ កណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មកនៅត្រឹម ៤.៥០ ភាគរយប៉ុណ្ណោះ ដែលការប្រកាសកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យរូបិយវត្ថុដុល្លារបានឡើងថ្លៃ ខណៈដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះ។លោក បន្តឱ្យដឹងថា ជុំវិញប្រាក់ដុល្លារនេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ សហរដ្ឋអាមេរិកមិនមានគម្រោងកាត់អត្រាការប្រាក់បន្តទៀតឡើយ, ដូច្នេះនៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិក លែងកាត់អត្រា ការប្រាក់ដុល្លារនោះ, ប្រាក់ដុល្លារនឹងឡើងថ្លៃ ហើយនៅក្នុងពេលតែមួយនេះ តម្លៃមាសនឹងធ្លាក់ចុះ។ ចំណែកតទៅមុខទៀត បើធៀប ប្រាក់ដុល្លារទៅនិងមាស ឃើញថា ប្រាក់ដុល្លារនិងអាចបន្តឡើង ចំណែកតម្លៃហាងឆេងមាសអាចនិងបន្តធ្លាក់ចុះថែមទៀត, នឹងអាច ធ្លាក់ចុះដោយសន្សឹមៗ ទៅតាមចំនួនវិនិយោគិនលក់មាសចេញផងដែរ។ ជាក់ស្តែងនៅចុងឆ្នាំនេះ តម្លៃហាងឆេងមាសនិងធ្លាក់ចុះ ចន្លោះពី ២,៦២០ ដល់ក្នុងរង្វង់ ២,៥៦០ ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ, ប្រសិនពិភពលោកមានភាពតាន់តឹងផ្នែកភូមិសាស្រ្ត, នយោបាយ និងការប៉ះទង្គិចសង្គ្រាមណាមួយ ទីផ្សារមាសនឹងអាចហក់ឡើងថ្លៃវិញជាមិនខាន។លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹងថា នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមក៏តម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏តម្លៃហាងឆេងមាសឡើង, វិបត្តិសេដ្ឋកិច្ចពិភព ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារ​កម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារ​អាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបានឈានដល់មានការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់

2024/12/19 02:55:15 pm        146
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ មន្រ្តីក្រោមឱវាទត្រូវបង្កើនការគិតគូរ ដោយផ្តោតទៅលើភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។ក្នុងឱកាសចូលរួមបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ពាក់ព័ន្ធនឹងការងារវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជនគ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។ សម្រាប់ការរួមចំណែកកិច្ចការនយោបាយ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កើនការចូលរួមឱ្យមានភាពសកម្ម ផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ព្រមទាំងឆ្លើយតប និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ និងជាក់ស្តែងច្បាស់លាស់។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមទៀតថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕

កម្ពុជាបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគជូនវិនិយោគិនដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

2024/12/19 02:05:22 pm        136
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញតឱ្យលោក Liang Songshou ប្រធាន​សហព័ន្ធ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao និងជាប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវឧស្សាហកម្ម Guangdong Huarong ដឹកនាំគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ ជូន​វិនិយោគិន​ដែល​មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សំដៅជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និង​បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរតាមរយៈជំនួបនាឱកាសនេះ គណៈ​ប្រតិភូ​នៃ​សហព័ន្ធ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​ឧស្សាហកម្ម​តំបន់​ឆ្នេរ ​Guangdong-Hong Kong-Macao បានទទួល​ការ​ចង្អុល​បង្ហាញ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​បរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលស្របតាមច្បាប់ និងបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ លើវិស័យសក្ដានុពលនានា ដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់សហព័ន្ធ​កំពុង​ចាប់​អារម្មណ៍ផងដែរ៕

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព ដើម្បី​ជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា

2024/12/19 01:55:44 pm        101
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំ “កិច្ចប្រជុំការ​រៀបចំ​យុទ្ធសាស្ត្រ​ជំរុញ​វិនិយោគ​រយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាង​កម្ម​វិធី​ភាព​ជាដៃ​គូ​កម្ពុជា​ អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំង​ថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញសរុបប្រមាណ ៤០រូប។ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍​យ៉ាង​កក់​ក្តៅចំ​ពោះ​គណៈ​ប្រតិភូ​របស់​ស្ថាន​ទូត​អូស្រា្តលី ព្រមទាំងបានបង្ហាញ​​ពី​ចំណាប់​អារម្មណ៍​លើ​ការ​សហការ​រៀប​ចំ​យុទ្ធសាស្រ្ត​នេះ​ជាមួ​យ​កម្មវិធី CAPRED ដោយហេតុថាឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​នូវ​អនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់​អាទិភាព​ស្វែង​រក​ព័ត៌មាន​អំពី​ក្រុម​ហ៊ុន​សក្ដា​នុពល​ដែល​មានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំង​សិក្សា​ស៊ីជម្រៅ​លើ​យុទ្ធ​សាស្រ្ត​គាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សា​សមិទ្ធ​លទ្ធភាព​ក្នុង​ការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាព​មួយ​បន្ថែម​ទៀត​សម្រាប់​យុទ្ធសាស្ត្រ​ជំ​រុ​ញវិនិយោគរយៈពេល៣ឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អូស្រ្តាលី​ដែលបាននិងកំពុងបន្តផ្ដល់នូវហិរញ្ញប្បទាន និងជំនួយ​បច្ចេក​ទេស​នានា សម្រាប់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតរង បានសម្តែងនូវសេចក្តីសោមនស្ស និង​ការ​ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងរាជ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក ជាពិសេសកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតរង មាន​សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយឯកសារ​ផ្ទៃ​ក្នុង​យ៉ាង​សំខាន់​សម្រាប់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការ​ទាក់​ទាញ​វិនិយោគ​ដែល​មាន​គុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា។កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងសម្រេច​ជ្រើស​រើស​វិស័យ​អាទិភាព​ចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយ​បច្ចេកទេស​របស់​អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។ យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់​ចេញ​សកម្មភា​ព​ជាក់​លាក់​ដែល​អាច​អនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រ និង​កិច្ច​សម្រួល​ដល់​វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញ​ទាក់​ទាញ​វិនិយោគ និងទាញយក​ជា​អតិបរមា​នូវ​កាលានុវត្តភាព​ពី​និន្នាការ​ដែល​បាន​និង​កំពុង​លេច​ឡើង​ទាំង​ក្នុងតំបន់ និងសកល៕

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជំរុញឱ្យអគ្គនាយកដ្ឋានក្រោមឱវាទគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាម​ឧត្តមានុវត្ត

2024/12/19 12:50:26 pm        209
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង​ចំណូល​មិន​មែន​សារ​ពើពន្ធ ពន្លឿនការរៀបចំ ផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីកែលម្អការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យ​ស្រប​តាមឧត្តមានុវត្តអន្តរជាតិ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន​គ្រប់​គ្រង​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ​ប្រហា​ក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ហៅកាត់ (SARMIS) នៅ​ថ្ងៃទី១៨ ម្សិលមិញនេះថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីសារពើភណ្ឌ, ទោះ​បី​ជា​​មាន​វឌ្ឍនភាព​ល្អ​ហើយក្តី, ក៏នៅជួបបញ្ហាប្រឈម មួយចំនួន ដែលទាមទារនូវការយកចិត្តទុកដាក់ និង​ការ​ដោះស្រាយ​ជាបន្តបន្ទាប់ ។ ជុំវិញការដោះស្រាយបញ្ហាប្រឈមនានានេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើដល់​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និងចំណូល មិនមែនសារពើពន្ធ ត្រូវបន្តលើកកម្ពស់​ការ​ធ្វើ​ទំនើប​កម្មការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និងត្រូវពង្រីកវិសាលភាពនៃការកត់ត្រាទ្រព្យ សម្បត្តិរដ្ឋ SARMIS ឱ្យស្រប​តាម​គោល​ការណ៍ណែនាំ ស្ដីពីកិច្ចបញ្ជីការគណនេយ្យទ្រព្យសកម្មរយៈពេលវែង ឱ្យបានចប់សព្វគ្រប់ នៅ​មុន​ដំណាច់ឆ្នាំ២០២៧, និងត្រូវបន្តលើកកម្ពស់ការកសាងសមត្ថភាពមន្រ្តី តាមរយៈ​ការ​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល អំពីច្បាប់, លិខិតបទដ្ឋានគតិយុត្ត, ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន និងកិច្ចបញ្ជីការគណនេយ្យជាដើម។អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវពន្លឿន​ការ​រៀបចំ​ផែន​ការ​គោល ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងលិខិតប​ទ​ដ្ឋាន​គតិយុត្ត​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់ ដោយផ្អែកលើការដកស្រង់បទពិសោធន៍ពីប្រទេសនានាផងដែរ ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ ។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ ក៏ត្រូវពិនិត្យឡើងវិញអំពីនីតិវិធី និងបែបបទការងារ ដែល​អាច​ប្រែប្រួល ដោយសារការដាក់ឱ្យប្រើប្រាស់នូវ SARMIS សំដៅបង្កើនប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធភាព​នៃ​ការ​អនុវត្តការងារ ។ ក្រុមការងារ SARMIS និងក្រុមការងារ FMIS ត្រូវជំរុញ ការតភ្ជាប់ ឬ​ការ​ធ្វើ​សន្ធានកម្ម ក្នុងការផ្លាស់ប្តូរទិន្នន័យ រវាង SARMIS ជំនាន់ថ្មី ជាមួយ FMIS ឱ្យបានរលូន ដោយ​ជោគជ័យ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និង​អង្គភាព​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិរដ្ឋ ក្រោម ឱវាទ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់ច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធនឹងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ ។ ទន្ទឹមនេះ,អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវ​បន្ត​ជំរុញការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ឲ្យបា​ន​ពេញ​លេញ និងគ្រប់ជ្រុងជ្រោយ, ឲ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

១១ខែ ឆ្នាំ២០២៤ ការនាំចេញនាំចូលរបស់កម្ពុជា​សម្រេចបានជាង ៥០ពាន់លានដុល្លារ​កើនឡើង​ជិត១៦ភាគរយ

2024/12/19 10:56:32 am        272
គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥​ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះការនាំ​ចេញ​សម្រេច​បាន​ទឹក​ប្រាក់​ចំនួន ២៤,៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៤,៣៦% និងការនាំ​ចូល​សម្រេចបាន​ទឹក​ប្រាក់ ​២៦,១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៧,៤៨% ។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​លើ​ការ​នាំចេញ រួមមាន សម្លៀកបំពាក់ ៨,៩៤ប៊ីលានដុល្លារ កើនឡើង ២៥,៨៤% , សម្ភារ​ធ្វើ​ដំណើរ ​១,៧៨ប៊ីលានដុល្លារ កើនឡើង ២១,៥០% , ស្បែកជើង ១,៥០ប៊ីលានដុល្លារ កើនឡើង ២៤,៣០% និងស្រូវ ១,៥០លានដុល្លារ កើនឡើង ១៦,៤២% និងផលិតផលផ្សេងៗទៀត ដូច​ជា គ្រឿងអេឡិចត្រូនិក សំកកង់រថយន្ត បន្ទះសូឡា ដំឡូងមី អង្ករ ជ័រកៅស៊ូ និង​ក្តារ​កុង​ប្លាកេ​ជា​ដើ​ម​។ ដោយឡែក ការនាំចូលមកកាន់កម្ពុជា រួមមាន វាយនភ័ណ្ឌ សម្ភារសំណង់ រថយន្ត ប្រេង​សាំង គ្រឿងឧបភោគ បរិភោគ អគ្គិសនី និងគ្រឿងក្រអូប ឬគ្រឿងសម្អាង។ល។នៅ​ក្នុងពិធីបើកអង្គសន្និបាតនេះ លោកជំទាវរដ្ឋមន្រ្តី ចម និម្មល មានប្រសាសន៍ថា ក្រសួង​ពាណិជ្ជ​កម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុង​ការ​ជំរុញ​​វិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការ​បន្ត​ពង្រឹង​គុណភាពធ​ន​ធាន​មនុស្ស​លើ​វិស័យ​ពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង និង​ការអភិវឌ្ឍស្ថាប័ន , ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យ​ប្រសើរ​ឡើង​គុណភាព នៃ​ការ​ផ្តល់​សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយបានកាត់​បន្ថយ​ទាំង​ការ​ចំណាយ និងពេលវេលា , ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្ត​កសាង​ និង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និង​បង្កើត​បរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ក៏ដូចជា​ពង្រឹង​ភាព​ប្រកួត​ប្រជែង នៃ​ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ជាមួយនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់ឱកាសដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង​វិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហា​ប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដាក់ជូនអង្គ​សន្និបាត​ធ្វើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ចូល​រួម​ដល់​ការ​អភិវឌ្ឍវិស័យពាណិជ្ជកម្មកាន់តែរីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនវាយប្រហារក្លែងខ្លួនធ្វើជាគ្រូគង្វាល មុនការវាយប្រហារសម្លាប់មនុស្ស ១៧០នាក់នៅនីហ្សេរីយ៉ា
02/06/2026 05:02 PM
ហេតុអ្វីបានជាថៃដែលកំពុងមានបញ្ហា បន្តបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្តូរ តែមិនដែលកើតឡើង
02/06/2026 05:02 PM
ផ្លូវជនបទបញ្ចប់សុពលភាពក្នុងស្រុកស្អាង រក្សានូវគុណភាពផ្លូវល្អ ឆ្លើយតបនិងការរស់នៅប្រជាពលរដ្ឋ
02/06/2026 05:02 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីបដិសេធមិនគាំទ្រផែនការរបស់សម្ព័ន្ធមិត្តណាតូ ក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន
02/06/2026 05:02 PM
មន្ត្រី៖ ជប៉ុននៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ទោះបីជាមានទំនាក់ទំនងតានតឹងក៏ដោយ
02/06/2026 05:02 PM
បាតុករប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា
02/06/2026 05:02 PM
មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងការបាញ់ប្រហារនៅទីក្រុងមូស្គូ
02/06/2026 05:02 PM
ប្រធានបក្ស កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន និងជំរុញពាណិជ្ជកម្ម
02/06/2026 05:02 PM
តំបន់ព្រំដែនទួរគី កំពុងរងផលប៉ះពាល់សេដ្ឋកិច្ចពីអ៊ីរ៉ង់
02/06/2026 04:02 PM
អ្នកប្រើប្រាស់អ៊ីនធឺណិតរបស់ចិន ឡើងដល់ ១,១២៥ពាន់លាននាក់ ខណៈសេដ្ឋកិច្ចឌីជីថលកើនខ្លាំង
02/06/2026 04:02 PM