សម្តេចព្រះមហាក្សត្រី ព្រះរាជានុញ្ញាតជូន ឯកឧត្តម តូ ឡឹម ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវ​ដល់វិស័យឯកជនបង់ពន្ធ​ជូនរដ្ឋគ្រប់ៗ​គ្នា​ដើម្បីអភិវឌ្ឍន៍ជាតិ
មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជា​បាន​កំពុង​បន្ត​ឆ្ពោះ​ទៅ​មុខ​មាន​ទិស​ដៅ​សេដ្ឋកិច្ច​ច្បាស់​លាស់
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

សេដ្ឋកិច្ច និង កសិកម្ម

ពូជស្រូវ២ប្រភេទ និងសម្ភារកសិកម្មមួយចំនួនរបស់កម្ពុជា​ ត្រៀមផ្តល់ជូនប្រទេសគុយបា ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករ

2024/11/19 12:06:04 pm        164
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ខារីដេត ហ្សាឌីវ៉ាភីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយបញ្ចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ​ការ​ស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​ពីរ​លើ​វិស័យ​ស្រូវ​អង្ករ​។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​អនុវត្ត​នេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំង​ទិដ្ឋភាព​ផ្លូវ​ច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។ប្រភពដដែល បានឲ្យដឹងទៀតថា ចំពោះកិច្ច​សហប្រតិបត្តិការ​ផ្ដល់​ជំនួយ​បច្ចេក​ទេស​នៅ​ក្នុង​វិស័យ​កសិកម្ម​ដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំ​បញ្ចូន​ពូជ​ស្រូវ​អាយុ​ខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន ២ពូជ ដែលមានពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែល​សម​ស្រប​នឹង​ប្រព័ន្ធ​ក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំង​អ្នក​បច្ចេកទេស​កសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទ​ក្នុង​ការ​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួលឆាប់រហ័ស៕ អត្ថបទ ឈិត បូរ៉ាវី 

ហាងឆេងមាសសកលកំពុងដាំក្បាលចុះ ក្រោយការបោះឆ្នោតអាណត្តិថ្មីនៅអាមេរិកទើបបញ្ចប់

2024/11/19 11:32:54 am        227
ទីផ្សារហាងឆេងមាសកំពុងដាំក្បាលចុះមកវិញ នឹងបន្តធ្លាក់ចុះដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារ​អាមេរិក ក្នុងមួយអោន ដែលការធ្លាក់ ចុះដោយសារស្ថានភាពនយោបាយ និងសង្គ្រាម​ដែល​កំពុង​អូស​បន្លាយ អាចនឹងត្រជាក់មកវិញ បន្ទាប់ពីដូណាត្រាំជាប់សំឡេងឆ្នោតដ៏ ច្រើនសន្ធឹក​សន្ធាប់​ក្នុង​អាណត្តិ​ថ្មី​នេះ។ លោក ឈា ឆាយហេង អ្នកជំនាញ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើក​ឡើង​ក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីទីផ្សារហាងឆេងមាសជាសកល នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា ជុំវិញទីផ្សារហាងឆេងមាស នៅក្នុង ពេលប៉ុន្មានខែចុងក្រោយនេះ មាន​ការ​ប្រែ​ប្រួល​ខ្លាំង ជាក់ស្តែងតម្លៃហាងឆេងជាសកល កន្លងមកនេះបានហក់ឡើងដល់តម្លៃជាង ២ ៧៩០ ដុល្លារអាមេរិក ក្នុងមួយអោន (ស្មើនិង៨ជី៣ហ៊ុន) ឬ ៣ ៣៦១ ដុល្លារអាមេរិក ក្នុង​មួយ​តម្លឹង​មាស ដែលជាតម្លៃមួយខ្ពស់ កប់ពពក ខណៈដែលពីមុនតម្លៃហាងឆេងមាសថេ មានត្រឹមតែ ២ ៤០០ ដុល្លារអាមេរិក ក្នុងមួយអោនប៉ុណ្ណោះ ។លោក បន្តឱ្យដឹងថា មកដល់បច្ចុប្បន្ន ទីផ្សារហាងឆេងមាសបានកំពុងដាំក្បាលចុះមកវិញ ដែល​ការ​ធ្លាក់​ចុះបន្ទាប់ពីលោក ដូណាត្រាំ ជាប់ឆ្នោតនៅក្នុងអាណត្តិថ្មី ក្នុងនោះ​ប្រទេស​សំខាន់​ៗ​ជា​ច្រើន​ក៏​បាន​ចេញសេចក្តីថ្លែងការណ៍ ជាពិសេសប្រទេសរុស្សី ហាម៉ាស និងពីប្រទេសចិនជាដើម, ដោយសារ​តែ​គោលនយោបាយគណបក្សរបស់លោកត្រាំ ផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចជាតិ និង ស្ថេរ​ភាពនយោបាយ ត្រូវបានពិភពលោកមើលឃើញថា បន្ទាប់​ពី​លោក​ដូណា​ត្រាំ​ចូល​កាន់​តំណែង ​គាត់នឹងអាចបញ្ចប់សង្គ្រាម ទាំងសង្គ្រាម រវាងរុស្សីអ៊ុយ-ក្រែន និងអ៊ីស្រាអែល-ហាម៉ាស ឱ្យ​ត្រ​ជាក់មកវិញ, ដែលបញ្ហា នេះធ្វើឱ្យអ្នកវិនិយោគធំៗ នៅក្នុងពិភពលោក មាន​ទំនុក​ចិត្ត​លើ​ប្រាក់​ដុល្លារ បានចាប់ផ្តើមលក់មាសចេញ ដើម្បីទិញដុល្លារចូលមកវិញ (នៅពេលដុល្លារឡើងថ្លៃ មាស​អស់តម្រូវការ និងធ្វើឱ្យតម្លៃហាងឆេងមាសបន្តធ្លាក់ចុះមកវិញតែម្តង ។ជុំវិញ​ទីផ្សារហាងឆេងមាសនេះ, លោក ឈា ឆាយហេង មើលឃើញថា នៅពេល​ខាង​មុខ​តម្លៃ​ហាង​ឆេង​មាស នឹងបន្តធ្លាក់ចុះបន្ថែម ទៀត ដែលអាចធ្លាក់ដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុង​មួយ​អោន។ ដូច្នេះជុំវិញបញ្ហានៃការធ្លាក់ចុះនេះមានកត្តាធំៗចំនួន ពីរគឺ៖ ស្ថានភាព​នយោបាយ​ពិភពលោក និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចត្រជាក់មកវិញ និង​ការ​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ ទីផ្សារមាសដោយខ្លួនឯង ជាក់ស្តែងតម្លៃមាសបច្ចុប្បន្ន បានងើបឡើងវិញពី ២ ៥៣៥ ដុល្លារ​អាមេរិក មកដល់ ២ ៦២៥ ដុល្លារ ក្នុងមួយអោន ដែលការ​ងើប​នេះ​ដោយ​សារ​កត្តា​ភូមិសាស្រ្ត​នយោបាយ តែទោះយ៉ាងការងើបឡើងនេះស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាស​នៅលើ​ទីផ្សារ​កម្ពុជា​ ក្នុងនោះសម្រាប់មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣១៦ និងទិញចូល ៣០៦ ដុល្លារអាមេរិក ក្នុង​មួយជី, ចំណែកផ្លាទីនទឹកលក់ចេញ ២៣៧ ទិញចូល ២២៧ ដុល្លារអាមេរិក ក្នុងមួយជី៕ អត្ថបទ៖ សុន រ៉ាឌី  

ប្រព័ន្ធអេកូឡូស៊ីរបស់ក្រសួងសេដ្ឋកិច្ចជាច្រើន បានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2024/11/19 10:56:30 am        191
កម្ពុជាបានបង្កើតប្រព័ន្ធអេកូឡូស៊ីប្រមាណជា ២០០ ប្រព័ន្ធ ដោយបាន​រួម​ចំណែក​ជំរុញ​ការ​ធ្វើ​បរិវត្ត​ក​ម្ម និងស្វ័យប្រវត្តិកម្មការងារ បានជាអតិបរមា និងបាន​កំពុង​ពង្រឹង​ខ្លួន​នៃ​ការ​ចាប់​យក​ឱកាស ​ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ ២០២៤ បាន​បង្ហាញ​​ឱ្យដឹងថា ក្នុងរយៈ ពេលជាង ២ ទសវត្សរ៍ចុងក្រោយ, បច្ចេកវិទ្យា​ឌីជីថល​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មិន​អាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រម​ទាំង​បាន​ផ្ដល់​នូវ​កាលានុវត្តភាព​ថ្មី​ជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មីៗ ប្រកបដោយនវានុវត្តន៍ខ្ពស់, ការ​បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង​ធុរជនជាដើម។ ស្របតាមនិន្នាការ របស់ប្រទេសនៅក្នុងតំបន់ និងសកល, កម្ពុជា​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបានកំពុងខិតខំពង្រឹងខ្លួន ក្នុងការចាប់យកឱកាស ដើម្បី​រួម​ចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ជាលទ្ធផល ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា​អង្គភាព​ក្រោម​ឱវាទ បានកសាង និងអភិវឌ្ឍគម្រោង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដែល​ត្រូវ​បាន​ចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ប្រទេស។ ក្នុងស្ថានភាពនេះ ដើម្បីប​ន្ត​ជំរុញ​ការ​ធ្វើប​រិវត្តកម្មឌីជីថលឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នាច្បាស់ លាស់​, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវ​ក្របខ័ណ្ឌ​និម្មាបន​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ ក្នុងគោលបំណង "ធ្វើសុខដុមនីយ កម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលបែបវិមជ្ឈការ សំដៅដល់ការ ធ្វើបរិវត្តកម្ម​ឌីជីថល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព” និងបានដាក់ចេញនូវគោលដៅ "កំណត់​មុខងារ​របស់​អង្គភាព លើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រៀបចំអភិបាលកិច្ចទិន្នន័យ, រៀប​ចំ​យន្តការអន្តរប្រតិបត្តិការ, កំណត់សេចក្ដីណែនាំជា ស្តង់ដាសម្រាប់អភិវឌ្ឍ និងគ្រប់​គ្រង​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធនធានរួម”។ ជុំវិញបញ្ហានេះ ក្នុងដើមឆ្នាំ២០២៤ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ មាន​ចំនួន​សរុប​ប្រមាណ​ជា ២០០ ប្រព័ន្ធ ដែលបាននិងកំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម និងស្វ័យប្រវត្តិកម្មការងារឱ្យបានជាអតិបរមា។ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន​ទាំង​អស់​នេះ បានធ្វើការបែងចែកទៅតាមមុខងារធំៗមួយចំនួនដូចជា៖ ការគ្រប់គ្រងចំណូល, ការ​អនុវត្ត​ចំណូល​ ចំណាយ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យនៃថវិការដ្ឋ, ការវិនិយោគ​សាធារណៈ​, ឧស្សាហកម្មហិរញ្ញវត្ថុ, រដ្ឋបាល, ធនធាន មនុស្ស, សារពើភណ្ឌនិងទ្រព្យសម្បត្តិរដ្ឋ និង​សេវា​សាធារណៈ, និងម៉ាក្រូសេដ្ឋកិច្ច, សវនកម្ម និងអធិការកិច្ច។សូមបញ្ជាក់ថា ចំពោះប្រព័ន្ធគ្រប់គ្រងចំណូលដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​មាន​៖ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រ​ង​ប្រកាស​ពន្ធ​អាជីវកម្ម​អន​ឡាញ​, ប្រព័ន្ធគ្រប់គ្រងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម អនឡាញ, ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ប្រព័ន្ធគ្រប់គ្រងប្រាក់ពន្ធតាមអនឡាញ, ប្រព័ន្ធ​គ្រប់​គ្រងការ ស្នើរសុំលើកទឹកចិត្ត, ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពន្ធគយ, ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យគយ (អាស៊ីកូដា), ប្រព័ន្ធបញ្ជរតែមួយ ជាតិ និងមានប្រព័ន្ធគ្រប់គ្រងចំណូល និង​ចំណាយជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្មកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន

2024/11/19 09:56:04 am        219
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង "ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដេីម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕

កម្ពុជាសហការជាមួយចក្រភពអង់គ្លេសរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញ​ការ​នាំចេញ

2024/11/18 12:30:37 pm        377
ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneurs' Network (CamWEN)) សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀ​ប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិកម្ពុជា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ នៅ​អគារ​ពិព័រណ៍​កោះពេជ្រ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើតទំនាក់ទំនង រវាងអ្នកបញ្ជាទិញ និង​អ្នក​ផលិត។នៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះរៀបចំឡើង តាមរយៈការ​សម្រប​សម្រួល​ការ​ត​ភ្ជាប់ រវាងធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី និងអ្នកបញ្ជាទិញ ក្នុង​គោល​បំណង​ជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស និងដើម្បី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​របស់​ចក្រភ​ព​អង់គ្លេស​លើ​ផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា និងចក្រភពអង់គ្លេស មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធលើគ្រប់វិស័យដែលមិត្តភាពដ៏រឹងមាំនេះ ត្រូវបានថែរក្សា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកជំទាវ បាន​បន្ថែម​ថា ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញ ក៏ដូចជាផ្តល់ជូន​អ្នកចូលរួមនូវ​ចំណេះ​ដឹង​បន្ថែម​ស្តីពី​ព័ត៌មា​ន​ទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់​ចក្រភព​អង់គ្លេសផងដែរ។ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈ​កិច្ចស​ហការ​នៃ​ការរៀបចំកម្មវិធីនាពេលនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស តាមរយៈវេទិកាពាណិជ្ជកម្ម និងការ​វិនិយោគ​កម្ពុជា-ចក្រភពអង់គ្លេស នឹងបង្ហាញពីសក្ដានុពល​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ពាណិជ្ជកម្ម​សកល ការបង្ហាញផលិតផលវាយនភណ្ឌ សំលៀកបំពាក់ សិប្បកម្ម និងស្បែកជើង​ទៅ​កាន់​ទីផ្សារអន្តរជាតិ។អ្នកចូល​រួមតាំងបង្ហាញផលិតខ្មែរ ក្នុងកម្មវិធីពិព័រណ៌អន្តរជាតិនេះ បានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍​នេះនឹងជួយគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​ផ្គត់​ផ្គង់ ក៏ដូចជាសេវាកម្មជាដើម ដែលមានការប្រកួតប្រជែង ផ្តល់អត្ថ​ប្រយោជន៍​ទាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និងអន្តរជាតិ។យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១​ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕ អត្ថបទ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies

2024/11/18 11:08:49 am        260
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Total Energies EP Cambodge (TEP Cambodge) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមពៀង ប្រេងកាតតំបន់ III នៃតំបន់ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា រវាងកម្ពុជា-ថៃ (OCA) ។រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹងក្រុមហ៊ុន TEP Cambodge ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន TEP Cambodge នៅ​សប្តាហ៍ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាត មាន​លក្ខ​ខណ្ឌតំបន់ III នៃតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA)។ជុំវិញការចុះកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជំរុញការ អភិវឌ្ឍវិស័យប្រេងកាត នៅអាណត្តិដឹកនាំថ្មីរបស់រាជរដ្ឋាភិបាល។ ការ​វិនិយោគ និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញពីការជឿជាក់ និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា និងវិស័យប្រេងកាតកម្ពុជា ជាក់ស្តែងការចុះ ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងពន្យារបន្តនេះ នឹងជំរុញការអភិវឌ្ឍវិស័យប្រេងកាត ស្របតាមចក្ខុ​វិស័យ​របស់​ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រងធនធានប្រេងកាតរបស់ជាតិ ចូលរួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយ សមធម៌ និងការទទួល​ខុស​ត្រូវ​បរិស្ថាន និងសង្គម។សូមបញ្ជាក់ថា នៅឆ្នាំ ២០០៩ ក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខ​ខណ្ឌ​ជាមួយ​នឹងក្រុមហ៊ុន Total E&P Cambodge ដែលមានរយៈពេលសុពលភាពចំនួន១០ឆ្នាំ ចាប់​ពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមហ៊ុនបានប្ដូរ នាមករណ៍មកជា Total​Energies EP Cambodge (TEP Cambodge)។ កិច្ចព្រមព្រៀង ប្រេងកាតមានលក្ខខណ្ឌនេះ ជាកា​រផ្ដល់ សិទ្ធិចូលរួមឱ្យក្រុមហ៊ុន ត្រៀមវិនិយោគលើការអភិវឌ្ឍធនធានប្រេងកាតនៅតំបន់ III នៃ​តំបន់ OCA នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តំបន់ OCA នេះ។ជុំវិញបញ្ហានេះ, ក្រុមហ៊ុន TEP Cambodge បានដាក់លិខិតស្នើសុំពន្យារបន្តសុពលភាព កិច្ច​ព្រម​ព្រៀងប្រេងកាតមាន លក្ខខណ្ឌ (CPA) តំបន់ III នៃតំបន់ OCA ក្នុងនោះក្រសួងរ៉ែ និង​ថាមពល បានរៀបចំបង្កើតគណៈកម្មការអន្ដរក្រសួង ដែលមាន សមាសភាពពីក្រសួងរ៉ែ និង​ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចរចា​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខខណ្ឌ​​នេះ​សារជាថ្មី ជាមួយនឹងក្រុមហ៊ុន TEP Cambodge តែដោយសារវិបត្តិកូវីដ-១៩ ទើបការ​ចរ​ចា​ពន្យារ​បន្ត​នេះ​ត្រូវបានពន្យារពេល ។ បញ្ហានេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ​កម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងថ្មី ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០២៤ ដើម្បី​បន្ត​ការ​ចរចាកិច្ចព្រម ព្រៀងពន្យារបន្ត ហើយការចរចានេះ បានឈានដល់ការ​ឯកភាព​គ្នា​ចុះហ​ត្ថ​លេខា​ខាងលើ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ RCEP មានទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក

2024/11/18 10:52:08 am        208
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ ២០២៤ មាន​ទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុង​នោះ​ទីផ្សារ​ប្រទេសចិន មានកំណើនខ្ពស់ជាងគេ មានទឹកប្រាក់ជាង ១១.១ ពាន់លានដុល្លារ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈ​ពេល​៣​ត្រី​មាស​ឆ្នាំ​២០២៤ នេះ, ការធ្វើពាណិជ្ជកម្ម ជាមួយភា​ពជា​ដៃ​គូ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ហៅថា RCEP មានទំហំសរុបជាង ២៥.៥ ពាន់លានដុល្លារអាមេរិក កើន ឡើង ៦១ ភាគ​រយ ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអាស៊ាន មានទំហំទឹកប្រាក់កើនឡើងជាង ១១.៧ ពាន់​លានដុល្លារអាមេរិក កើន ឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំណែកប្រទេសដែលមានកំណើនខ្ពស់ជាងគេមាន ប្រទេសវៀតណាម ជាង ៥.៨ ពាន់​លាន​ដុល្លារ កើនជាង ១៤ ភាគរយ, ប្រទេសថៃ ជាង ៣.១ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ, សាំង​ហ្គាពួរ ជិត ១ ពាន់ដុល្លារ កើនជាង ២ ភាគរយ និងការនាំចេញទៅកាន់ប្រទេសចំនួន ៦ផ្សេង​ទៀតនៅក្នុងអាស៊ាន បានកើនឡើងគួរកត់សម្គាល់ផងដែរ។ចំណែកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗក្រៅពីអាស៊ានរួមមាន៖ ប្រទេសចិន មាន​ទឹក​ប្រាក់ជាង ១១.១ ពាន់លាន ដុល្លារ កើនជិត ២៧ ភាគរយ, ជប៉ុន ១.៥ ពាន់លានដុល្លារ កើន​ជិត ៣ ភាគរយ, កូរ៉េ ៦២៧ លានដុល្លារ កើនជាង ១ ភាគរយ, អូស្រ្តាលី ៤២០ លានដុល្លារ កើន១ភាគរយ និងប្រទេសឥណ្ឌា ២៦៨ លានដុល្លារ កើនជិត ១ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ២០២៣។សូមបញ្ជាក់ថា RCEP មានសមាជិកចំនួន ១៥ ប្រទេស ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ​ចំនួន១០ប្រទេសជាសមាជិកអាស៊ាន និង៥ ប្រទេសទៀត ជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់, ខណៈដែលការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់​កម្ពុជា​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើន​ជាង ១៦ ភាគរយ ក្នុងនោះការ នាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់​លាន​ដុល្លារ​ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៣ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូល ដើម្បីបង្ហាញពីមានសក្ដានុពលលើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/13 10:52:08 am        155
កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូលធុរកិច្ច ពិភាក្សា និងការផ្លាស់ប្ដូរ​មតិយោបល់​លើ​កិច្ចការងារ​វិនិយោគ​ឯកជន ការផ្សព្វផ្សាយអំពី បរិយាកាសវិនិយោគនៅកម្ពុជា និងបង្ហាញ​ពី​មាន​សក្ដានុពល​ដល់​វិនិយោគិនអង់គ្លេស សិក្សាលទ្ធភាពនៃការបណ្ដាក់នៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ  បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដោយ​មាន​ការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស គឺលោក Simon Brown នៃ​ការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG។ កិច្ចប្រជុំតុមូលនេះ ត្រូវបានរៀបចំឡើងអនុញ្ញាតឱ្យភាគីទាំងពីរ បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​ម​តិ​យោបល់​លើ​កិច្ចការងារវិនិយោគ ឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំ​ក្រុម​ហ៊ុន​មួយ​ចំនួនរបស់អង់គ្លេស ដែលមានសក្ដានុពលអាចមក កម្ពុជា ដើម្បីសិក្សា​លទ្ធភាព​បណ្ដាក់​ទុន​លើ​វិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ ជុំវិញការទស្សនកិច្ចនេះ, ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែល​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និង​ជំរុញ​វិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មាន វិជ្ជមានអំពីភាពរីកចម្រើន និង​កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅ​ស្វែង​រក​ឱកាស​បង្កើត ការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា។សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស, បើតាម​អគ្គ​នាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៨៥០ លានដុល្លារ កើន ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអង់គ្លេស មានទឹកប្រាក់ជាង ៨០០ លាន​ដុល្លារ កើន ២១ ភាគរយ និងការនាំចូលពីអង់គ្លេស មានចំនួនជាង ៤៣ លានដុល្លារ ថយ​ចុះ​ជាង ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាពជំរុញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានចប់ឆាប់ៗ

2024/11/12 03:02:08 pm        188
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋ ការរៀបចំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និងការចុះបញ្ជី សារពើភណ្ឌរបស់រដ្ឋ ដើម្បីជំរុញនៃការគ្រប់​គ្រង​ឱ្យ​បាន​ច្បាស់​លាស់ និងឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ ជាពិសេសការប្រមូល ចំណូលពីការ​ជួល​ដី​របស់​រដ្ឋ​ជាដើម​។ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា ស្ដីពីបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃម្សិលមិញនេះថា ជុំវិញ បញ្ហាដីរដ្ឋនេះ វាគ្មិន​បាន​លើក​ឡើង និងពិភាក្សាយ៉ាងផុលផុសនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រឈម ដែលយើង​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ ក្នុងគោលដៅរួមជំរុញឱ្យសម្រេចចេញលទ្ធផល ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​រាជ​រដ្ឋាភិបាលរបស់កម្ពុជាទាំងមូល។ឯកឧត្តម បន្តថា ទាក់ទិនបញ្ហានេះ វាគឺជាសូចនកររួមគ្នា រវាងអង្គភាពកាន់កាប់, អង្គភាព​គ្រប់​គ្រង និងតួអង្គដែលមានការ ពាក់ព័ន្ធទាំងអស់ ជាក់ស្តែងនាឆ្នាំកន្លងមក គណៈកម្មការ​អន្តរ​ក្រសួង​បាន​ដាក់ទិសដៅ ដោយក្នុងនោះបណ្តារាជធានី-ខេត្ត ក៏បាន ជំរុញនៅតាម​មូលដ្ឋាន​របស់​ខ្លួន ឃើញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានការកើនឡើង ។ ចំណែក​បញ្ហា​ដែល​នៅ​សេស​សល់ យើងត្រូវរួមគ្នានូវគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និង​ដាក់​ចេញ​ជា​វិធានការដោះស្រាយ រៀបចំជាផែនការ សកម្មភាព​សម្រាប់​អនុវត្ត​ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០២៥​។ នៅក្នុងកិច្ចពិភាក្សានេះ, ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បី​​ស្វែង​រក​សូចនករ មួយឱ្យបានជាក់លាក់ ដើម្បីអនុវត្ត​ការងារ​នេះ​ជំរុញ​ឱ្យ​សម្រេច​បាន​ជា​ផ្លែ​ផ្កា ជុំវិញការធ្វើប័ណ្ណកម្មសិទ្ធដីរបស់រដ្ឋ ដែលបានចុះបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុងពេលឆាប់ៗ។ជុំវិញទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលបានកំពុងពង្រឹងជាបន្តបន្ទាប់ លើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃ ការចុះបញ្ជីដីរដ្ឋ ដើម្បីធានា​ការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាលបង្កើតឡើងរួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំង​ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ ឱ្យបានចំនួនជាង ៣ ទ្រីលាន រៀល, ក្នុងនោះការប្រមូល​ចំណូល​ផល​ទុន​នៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជាង ៥២០ ប៊ីលានរៀល និងផលទុនជួលទ្រព្យសម្បត្តិ ការផ្តល់សេវា និង ផលទុន​ពី​ការ​រួម​ចំណែក​ផ្សេង​ៗ ប្រមាណ ២.៧ ទ្រីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងឧស្សាហកម្ម នឹងដាក់ចេញវិធានការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យរស់រវើក

2024/11/12 02:47:51 pm        146
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរៀបចំ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យពាក់ព័ន្ធ ដើម្បីរៀបចំភាពប្រទាក់ក្រឡា ការដាក់ចេញវិធានការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកប​ដោយ​សង្គតិភាព ស្ថេរភាព និរន្តរភាព និងបរិយាបន្ន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ទិវាសហគ្រិនស្ត្រី កម្ពុជា ឆ្នាំ២០២៤ "ការពង្រឹងភាពអង់អាចស្រ្តីក្នុងសេដ្ឋកិច្ចបៃតង" ម្សិល​មិញនេះថា សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម រាជរដ្ឋាភិបាល​កំពុង​សស្រាក់​សស្រាំ អនុវត្តកម្មវិធីនយោបាយ ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោល​នយោបាយជាតិសម្រាប់ផលិតផលយុទ្ធសាស្ត្រអាទិភាព, ការកែសម្រួល និងកែលម្អ​សេវា​សាធារណៈ​របស់ក្រសួង ស្ថាប័ន ក៏ដូចជាការលើកទឹកចិត្ត និងការបន្តរៀបចំ​លិខិតបទដ្ឋាន​គតិ​យុត្ត​គាំទ្រពា​ក់ព័ន្ធនានាបន្ថែមទៀត។ ឯកឧត្តម បន្តថា ក្នុងអន្តរកាល​ដែលកម្ពុជាកំពុងត្រៀមខ្លួ​ន​ចាក​ចេញ​ពី​ស្ថាន​ភាព​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និងការប្រើ ប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ការកសាង​សមត្ថភាព​ទាំង​ផ្នែក​បច្ចេក​ទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុលោម និងស្តង់ដារផលិតផល សេវារបស់ខ្លួន, ការ​ពង្រីក មាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និង​ផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិជាដើម សុទ្ធសឹងជាកត្តាចាំបាច់ ដែល​ត្រូវ​មាន​ការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោម ជ្រែងពីគ្រប់​បណ្តា​ភាគី​ពាក់ព័ន្ធ។ ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី អំពាវនាវឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង​សិប្បកម្ម​ប្រើប្រាស់ការចុះបញ្ជី និងការ ខិតខំបំពេញអនុលោមភាព ជាគុណ​ប្រយោជន៍​ដល់​សហ​គ្រាស​ខ្លួន និងជួយឱ្យក្រសួងស្ថាប័ន អាចគ្រប់គ្រងទិន្នន័យច្បាស់លាស់ ត្រឹមត្រូវដឹង​ពី​សុខទុក្ខ និង​តម្រូវ​ការគាំទ្រពិតប្រាកដ និងទទួលបានធាតុចូលគ្រប់គ្រាន់ សម្រាប់រៀបចំវិធានការគាំទ្រ សម្រួ​ល​ស្ថានភាព អាជីវកម្ម ផលិតកម្ម បានគ្រប់ជ្រុងជ្រោយ និងអាចទទួល​បាន​ភាព​អនុ​គ្រោះ​ជា​ផ្លូវការ​។ ឯកឧត្តម ក៏បានសំណូមពរឱ្យសមាគម តំណាងសហគ្រិនទាំងអស់ បន្តសិក្សា និង​កំណត់​អំពី​បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកម្មន្តសាលឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅ ជូន​ក្រុម​ការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា "ក្រុមការងារ គ" ដើម្បី​ទទួលបានធាតុចូលបន្ថែម សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែង ក៏​ដូច​ជា​ដាក់​ស្នើ​ជូនរាជរដ្ឋាភិបាល ពិនិត្យ និងដោះស្រាយក្នុងករណី ចាំបាច់ និងបានសំណូមពរ​ដល់​សហ​គ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ចូលរួមទទួលសេវាសាធារណៈ តាមប្រព័ន្ធថ្នាល បច្ចេក​វិទ្យាដែលក្រសួង-ស្ថាប័នជាច្រើន បានរៀបចំរួចជាស្រេច ព្រោះប្រព័ន្ធនេះ ផ្តល់ផល​ប្រយោជន៍​ដល់ផ្នែកឯកជនដូចជា ចំណេញ ថវិកា ចំណេញពេលវេលា និងអាចអនុវត្ត​បាន​គ្រប់​ទី​កន្លែង​៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកចោទប្រកាន់ចិនថាបានសាកល្បងនុយក្លេអ៊ែរដោយសម្ងាត់ ខណៈពួកគេអំពាវនាវឲ្យមានសន្ធិសញ្ញាអាវុធថ្មី
02/06/2026 09:02 PM
ភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្រ្តនៅឧបទ្វីបអ៊ីបេរីរបស់អេស្ប៉ាញ ធ្វើឲ្យអ្នកព្យាករឧតុនិយមភ្លាក់ផ្អើលយ៉ាងខ្លាំង
02/06/2026 08:02 PM
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជួបប្រជុំនៅអូម៉ង់ ក្រោយការគំរាមកំហែងផ្នែកយោធារបស់លោក Trump
02/06/2026 08:02 PM
ប្រេស៊ីលផ្ដល់សញ្ញាបើកចំហរដល់ការចរចា រវាងប្លុក Mercosur និងចិន ខណៈក្រុងប៉េកាំងស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅ
02/06/2026 08:02 PM
កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា ដើម្បីផ្ទេរអ្នកទោសស៊ីរី នៅលីបង់ ទៅប្រទេសកំណើត
02/06/2026 08:02 PM
ឥណ្ឌូនេស៊ីអាចនឹងចាកចេញពីក្រុមប្រឹក្សាសន្តិភាពរបស់លោក Trumpបើសិនជាគោលដៅឯករាជ្យប៉ាឡេស្ទីនមិនឈានដល់ទេនោះ
02/06/2026 08:02 PM
គុយបាត្រៀមខ្លួនរួចជាស្រេចដើម្បីជជែកជាមួយអាមេរិក ប៉ុន្តែមិនមែនជជែកពីការផ្លាស់ប្តូររបបនោះទេ
02/06/2026 07:02 PM
បាតុករប្រមូលផ្តុំគ្នានៅក្រុង Milan ប្រឆាំងវត្តមាន ICE របស់អាមេរិក និងការបិទសាលារៀន មុនពិធីបើកព្រឹត្តិការណ៍អូឡាំពិក
02/06/2026 07:02 PM
UN៖ អំពើហិង្សាអ្នកតាំងលំនៅនិគមន៍ជំរុញឲ្យការជម្លៀសខ្លួននៅវ៉េសប៊ែងឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា
02/06/2026 07:02 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទអ៊ុយក្រែនថា បានប៉ុនប៉ងធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់ នៅទីក្រុងមូស្គូ
02/06/2026 07:02 PM