តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមការងារបង្កបង្កើនស្រូវដោយប្រើពូជសែនក្រអូប និងស្រង៉ែ
វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងរយៈពេល៧ខែ

2023/08/17 05:25:21 pm        394
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយថា ប្រទេសកម្ពុជា បានចុះបញ្ជីភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៣​ លាននាក់ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ៣០៨ ភាគរយពីចំនួនជាង៧៤ម៉ឺននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយ​ការណ៍​បាន​បន្ត​ថា ប្រទេស​ថៃ​ បាន​ឈរ​លើ​កំពូល​តារាង​ក្នុង​ចំណោម​ភ្ញៀវ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែកក្កដា ​ឆ្នាំ​នេះ តាមពីក្រោយដោយ​ប្រទេស​វៀតណាម និងប្រទេស​ចិន។យោងតាមរបាយការណ៍ដដែល ភ្ញៀវទេសចរបរទេសចំនួន១.០៦លាននាក់ បានមកទស្សនា​ប្រទេស​កម្ពុជា តាមផ្លូវអាកាស កើនឡើង២៣៧ភាគរយ​ និងជាង១.៩៧ ​លាននាក់​ តាមផ្លូវគោក និងផ្លូវទឹក​ កើនឡើង ៣៦២ ភាគរយ។ឯកឧត្តម ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានមានប្រសាសន៍ថា “ផ្អែកលើតួលេខនេះ កម្ពុជា​ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៥ ​លាននាក់នៅឆ្នាំ ​២០២៣” ។កម្ពុជា​ទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២ ៕ អត្ថបទ៖ វណ្ណៈ  

ឥណ្ឌូណេស៊ីយល់ព្រមទិញអង្ករកម្ពុជា ក្នុងបរិមាណជាង ១២ម៉ឺនតោនក្នុងមួយឆ្នាំ

2023/08/17 03:55:20 pm        347
ភ្នំពេញ៖ ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជា ក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះ អង្ករស បរិមាណ ១០០ ០០០តោន និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ។កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៣នេះ ។ក្នុងកិច្ចប្រជុំ ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករស បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្ត រវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ចំពោះតម្លៃ ​និងលក្ខខណ្ឌផ្សេងទៀត​ភាគី​ទាំងពីរ និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពគ្នា​ឱ្យមានការរៀបចំឡើងវិញនូវ​អនុស្សារណ​នៃការ​យោគយល់​ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ​ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា​ និងក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី ​ក្នុងបរិមាណអង្កររហូតដល់ ​២៥០ ០០០តោន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ កម្ពុជា និងឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាង​ប្រទេសទាំងពីរ ​ដែលបានចែករំលែកទៅវិញទៅមកនូវ ​ប្រវត្តិសាស្រ្ត ​សាសនា ការផ្សាភ្ជាប់​នយោបាយ​រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ​ ជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបានពិភាក្សា​ជាមួយភាគី​ឥណ្ឌូណេស៊ី​នូវលទ្ធភាពការនាំចេញអង្ករ ​ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការ​ចុះអនុស្សរណៈយោគយល់​គ្នាស្តីពី ​ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។នៅក្នុងឱកាសនោះ ​ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ​បានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ី ជួយជម្រុញ​ការ​បញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ​តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព​រដ្ឋាភិបាលនិងរដ្ឋាភិបាល, ឯកជននិងឯកជន និងលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគ​ទុន​នៅកម្ពុជាក្នុងផលិតកម្មស្រូវ​ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករស្របតាម​ស្តង់ដារ​សម្រាប់​ធ្វើការនាំចេញទៅកាន់​ប្រទេសឥណ្ឌូនេស៊ី ​និងទីផ្សារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី  

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង២.៣ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ

2023/08/17 03:30:16 pm        394
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ ​នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣​ បានចំនួនជាង ៩ ៣៦៧ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។អគ្គនាយកដ្ឋានពន្ធដារ ​បានបង្ហាញរបាយការណ៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ប្រចាំខែ កក្កដា និងរយៈពេល៧ខែឆ្នាំ២០២៣ថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ​ក្នុងខែ កក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានមានចំនួនជាង ​៩៧៣ ប៊ីលានរៀល ត្រូវប្រមាណជាង ២៤០ លានដុល្លារ ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០២៣។ចំណែកក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវជាង ២ ៣១២ លានដុល្លារ ក្នុងនោះបើធៀបរយៈពេល ៧ ខែ និងឆ្នាំ២០២២ បានធ្លាក់ចុះប្រមាណ ២១ ភាគរយ។ជុំវិញការប្រមូលចំណូលនេះ, តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។ បញ្ហានេះអគ្គនាយកដ្ឋានពន្ធដារ និងពង្រឹងការបណ្តុះបណ្តាល អំពីការផ្តល់សេវាល្អជូនដល់មន្ត្រី​ពន្ធដារ ជាពិសេសមន្ត្រីជួរមុខ​ ក្នុងគោលដៅរក្សាបាន និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា​ជូន​អ្នកជាប់ពន្ធ និងបង្កើនភាពជឿជាក់ពីសំណាក់សាធារណជន ​និងអ្នកជាប់ពន្ធមកបន្ថែម។អគ្គនាយកដ្ឋានពន្ធដារ ​បានបង្ហាញនូវសកម្មភាពប្រមូលចំណូលសំខាន់ៗមួយចំនួន ​បានថយចុះ ជាក់ស្តែង​ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះជាង ១១ ភគរយ, អចលនទ្រព្យ ជិត ៧ ភាគរយ, ការសាងសង់ ជាង ២ ភាគរយ, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់​អចលនទ្រព្យ បានថយចុះជាង ២៦ ភាគរយផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម​ ទេសចរណ៍ និងវប្បធម៌

2023/08/16 03:16:14 pm        147
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លើកឡើងថា ប្រទេសឥណ្ឌាគឺជាប្រទេស​ដៃគូ​ជាមួយប្រទេសកម្ពុជា​ ដែលមានបំណងធ្វើដំណើរឆ្ពោះទៅរក​ការអភិវឌ្ឍ ជាពិសេសការ​ធ្វើពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ទេសចរណ៍ និងប្រជាជននិងប្រជាជន ។លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា លើក​ឡើងនៅ​ក្នុងពិធីអបអរសាទរទិវាឯករាជ្យលើកទី ៧៧ ​នៃសាធារណរដ្ឋឥណ្ឌា ​នៅថ្ងៃទី១៥ ​ខែសីហា ឆ្នាំ ២០២៣ នេះថា ​សមិទ្ធផល​ដែលបានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំកន្លងទៅ ​គឺបានបង្ហាញ អំពី​ទំនាក់ទំនង​ទ្វេភាគីស្ថិតក្នុងកម្រិតខ្ពស់ រវាងឥណ្ឌា ​និងកម្ពុជា​ ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្ម​ទ្វេភាគីវិញ ទំហំពាណិជ្ជកម្ម ​ការតភ្ជាប់ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ប្រជាជននិងប្រជាជន នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ។ចំណែកឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីនេះដែរ បានវាយតម្លៃខ្ពស់ចំពោះឥណ្ឌាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈការផ្តល់ឥណទាន និងជំនួយឥតសំណង ដើម្បីចូលរួមទាំងការស្តារ និងអភិរក្សប្រាសាទបុរាណ, ការអភិវឌ្ឍ​ធនធានមនុស្ស, កសិកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ការដោះមីន​ ការការពារជាតិ, ជំនួយដល់វិស័យកសិកម្ម ​សាលាក្តីខ្មែរក្រហម, ​និងការផ្តល់វ៉ាក់សាំង Covid-19 ដល់កម្ពុជាជាដើម។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ​ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​បានកើនឡើងជាលំដាប់ ជាក់ស្តែង​នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ប្រមាណ ​៤៤០ លានដុល្លារអាមេរិក ដែលការ​កើន​ឡើងនេះ​ ដោយសារការផ្តល់ហិរញ្ញប្បទានពីឥណ្ឌានូវកម្មវិធីអនុគ្រោះពន្ធគយ ដល់ប្រទេសកម្ពុជា​ក្នុងឆ្នាំ ២០១៨ ។ កម្ពុជាក៏កំពុងទន្ទឹងរង់ចាំ​ ការបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​ដើម្បីជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចនៃប្រទេសទាំង​ពីរ​ឱ្យកាន់​តែរីកចម្រើន។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា​ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរយៈពេល ៧ ខែ ​ឆ្នំា២០២៣ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ​មានទំហំទឹកប្រាក់សរុបជាង ២៦៨ លានដុល្លារ ​កើនឡើង ៥.៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសឥណ្ឌា ​មានទឹកប្រាក់ជិត ១៤១ លានដុល្លារ កើនជិត ៤៣ ភាគរយ​ ខណៈការនាំចូលទំនិញពីប្រទេសឥណ្ឌា ​មានទឹកប្រាក់ជាង ១២៧ លានដុល្លារ ថយចុះ ១៨ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបោះជំហានទៅមុខ ក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារមានសុវត្ថិភាព

2023/08/16 01:14:37 pm        240
ភ្នំពេញ៖ កម្ពុជាបានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រម​ពហុវិស័យ ​ដើម្បីធ្វើឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ​ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ​ និងឆ្លើយតប​ចំពោះបញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់។នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជាដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា។ ក្រោមប្រធានបទជាសកល “ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិត” ទិវានេះ មានគោលបំណង​លើកកម្ពស់ការយកចិត្តទុកដាក់ ​និង​ជំរុញ​សកម្មភាពនានា ដើម្បីធានា​បាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។ឯកឧត្តម ឌិត ទីណា បានស្នើឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ដោយបញ្ជាក់ថា កិច្ចនេះ ក៏ត្រូវការ​កិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយឱ្យចូលរួមដោយស្មោះស្ម័គ្រទើបអាចទទួល​បានជោគជ័យ​ក្នុងការ​អនុវត្តសុវត្ថិភាពម្ហូបអាហារ។ អ្នកពាក់ព័ន្ធទាំងនោះ ​មានរួមទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។លោកស្រី គ្លែ ខូណន ​នាយិកាកម្មវិធីស្បៀងអាហារពិភពលោក ​បានមានប្រសាន៍ថា យើងជឿថា ការទទួល​បានអាហារដែលមានសុវត្ថិភាព ​និងសារជាតិចិញ្ចឹមគ្រប់គ្រាន់ គឺជា​សិទ្ធិ​មូលដ្ឋាន​របស់មនុស្សម្នាក់ៗ។ តាមរយៈការធ្វើការលើសុវត្ថិភាពម្ហូបអាហារក្នុងបរិបទនៃកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយ​ប្រើប្រាស់កសិផលក្នុងសហគមន៍ យើងមិនត្រឹមតែផ្តល់អាហារដល់កុមារដែលខ្វះខាតម្ហូបអាហារ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងធានាថា ​ម្ហូបអាហារដែលពួកគេបរិភោគមាន​សុវត្ថិភាព និងប្រកប​ដោយផាសុខភាពផងដែរ។ចំណែក លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បានមាន​ប្រសាសន៍ដោយ​ឆ្លុះបញ្ចាំង​ចំពោះគំនិត​ផ្តួចផ្តើម​ក្នុងការពង្រឹងស្តង់ដារវិស័យម្ហូបអាហារថា ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជាមានសក្តានុពល​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច។ លោកបន្តថា រដ្ឋាភិបាលបានខិតខំពង្រឹងសុវត្ថិភាព ​និងស្តង់ដារម្ហូបអាហារ ស្របពេលដែល​ប្រទេស​នេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នយើងកំពុងជួយចងក្រងក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារជាច្រើន តាម​រយៈការ​កសាងសមត្ថភាព ដើម្បីធានាបាននូវស្តង់ដារម្ហូបអាហារកាន់តែប្រសើរ និងឆ្លើយតបទៅ​នឹង​តម្រូវការសុខភាពសាធារណៈ។ ព្រឹត្តិការណ៍នេះ ភាគីពាក់ព័ន្ធចំនួនជិត៣០០នាក់ ​ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភ ​អង្គការ និងទីភ្នាក់ងារជាច្រើន ៕ អត្ថបទ៖ វណ្ណៈ 

កម្មករកាត់ដេរចង់បានប្រាក់ឈ្នួលអប្បបរមាដំឡើងបន្ថែមចំនួន ១០ដុល្លារ សម្រាប់ឆ្នាំ២០២៤

2023/08/15 10:46:41 am        105
ភ្នំពេញ៖ កម្មករ កម្មការិនីវិស័យកាត់ដេរ បានលើកឡើងស្រដៀងគ្នាថា សម្រាប់ឆ្នាំ២០២៤ខាងមុខ ពួកគាត់ចង់ឲ្យប្រាក់ឈ្នួលអប្បបរមាដំឡើងដល់ ២១០ដុល្លារ ក្នុង១ខែ ខណៈក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ស្អែកនេះ។កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ សៅឡេន ឬហៅរោងចក្រ ៦ជាន់ ស្ថិតនៅខ័ណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ ​លើកឡើងថា​ ដំឡើង​ ១០ដុល្លារ​បន្ថែមនេះ ដោយសារការចំណាយប្រចាំថ្ងៃ​ និងទំនិញគ្រប់ប្រភេទចេះតែឡើងថ្លៃដូចគ្នា ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ រាល់ថ្ងៃនេះ ប្រសិនបើប្រាក់ឈ្នួលខ្ពស់ គួបផ្សំ​មានការងារថែមម៉ោងទៀតនោះ ​នឹងល្អប្រសើរច្រើន​ ដើម្បីឲ្យពួកគាត់​ផ្គត់ផ្គង់​ក្នុងការ​ចំណាយ និង​សល់ប្រាក់ខ្លះ ​ដើម្បីដោះបំណុល​ និងផ្ញើទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។លោក ប៉ែន ឈុន សហជីពមូលដ្ឋាន និងជាកម្មកររោងចក្រខាងលើនេះ បានរំពឹងទុកដែរថា ការ​ចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ​នឹងមានភាពល្អប្រសើរច្រើនជាងឆ្នាំកន្លងៗទៅ ដោយសារស្ថាន​ភាពកូវីដ១៩ មានភាពល្អប្រសើរជាងមុន​។ ការចចារប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ តួលេខដែលភាគីនីមួយៗ (ភាគីរដ្ឋាភិបាល សហជីព និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ​៧ចំណុច​ ក្នុងនោះមានស្ថានភាព​គ្រួសារ ​អត្រាអតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស​ ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ​របស់វិស័យ។ សូមបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣នេះ កម្មករ​និយោជិត​ដែល​បំពេញការក្នុងវិស័យឧស្សាហកម្ម​កាត់ដេរ​មានចំនួន ​២០០ដុល្លារអាម៉េរិក។ ក្នុងនោះគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗ​ទៀត កម្មករនិយោជិតម្នាក់​ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់​៣៥០ដុល្លារ ​នៅ​ក្នុង​មួយខែៗ៕អត្ថបទ៖ ឈិត បូរ៉ាវី 

វិស័យសេវាកម្មកំពុងងើបឡើងគួរឱ្យកត់សំគាល់ ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2023/08/15 10:38:29 am        65
ភ្នំពេញ៖ វិស័យសេវាកម្មនៅក្នុងឆ្នាំ ២០២៣ នេះ កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិ ​ដោយសារការងើបឡើងវិញផ្នែកសណ្ឋាគារ ​និងភោជ្ជនីយដ្ឋាន, ការវិលត្រឡប់​នៃភ្ញៀវទេសចរណ៍, វិស័យលក់ដុំលក់រាយ ​និងវិស័យដឹកជញ្ជូន។លទ្ធផលនៃការអនុវត្តឆមាសទី១ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ប៉ាន់ស្មាន​នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ​ដោយសន្ទុះលឿន​ជាងការរំពឹងទុកនៃកំណើន​អនុវិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន ​និងសេវាកម្មគាំទ្រផ្សេងទៀតរួមមាន៖ អនុវិស័យលក់ដុំ-រាយ និង​ដឹកជញ្ជូន ទោះបីជាអនុវិស័យ​អចលនទ្រព្យ​បន្ត​មានកំណើន​ទាបជាងការរំពឹងទុកយ៉ាងណាក្តី ក្នុងនោះ​ចំពោះអនុវិស័យសណ្ឋាគារ ​និងភោជនីយដ្ឋាន​ ត្រូវបានរំពឹងថា​បន្តកើនឡើងក្នុងរង្វង់ ៤១ ភាគរយ ​ដោយសារការបន្តបង្កើនទំនុក​ចិត្តក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា និងការកើនឡើង​នូវភាព​ទាក់ទាញទេសចរណ៍អន្តរជាតិ ក្រោយពីការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ។ជុំវិញវិស័យសេវាកម្មនេះ លោក ហូរ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍ អិចប្រេស លើកឡើងថា ​ទាក់ទងវិស័យទេសចរណ៍ គឺជាផ្នែក​មួយយ៉ាងសំខាន់ក្នុងវិស័យសេវាកម្ម ​បច្ចុប្បន្នវិស័យនេះបានកំពុងងើប​ឡើងវិញ ជាក់ស្តែង​ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ​២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៥៨ លាននាក់ កើនឡើងជាង ៤០០ភាគរយ។ ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា បន្ទាប់ពីរាជ​រដ្ឋាភិបាល​បើកប្រទេសឡើងវិញ ​នៃវិបត្តិជំងឺកូវីដ ១៩ ​ក្នុងរយៈពេលជិត ២ឆ្នាំ ​នេះ វិស័យសេវាកម្ម​បានងើបឡើង​ជាបន្តបន្ទាប់ ​គាំទ្រ​ដោយនៃការ​កើនឡើង​សកម្មភាព​អាជីវកម្ម និងការផ្តល់​សេវា​ក្នុងស្រុក ​ដោយវិស័យនេះ​កំពុងចូលរួមចំណែកទ្រទ្រង់កំណើន​សេដ្ឋកិច្ចជាតិ ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យ SME ត្រូវការភាពអនុគ្រោះ និងលើកទឹកចិត្តបន្ថែមទៀតពីរដ្ឋាភិបាល

2023/08/14 02:47:31 pm        243
ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច អះអាងថា ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលគួរ ផ្តល់នូវភាព​អនុគ្រោះ និងលើកទឹកចិត្តបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដើម្បីជំរុញឲ្យ​វិស័យ​សហគ្រាសធុនតូច ​និងមធ្យម កាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការរួមចំណែក​ដល់វិស័យសេដ្ឋកិច្ច។លោកបណ្ឌិត ឆេង គីមឡុង សេដ្ឋកិច្ចវិទូផ្នែកសេដ្ឋកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាល​ពីចុង​សប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ​វិស័យសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នេះជាកត្តាចាំបាច់ដែលត្រូវចូលរួមធ្វើយ៉ាង​ណា​ជំរុញឲ្យវិស័យនេះ ​ចាប់យកនូវគោលការណ៍និរន្តភាព ​និងបរិយាប័ន្ន។ លោកជឿថា រាជរដ្ឋាភិបាលអាណត្តិថ្មី ​ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងបន្តផែនការយុទ្ធសាស្រ្តដែលមានស្រាប់​ និងសម្រួចនៅផែនការយុទ្ធសាស្រ្ត។ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងវេទិកានៃការផ្តល់ឥណទានផ្ទាល់​ដល់វិស័យឯកជន ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មី​ នឹងចាក់បញ្ចូលថវិកា​បន្ថែមទៀត​ដល់សហគ្រាសខ្នាតមីក្រូ តូច​ និងមធ្យម ដើម្បីជំរុញ​ផលិតកម្មក្នុងផ្នែកខ្លះឲ្យកាន់តែរឹងមាំ និងជំរុញកំណើន​សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដើម្បី​សម្រេច​បានការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់​ក្នុងឆ្នាំ២០៣០ និងមាន​ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕អត្ថបទ ឈិត បូរ៉ាវី

ក្រុមហ៊ុនថ្មីចំនួនពីរថែមទៀតគ្រោងបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

2023/08/14 02:28:31 pm        1068
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនចំនួន២ បានកំពុងស្វែងរកទីតាំងវិនិយោគ ​ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ​កម្ពុជាមានក្រុមហ៊ុនចំនួន៣ហើយ ​កំពុងវិនិយោគក្នុងវិស័យមួយនេះ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីសប្តាហ៍កន្លងទៅនេះក្នុងវេទិកា​ធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមគណៈកម្មាធិការតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយ​នឹងបណ្តាក្រុមហ៊ុនទាំង​អស់នោះ ធ្វើយ៉ាងណា​ឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ​ដើម្បីយកទៅផលិតសម្បកកង់រថយន្ត។ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុនវិនិយោគទាំងនេះ នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជាយ៉ាងតិច​ចំនួន​ប្រមាណ ២សែនតោនក្នុង១ឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះការផលិត​ជ័រកៅស៊ូនៅក្នុងទូទាំង​ប្រទេស​បានបរិមាណ​សរុបជាង ៥០ម៉ឺនតោន សម្រាប់ការនាំចេញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់​រថយន្តនៅកម្ពុជា​មានចំនួន ៣ក្រុមហ៊ុន ​ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្រចេះ ​និងខេត្តស្វាយរៀង។ យោងតាមអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជា​បាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង ​៣៨៥លានដុល្លារ កើនឡើង៤៣%៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនចិន គ្រោងបោះទុន ១២,៧ពាន់លានដុល្លារ វិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅខេត្តចំនួន៤

2023/08/14 11:21:14 am        2350
ភ្នំពេញ៖ ក្រុមហ៊ុនចិនដ៏ធំមួយ ឈ្មោះ Danong Development Group គ្រោងបោះទុនប្រមាណ ១២,៧ពាន់ដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបទំនើប លើផ្ទៃដីចំនួន ៧៥ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី គម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុន ដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា គោលបំណងនៃការវិនិយោគនេះ មានការដាំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន៤ប្រភេទ ទី១. ដាំស្មៅ សម្រាប់ចំណីសត្វ, ទី២. បង្កាត់ និងដាំពូជពោត, ទី៣. ដាំ និងកែច្នៃដំឡូមី និងទី៤. បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក ហើយផលិតផលកសិកម្មទាំងនេះភាគច្រើន គឺសម្រាប់នាំចេញទៅប្រទេសចិន ។លោកបានបន្តថា ម្យ៉ាងទៀត ក្រុមហ៊ុននឹងចូលធ្វើអាជីវកម្ម ក្នុងគម្រោងរបស់ក្រុមហ៊ុន CENTRAL GAIN ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តព្រះសីហនុ ដើម្បីសាងសង់ មជ្ឈមណ្ឌលឃ្លាំងស្ដុក និងឡូជីស្ទិកខ្នាតធំ ។លោកប្រធានក្រុមហ៊ុន បានបន្ថែមថា គម្រោងនេះផ្ដោតលើចំណុចសំខាន់ចំនួន៣ ទី១. ផ្ដោតលើការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ទី២. គ្រប់គ្រង និងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣. បង្កើតធនាគារកសិកម្ម ហើយការវិនិយោគនេះ ។ ដោយហេតុរាជរដ្ឋាភិបាលកម្ពុជា ពុំមានដីកសិកម្ម សម្រាប់ផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចបន្ថែមនោះ ការវិនិយោគនេះ នឹងធ្វើក្នុងរូបភាព ជួលដីវិនិយោគ សហការវិនិយោគ និងទិញដីវិយោគក្នុងតម្លៃសមរម្យណាមួយ ។លោក សៅ ស៊ូជី បានបញ្ជាក់ថា បន្ទាប់ពីបានសិក្សាវាយតម្លៃម្ដងជាពីរដង និងបានជួប ក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ក្រុមហ៊ុនបានចុះបញ្ជី និងអនុវត្តគម្រោងនៅពេលឆាប់ខាងមុខ ។ក្នុងឱកាសនោះ ឯកឧត្តម ដួង ដារ៉ា មានប្រសាសន៍ថា បន្ទាប់ពីការវិនិយោគរបស់ក្រុមហ៊ុន ដាណុង នឹងកាន់តែធ្វើឲ្យការធ្វើកសិកម្ម នៅក្នុងកម្ពុជា កាន់តែមានលក្ខណៈទំនើប នឹងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយក៏រំពឹងថា កម្ពុជានឹងក្លាយជាឃ្លាំង ឬជម្រុកអាហារមួយដ៏សំខាន់របស់ប្រទេសចិន រួមទាំងក្លាយជាប្រទេសគំរូ ក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនេះ ៕អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករក្រុង Bukavu ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតតាមរយៈរូបគំនូររបស់ពួកគេនៅតំបន់ជម្លោះកុងហ្គោ
04/30/2025 09:04 PM
គ្រោះរាំងស្ងួតនៅអ៊ីរ៉ាក់ បង្កគ្រោះថ្នាក់ដល់សត្វក្របី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ
04/30/2025 08:04 PM
ការបិទព្រំដែនហ្កាហ្សាបណ្តាលឲ្យអ្នកជំងឺរាប់ម៉ឺននាក់ប្រឈមហានិភ័យខ្ពស់
04/30/2025 08:04 PM
ភ្លើងឆេះព្រៃរីករាលដាលខ្លាំងនៅជុំវិញទីក្រុងហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែលសុំជំនួយពីប្រទេសជាច្រើន
04/30/2025 08:04 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
04/30/2025 08:04 PM
នាយឧត្តមសេនីយ៍ ទៀ វិញ៖រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់
04/30/2025 08:04 PM
អាមេរិកគាំទ្របម្រាមរបស់អ៊ីស្រាអែល លើប្រតិបត្តិការជំនួយរបស់ UNRWA ក្នុងតំបន់ហ្កាហ្សា នៅឯតុលាការពិភពលោក
04/30/2025 08:04 PM
[UPDATE] មនុស្សម្នាក់ស្លាប់ និង ២១នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 08:04 PM
ប្រភពទីភ្នាក់ងារសន្តិសុខ SBU៖ អ៊ុយក្រែនបានវាយប្រហាររោងចក្រអាវុធរុស្ស៊ី
04/30/2025 07:04 PM
មនុស្សយ៉ាងហោច ១៧នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 07:04 PM