ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

នៅហ្កាហ្សា UN មើលឃើញថា ពុំមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិនោះទេ

2024/04/05 07:59:56 pm        137
ទោះបីជាសហរដ្ឋអាមេរិក ធ្វើការអំពាវនាវខ្លាំងបំផុតសម្រាប់បទឈប់បាញ់ចំពោះសង្គ្រាមនៅតំបន់ហ្កាហ្សាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានចេញមកសម្តែងការខកចិត្តដែលនៅតែបន្តចំពោះវឌ្ឍនភាពនោះ។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរយៈពេលដប់ថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចដែលទាមទារឱ្យមានបទឈប់បាញ់បន្ទាន់រវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ថា ស្ថានភាពនៅតំបន់ហ្កាហ្សា មិនបានដំណើរការក្នុងទិសដៅត្រឹមត្រូវទេ។ លោកបាននិយាយបន្តថា យើងបានឃើញការមិនគោរពចំពោះរឿងនេះ នៅក្នុងសង្គ្រាម សម្រាប់ច្បាប់មនុស្សធម៌អន្តរជាតិ។ ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សានៅតែបន្ត។ ប្រតិបត្តិការរបស់អ៊ីស្រាអែល កំពុងបន្ត។ ចំណាប់ថ្នូរនៅតែត្រូវបានបន្តឃុំខ្លួន ហើយបន្ទាប់ពីការវាយប្រហារតាមអាកាស របស់ អ៊ីស្រាអែលលើក្បួនរថយន្តផ្តល់ជំនួយនៅតំបន់ហ្កាហ្សា បានសម្លាប់បុគ្គលិក៧នាក់ មកពីអង្គការសប្បុរសធម៌ World Central Kitchen កាលពីដើមសប្តាហ៍នេះ អង្គការសហប្រជាជាតិ បានផ្អាកសកម្មភាពជំនួយអស់រយៈពេល ៤៨ ម៉ោង។ ប៉ុន្តែលោក Dujarric បាននិយាយថា ការដឹកជញ្ជូននឹង បន្តឡើងវិញនៅយប់នេះ ដោយក្បួនធ្វើដំណើររបស់រថយន្តដឹកជំនួយចេញនៅយប់នេះ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើអគារហ្កាហ្សា បានសម្លាប់មនុស្ស ១០៦នាក់ គឺជាឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែង

2024/04/05 07:43:58 pm        104
ការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអគារមួយ នៅតំបន់ហ្កាហ្សា កាលពីខែតុលា មិនមានគោលដៅ របស់សកម្មប្រយុទ្ធទេ ប៉ុន្តែបានសម្លាប់ជនស៊ីវិលចំនួន ១០៦នាក់ រួមទាំងកុមារ ៥៤នាក់ ដែលធ្វើឲ្យវាក្លាយជា «ឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែង» ។ច្បាប់អន្តរជាតិហាមឃាត់ការវាយប្រហារលើគោលដៅយោធា ដែលទំនងជានឹងបង្កគ្រោះថ្នាក់មិន សមហេតុផលដល់ជនស៊ីវិល។ ការវាយប្រហារថ្ងៃទី៣១ ខែតុលា ជាការសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីសង្គ្រាម ចាប់ផ្ដើមជិត ៦ខែហើយនោះ។អង្គការឃ្លាំមើលសិទិ្ធមនុស្ស និយាយថា ការវាយប្រហារចំនួន៤ដាច់ដោយឡែកពីគ្នា បានដួលរលំអគាររបស់ក្រុមវិស្វករ នៅកណ្តាលតំបន់ហ្កាហ្សា ដែលផ្តល់ជម្រកដល់មនុស្សប្រហែល ៣៥០នាក់ ប្រហែល១ ភាគ៣នៃពួកគេ បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ទៅកន្លែងផ្សេងទៀត ក្នុងទឹកដីនេះ។អង្គការនេះ បានបញ្ជាក់ថា អ្នកស្លាប់ទាំងនោះរួមមានក្មេងលេងបាល់ទាត់នៅខាងក្រៅ និងអ្នកស្រុកសាកទូរសព្ទ នៅក្នុងហាងលក់ទំនិញជាន់ទី១។ក្រុមដែលនិយាយថា ខ្លួនបានបញ្ជាក់ពីបញ្ជីអ្នកស្លាប់របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Airwars ជាអ្នកឃ្លាំមើលជម្លោះដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបញ្ជាក់ថា ស្ត្រីចំនួន ៣៤នាក់ បុរស ១៨នាក់ និងកុមារ៥៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ អ្នកស្លាប់ទាំងនោះ មកពី២២គ្រួសារ។ គ្រួសារធំមួយ គឺគ្រួសារលោក Abu Said បានបាត់បង់សាច់ញាតិ ២៣នាក់ ក្នុងការវាយប្រហារ។សារព័ត៌មាន AP បានរាយការណ៍អំពីបងប្អូនបង្កើត ៤នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ កាលពីខែតុលា រួមទាំងក្មេងប្រុសភ្លោះអាយុ ១៨ខែផងដែរ។

មេដឹកនាំក្រុមជីហាត ម្នាក់របស់អ៊ីរ៉ាក់ ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យស៊ីរី

2024/04/05 07:40:36 pm        61
ប្រភពពីក្រុមជីហាត បាននិយាយថា មេដឹកនាំក្រុមជីហាត ឈានមុខគេម្នាក់របស់អ៊ីរ៉ាក់ នៅភាគពាយ័ព្យប្រទេសស៊ីរី កាន់កាប់ដោយក្រុមឧទ្ទាម ដែលបានបង្កើតអតីតសម្ព័ន្ធក្រុមអាល់កៃដា ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯងនៅក្នុងលំនៅឋានសម្រាប់ទទួលភ្ញៀវរបស់មេដឹកនាំក្រុមជីហាតរូបនោះ។ប្រភពទាំងបីនោះបាននិយាយថា លោក អាប៊ូ ម៉ារៀ អាល់កាថានី (Abu Maria al Qahtani) ដែលមានឈ្មោះពិតថា មីសឺ អាល់ ចាបួរី (Maysr al Jabouri) បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារមានរបួសធ្ងន់ធ្ងរពេក នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះបានបំផ្ទុះខ្លួនឯងភ្លាមៗបន្ទាប់ពីស្វាគមន៍លោកនៅទីក្រុង សាម៉ាដា (Sarmada) ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស។លោក អាល់កាថានី គឺជាស្ថាបនិកម្នាក់នៃរណសិរ្ស នូស្រា (Nusra) ដែលជាអតីតយុទ្ធជនក្រុមអាល់កៃដា នៅក្នុងប្រទេសស៊ីរី ដែលបានប្តូរឈ្មោះខ្លួនឯងថា ហាយ៉ាត់ ថារឺ អាល់សាម (Hayat Tahrir al Sham -HTS) បន្ទាប់ពីបានបែកបាក់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ ក្រុមហាយ៉ាត់ ថារឺ អាល់សាម HTS នេះបានបញ្ជាក់ពីការស្លាប់របស់លោក អាល់កាថានី នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្តីបន្ទោសក្រុម ISIS ដែលជាក្រុមសកម្មប្រយុទ្ធគូប្រជែងមនោគមវិជ្ជា ថានៅពីក្រោយការបំផ្ទុះនោះ តែមិនទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ក្រុម ហាយ៉ាត់ ថារឺ អាល់សាម ដែលបានចុះបញ្ជីជាអង្គការភេរវករដោយសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលស៊ីរី និងកងកម្លាំងរុស្ស៊ី កំណត់គោលដៅជាយូរមកហើយ៕

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បង្កឱ្យមានការព្រមានអំពីទឹកជំនន់

2024/04/05 06:08:58 pm        124
ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ (០៥ មេសា) នេះ ដោយធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតទឹកភ្លៀងរយៈពេលជិតមួយខែទៅលើទីក្រុងស៊ីដនី (Sydney) និងបង្កឱ្យមានការព្រមានអំពីទឹកជំនន់ ដោយអាជ្ញាធរបានជំរុញឱ្យប្រជាជនជៀសវាងការធ្វើដំណើរដែលមិនសំខាន់ និងស្នាក់នៅក្នុងលំនៅឋាន។ទិន្នន័យរបស់ការិយាល័យឧតុនិយមរបស់អូស្ត្រាលីបានបង្ហាញថា ទីក្រុងស៊ីដនី ដែលជាផ្ទះរបស់មនុស្សជាង ៥ លាននាក់ បានទទួលទឹកភ្លៀងកម្រិត ១១១ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោងដល់ព្រឹកថ្ងៃសុក្រនេះ ដែលជាកម្រិតជិតស្មើនឹងកម្រិតទឹកភ្លៀងជាមធ្យម ១២១,៥ មីលីម៉ែត្រសម្រាប់ខែមេសា។ការិយាល័យអាកាសធាតុបាននិយាយថា ភ្លៀងអាចកាន់តែខ្លាំងពេញថ្ងៃសុក្រនេះ ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ដល់ទៅ ២០០ មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន មុនពេលដែលសម្ពាធទាបតាមឆ្នេរសមុទ្ររសាត់ទៅភាគខាងកើតឆ្ពោះទៅសមុទ្រ ថាសម៉ាន (Tasman) នៅថ្ងៃសៅរ៍។ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញឧបករណ៍ផ្លូវដែកនៅស្ថានីយ៍រថភ្លើងធំមួយក្នុងទីក្រុងស៊ីដនី ដែលធ្វើឱ្យមានការពន្យារពេលដល់អ្នកដំណើរពេលព្រឹក។ក្រុមសង្គ្រោះបន្ទាន់នៅរដ្ឋ ញ៉ូវ សៅ វេលស៍ (New South Wales) បានទទួលការហៅទូរស័ព្ទរាយការណ៍ច្រើនជាង ៥០០ ករណីហើយមនុស្ស ៧ នាក់ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ ខណៈដែលការព្រមានត្រូវបានដាក់ចេញសម្រាប់ទន្លេជាច្រើននៅភាគខាងកើត៕

គ្រោះថ្នាក់រយន្តក្រុងបុកគ្នានៅប្រទេសបូលីវី សម្លាប់មនុស្សយ៉ាងតិច ១៤ នាក់

2024/04/05 06:05:24 pm        133
យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានស្លាប់ និង ២ នាក់ទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងរថយន្តក្រុងខ្នាតតូច និងរថយន្តដឹកទំនិញ បានបុកគ្នានៅលើផ្លូវហាយវេ ក្នុងទីក្រុង អូរូរ៉ូ (Oruro) ភាគខាងលិចប្រទេសបូលីវី នេះបើយោងតាមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា)។ មន្ត្រីមូលដ្ឋាន លោក ហ៊ូលីអូ ឡារៀ (Julio Larrea) បាននិយាយថា អ្នកស្លាប់រួមមានកុមារម្នាក់ ស្ត្រី ៩ នាក់ និងបុរស ៤ នាក់។បើតាមសមត្ថកិច្ចបានឱ្យថា អ្នកបើកបររថយន្តដឹកអំបិលនោះ ប្រហែលជាងងុយដេក បាត់បង់ម្ចាស់ការ រួចក៏ជ្រុលទៅបុកនឹងរថយន្តក្រុង ដែលស្ថិតក្នុងគន្លងផ្លូវម្ខាងទៀត។ អ្នកបើកបររថយន្តដឹកទំនិញ ដែលជាម្នាក់ក្នុងចំណោមគ្នា ២ នាក់ដែលនៅរស់រានមានជីវិតពីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យរដ្ឋអាជ្ញា។ប្រទេសបូលីវី មានកំណត់ត្រាដ៏សោកសៅនៅពេលនិយាយអំពីសុវត្ថិភាពផ្លូវហាយវេ ហើយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងរថយន្តក្រុងធ្វើដំណើរពេលយប់គឺជារឿងធម្មតា ខណៈដែលអាជ្ញាធរបូលីវី បានបង្ហាញកិច្ចខិតខំប្រឹងប្រែងតិចតួចណាស់ក្នុងការដោះស្រាយបញ្ហានេះ៕

អ៊ីស្រាអែល គ្រោងនឹងកែសម្រួលយុទ្ធសាស្ត្រសង្គ្រាមនៅហ្កាហ្សា បន្ទាប់ពីការស្លាប់បុគ្គលិកជំនួយ

2024/04/05 05:55:26 pm        130
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថាខ្លួននឹងកែសម្រួលយុទ្ធសាស្ត្រក្នុងសង្គ្រាមហ្កាហ្សា បន្ទាប់ពីការស្លាប់របស់បុគ្គលិកជំនួយ ៧ នាក់នៅក្នុងការវាយប្រហារតាមអាកាស ដែលយោធារបស់ខ្លួនបានទទួលស្គាល់ថាជាកំហុសដ៏ធំមួយ ហើយបន្ថែមថាការរកឃើញក្នុងការស៊ើបអង្កេត នឹងត្រូវបានបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ។ឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទ បានធ្វើឱ្យលោកខាងលិចមានការខឹងសម្បារចំពោះចំនួនការស្លាប់ជនស៊ីវិលដែលកំពុងកើនឡើងនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាពិសេសនៅពេលដែលបុគ្គលិកទីភ្នាក់ងារផ្ទះបាយកណ្តាលរបស់ពិភពលោក (WCK) ត្រូវបានសម្លាប់ដែលរួមមានពលរដ្ឋអូស្ត្រាលី អង់គ្លេស ប៉ូឡូញ និងពលរដ្ឋសញ្ជាតិពីរ អាមេរិក-កាណាដា។យ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌ ១៩៦ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ចាប់តាំងពីខែតុលាមក នេះបើយោងតាមអង្គការសហប្រជាជាតិ។ បណ្ដាមេដឹកនាំអ៊ីស្រាអែល បានសម្តែងការសោកសៅចំពោះអ្វីដែលយោធាហៅថាជា «កំហុសដ៏ធ្ងន់ធ្ងរ» បន្ទាប់ពីការកំណត់អត្តសញ្ញាណខុសនៃក្បួនរថយន្តអង្គការ WCK នៅពេលយប់ នៅក្នុងតំបន់ប្រយុទ្ធដ៏ស្មុគស្មាញមួយ។ស្ថាបនិកអង្គការសប្បុរសធម៌នេះ គឺមេចុងភៅដ៏ល្បី លោក ហូសេ អាន់ដ្រេស (Jose Andres) បាននិយាយថា ក្បួនរថយន្តនោះត្រូវបាន «តម្រង់គោលដៅជាប្រព័ន្ធ» ទោះបីជាយោធាអ៊ីស្រាអែលដឹងពីការចល័តរបស់បុគ្គលិករបស់លោក ដោយបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថានោះគ្រាន់តែជាកំហុសដោយអចេតនា ខណៈលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧបទ្ទវហេតុនេះ៕

សប្បាយលាយទឹកភ្នែក ខណៈអ្នករួចជីវិតក្នុងគ្រោះរញ្ជួដីនៅកោះតៃវ៉ាន់ បានជួបជុំក្រុមគ្រួសារវិញ

2024/04/05 05:27:29 pm        138
ប្រធានសន្តិសុខសណ្ឋាគារ លោកដេវីដ ជិន (David Chen) ទីបំផុត បានជួបជុំក្រុមគ្រួសាររបស់លោកវិញ កាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា បន្ទាប់ពីបុគ្គលិកសង្រ្គោះ បានរកឃើញលោក ហើយភាគច្រើននៃបុគ្គលិកសណ្ឋាគារចំនួន៥០នាក់ បានជាប់នៅលើផ្លូវហាយវ៉េមួយ ក្រោយគ្រោះរញ្ជួយដី វាយប្រហារកោះនេះក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ។ប្រតិបត្តិការសង្គ្រោះ ប្រឈមគ្រោះថ្នាក់ ខណៈបុរសវ័យ៦៣ឆ្នាំ និងអ្នកផ្សេងទៀត បានចុះពីលើភ្នំដោយថ្មើរជើងជាមួយក្រុមអ្នកសង្គ្រោះ ត្រូវឆ្លងកាត់ល្បាប់ និងរត់ដើម្បីគេចចេញពីផ្ទាំងថ្មកំពុងរបេះធ្លាក់ពីភ្នំ។ម្ដាយវ័យ៨៥ឆ្នាំ របស់លោកជិន បានបង្ហាញការដឹងគុណចំពោះក្រុមសង្រ្គោះទាំងទឹកភ្នែកហូរដាបលើផ្ទៃមុខ ខណៈពួកគេបានជួបជុំសមាជិកគ្រួសារវិញ ។រញ្ជួយដីកម្រិត៧,២ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតជិតតំបន់ហ័រលៀន កាលពីថ្ងៃពុធ ទី៣មេសា សម្លាប់មនុស្ស១២ នាក់ និងជាង១ពាន់នាក់រងរបួស និងជាង១០នាក់ បាត់ខ្លួន។ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ១៥,៥ គីឡូម៉ែត្រ ស្របពេលមនុស្សកំពង់ធ្វើដំណើរទៅធ្វើការ និងសាលារៀន ដោយបានចេញការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន ដែលក្រោយមកត្រូវបានដកចេញវិញ៕

ក្រុមហ៊ូទី៖ មនុស្ស ៣៧ នាក់បានស្លាប់ក្នុងការវាយប្រហាររាប់រយដងរបស់អាមេរិក និងអង់គ្លេស លើយេម៉ែន

2024/04/05 04:25:58 pm        232
លោក អាបឌុល ម៉ាលីក អាល់ហ៊ូទី (Abdul Malik al-Houthi) មេដឹកនាំចលនាហ៊ូទី ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចំនួន ៤២៤ ដងលើគោលដៅក្នុងយេម៉ែន បានសម្លាប់មនុស្ស ៣៧ នាក់ និងរបួស ៣០ នាក់ ។ក្រុមហ៊ូទី ដែលគ្រប់គ្រងរដ្ឋធានី និងតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់យេម៉ែន បានវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា មកក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលទាក់ទាញការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចាប់តាំងពីខែកុម្ភៈ។លោក អាល់ហ៊ូទី នៅក្នុងសុន្ទរកថាតាមទូរទស្សន៍បាននិយាយថា នាវាចំនួន ៩០ គ្រឿងត្រូវបានដាក់គោលដៅនៅក្នុងសមុទ្រក្រហម ហើយការវាយប្រហារដោយយានដ្រូនបានកើនឡើង និងពង្រីកទៅកាន់តំបន់បន្ថែមទៀត។ លោកបន្ថែមថា ការវាយប្រហារចំនួន ៣៤ លើកត្រូវបានចាប់ផ្តើមក្នុងរយៈពេលមួយខែ ដោយប្រើប្រាស់មីស៊ីលបាលិស្ទិក និងយានដ្រូនសរុបចំនួន ១២៥ គ្រឿង។ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុននានាចំណាយពេលយូរ និងការធ្វើដំណើរថ្លៃជាងមុននៅជុំវិញចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅរបស់ក្រុមហ៊ូទី ក្នុងការឆ្លើយតបនឹងការវាយប្រហារលើការដឹកជញ្ជូនរបស់ក្រុមនេះ៕

មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស៖ អេហ្ស៊ីបបានផ្តល់សំណើបទឈប់បាញ់ ប៉ុន្តែមិនរួមបញ្ចូលអ្វីថ្មីទេ

2024/04/05 04:17:54 pm        122
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថាអេហ្ស៊ីប បានដាក់ចេញនូវសំណើបទឈប់បាញ់មួយដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ប៉ុន្តែសំណើនោះមិនបានរួមបញ្ចូលអ្វីថ្មីនោះទេ។ មន្រ្តីក្រុមហាម៉ាសរូបនេះបន្ថែមថា អ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអេហ្ស៊ីប ចង់រក្សាដំណើរការបទឈប់បាញ់ឱ្យនៅតែមាន បើទោះបីជាពួកគេជឿជាក់ថា មានគម្លាតធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ។មេដឹកនាំក្រុមហាម៉ាសនេះបាននិយាយថា ជុំថ្មីនៃកិច្ចចរចាអាចនឹងធ្វើឡើងនៅមុនពិធីបុណ្យ អ៊ីត អាល់ហ្វីត (Eid al-Fitr) ដែលជាការប្រារព្ធបញ្ចប់នៃបុណ្យរ៉ាម៉ាដាន នៅទីក្រុងគែរ នៅសប្តាហ៍ក្រោយ រវាងភាគីសម្រុះសម្រួល និងអ៊ីស្រាអែល ក្នុងការប៉ុនប៉ងថ្មីមួយដោយអ្នកសម្រុះសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។នៅមុននោះ មន្ត្រីក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយពីទីក្រុងបេរ៉ូត ថាមិនមានការរីកចំរើននៅក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ ទោះបីជាក្រុមប៉ាឡេស្ទីនមួយនេះបង្ហាញភាពបត់បែនក៏ដោយ។លោក ហាមដាន បានស្តីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ចំពោះភាពជាប់គាំងក្នុងកិច្ចចរចា ដោយនិយាយថាលោកកំពុងដាក់ឧបសគ្គដែលរារាំងភាគីទាំងពីរមិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយ ហើយថាលោក ណេតាន់យ៉ាហ៊ូ «មិនចាប់អារម្មណ៍» ក្នុងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនោះទេ៕

ក្រុមអ្នកសង្រ្គោះតៃវ៉ាន់ កំពុងតាមស្វែងរកអ្នកបាត់ខ្លួន១៨នាក់ ក្រោយរញ្ជួយដីសម្លាប់មនុស្ស១០នាក់

2024/04/05 04:10:35 pm        153
ក្រុមអ្នកសង្រ្គោះកោះតៃវ៉ាន់ កំពុងព្យាយាមតាមស្វែងរកមនុស្ស១៨នាក់ទៀតកំពុងបាត់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយគ្រោះរញ្ជួយដីកម្រិត៧,២ រ៉ិចទ័រ វាយប្រហារតំបន់ភ្នំនិង ឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ ខណៈរលករញ្ជួយរាប់សិបលើកបានអង្រួនតំបន់រងគ្រោះមហន្តរាយនេះ ហើយអ្នកជាប់ខ្លួនក្រោមគំនរកម្ទេចថ្ម ត្រូវបានរំដោះចេញប្រកបដោយសុវត្ថិភាព។ ក្រុមអាជ្ញារក្នុងតំបន់បាននិយាយថាអ្នករបួសបានកើនឡើងដល់ប្រមាណ១.១០០នាក់ ។ ការរញ្ជួយដីកាលពីថ្ងៃពុធទី៣មេសា នៅក្នុងតំបន់ហ័រលៀន(Hualien)ដែលមានប្រជាពលរដ្ឋរស់នៅតិចតួច នៅភាគខាងកើតរបស់កោះនេះ បានសម្លាប់មនុស្ស១០នាក់ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់ខ្លួននៅក្នុងឧស្យានជាតិ ខណៈផ្ទាំងថ្មធំៗ បានរបេះធ្លាក់ពីលើភ្នំកាត់ផ្ដាច់ផ្លូវធ្វើដំណើរ។ នាយករដ្ឋានពន្លត់អគ្គិភ័យដែនកោះរបស់ចិនមួយនេះ បានដាក់ចំនួនមនុស្សនៅតែបាត់ខ្លួនចំនួន១៨នាក់ រួមទាំងជនបរទេស៤នាក់ ដោយបានបញ្ជាក់ថាជាជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី និងនិយាយថា គេពុំអាចដឹងទីតាំងជាក់លាក់ថាពួកគេនៅទីណានោះទេ។ ប្រភពដដែលនេះ បានបន្ថែមថា មនុស្សចំនួន៦នាក់ ផ្សេងទៀតបាត់ខ្លួននៅពេលឡើងភ្នំ ហើយក្រុមសង្រ្គោះមានគ្នា៤៥នាក់ កំពុងព្យាយាមទៅឲ្យដល់ទីតាំងរបស់ពួកគេ។ ក្រុមអ្នកសង្រ្គោះបានបញ្ជាក់ថា មនុស្សប្រហែល៤០០នាក់ ត្រូវបាននាំចេញពីសណ្ឋាគារប្រណិតនៅក្នុងតំបន់ឧស្យានជាតិ តារ៉ូកូ ចច (Taroko Gorge)ប្រកបដោយសុវត្ថិភាព និងត្រូវបានផ្គត់ផ្គង់ជំនួយតាមឧទ្ធម្ភាគចក្រ ហើយក៏បានដឹកជញ្ជូនអ្នករងរបួសចេញពីតំបន់គ្រោះរួចរាល់ដែរ។ គួររម្លឹកថាមនុស្សជាង១០០នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងភាគខាងត្បូងរបស់កោះនេះកាលពីឆ្នាំ២០១៦ ខណៈរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បានអង្រួនកោះនេះផងដែរ ដែលបានឆក់យកជីវិតមនុស្សជាង២.០០០នាក់ កាលពីឆ្នាំ១៩៩៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM