ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អភិបាលក្រុងក្មេងជាងគេរបស់អេក្វាឌ័រ ត្រូវបានបាញ់សម្លាប់ ក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាល

2024/03/25 09:11:11 pm        110
យោងតាមនគរបាលជាតិបានឱ្យដឹងថា អភិបាលក្រុងវ័យក្មេងជាងគេរបស់ប្រទេសអេក្វាឌ័រ លោកស្រី ប្រ៊ីហ្គីត ហ្កាសៀ(Brigitte Garcia) ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្ត កាលពីថ្ងៃអាទិត្យ។អភិបាលក្រុង San Vicente ជាទីក្រុងមួយនៅភាគខាងលិចនៃខេត្ត Manabi ប្រទេសអេក្វាឌ័រ ត្រូវបានគេរកឃើញស្លាប់ រួមជាមួយលោក Jairo Loor ទីប្រឹក្សា និងជានាយកផ្នែកទំនាក់ទំនងសម្រាប់រដ្ឋាភិបាលតំបន់។នគរបាលជាតិបាននិយាយថា នៅខាងក្នុងរថយន្ត ភស្តុតាងគ្រាប់កាំភ្លើង ត្រូវបានប្រមូល ដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ហើយការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីកំណត់ពីរបៀប និងមូលហេតុដែលឃាតកម្មកើតឡើង។ អភិបាលក្រុងរូបនេះ ជាអ្នកនយោបាយក្មេងជាងគេនៅក្នុងប្រទេសមានអាយុ ២៧ឆ្នាំ គឺជាសមាជិកនៃចលនាបដិវត្តន៍ប្រជាជន ដឹកនាំដោយអតីតប្រធានាធិបតី លោក Rafael Correa ។ ឃាតកម្មនេះ បានកើតឡើងនៅពេលដែលប្រទេសអេក្វាឌ័រ កំពុងធ្វើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។ប្រទេសអេក្វាឌ័រ បានប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន និង ជម្លោះប្រដាប់អាវុធផ្ទៃក្នុង ខណៈខ្លួនព្យាយាម បំបែកក្រុមជនអន្ធពាលចំនួន ២២ក្រុម ដែលរដ្ឋាភិបាលបានកំណត់ថាជា «ភេរវករ» នៅពីក្រោយរលកនៃអំពើហិង្សាជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក។លោកស្រី Garcia គឺជាមន្ត្រីទីពីរ ដែលត្រូវបានសម្លាប់នៅក្នុងទីខេត្ត Manabi ក្នុងប៉ុន្មានខែថ្មីៗនេះ។ កាលពីខែកក្កដា ឆ្នាំ ២០២៣ លោក Agustin Intriago អភិបាលក្រុង Manta ត្រូវបានសម្លាប់ពេលធ្វើដំណើរទស្សនកិច្ចទៅកាន់សង្កាត់មួយនៅក្នុងទីក្រុង។ការធ្វើឃាត មានការកើនឡើងនៅក្នុងប្រទេសអេក្វាឌ័រ ចាប់តាំងពីបេក្ខជនប្រធានាធិបតី លោក ហ្វឺណានដូ វីអាវីសិនស្យូ(Fernando Villavicencio) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមានការជួបជុំផ្នែកនយោបាយនៅក្នុងរដ្ឋធានី Quito ។

មនុស្ស២៣នាក់ស្លាប់ និងជាង ៥.០០០នាក់ ភៀសខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រេស៊ីល

2024/03/25 09:00:03 pm        124
យោងតាមការបញ្ជាក់របស់ក្រសួងការពារស៊ីវិលកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ និងជាង ៥.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសុក្រ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋ Espirito Santo និងរដ្ឋ Rio de Janeiro បានរងគ្រោះខ្លាំងបំផុតដោយភ្លៀងធ្លាក់ខ្លាំង ដោយបានចុះឈ្មោះជនរងគ្រោះស្លាប់ ១៥ នាក់ និង ៨ នាក់ ក្នុងរដ្ឋរៀងៗខ្លួន។មនុស្សជាង ៥.០០០នាក់ នៅក្នុងរដ្ឋទាំងពីរ ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដោយសារតែភ្លៀងធ្លាក់ បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី។យោងតាមក្រសួងការពារជនស៊ីវិល បានឲ្យដឹងថា បុរសម្នាក់ បានស្លាប់ដោយសាររន្ទះបាញ់នៅលើឆ្នេរសមុទ្រ ក្នុងទីក្រុង Arraial do Cabo ក្នុងតំបន់ Lagos ហើយអ្នកបើកបររថយន្តម្នាក់ បានលង់ទឹក បន្ទាប់ពីរថយន្តបានធ្លាក់ចូលទៅក្នុងទន្លេ ក្នុងក្រុងឌូក ដេ កាសៀស(Duque de Caxias)។ នៅក្នុងរដូវក្តៅនេះ ព្យុះខ្លាំងនៅក្នុងខែមករា និងខែកុម្ភៈ បានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់ នៅក្នុងរដ្ឋ Rio de Janeiro ដែលអាជ្ញាធររដ្ឋនេះ នៅតែព្រមានរហូតមកដល់ថ្ងៃអាទិត្យទី២៤ ខែមីនា ខណៈភាពត្រជាក់ ត្រូវបានគេរំពឹងថាបក់ឆ្ពោះចេញពីរដ្ឋនេះ។

តំបន់ហ្កាហ្សា ប្រឈមមុខទៅនឹងវិបត្តិលំហូរសាច់ប្រាក់

2024/03/25 08:56:24 pm        130
អាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ហ្កាហ្សាស្ទ្រីប កំពុងជួបប្រទះវិបត្តិលំហូរសាច់ប្រាក់ ដោយសារតែការរំខាននៃប្រតិបត្តិការធនាគារដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្ត។យោងតាមអាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) បានឲ្យដឹងថា ធនាគារជាច្រើនត្រូវបានបំផ្លាញក្នុងពេលមានជម្លោះ ហើយវាពុំអាចធ្វើទៅបានដើម្បីបើកសាខាធនាគារដែលនៅសល់ នៅក្នុងតំបន់ទាំងមូល ដោយសារតែការទម្លាក់គ្រាប់បែក ការដាច់ចរន្តអគ្គិសនី និងការព្រួយបារម្ភអំពីសុវត្ថិភាព។អាជ្ញាធរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិបត្តិលំហូរសាច់ប្រាក់ កើនឡើងកាន់តែខ្លាំង ខណៈម៉ាស៊ីន ATM ភាគច្រើន បានបិទសេវាកម្ម។ សេចក្តីថ្លែងការណ៍ បាននិយាយថា អាជ្ញាធរកំពុងពិនិត្យ ពាក្យបណ្តឹងមកពីប្រជាជនតំបន់ហ្កាហ្សាស្ទ្រីប អំពីប្រតិបត្តិការទាមទារប្រាក់ដែលធ្វើឡើងដោយមនុស្សមួយចំនួន ពាណិជ្ជករ និងម្ចាស់ហាងប្តូរប្រាក់ដែលពុំមានអាជ្ញាប័ណ្ណ ដែលប្រើប្រាស់ឧបករណ៍ដំណើរការផ្ទេរប្រាក់ ឬការផ្ទេរហិរញ្ញវត្ថុលើកម្មវិធីធនាគារ។អាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) និយាយថា បុគ្គលទាំងនេះ បានកេងប្រវ័ញ្ចតម្រូវការសាច់ប្រាក់របស់ប្រជាជន ដោយគិតប្រាក់រហូតដល់១៥ភាគរយលើចំនួនណាមួយដែលបានដកប្រាក់ពីគណនីរបស់ពលរដ្ឋ តាមរយៈកាតប្លាស្ទិក ឬការផ្ទេរប្រាក់ ជាថ្នូរទៅនឹងការផ្តល់ចំនួនសាច់ប្រាក់ និងបាននិយាយថា វិធានការរារាំងភ្លាមៗ នឹងត្រូវធ្វើឡើងប្រឆាំងអ្នកទាំងឡាយណា ដែលចូលរួមក្នុងការប្រព្រឹត្តបែបនេះ។

ផ្ទុះការតវ៉ានៅបរទេស ប្រឆាំងច្បាប់សន្តិសុខថ្មីរបស់ទីក្រុងហុងកុង

2024/03/25 08:51:21 pm        149
នៅក្នុងទីក្រុងឡុងដ្រ៍ ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យកិច្ចការបរទេសចក្រភពអង់គ្លេស ភាគច្រើននៃពួកគេជាពលរដ្ឋហុងកុង ដែលបច្ចុប្បន្នរស់នៅទីនោះ ពាក់ម៉ាស ព្រោះបារម្ភពីសុវត្ថិភាព។ ក្រុមអ្នកតវ៉ារួមទាំង លោក ហ្វីន ឡាវ (Finn Lau) ម្នាក់ក្នុងចំណោមសកម្មជនបរទេស៨នាក់ដែលក្រុមមន្ត្រីក្រុងហុងកុង បានចេញដីកាចាប់ខ្លួន កាលពីខែកក្កដាឆ្នាំមុន ។ លោកនិយាយថា លោកមានអារម្មណ៍ថា ពុំមានសុវត្ថិភាពទេ ពេលរស់នៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីក្រុមអាជ្ញាធរ បានតាមចាប់ខ្លួនរូបលោក។ លោក បេនេឌីក រ៉ូជរ (Benedict Rogers)ប្រធានក្រុមតាមដានសិទ្ធិមនុស្សនៅទីក្រុងហុងកុង បាននិយាយថា ច្បាប់ថ្មីនេះ គំរាមកំហែងដល់ប្រជាជនក្រុងហុងកុង ដោយការផ្ដន្ទាទោសធ្ងន់ធ្ងរបំផុត និងបានបន្ថែមថា នេះគឺជាឧទាហរណ៍ចុងក្រោយបំផុតនៃការបំពានរបស់ចិនលើសេចក្ដីប្រកាសរួមចិន -ចក្រភពអង់គ្លេស ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ បន្ទាប់ពីចក្រភពអង់គ្លេស បានប្រគល់ទីក្រុងនេះ ឲ្យទៅចិនគ្រប់គ្រង។ នៅកោះតៃវ៉ាន់ ជាកន្លែងមួយដែលមានជនភៀសខ្លួនហុងកុងរស់នៅច្រើនជាងគេ ក្រុមអ្នកតវ៉ាបានរៀបចំឈុតឆាកប្រយុទ្ធគ្នារវាងមនុស្សស្លៀកពាក់ខ្លាឃ្មុំខ្មៅ Formosan តំណាងឱ្យកោះតៃវ៉ាន់ និង ខ្លាឃ្មុំWinnie the Pooh តំណាងឱ្យលោកប្រធានាធិបតីចិន Xi Jinping ។ ការបង្ហាញ បានបញ្ចប់ដោយតួអង្គ Winnie the Pooh នៅខាងក្រោយរនាំង។ កញ្ចប់ ដែលត្រូវបានគេស្គាល់ថាជាមាត្រា ២៣ ផ្តន្ទាទោសឧក្រិដ្ឋកម្មរួមមានអំពើក្បត់ជាតិ ការបំផ្លិចបំផ្លាញ ការបះបោរ ការលួចព័ត៌មានសម្ងាត់របស់រដ្ឋ ការជ្រៀតជ្រែកពីខាងក្រៅ និងចារកម្មដោយផ្តន្ទាទោសដាក់ពន្ធនាគារពីច្រើនឆ្នាំរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត។ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានបង្កើនការព្រួយបារម្ភអំពីច្បាប់នេះ មុនពេលចូលជាធរមាននៅថ្ងៃសៅរ៍។ ប្រទេសចិនបាននិយាយថា ខ្លួនមិនពេញចិត្តជាខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះ ការវាយប្រហារ និងការមួលបង្កាច់ ដោយសហរដ្ឋអាមេរិក លើច្បាប់ដែលបានអនុម័តនៅសប្តាហ៍នេះ៕

ក្រុមអ្នកគាំទ្រ អបអរសាទរតាមដងផ្លូវ ខណៈបក្សប្រឆាំងរបស់សេណេហ្គាល់ នាំមុខក្នុងការបោះឆ្នោត

2024/03/25 06:59:27 pm        92
ក្រុមអ្នកគាំទ្រដ៏ច្រើន បាននាំគ្នាទៅកាន់តាមដងផ្លូវនានានៃរដ្ឋធានីដាកា (Dakar)កាលពីយប់ថ្ងៃអាទិត្យទី២៤មីនា ដើម្បីអបអរសាទរ ខណៈបេក្ខជនបក្សប្រឆាំងមួយចំនួននៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានពន្យាពេល របស់ប្រទេសសណេហ្គាល់ បានប្រកាសថា គូប្រជែង របស់ខ្លួន គឺលោក បាស៊ីរ៉ូ ឌីអូម៉ាយ៉ា ហ្វាយ៉េ (Bassirou Diomaye Faye) ជាអ្នកឈ្នះ បន្ទាប់ពីទិន្នន័យដំបូងបានបង្ហាញថា លោកកំពុងនាំមុខ។ មនុស្សរាប់លាននាក់បានចូលរួមថ្ងៃជួបជុំដោយស្ងៀមស្ងាត់នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីជ្រើសរើសប្រធានាធិបតីទី៥របស់ប្រទេសសេណេហ្គាល់ ក្រោយភាពច្របូកច្របល់ខាងនយោបាយមិនធ្លាប់មានរយៈពេល៣ឆ្នាំ ដែលបានបង្កឲ្យមានការតវ៉ាដោយហិង្សាប្រឆាំងរដ្ឋាភិបាល និងគាំទ្របក្សប្រឆាំង ។ ចំនួនសំឡេងឆ្នោតគាំទ្រដំបូង បានប្រកាស នៅតាមទូរទស្សន៍ បានបង្ហាញថា លោកហ្វាយ៉េ បានឈ្នះសំឡេងភាគច្រើន ដែលជំរុញឲ្យប្រជាពលរដ្ឋជាច្រើនចេញទៅតាមដងផ្លូវនានាបង្ហាញការគាំទ្រនៅក្នុងរដ្ឋធានី ដាកា ។មនុស្សម្នាបានប្រមូលផ្ដុំគ្នា នៅក្នុងតំបន់សុនកូ(Sonko)ខណៈអ្នកគាំទ្រ បានអុជកាំជ្រួចភ្ញី ក្រវីទង់ជាតិសេណេហ្គាល់ និងផ្លុំកញ្ចែ៕

ប្រទេសទុយនីស៊ី រារាំងការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ចំនួន៣០លើក ទៅកាន់ប្រទេសអ៊ីតាលី

2024/03/25 06:56:40 pm        128
យោងតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំជាតិទុយនីស៊ីបាននិយាយឲ្យដឹងថា ប្រទេសទុយនីស៊ី បានរារាំងការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៣០លើក ដើម្បីឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុក បាននិយាយថា ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ទាំងនេះ ត្រូវបានរារាំងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃខេត្ត ស្វេក(Sfax) ។សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការ ជនអន្តោប្រវេសន៍ចំនួន ៦១២នាក់មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក និងជនជាតិទុយនីស៊ីពីរនាក់ ត្រូវបានជួយសង្គ្រោះពីទូកលិច ដោយមិនបានប្រាប់ចំនួនសរុបនៃជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅកាន់កោះ ឡាំផេឌូសា (Lampedusa) ប្រទេសអ៊ីតាលីនោះទេ។យោងតាមសេចក្តីថ្លែងការណ៍ បាននិយាយថា វិធានការប្រឆាំងជនអន្តោប្រវេសន៍ កំពុងត្រូវបានត្រូវបានអនុវត្ត បន្ទាប់ពីការពិភាក្សាជាមួយការិយាល័យរដ្ឋអាជ្ញាសាធារណៈ ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សន្តិសុខនៅប្រទេសទុយនីស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំង ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ដែលធ្វើដំណើរឆ្ពោះទៅកាន់កោះ Lampedusa ប្រទេសអ៊ីតាលី ដោយពង្រីកប្រតិបត្តិការពីខេត្ត Sfax ភាគអាគ្នេយ៍ ទៅកាន់ខេត្តផ្សេងៗទៀត។ដោយស្ថិតនៅចម្ងាយប្រហែល ១៣០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសទុយនីស៊ី កោះ Lampedusa ជាញឹកញាប់ត្រូវបានជ្រើសរើសយកជាកន្លែងឈប់ចតដំបូងសម្រាប់ជនអន្តោប្រវេសន៍ មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដើម្បីធ្វើដំណើរតាមផ្លូវសមុទ្រដោយខុសច្បាប់ទៅកាន់ប្រទេសអ៊ីតាលី។

ការតវ៉ា បានផ្ទុះឡើងក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ជុំវិញការអះអាងអំពីអំពើពុករលួយ

2024/03/25 06:54:00 pm        54
គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នាតវ៉ាជុំវិញការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកលនៅក្នុងខែមេសាខាងមុខនេះ។ រដ្ឋមន្ត្រីទីក្រុងដេលី លោក អាវីន កេរីវ៉ាល(Arvind Kejriwal) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់អំពើពុករលួយ ជាប់ទាក់ទងនឹងគោលនយោបាយផលិតផលស្រារបស់ទីក្រុង។លោកធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងរដ្ឋាភិបាលកណ្តាលរបស់ នាយករដ្ឋមន្ត្រី លោក Narendra Modi។ គណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួនលោក គឺខុស និងមានហេតុផលនយោបាយ ដើម្បីធ្វើឲ្យជះឥទ្ធិពលដល់ការបោះឆ្នោតសកល។ ពួកគេ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្នុងរដ្ឋធានីញូវដេលី។ បាតុករប្រហែល ៥០០នាក់ រួមទាំងមេដឹកនាំ និងអ្នកគាំទ្រគណបក្ស អាអាម អាតមី(Aam Aadmi) របស់លោក Kejriwal បានចូលរួមក្នុងការប្រមូលផ្តុំមួយដោយស្រែកថា លោក Modi កំពុងព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌា។ពួកគេបានបន្តស្រែកពាក្យផ្សេងៗប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីបាតុករមួយចំនួន ត្រូវបាននគរបាលរុញចូលក្នុងរថយន្តក្រុង។ ប្លុកប្រឆាំងមានផែនការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅរដ្ឋធានីនៅថ្ងៃទី ៣១ ខែមីនា។ គណបក្សកំពុងកាន់អំណាច ដឹកនាំដោយលោក Modi និយាយថា ខ្លួននឹងបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ និងជំរុញឱ្យលោក Kejriwal ចុះចេញពីតំណែង។

ក្រុមហេសបូឡានៅលីបង់៖ យុទ្ធជន២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2024/03/25 06:46:05 pm        122
ចលនាហេសបូឡាដ៏មានឥទ្ធិពលនៅប្រទេសលីបង់កាលពីថ្ងៃអាទិត្យ បានប្រកាសពីការស្លាប់របស់យុទ្ធជនពីរនាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយចោទប្រកាន់ប្រទេសនេះថា បានព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួន។ការចោទប្រកាន់នេះ បានកើតឡើង បន្ទាប់ពីប្រភពសន្តិសុខរាយការណ៍ពីការវាយឆ្មក់តាមអាកាសរបស់ អ៊ីស្រាអែលចំនួនពីរ ចូលជ្រៅក្នុងប្រទេសលីបង់ភាគខាងកើត។អ៊ីស្រាអែល និងក្រុមហេសបូឡាជាក្រុមសកម្មប្រយុទ្ធលីបង់ ដែលជាសម្ព័ន្ធមិត្តនឹងក្រុមហាម៉ាស បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។ប៉ុន្តែការភ័យខ្លាចបានកើនឡើងចំពោះជម្លោះពេញទំហឹងមួយកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ី ស្រាអែលបើកការវាយប្រហារតាមអាកាសកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ភាគខាងកើត និងកំណត់គោលដៅលើបន្ទាយមួយចំនួនក្រុមហេសបូឡានៅតំបន់ជ្រលងភ្នំ Bekaa ជាច្រើនលើក។ លោក Naim Qassem អនុប្រធានក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃអាទិត្យថា៖«បច្ចុប្បន្ន សត្រូវកំពុងព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលនៅទីក្រុង Baalbek នៅជ្រលងភ្នំ Bekaa ភាគខាងលិច ឬកន្លែងផ្សេងទៀត»។

បុគ្គលិកសង្គមនៅបារាំង តវ៉ាចំពោះការបោសសម្អាតសង្គមនៅក្រុងប៉ារីស មុនព្រឹត្តិការណ៍អូឡាំពិក

2024/03/25 06:15:19 pm        67
ក្រុមអ្នកជំនាញដែលធ្វើការជាមួយជនអន្តោប្រវេសន៍ និងជនគ្មានផ្ទះសម្បែងនៅទីក្រុងប៉ារីស បានតវ៉ាកាលពីថ្ងៃអាទិត្យ (២៤ មីនា) ក្នុងរដ្ឋធានីប្រទេសបារាំង ប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា «ការបោសសម្អាតសង្គម» នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។ ក្រុមអ្នកតវ៉ា បានដំឡើងផ្លាកសញ្ញាដែលមានសរសេរសាររិះគន់ការប្រកួតកីឡានេះ នៅលើរូបសំណាកនៅកន្លែងផ្សេងៗក្នុងទីក្រុង ដើម្បីអំពាវនាវឱ្យមានវិធានការណ៍ដើម្បីការពារក្រុមប្រជាជនងាយរងគ្រោះ។បាតុករបានបញ្ចប់ការតវ៉ាដោយគប់កៅស៊ូកងនៅក្នុងសួនទឹក លុចសំបួ (Luxembourg) ដែលស្ថិតនៅខាងក្រោយព្រឹទ្ធសភាបារាំង។ ក្រុមអ្នករៀបចំការតវ៉ានិយាយថា សមាជិកនៃអង្គការរបស់ពួកគេ បានមើលឃើញអាជ្ញាធរ ដែលកំពុងធ្វើការដើម្បីរុញប្រជាជនក្រីក្រចេញពីទីក្រុងប៉ារីស ក្នុងល្បឿនកើនឡើងដែលមិនធ្លាប់មាន ដើម្បីបង្កើតកន្លែងសម្រាប់កីឡាអូឡាំពិក។អាជ្ញាធរបារាំងបាននិយាយថា លំនៅឋានសង្គ្រោះបន្ទាន់ចំនួន ១២០.០០០ ខ្នង ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ប៉ារីស ប៉ុន្តែក្រុមអ្នករិះគន់និយាយថា លំនៅដ្ឋានដែលមានតម្លៃសមរម្យគឺត្រូវការជាចាំបាច់ដើម្បីដោះស្រាយស្ថានការណ៍ពិតប្រាកដ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នេះ នឹងដំណើរការពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា និងការប្រកួតប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា៕

ឯកអគ្គរដ្ឋទូតអាមេរិក និយាយថា ក្រុមរដ្ឋអ៊ីស្លាម នៅតែជាការគំរាមកំហែងក្នុងប្រទេសអ៊ីរ៉ាក់

2024/03/25 06:12:36 pm        70
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីរ៉ាក់ លោកស្រី អាលីណា រ៉ូម៉ាណូវស្គី (Alina Romanowski) បានប្រាប់សារព័ត៌មាន រ៉យទ័រ ក្នុងបទសម្ភាសន៍មួយថា ក្រុមរដ្ឋឥស្លាមនៅតែបង្កការគំរាមកំហែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយការងាររបស់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ាក់ ដើម្បីកម្ចាត់ក្រុមនេះទាំងស្រុង គឺមិនទាន់បានសម្រេចនោះទេ។ការលើកឡើងរបស់លោកស្រី រ៉ូម៉ាណូវស្គី នៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដនេះ ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមសាខាអាហ្វហ្គានីស្ថាន (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រ នៅឯការប្រគុំតន្ត្រីរ៉ុកក្បែរទីក្រុងមូស្គូ ដែលក្នុងនោះមនុស្ស ១៣៧ នាក់ត្រូវបានសម្លាប់។អ្នកនយោបាយជាន់ខ្ពស់របស់អ៊ីរ៉ាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) បាននិយាយម្តងហើយម្តងទៀតថា ក្រុមនេះលែងបង្កការគំរាមកំហែងនៅអ៊ីរ៉ាក់ទៀតហើយ ហើយក្រុមចម្រុះអាមេរិកមិនចាំបាច់មានទៀតទេ បើទោះបីជាសាខារបស់ក្រុមភេរវករនេះបន្តធ្វើការវាយប្រហារនៅកន្លែងផ្សេងក៏ដោយ។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែមេសា ខាងមុខដើម្បីពិភាក្សាអំពីអនាគតនៃក្រុមចម្រុះ។ ខណៈពេលដែលបេសកកម្មរបស់ក្រុមចម្រុះគឺផ្តល់ដំបូន្មាន និងជួយដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្រុមមន្ត្រីលោកខាងលិចបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏មើលឃើញវត្តមានរបស់ក្រុមចម្រុះនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ ថាជាការពិនិត្យមើលឥទ្ធិពលរបស់អ៊ីរ៉ង់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM