គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ាក្នុងប្រទេសហ្ស៊កដានី ទាមទារឲ្យផ្ដល់ជំនួយដល់តំបន់ហ្កាហ្សានៅថ្ងៃដំបូងនៃពិធីបុណ្យរ៉ាម៉ាដាន

2024/03/13 10:48:01 am        80
ដោយកំពុងលើកទង់ និងបដាទាមទារ ប្រជាពលរដ្ឋហ្ស៊កដានី រាប់រយនាក់បានចេញតវ៉ាកាលពីថ្ងៃអង្គារទី១២មីនា ឲ្យបិទស្ថានទូតអ៊ីស្រាអែល នៅក្នុងរដ្ឋធានៅអាម៉ង់(Amman)។ ខណៈកំពុងស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន ក្រុមអ្នកតវ៉ា បានទាមទារឲ្យផ្ដល់ជំនួយជាបន្ទាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាស្ទី្រប នៅថ្ងៃដំបូងនៃពិធីបុណ្យតមអាហារខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន(Ramadan)។ប្រទេសហ្ស៊កដានីដែលស្ថិតនៅកណ្ដាលនៃជម្លោះរវាងអារ៉ាប់ និងអ៊ីស្រាអែល បានទទួលជនភៀសខ្លួនប៉ាឡេស្ទីនចំនួន២,៤លាននាក់ ជាចំនួនច្រើនបំផុតនៃជនភៀសខ្លួនក្នុងចំណោមប្រទេសជិតខាងនានារបស់អ៊ីស្រាអែល ។ ភាគច្រើននៃពលរដ្ឋរបស់ខ្លួនមានដើមកំណើតចេញពីជនជាតិប៉ាឡេស្ទីន។ក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៣១.១៨៤នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ក្រោយក្រុមហាម៉ាស ឆ្លងព្រំដែនចូលសម្លាប់រង្គាលលើជនស៊ីវិលអ៊ីស្រាអែលចំនួន១.២០០នាក់កាលពីថ្ងៃទី៧ខែតុលា៕

អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីចំនួនពីរដោយយានដ្រូន ចំពេលមានវិបត្តិប្រេង

2024/03/13 10:45:13 am        196
អភិបាលតំបន់ បាននិយាយថា ឃ្លាំងស្តុកប្រេងរុស្ស៊ីចំនួនពីរ ត្រូវបានឆេះ ដោយឃ្លាំងមួយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកវា ត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដាច់ដោយឡែកពីគ្នា។អ៊ុយក្រែន បានវាយលុកគោលដៅនៅទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ រួមទាំងទីប្រជុំជន Kstovo និង Oryol ដែលស្ថិតនៅចម្ងាយ ១០០ម៉ាយពីគ្នា ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៥គ្រឿង និងរ៉ុក្កែតចំនួន ៩គ្រាប់។ប្រភពឧស្សាហកម្ម បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ បានធ្វើឲ្យអង្គភាពចម្រាញ់ប្រេងឆៅដ៏សំខាន់ នៅឯរោងចក្រចម្រាញ់ប្រេង Norsi របស់ប្រទេសរុស្ស៊ី រងការខូចខាតយ៉ាងខ្លាំង ដែលយ៉ាងហោចណាស់ពាក់កណ្តាលនៃផលិតកម្មរបស់រោងចក្រចម្រាញ់ប្រេង ត្រូវបានបញ្ឈប់។ការវាយប្រហារនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងប្រទេសរុស្ស៊ី ដែលបានបង្ខំឲ្យវិមានក្រឹមឡាំងហាមឃាត់ការនាំចេញប្រេងឥន្ធនៈសម្រាប់ រយៈពេល៦ខែ ដើម្បីព្យាយាមកាត់បន្ថយការកើនឡើងតម្លៃក្នុងស្រុក។វិមានក្រឹមឡាំង បានស្តីបន្ទោសការឡើងថ្លៃប្រេងឥន្ធនៈ ដែលកំពុងធ្វើឲ្យប៉ះពាល់ការចំណាយរបស់ពលរដ្ឋរុស្ស៊ីធម្មតា ដោយសារការប្រែប្រួលទីផ្សារ ប៉ុន្តែអ្នកដែលដឹងពីបញ្ហាថាមពលរបស់រុស្ស៊ី បានភ្ជាប់ការខ្វះខាតទៅនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច។នៅទីក្រុង Kstovo មានចម្ងាយប្រហែល ២៨០ម៉ាយភាគខាងកើតទីក្រុងមូស្គូ កន្លែងផ្ទុកប្រេងឥន្ធនៈ និងថាមពលមួយ ត្រូវបានវាយប្រហារដោយយានដ្រូន កាលពីព្រឹកថ្ងៃអង្គារ។ មុននេះ នៅក្នុងទីក្រុង Oryol ចម្ងាយប្រហែល ១០០ម៉ាយពីព្រំដែនអ៊ុយក្រែន យានដ្រូនមួយគ្រឿ បានធ្លាក់ចូលទៅក្នុងឃ្លាំងប្រេងឥន្ធនៈដែលបណ្តាលឲ្យមានអគ្គិភ័យ នេះបើយោងតាមអភិបាលតំបន់។

ការដឹកជញ្ជូនយន្តហោះ Boeing អាចនឹងត្រូវបានពន្យារពេលបន្ថែមទៀត ដោយសារវិបត្តិសុវត្ថិភាព

2024/03/13 09:50:55 am        210
បណ្ដាក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានព្រមានកាលពីថ្ងៃអង្គារ (១២ មីនា) ថាផែនការបង្កើនសមត្ថភាពរបស់ពួកគេកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែមានការពន្យារពេលដឹកជញ្ជូនយន្តហោះកាន់តែច្រើនពីក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ខណៈការប៉ះទង្គិចដល់ឧស្សាហកម្មអាកាសចរណ៍ជុំវិញវិបត្តិសុវត្ថិភាពរបស់ក្រុមហ៊ុនផលិតយន្តហោះ កាន់តែអាក្រក់ទៅៗ។ឧស្សាហកម្មអាកាសចរណ៍បានកាត់បន្ថយការរំពឹងទុកសម្រាប់ការចែកចាយនៅឆ្នាំនេះ ដោយសារបញ្ហារបស់ក្រុមហ៊ុន ប៊ូអ៊ីង ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការធ្វើដំណើរដ៏ច្រើនលើសលប់។ក្រុមហ៊ុន ប៊ូអ៊ីង បានស្ថិតក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការធ្លាក់ដាច់បំណែកយន្តហោះ ប៊ូអ៊ីង ម៉ែកណាញ (MAX 9) ពាក់កណ្តាលអាកាសកាលពីថ្ងៃទី០៥ ខែមករា នៃក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ (Alaska Airlines) ដែលនាំឱ្យមានការស៊ើបអង្កេតលើស្តង់ដារសុវត្ថិភាព និងគុណភាពរបស់ក្រុមហ៊ុនយន្តហោះនៅក្នុងដំណើរការផលិតរបស់ខ្លួន។បន្ទាប់ពីឧប្បត្តិហេតុ អាឡាស្កា អ៊ែរឡាញ រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក បានទប់ស្កាត់ផែនការរបស់ក្រុមហ៊ុន ប៊ូអ៊ីង ក្នុងការពង្រីកផលិតកម្មយន្តហោះ ប៊ូអ៊ីង ប្រភេទ ៧៣៧ ហើយដំណើរការបញ្ជាក់នៃយន្តហោះម៉ូដែល ម៉ែក សេវេន (MAX 7) និង ម៉ែក ថេន (MAX 10) ត្រូវបានពន្យារពេលបន្ថែមទៀតដោយសារការផ្លាស់ប្តូរការរចនា៕

អនាគតរបស់ប្រទេសហៃទី ធ្លាក់ក្នុងភាពមិនច្បាស់លាស់ ក្រោយនាយករដ្ឋមន្ត្រីលាលែងពីតំណែង

2024/03/13 09:32:11 am        97
អនាគតនយោបាយរបស់ប្រទេសហៃទីធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់ កាលពីថ្ងៃអង្គារទី១២មីនា បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា លោកបានលាលែងពីតំណែង ជាសកម្មភាពមួយដែលត្រូវបានសារទរដោយពលរដ្ឋហៃទីមួយចំនួនដែលខកចិត្តខ្លាំងដោយសារអំពើហិង្សាជាច្រើនខែរបស់ក្រុមជនអន្ធពាល ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏ប្រទេសនេះនៅតែមិនទាន់អាចរកឃើញផ្លូវឆ្ពោះទៅកាន់ស្ថិរភាពនៅឡើយ។ តាមផ្លូវនានាក្នុងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince)ហាក់មានសភាពស្ងាត់ជ្រងំ កាលពីព្រឹកថ្ងៃអង្គារបន្ទាប់ពីភាពច្របូកច្របល់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ពលរដ្ឋបានប្រមូលផ្ដុំគ្មានៅស្ថានីយ៍ប្រងឥន្ធនៈមួយបន្ទាប់ពីខ្វះការផ្គត់ផ្គង់ជាច្រើនថ្ងៃ ខណៈមនុស្សមួយក្រុមផ្សេងទៀតនៅក្នុងភូមិ ណាហ្ស៊ុន(Nazon) បានតម្រង់ជួរយកទឹក។ លោកនាយករដ្ឋមន្ត្រី អារីយ៉ែល ហង់រី (Ariel Henry) ដែលបានជាប់ខ្លួននៅក្នុងដែនដី ពើតូរីកូ (Puerto Rico)របស់សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូថតទុកមួយកាលពីយប់ថ្ងៃចន្ទទី១១មីនា ដោយបានសន្យាលាលែងពីតំណែង នៅពេលក្រុមប្រឹក្សាផ្ទេរអំណាចមួយនិងមេដឹកនាំបណ្ដោះអាសន្នអាចជ្រើសរើសបាន។ ប៉ុន្តែគេមិនដឹងច្បាស់ទេ ថា ការជ្រើសរើសមេដឹកនាំនេះ នឹងកើតឡើងនៅពេលណា ។ ស្ថានភាពសន្តិសុខនៅក្នុងរដ្ឋធានីព័រ -អូ-ប្រាំង នៅតែធ្ងន់ធ្ងរ ខណៈក្រុមប្រដាប់អាវុធកំពុងគ្រប់គ្រងអាកាសយានដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល ស្របពេលនៅតែមានមន្ទិលអំពីពេលវេលានៃការផែនការបញ្ចូនកម្លាំងបេសកកម្មអន្តរជាតិដើម្បីជួយដល់នគរបាលក្នុងប្រទេសហៃទីដែលគ្មានអាវុធ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ លោកហង់រី ដែលបានដឹកនាំប្រទេសហៃចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moise) កាលពីឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ាកាពីចុងខែកុម្ភៈដើម្បីស្វែងរកការគាំទ្រសម្រាប់បេសកកម្មសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិដែលបានពន្យាពេលជាយូរមកហើយ។ ប្រជាជនហៃទី បានតវ៉ាការបន្តកាន់អំណាចរបស់លោក ហើយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឲ្យលោកហង់រីផ្ទេរអំណាចឲ្យបានឆាប់ដើម្បីឈានទៅរកការបោះឆ្នោតដោយសេរី និងស្មើរភាព ។យ៉ាងណា លោកធ្លាប់បានលើកឡើងថា ការបោះឆ្នោតនឹងកើតឡើងនៅពេលស្ថានភាពក្នុងប្រទេសល្អប្រសើរ៕

ទីភ្នាក់ងារ WFP៖ ជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនស៊ូដង់ នៅប្រទេសឆាដ អាចនឹងបញ្ចប់នៅខែក្រោយ

2024/03/13 09:23:09 am        102
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថាជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនស៊ូដង់ រាប់សែននាក់នៅក្នុងប្រទេសឆាដ ដែលអ្នកខ្លះជិតកំពុងឈានដល់ភាពអត់ឃ្លាន អាចនឹងត្រូវផ្អាកនៅខែក្រោយ បើមិនមានមូលនិធិបន្ថែមទៀត។ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ជិតមួយឆ្នាំមុនមក ជនភៀសខ្លួនស៊ូដង់ជាងកន្លះលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសឆាដ ឆ្លងកាត់ព្រំដែនវាលខ្សាច់ដ៏វែង ហើយប្រទេសនេះឥឡូវនេះគឺជាចំណុចប្រសព្វមួយសម្រាប់ជនភៀសខ្លួននៅអាហ្វ្រិក ដែលមានចំនួនសរុបជាង ១ លាននាក់។ប៉ុន្តែទីភ្នាក់ងារ WFP និយាយថា ខ្លួនកំពុងជួបការលំបាកក្នុងការចិញ្ចឹមអ្នកទាំងអស់នោះ ហើយមនុស្សជាច្រើនមិនទទួលបានអាហាររួចទៅហើយ ដោយស្ទើរតែពាក់កណ្តាលនៃកុមារភៀសខ្លួនរបស់ស៊ូដង់ ដែលមានអាយុក្រោម ៥ ឆ្នាំ កំពុងទទួលរងនូវភាពស្លេកស្លាំងធ្ងន់ធ្ងរ។ WFP បន្ថែមថា ផ្លូវផ្គត់ផ្គង់ពីប្រទេសឆាដ ទៅកាន់ទីក្រុង ដាហ្វឺ (Darfur) នៃប្រទេសស៊ូដង់ ដែលភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ក៏មានហានិភ័យផងដែរ ដោយសារតែកង្វះថវិកា។ពេលមានធនធានកាន់តែច្រើន ទីភ្នាក់ងារ WFP នឹងអាចមានលទ្ធភាពស្តុកស្បៀងអាហារនៅមុនរដូវវស្សា ជាពេលវេលាដែលជនភៀសខ្លួនមួយចំនួននៅក្នុងប្រទេសឆាដ ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ដោយទន្លេភក់។ ទីភ្នាក់ងារនេះកំពុងអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២៤២ លានដុល្លារ ដើម្បីធានាបាននូវការគាំទ្រសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់៕

ក្រុងប៉េកាំង ជំរុញឲ្យអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោយការស្នើសុំថិវិកា ១០០លានដុល្លារជួយកោះតៃវ៉ាន់

2024/03/13 09:13:25 am        139
ចិន រិះគន់ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការព្យាយាមស្វែងរកសំណើកញ្ចប់ថវិការបស់រដ្ឋបាលនេះក្នុងទំហំទឹកប្រាក់១០០លានដុល្លារអាមេរិក ដើម្បីជួយកោះតៃវ៉ាន់ពង្រឹងការការពារការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងដែលសេតវិមានបានធ្វើសំណើជាក់លាក់បែបនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន ជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ និងការផ្ដល់អាវុធរបស់អាមេរិកឲ្យកោះតៃវ៉ាន់ និងជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកវ៉ាង បានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក បន្តធ្វើបាបចិន នោះបានត្រឹមតែឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ហើយការប្រកួតប្រជែងនេះ មិនមែនជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងចិន និងអាមេរិកទេ។យោងតាមឯកសារថវិកាដែលបានផ្សព្វផ្សាយនៅក្នុងទីក្រុងវ៉ាស៊ីនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឲ្យដឹងថា ក្នុងសំណើសុំថវិកាដាច់ដោយឡែកមួយផ្សេងទៀត ក្រសួងការពារជាតិអាមេរិក បានស្នើសុំទឹកប្រាក់៥០០លានដុល្លារអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមធានាការពាររបស់អាមេរិកនៅប៉ាស៊ីហ្វិក ដើម្បីបន្ថែមអាវុធ ដែលនឹងជួយកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងនេះ ដើម្បីជួយដោះស្រាយការបំពារបំពានណាមួយ នៅក្នុងតំបន់៕

អាហ្សង់ទីនបង្កើនសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាគ្រឿងញៀន នៅកំពង់ផែរ៉ូសារីអូ

2024/03/12 12:35:23 pm        199
កងកម្លាំងសន្តិសុខសហព័ន្ធរបស់ប្រទេសអាហ្សង់ទីន នឹងត្រូវបានដាក់ពង្រាយទៅកាន់កំពង់ផែរ៉ូសារីអូ (Rosario) ក្នុងទីក្រុងសានតាហ្វេ (Santa Fe) ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ រួមទាំងការស្លាប់របស់មនុស្សស្លូតត្រង់៤នាក់ និងការគំរាមកំហែងថ្មីៗ។កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសន្តិសុខលោកស្រី Patricia Bullrich និងអភិបាលក្រុងសានតាហ្វេ លោក Maximiliano Pullaro បានប្រកាសព័ត៌មានលម្អិតអំពីគណៈកម្មាធិការវិបត្តិដែលបង្កើតឡើងដោយរដ្ឋាភិបាល។ពួកគេបាននិយាយថា កងទ័ពមកពីកងកម្លាំងសហព័ន្ធចំនួន៤ នឹងចាប់ផ្តើមមកដល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថា «អំពើភេរវកម្ម»។កំពង់ផែរ៉ូសារីអូ មានអត្រាមនុស្សឃាតខ្ពស់បំផុតមួយ នៅក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០២៣ នៅពេលដែលក្រុមឧក្រិដ្ឋជនប្រយុទ្ធ ដើម្បីទឹកដីសម្រាប់ការជួញដូរគ្រឿងញៀន។អ្នកស្រុក បាននិយាយថា ស្ថានភាពបច្ចុប្បន្ន ពុំមាននិរន្តរភាពទេ។«ការជួញដូរគ្រឿងញៀន ត្រូវបានគេធ្វើតាមចិត្ត គ្មានយុត្តិធម៌នៅទីនេះ ហើយគ្មានអ្វីសោះនៅទីនេះ។ នៅផ្ទះខ្ញុំ គេបាញ់បុរសម្នាក់ ដែលកំពុងធ្វើការ ដាក់ខ្សែសុវត្ថិភាព ព្រោះខ្ញុំហត់នឹងចោរប្លន់ហើយ (ឧក្រិដ្ឋជន) បាញ់គាត់១៣ដង ១៣ដង គាត់ត្រូវបានសង្គ្រោះដោយអព្ភូតហេតុ ព្រោះទ្វារធ្វើពីដែក ហើយការបាញ់ទៅលើខ្លោងទ្វារ អ្នកមិនអាចរស់នៅបែបនេះបានទេ»។លោកស្រី Bullrich បាននិយាយថា៖«ច្បាប់ប្រឆាំងក្រុមឧក្រិដ្ឋជន» នឹងត្រូវបញ្ជូនទៅសភា ដោយប្រដូចវាទៅនឹងក្រមព្រហ្មទណ្ឌប្រឆាំងក្រុមម៉ាហ្វីយ៉ារបស់ប្រទេសអ៊ីតាលី ក្នុងចំណោមប្រទេសដទៃទៀត»។

អ៊ីស្រាអែលកំពុងពិនិត្យរបាយការណ៍ថាតើ ទាហានឋានៈទី២របស់ក្រុមហាម៉ាសត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅហ្កាហ្សាឬអត់

2024/03/12 12:32:09 pm        267
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ៊ីស្រាអែលកំពុងត្រួតពិនិត្យកាលពីថ្ងៃចន្ទ១១មីនា ថាតើមេដឹកនាំយោធាខ្ពស់បំផុតទីពីររបស់ហាម៉ាសបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនោះ ឬអត់ ខណៈការចរចាបានជាប់គាំងដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ស្របពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម។ ប្រសិនបើការស្លាប់របស់លោកត្រូវបានបញ្ជាក់ នោះលោក ម៉ាវ៉ាន់ អ៊ីសសា (Marwan Issa) នឹងក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតពីចលនាសកម្មប្រយុទ្ធអ៊ីស្លាមនេះ ដែលត្រូវបានតាមប្រម៉ាញ់ដោយអ៊ីស្រាអែលនៅក្នុងសង្រ្គាមជាង៥ខែមកនេះ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងតំបន់ឡោមព័ទ្ធ ហ្កាហ្សា។ វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំ អាល់ នូសេរ៉ាត់ (Al-Nusseirat)នៅកណ្តាលតំបន់ហ្កាហ្សា កាលពីយប់ថ្ងៃសៅរ៍ ជាទីដែលខ្លួនទទួលបានព័ត៌មានចារកម្មអំពីទីតាំងលាក់ខ្លួនរបស់លោកអ៊ីសសា (Issa) មេបញ្ជាការទីពីរនៃកងពលទ័ព អ៊ីស អេល ឌីន (Izz el-Deen al-Qassam ) ។ របាយការណ៍បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៥ នាក់។កាសែតអ៊ីស្រាអែល ហារ៉េដតស៍(Haaretz)បានរាយការណ៍ថាអ៊ីស្រាអែលកំពុងពិនិត្យមើលថាតើអ្នកស្លាប់ ទាំងនោះ រួមមានលោកអ៊ីសសា ដែរឬអត់។ទាំងយោធាអ៊ីស្រាអែល ទាំងមន្ត្រីហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះឡើយ៕

ពលរដ្ឋជប៉ុន ថ្កោលទោសការបញ្ចេញទឹកមានសារធាតុនុយក្លេអ៊ែរ និងទាមទារសំណងសម្រាប់ជនរងគ្រោះពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា

2024/03/12 12:29:25 pm        131
ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា (TEPCO) កាលពីយប់ថ្ងៃចន្ទដើម្បីថ្កោលទោសការបញ្ចេញទឹកមានសារធាតុនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ និងទាមទារសំណងសមរម្យនិងដំណោះស្រាយសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រហ្វ៊ូគីស៊ីម៉ាឆ្នាំ២០១១។ ក្រុមអ្នកតវ៉ា បាននិយាយថា រយៈពេល១៣ឆ្នាំមកហើយ ប៉ុន្តែបញ្ហាបង្កឡើងដោយគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា នៅតែមិនទាន់ត្រូវបានដោះស្រាយឲ្យបានសមរម្យនៅឡើយ។ អ្នកតវ៉ាម្នាក់បាននិយាយថា ខ្ញុំសង្ឃឹមថា នឹងមានការបញ្ឈប់ភ្លាមៗមិនឲ្យបន្តបញ្ចេញទឹកសំណល់ កខ្វក់នុយក្លេអ៊ែរចូលក្នុងសមុទ្រ។ខ្ញុំគិតថានេះជារឿងអាម៉ាស់សម្រាប់ប្រទេសជប៉ុន។ ចំណែកអ្នកតវ៉ាម្នាក់ទៀត បាននិយាយថា ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយចំពោះប្រជាជនចិន និងកូរ៉េខាងត្បូងណាស់ ព្រមទាំងប្រជាជននៅទូទាំងពិភពលោកផងដែរ។ ក្រុមអ្នកតវ៉ា បាននិយាយថា ភាពធូរស្រាល និងការរស់ឡើងវិញរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា មិនទាន់បានដឹងថាយ៉ាងម៉េចនៅឡើយទេ ប៉ុន្តែបានបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរចូលក្នុងសមុទ្របាត់ទៅហើយ។ ពួកគេបារម្ភពីអនាគតរបស់រោងចក្រហ្វ៊ូគូស៊ីម៉ា ខណៈដែលបញ្ហាជាច្រើនក្រោយគ្រោះហមន្តរាយមិនទាន់បានដោះស្រាយឲ្យបានសមរម្យនៅឡើយ រួមទាំង ការសម្អាតដីកង្វក់ ការសាងសង់ឡើងវិញនៅតំបន់រងផលប៉ះពាល់ និងពាក្យបណ្ដឹងទាក់ទងនឹងការទាមទារសំណងជាដើម៕

អ៊ីស្រាអែល ជំរុញក្រុមប្រឹក្សាសន្តិសុខUN ឲ្យដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ

2024/03/12 12:22:03 pm        125
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ដាក់សម្ពាធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន» លើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យដោះលែងមនុស្សដែលខ្លួនបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។លោក Katz បានថ្លែងទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ដែលបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានរកឃើញថា មាន «ហេតុផលសមហេតុផល ដើម្បីជឿថា មានអំពើហឹង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ និងការចាប់រំលោភពីក្រុមជនអន្ធពាល បានកើតឡើងនៅទីតាំងជាច្រើន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។លោក Katz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«យើងកំពុងស្នើសុំឲ្យអ្នកថ្កោលទោសឧក្រិដ្ឋកម្មអំពើ ហិ ង្សាផ្លូវភេទដែលជនព្រៃផ្សៃទាំងនេះ ប្រព្រឹត្តក្នុងនាមសាសនាអ៊ីស្លាម ដោយជំរុញឲ្យស្ថាប័ននេះ «ដាក់សម្ពាធឲ្យបានច្រើនតាមតែអាចធ្វើទៅបានលើអង្គការហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ជំរិតទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើក្រុមហាម៉ាស ដោយចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មនេះថា «អាក្រក់ជាងសកម្មភាពភេរវកម្ម ដែលធ្វើឡើងដោយក្រុមអាល់កៃដា ក្រុមISIS និងអង្គការភេរវកម្មផ្សេងទៀត» ដែលត្រូវបានកំណត់គោលដៅដោយក្រុមប្រឹក្សាសន្តិសុខ។ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ នៅក្នុងសេចក្តីសម្រេចដែលបានអនុម័ត នៅក្នុងខែវិច្ឆិកា និងខែធ្នូ។ បច្ចុប្បន្នក្រុមប្រឹក្សានេះ កំពុងពិចារណាលើសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក ដែលរួមបញ្ចូលការថ្កោលទោសការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស «ក៏ដូចជាការចាប់ និងសម្លាប់ចំណាប់ថ្នូរ ឃាតកម្មលើជនស៊ីវិល និងអំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈផងដែរ»។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានជំរុញសមាជិកក្រុមប្រឹក្សាឲ្យថ្កោលទោសក្រុមហាម៉ាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM