អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

សន្តិសុខ និង សង្គម

ប៉ាគីស្ថាន និងអ៊ីរ៉ង់ព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្រោយការវាយប្រហារដោយមីស៊ីល

2024/01/30 10:44:42 am        123
ប៉ាគីស្ថាន និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ២៩ មករាបាននិយាយថា ពួកគេគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយនឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីផ្សះផ្សាទំនាក់ទំនង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅលើអ្វីដែលពួកគេនិយាយថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ។រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីរបស់ប៉ាគីស្ថានប៉ុន្មានថ្ងៃបន្ទាប់ពីការចល័តយោធារបស់ពួកគេកាលពីដើមខែមករា បានបង្កើនការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់ប៉ាគីស្ថាន លោក ចាលីល អាបាស ជីឡានី(Jalil Abbas Jilani) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីអ៊ីរ៉ង់លោក ហូសេន អាម៊អាប់ដូឡាហៀន(Hossein Amir Abdollahian)បាននិយាយថា ប្រទេសជិតខាងទាំង២នេះ មានបណ្តាញទំនាក់ទំនងខ្លាំងជាច្រើនជាមួយគ្នាទៅវិញទៅមក។ លោក ជីឡានី បាននិយាយថា ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់រៀងៗខ្លួន និងបង្កើតប្រព័ន្ធពិគ្រោះយោបល់នៅកម្រិតរដ្ឋមន្ត្រីការបរទេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើវិស័យនានា។ ចំណែក លោក អាប់ដូឡាហៀន បាននិយាយថា ប្រទេសទាំងពីរមានការយោគយល់គ្នាល្អ ហើយថាមិនដែលមានការខ្វែងគំនិតគ្នាលើទឹកដី ឬសង្រ្គាមរវាងអ៊ីរ៉ង់ និងប៉ាគីស្ថានឡើយ។លោក បានបន្ថែមថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ក្នុងពេលឆាប់ៗនេះ។ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជូរចត់ខ្លាំង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដែលធ្វើឲ្យប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ហើយមិនអនុញ្ញាតឱ្យសមភាគីរបស់លោកត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដ ក៏ដូចជាការលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់៕

លោក Biden ប្រឈមនឹងសម្ពាធក្នុងការវាយប្រហារប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទាហានអាមេរិកត្រូវបានសម្លាប់

2024/01/30 09:05:26 am        115
ការសម្លាប់ទាហានអាមេរិកបីនាក់ និងរបួសរាប់សិបនាក់ កាលពីថ្ងៃអាទិត្យដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងដាក់សម្ពាធនយោបាយលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីដោះស្រាយការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ ដោយជាជំហានមួយដែលលោកស្ទាក់ស្ទើរក្នុងការធ្វើដោយភ័យខ្លាចការបញ្ឆេះសង្រ្គាមកាន់តែទូលំទូលាយ។ក្រុមអ្នកជំនាញបាននិយាយថា ជម្រើសឆ្លើយតបរបស់លោក បៃដិន អាចមានច្រើនយ៉ាងរាប់ចាប់ពីការកំណត់គោលដៅលើកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅ រហូតដល់ខាងក្នុងប្រទេសអ៊ីរ៉ង់ ឬជ្រើសរើសការវាយប្រហារសងសឹកដែលមានការប្រុងប្រយ័ត្នជាងនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើកងទ័ពអាមេរិក។កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាត្រូវបានវាយប្រហារច្រើនជាង ១៥០ដង ដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី ហ្ស៊កដានី និងនៅក្រៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្នុងខែតុលាមក។ការវាយប្រហារផ្សេងទៀតមិនបានសម្លាប់ទាហានអាមេរិក ឬបង្កឲ្យរងរបួសច្រើននាក់នោះទេ គឺមានតែការវាយប្រហារកាលពីថ្ងៃអាទិត្យ លើប៉ុស្តិ៍យោធាដាច់ស្រយាលមួយដែលគេស្គាល់ថាជា ប៉ម-២២ (Tower 22) នៅជិតព្រំដែនភាគឦសាននៃប្រទេសហ្ស៊កដានី ជាមួយប្រទេសស៊ីរីនេះប៉ុណ្ណោះ។ ហេតុការណ៍នោះបានអនុញ្ញាតឱ្យលោក បៃដិន មានលំហនយោបាយដើម្បីឆ្លើយតបនឹងការសងសឹករបស់សហរដ្ឋអាមេរិក ដោយធ្វើការវាយប្រហារបកលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ហើយមិនប្រថុយនឹងការកើតមានសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងតេអេរ៉ង់៕

អ៊ីស្រាអែល ចូលវាយលុកថ្មីទីក្រុងហ្កាហ្សា ខណៈអាមេរិកប្តេជ្ញាថា នឹងចាត់វិធានការចាំបាច់បន្ទាប់ពីទាហានត្រូវបានសម្លាប់

2024/01/30 09:01:46 am        118
ប្រទេសអ៊ីស្រាអែល បានបើកការវាយលុកទៅលើទីក្រុងធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដកខ្លួនចេញពីទីក្រុងនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារកងទ័ពរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏ឃោឃៅនៅប្រទេសហ្ស៊កដានី ជាការស្លាប់របស់យោធាសហរដ្ឋអាមេរិកលើកដំបូងនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ផ្តើម។ មួយថ្ងៃ បន្ទាប់ពីសមាជិកអង្គភាពសេវាអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានី ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣៤ នាក់ បានរងរបួស ជាអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាការវាយប្រហារដោយយានដ្រូនធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនបង្កឱ្យមានសង្រ្គាមកាន់តែរីកធំ។ រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បាននិយាយកាលពីថ្ងៃចន្ទ នៅមន្ទីរបញ្ចកោណ ថា លោកប្រធានាធិបតី និងលោក នឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា យើងមិនចង់ឱ្យមានសង្រ្គាមកាន់តែរីកធំជាមួយប្រទេសអ៊ីរ៉ង់នោះទេ។ នៅតំបន់ហ្កាហ្សាភាគខាងជើង ពលរដ្ឋបាននិយាយថា ការវាយប្រហារតាមអាកាស កាលពីថ្ងៃចន្ទលើសង្កាត់នានានៅទូទាំងទីក្រុងហ្កាហ្សា ជាទីក្រុងធំបំផុតនៃតំបន់ហ៊ុមព័ទ្ធ បានសម្លាប់ និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ពួកគេ បាននិយាយថា ខណៈរថក្រោះអ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ភាគខាងកើតទីក្រុង នាវាកងទ័ពជើងទឹក បានបាញ់ទៅលើតំបន់ឆ្នេរនៅភាគខាងលិច។ ការជំរុញជាថ្មីរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលពលរដ្ឋរាយការណ៍ពីការប្រយុទ្ធគ្នាដោយកាំភ្លើងយ៉ាងខ្លាំង នៅជិតមន្ទីរពេទ្យ Al-Shifa ដោយបាននិយាយថា សង្រ្គាមនឹងពុំមានផែនការទេ។

អ៊ីស្រាអែល ចោទបុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៩០នាក់ ថាជាសមាជិកក្រុមសកម្មប្រយុទ្ធ

2024/01/30 08:56:06 am        116
ឯកសារស៊ើបការណ៍ចារកម្មសម្ងាត់របស់អ៊ីស្រាអែល ដែលបានជំរុញឱ្យប្រទេសមួយចំនួនបញ្ឈប់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិប៉ាឡេស្ទីន រួមបញ្ចូលការចោទប្រកាន់ថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានចូលរួមក្នុងការចាប់ខ្លួន និងការសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ឯកសារដែលមានប្រាំមួយទំព័រ ឃើញដោយសារព័ត៌មានរ៉យទ័រនោះ បានចោទប្រកាន់ថាបុគ្គលិករបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនជាតិប៉ាឡេស្ទីន UNRWA ប្រហែល ១៩០នាក់ រួមទាំងគ្រូបង្រៀនជាច្រើននាក់ គឺជាសមាជិកក្រុមហាម៉ាស ឬពួកសកម្មប្រយុទ្ធអ៊ីស្លាមជីហាដ។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយកាលពីថ្ងៃចន្ទ ថាអង្គការសហប្រជាជាតិមិនទាន់បានទទួលច្បាប់ចម្លងឯកសារផ្លូវការនោះទេ។ ប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចទីភ្នាក់ងារជំនួយ UNRWA ដែលបាននិយាយថាខ្លួនបានបណ្តេញបុគ្គលិកមួយចំនួន និងកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។មន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ១៩០នាក់ ដែលបានរៀបរាប់នៅក្នុងឯកសារនោះគឺជា «អ្នកប្រយុទ្ធដ៏រឹងរូស និងជាឃាតករ» ចំណែកឯបុគ្គលិកទីភ្នាក់ងារ UNRWA ប្រហែល ១០ភាគរយ ត្រូវបានគេជឿថាមានទំនាក់ទំនងទូទៅជាមួយក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ៕

មន្ទីរបញ្ចកោណ៖ អាមេរិក គ្មានបំណងស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ទេ ក្រោយការវាយប្រហារនៅហ្ស៊កដានី

2024/01/30 08:51:22 am        137
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin)កាលពីថ្ងៃចន្ទ បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារកងទ័ពរបស់ខ្លួនក្រោយការវាយប្រហារដោយយានដ្រូននៅប្រទេសហ្ស៊កដានីដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ទោះជារដ្ឋបាលប្រធានាធិបតីលោក Joe Biden បានសង្កត់ធ្ងន់ថា ខ្លួនមិនស្វែងរកការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។ ការវាយប្រហារកាលពីថ្ងៃអាទិត្យបានសម្លាប់ទាហានអាមេរិកបីនាក់ និងបណ្ដាលឲ្យទាហានជាង ៤០នាក់ រងរបួស។ នេះគឺជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងទាហានអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ និងកត់សម្គាល់ការកើនឡើងដ៏កាន់តែខ្លាំងក្នុងភាពតានតឹងដែលបានគ្របសង្កត់លើតំបន់មជ្ឈិមបូព៌ា។ លោក អូស្ទីន (Austin)បាននិយាយនៅឯមន្ទីរបញ្ចកោណថា លោកសុំបញ្ចេញកំហឹង និងទុក្ខព្រួយរបស់លោកចំពោះការស្លាប់របស់ទាហានដ៏ក្លាហានបីនាក់របស់អាមេរិកនៅហ្ស៊កដានី និងសម្រាប់កងទ័ពផ្សេងទៀតដែលរងរបួស។ លោក Austin បានបន្ថែមនៅពេលចាប់ផ្តើមជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅឯមន្ទីរបញ្ចកោណថា លោកប្រធានាធិបតី និងរូបលោកនឹងមិនអត់ធ្មត់ចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកទេ ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសហរដ្ឋអាមេរិក និងកងទ័ពរបស់យើង។ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ដូចដែលលោកប្រធានាធិបតីបាននិយាយកាលពីម្សិលមិញ យើងនឹងឆ្លើយតប ហើយការឆ្លើយតបនោះអាចមានច្រើនកម្រិត ជាដំណាក់កាល និងបន្តគ្រប់ពេលវេលា។ប៉ុន្តែក្រុមមន្ត្រីនៅទូទាំងរដ្ឋបាលលោកBiden បាននិយាយថា ពួកគេមិនចង់ឱ្យស្ថានការណ៍រីកកាន់តែធំទៀតនោះទេ។ មន្ទីរបញ្ចកោណ បានណែនាំថា អ៊ីរ៉ង់ក៏មិនចង់បានសង្រ្គាមដែរ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រីសាប្រ៊ីណាស៊ីញ(Sabrina Singh)បានប្រាប់អ្នកសារព័ត៌មានថា យើងពិតជាមិនស្វែងរកសង្រ្គាមទេ ហើយនិយាយដោយត្រង់ទៅ យើងមើលមិនឃើញថាអ៊ីរ៉ង់ចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកទេ ។ លោកស្រីបានបន្ថែមថា មន្ទីរបញ្ចកោណជឿថា អ៊ីរ៉ង់ក៏មិនចង់មានសង្គ្រាមដែរ៕

ករសិករបារាំងពោពេញដោយកំហឹងបិទផ្លូវឡោមព័ទ្ធទីក្រុងប៉ារីស ប្រឆាំងនឹងការចំណាយខ្ពស់ និងការនាំចូលមានតម្លៃថោក

2024/01/30 08:47:28 am        123
ត្រាក់ទ័រជាច្រើនគ្រឿងចតចម្រង់ជួរជាខ្សែយ៉ាងវែង បានបិទផ្លូវហាយវេនៅជិតទីក្រុងប៉ារីស និងទូទាំងប្រទេសបារាំងកាលពីថ្ងៃចន្ទ ខណៈក្រុមកសិករបានគំរាមដល់អ្វីដែលត្រូវបានហៅថាជាការឡោមព័ទ្ធ ទីក្រុងប៉ារីស។ ការបិទផ្លូវសរុបចំនួន ២៥ខ្សែ បានកើតឡើងនៅទូទាំងប្រទេស ដោយមានបាតុករប្រមាណ១.៧០០នាក់ ប្រមូលផ្ដុំតាមផ្លូវនានា ស្របពេលពួកគេបន្តការតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយទំនិញនាំចូលមានតម្លៃថោក និងផលប៉ះពាល់នៃគោលនយោបាយបម្រែបម្រួលអាកាសធាតុ ជាដើម។ លោក ផាកាល់ ឌីប្រេស (Pascal Desprez) ជាកសិករម្នាក់មានវ័យ៦៥ ឆ្នាំ ដែលធ្វើការក្នុងវិស័យកសិកម្មអស់រយៈពេល ៤២ ឆ្នាំបាននិយាយនៅលើផ្លូវ A10 ក្បែរទីក្រុងប៉ារីសថា យើងនៅទីនេះដោយសារតែយើងមិនសប្បាយចិត្តនឹងគោលនយោបាយកសិកម្ម។ ក្រុមកសិករនិយាយថាពួកគេកំពុងត្រូវបានគេច្របាច់កដោយបទប្បញ្ញត្តិ ហើយអះអាងថារបៀបរស់នៅតាមជនបទកំពុងប្រឈមនឹងការដួលរលំ។ ការតវ៉ាដែលកំពុងបន្តនៅទូទាំងប្រទេសដោយក្រុមកសិករបារាំងឥឡូវនេះកំពុងក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់លោកនាយករដ្ឋមន្ត្រីថ្មី ហ្កាប្រៀល អាតាល់ (Gabriel Attal)ដែលទើបតែបម្រើការងារមិនទាន់បានមួយខែផងនោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ម៉ាក ហ្វេ ណូ (Marc Fesneau) និយាយថា បំណងប្រាថ្នារបស់រដ្ឋាភិបាលគឺចង់ដើរចេញពីវិបត្តិ និងផ្តល់ការឆ្លើយតបជាក់លាក់។ ក្រុមរដ្ឋមន្ត្រីបានប្រកាសរួចហើយពីវិធានការថ្មីមួយចំនួន រួមទាំងសំណងដើម្បីទូទាត់ពន្ធលើពន្ធប្រេងសម្រាប់កសិកម្ម ជាការកាត់បន្ថយស្តង់ដារបរិស្ថាន និងការសម្រួលបទប្បញ្ញត្តិ។ ក្រុមកសិករក៏ចង់បិទផ្សារបន្លែ និងផ្លែឈើលក់ដុំដ៏ធំនៅជាយក្រុងប៉ារីសផងដែរ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃបាននិយាយថា ការធ្វើបែបនេះ នឹងក្លាយជាបន្ទាត់ក្រហមសម្រាប់រដ្ឋាភិបាល ហើយនគរបាលចំនួន ១៥.០០០ នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃចន្ទ ដើម្បីតាមដានសកម្មភាពតវ៉ាទាំងឡាយ៕

ក្រុមមូស្លីមនៅអាមេរិក រិះគន់លោកស្រី Pelosi ដែលថាការតវ៉ាបទឈប់បាញ់ហ្កាហ្សា ទាក់ទងនឹងរុស្ស៊ី

2024/01/29 01:58:45 pm        156
ក្រុមមូស្លីមអាមេរិកមួយក្រុមបានរិះគន់អតីតប្រធានសភាតំណាងរាស្រ្ត លោកស្រី នែនស៊ី ផេឡូស៊ី (Nancy Pelosi) កាលពីថ្ងៃអាទិត្យ (២៨ មករា) បន្ទាប់ពីលោកស្រី បានលើកឡើងដោយមិនផ្តល់ភស្តុតាងថា ក្រុមអ្នកតវ៉ាមួយចំនួនដែលទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងបានជំរុញឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការស៊ើបអង្កេត។ការអត្ថាធិប្បាយរបស់អតីតប្រធានសភាតំណាងរាស្រ្តរូបនេះត្រូវបានច្រានចោលថាជា «ការលាបពណ៌ដែលមិនមានភស្តុតាង» ដោយក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) ដែលបាននិយាយថា ការលើកឡើងបែបនេះគឺជាការបន្ទាបបន្ថោកប្រជាជនប៉ាឡេស្ទីន។លោកស្រី ផេឡូស៊ី បានធ្វើការលើកឡើងនេះនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CNN បន្ទាប់ពីលោកស្រីត្រូវបានគេសាកសួរថា តើការប្រឆាំងទៅនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងសង្គ្រាមនៅហ្កាហ្សា អាចធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ដែរឬទេ។ការអត្ថាធិប្បាយរបស់លោកស្រី ផេឡូស៊ី គឺជាលើកទីមួយហើយដែលសមាជិកសភាអាមេរិកដ៏លេចធ្លោម្នាក់បានចោទប្រកាន់មេដឹកនាំរុស្ស៊ី ថាបានគាំទ្រក្រុមបាតុករអាមេរិក ដែលអំពាវនាវឱ្យមានបទឈប់បាញ់៕

រដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដែលដឹកនាំដោយរបបយោធាបានចាកចេញពីប្លុកតំបន់ ECOWAS

2024/01/29 01:51:58 pm        128
ប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ដែលជារដ្ឋអាហ្វ្រិកខាងលិចចំនួនបី ដឹកនាំដោយយោធា បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាពួកគេកំពុងចាកចេញជាបន្ទាន់ពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលជាប្លុកសេដ្ឋកិច្ចក្នុងតំបន់ដែលបានជំរុញឱ្យបណ្ដាប្រទេសទាំងនោះត្រឡប់ទៅការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យវិញ។ការសម្រេចរបស់រដ្ឋទាំងបី ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមក្នុងពេលដំណាលគ្នានៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិរបស់ពួកគេនេះ គឺជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មក្នុងតំបន់របស់ប្លុក បន្ទាប់ពីខ្លួនបានផ្អាកសមាជិកភាពរបស់ប្រទេសទាំងនេះ ក្រោយការធ្វើរដ្ឋប្រហារ។ជំហាននេះអាចធ្វើឲ្យប្លុក ECOWAS កាន់តែចុះខ្សោយបន្ថែមទៀត ខណៈខ្លួនជួបការលំបាកក្នុងការទប់ស្កាត់ការដកថយតាមបែបប្រជាធិបតេយ្យនៅក្នុងតំបន់អាហ្វ្រិកខាងលិច។ ជាការឆ្លើយតបទៅនឹងការដកខ្លួននេះ ប្លុក ECOWAS បាននិយាយថា ខ្លួនមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការណាមួយអំពីការចាកចេញរបស់ប្រទេសទាំងបីនេះទេ ហើយបានបដិសេធការអត្ថាធិប្បាយបន្ថែម។ប្លុកអាហ្រ្វិកខាងលិចមួយនេះធ្លាប់បាននិយាយថា ខ្លួនមិនទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយយោធាឡើយ ដោយប្តេជ្ញាថាការធ្វើរដ្ឋប្រហារនឹងមិនអាចអត់ឱនបានទៀតទេបន្ទាប់ពីការកាន់កាប់យោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងហ្គីណេ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅហ្គីណេប៊ីស្សូ៕

ចំហេះព្រៃបំផ្លាញឧទ្យានជាតិរបស់ប្រទេសអាហ្សង់ទីន

2024/01/29 12:28:32 pm        129
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ចំហេះព្រៃដែលនៅតែពុំអាចគ្រប់គ្រងបាន បានបំផ្លាញ ផ្ទៃដី ៥៧៧ហិកតា នៅឧទ្យានជាតិ ឡូស អាលឺសេស(Los Alerces)។ ទីភ្នាក់ងារព័ត៌មានផ្លូវការ Telam បានរាយការណ៍ដោយដកស្រង់សម្តី លោក ម៉ារីយ៉ូ ខាដេនណាស(Mario Cardenas) ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ ទំនាក់ទំនង និងសង្គ្រោះបន្ទាន់នៃឧទ្យានជាតិ Los Alerces បាននិយាយថា អគ្គិភ័យបានប៉ះពាល់ដល់តំបន់មួយនៅជិតតំបន់ សេនទីនីឡា( Centinela) ក្នុងឧទ្យានជាតិ Los Alerces នៅខេត្ត ជូប៊ុត (Chubut) ភាគខាងត្បូងប្រទេសអាហ្សង់ទីន។លោក Cardenas និយាយថា ហានិភ័យនៃអគ្គិភ័យគឺស្ថិតនៅក្នុង កម្រិតខ្លាំងក្លា ហើយស្ថានភាពអាកាសធាតុ មិនអំណោយផល សម្រាប់ការពន្លត់អគ្គិភ័យ ដោយសារតែមានខ្យល់ និងសីតុណ្ហភាពខ្ពស់។ឧទ្យានជាតិ Los Alerces ជាជម្រកនៃព្រៃស្រល់ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៧ ហើយត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ ក្នុងឆ្នាំ ២០១៧ ។

ប្រជាជនប៉ាឡេស្ទីន កាន់តែច្រើនបានភៀសខ្លួន ខណៈការប្រយុទ្ធនៅភាគខាងត្បូងហ្កាហ្សា កាន់តែខ្លាំងក្លា

2024/01/29 11:55:49 am        73
ក្រសួងសុខាភិបាលហ្កាហ្សាបានព្រមានកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាអគារវេជ្ជសាស្ត្រជាច្រើនប្រឈមនឹងការដួលរលំនៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងហ្កាហ្សា ដែលឥឡូវនេះជាចំណុចផ្តោតសំខាន់នៃការវាយលុករបស់អ៊ីស្រាអែល ខណៈដែលការប្រយុទ្ធគ្នាបានរីករាលដាលពាសពេញតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ហើយប្រជាជនប៉ាឡេស្ទីនកាន់តែច្រើនបានបន្តផ្លាស់ទីលំនៅ និងរត់ភៀសខ្លួន។អ្នកស្រុកបាននិយាយថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល ក៏បានវាយលុកតំបន់នានាក្នុងទីក្រុងហ្កាហ្សា នៅភាគខាងជើង ជាទីដែលអ៊ីស្រាអែល បាននិងកំពុងដកទ័ពចេញ។ ការវាយប្រយុទ្ធគ្នាអាចត្រូវបានឮនៅក្នុងក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) និងក្រុង ចាបាលីយ៉ា (Jabalia) ដែលនៅក្បែរនោះ។នៅទីក្រុងភាគខាងលិច ហ្កាហ្សា អ្នកស្រុកបាននិយាយថា ទូកកងទ័ពជើងទឹកអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើតំបន់មាត់សមុទ្រ ប៉ុន្តែមិនមានអ្នករងរបួសទេ។ នៅតំបន់ផ្សេងទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ អ្នកស្រុកបានរាយការណ៍ថាមានការប្រយុទ្ធគ្នាកាន់តែខ្លាំង ស្របពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលយ៉ាងខ្លាំងក្លា។អ៊ីស្រាអែល បានធ្វើសង្រ្គាមមួយ ដែលខ្លួននិយាយថាមានគោលបំណងកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារឆ្លងកាត់ព្រំដែនមិនធ្លាប់មានរបស់ក្រុមសកម្មប្រយុទ្ធ ដែលក្នុងនោះមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៥៣នាក់ត្រូវបានចាប់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
03/07/2026 10:03 PM
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
03/07/2026 09:03 PM
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
03/07/2026 05:03 PM
រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
03/07/2026 04:03 PM
ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
03/07/2026 04:03 PM
អ៊ីរ៉ង់នឹងផ្អាកការវាយប្រហារលើប្រទេសជិតខាង លុះត្រាតែមិនមានការវាយប្រហារចេញពីពួកគេ
03/07/2026 04:03 PM
សម្ព័ន្ធអារ៉ាប់នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់
03/07/2026 04:03 PM
អាស៊ែបៃហ្សង់៖ ខ្លួនបានរារាំងគម្រោងរបស់អ៊ីរ៉ង់ រួមទាំងផែនការវាយប្រហារបំពង់បង្ហូរប្រេងដ៏សំខាន់
03/07/2026 04:03 PM
មេដឹកនាំរុស្ស៊ី លោក Putin អំពាវនាវឲ្យបញ្ឈប់ជម្លោះអ៊ីរ៉ង់ជាបន្ទាន់
03/07/2026 04:03 PM
ចិនបដិសេធការអះអាងរបស់អូស្ត្រាលី អំពីឧប្បត្តិហេតុឧទ្ធម្ភាគចក្រកងទ័ព «មិនមានសុវត្ថិភាព»
03/07/2026 04:03 PM