ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សម្ព័ន្ធយោធា NATO បានចាប់ផ្ដើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមត្រជាក់មក

2024/01/25 04:01:58 pm        195
ក្រុមមន្ត្រីបាននិយាយថា នាវាចុះចតរបស់កងទ័ពជើងទឹកអាមេរិក ហ្គាន់ស្តុន ហល់ (Gunston Hall) បានចាកចេញពីកំពង់ផែកាលពីថ្ងៃពុធ (២៤ មករា) ដើម្បីចាប់ផ្ដើមជំហានដំបូងសម្រាប់សមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ ទាហានប្រហែល ៩០.០០០នាក់ មកពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសម្ព័ន្ធមិត្តណាតូ នឹងត្រូវចូលរួមសមយុទ្ធអ្នកការពារដ៏រឹងមាំ ស្ទេដហ្វាស ឌីហ្វេនដឺ ២០២៤ (Steadfast Defender 2024) ដែលនឹងដំណើរការរហូតដល់ខែឧសភា។នាវាជាង ៥០គ្រឿងរាប់ចាប់ពីនាវាផ្ទុកយន្តហោះរហូតដល់នាវាពិឃាត នឹងចូលរួមក្នុងសមយុទ្ធនេះ ក៏ដូចជាយន្តហោះចម្បាំងជាង ៨០គ្រឿង ឧទ្ធម្ភាគចក្រ និងយានដ្រូន ហើយយ៉ាងហោចណាស់រថយន្តប្រយុទ្ធសរុបចំនួន ១.១០០គ្រឿង រួមទាំងរថក្រោះ ១៣៣គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៥៣៣គ្រឿង។សមយុទ្ធនេះនឹងហាត់សមឡើងវិញនូវការអនុវត្តផែនការថ្នាក់តំបន់របស់អង្គការណាតូ ដោយជាផែនការការពារដំបូងដែលសម្ព័ន្ធយោធានេះបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយរៀបរាប់លម្អិតអំពីមធ្យោបាយដែលខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។ អង្គការណាតូ មិនបាននិយាយពីឈ្មោះរុស្ស៊ីក្នុងការប្រកាសរបស់ខ្លួនទេ ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលរបស់សម្ព័ន្ធយោធានេះកំណត់រុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់ និងដោយផ្ទាល់បំផុតចំពោះសន្តិសុខរបស់សមាជិកណាតូ។សមយុទ្ធនេះធ្វើឡើងនៅគ្រាដ៏សំខាន់មួយបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានចាប់ផ្តើមសង្រ្គាមដ៏បង្ហូរឈាមបំផុតនៅលើទឹកដីអឺរ៉ុបក្នុងរយៈពេលជាង ៧០ឆ្នាំ៕

មនុស្ស ៩នាក់ បានស្លាប់ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា

2024/01/25 03:56:47 pm        149
មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយថា មជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់អង្គការសហប្រជាជាតិនៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ត្រូវបានវាយប្រហារ និងដុតកាលពីថ្ងៃពុធ (២៤ មករា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ ។ក្បួនរថក្រោះចំនួនពីរជុំបានវាយប្រហារអគារដែលផ្តល់ជម្រកដល់មនុស្ស ៨០០នាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និងធ្វើឲ្យមនុស្ស ៧៥នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមលោក ថូម៉ាស វាយ (Thomas White) នាយកទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) នៅទីក្រុងហ្កាហ្សា បានសរសេរនៅក្នុងសារបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់សារព័ត៌មានស៊ីនហួរ (Xinhua) ថាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ភាគខាងលិចនៃទីក្រុង ខាន់ យ៉ូនីស (Khan Younis) បានបង្កឱ្យមានអគ្គិភ័យដ៏ធំមួយនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន។ ពួកគេបាននិយាយថា ប្រជាពលរដ្ឋបានទាញអ្នកស្លាប់ និងរបួសជាច្រើននាក់ពីខាងក្នុងមជ្ឈមណ្ឌលទៅខាងក្រៅ ខណៈដែលភ្លើងបានឆាបឆេះផ្នែកធំនៃអគារ។ក្រសួងការបរទេសប៉ាឡេស្ទីន បានថ្កោលទោសការបាញ់ផ្លោងទៅលើមជ្ឈមណ្ឌលនេះ ហើយបានថ្កោលទោសការវាយប្រហារនេះថាជាផ្នែកនៃការកំណត់គោលដៅជាប្រព័ន្ធរបស់អ៊ីស្រាអែល ទៅលើស្ថាប័ន សម្ភារៈបរិក្ខារ បុគ្គលិក សាលារៀន ទីជម្រក និងឧបករណ៍របស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ UNRWA មួយនេះ៕

ប្រធានាធិបតីអ៊ុយក្រែន និយាយថារុស្ស៊ី កំពុងលេងសើចនឹងជីវិតរបស់ឈ្លើយសឹកអ៊ុយក្រែន

2024/01/25 03:25:25 pm        177
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវឱ្យមានភាពច្បាស់លាស់ទាំងស្រុងកាលពីថ្ងៃពុធ (២៤ មករា) អំពីស្ថានភាពនៃការធ្លាក់យន្តហោះរុស្ស៊ី នៅក្នុងតំបន់ព្រំដែនរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុងមូស្គូថា «កំពុងលេងសើចជាមួយជីវិតរបស់ឈ្លើយសឹកអ៊ុយក្រែន»។លោក ហ៊្សេឡិនស្គី បាននិយាយនៅក្នុងការផ្សាយវីដេអូពេលយប់របស់ខ្លួនថា «វាច្បាស់ណាស់ថាជនជាតិរុស្ស៊ី កំពុងលេងសើចជាមួយជីវិតរបស់អ្នកទោសអ៊ុយក្រែន ហើយកំពុងលេងសើចនឹងអារម្មណ៍របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ និងអារម្មណ៍នៃសង្គមរបស់យើង»។ក្រុមមន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ថាមានចេតនាបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធា Il-76 ហើយបាននិយាយថា យន្តហោះនោះកំពុងដឹកឈ្លើយសឹកអ៊ុយក្រែន ដែលចូលរួមក្នុងការដោះដូរអ្នកទោស នៅក្នុងឧបទ្ទវហេតុមួយដែលរុស្ស៊ីនិយាយថាបានសម្លាប់ឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត។ វិមានក្រឹមឡាំងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍អំពីបញ្ហានេះ៕

រុស្ស៊ី ចោទអ៊ុយក្រែន ថាបានបាញ់ទម្លាក់យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន៦៥នាក់ ក្នុងដីរុស្ស៊ី

2024/01/25 03:11:20 pm        227
ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ២៤មករា បានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាដែលដឹកអ្នកទោសអ៊ុយក្រែនរាប់សិបនាក់ ដើម្បីរដោះដូរឈ្លើយសឹក ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ទីក្រុង Kyiv បានបញ្ជាក់ថា ការដោះដូរអ្នកទោសនឹងកើតឡើងនៅថ្ងៃពុធ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីការធ្លាក់យន្តហោះបាននិយាយថា គេនៅតែពុំមានព័ត៌មានគួរឱ្យទុកចិត្តលើអ្នកដំណើរ ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ។វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីយន្តហោះដ៏ធំមួយនៅក្នុងតំបន់បេលក្រដ (Belgorod)ភាគខាងលិចរបស់ប្រទេសរុស្ស៊ី បានធ្លាក់មួយចំហៀងខ្លួន មុនពេលធ្លាក់ដល់ដីផ្ទុះឆេះ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះ IL-76 ដឹកទាហានអ៊ុយក្រែន ៦៥នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយលុករបស់រុស្ស៊ី រួមជាមួយអាវកាយយានិកចំនួន៦នាក់ និងអ្នកអមដំណើរ ៣នាក់។ ប្រយភពដដែលនេះបានអះអាងថា កងកម្លាំងអ៊ុយក្រែនដែលឈរជើងក្នុងតំបន់ព្រំដែន ខាកូវ(Kharkov)បានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៅកាន់យន្តហោះដឹកជញ្ជូន ហើយបានពណ៌នាឧបទ្ទវហេតុនេះថាជា អំពើភេរវកម្ម។ទីភ្នាក់ងារចារកម្មដ៏សំខាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នយើងមិនមានព័ត៌មានដែលអាចទុកចិត្តបាន ឬទូលំទូលាយអំពីអ្នកដែលនៅលើយន្តហោះនោះ ឬ ចំនួនប៉ុន្មាននោះទេ។លោក Zelenskyy នៅក្នុងសុន្ទរកថាល្ងាចមួយ ពុំបានបញ្ជាក់ ឬបដិសេធការចោទប្រកាន់របស់ទីក្រុងមូស្គូទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងលេងសើចជាមួយជីវិតអ្នកទោសអ៊ុយក្រែន និងអារម្មណ៍នៃសាច់ញាតិរបស់ពួកគេ ព្រមទាំងអារម្មណ៍នៃសង្គមរបស់យើង។ជាមួយគ្នានោះដែរលោក Zelensky បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រមរៀបចំជំនួបមួយនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ៥ ល្ងាច ម៉ោងសកល ដើម្បីពិភាក្សាអំពីការចោទប្រកាន់របស់ទីក្រុងមូស្គូទាក់ទងនឹងការធ្លាក់យន្តហោះនេះ៕

នគរបាលបង្ហាញមុខជនសង្ស័យ៥នាក់ ក្រោយបង្ក្រាបថ្នាំញៀនជាង១តោនកន្លះ

2024/01/25 02:12:59 am        312
ភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ក្រោយបង្ក្រាបករណីថ្នាំញៀនជាង១តោនកន្លះ។នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ចាប់ខ្លួនបាន នៅលំហរសមុទ្រ នាខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានប្រើរយៈពេលប្រមាណជាង ១ឆ្នាំ ទើបបង្ក្រាបបានជនសង្ស័យជាជនបរទេស ៥នាក់ នៅលើផ្ទៃសមុទ្រ នាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង ០៥នាក់ ១.ឈ្មោះ LI TSUNG HSIEN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ២.ឈ្មោះ HUNG HSIEN FU ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ៣.ឈ្មោះ LIM WEI MINH ភេទប្រុស ជនជាតិសិង្ហបុរី ៤.ឈ្មោះ SHI YUANYA ភេទប្រុស ជនជាតិចិន និង៥.ឈ្មោះ HUANG XIAOYU ភេទប្រុស ជនជាតិចិន។នគរបាលបន្ថែមថា ប្រតិបត្តិការបង្ក្រាបនេះដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ កេតាមីន ១០០០ដុំ ស្មើទម្ងន់ជាង ៩៨០ គីឡូក្រាម និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ៥៣៤ដុំ ស្មើទម្ងន់ជាង ៥៣២ គីឡូក្រាម។ សរុបគ្រឿងញៀនចំនួន ១៥៣០ដុំ ស្មើទម្ងន់ជាង ១ តោន ៥១៣ គីឡូក្រាម ទូកនេសាទ ចំនួន ២គ្រឿង រថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៨គ្រឿង ។នគរបាលបញ្ជាក់ថា ប្រតិបត្តិការនេះមិនទាន់បិទបញ្ចប់ទាំងស្រុងទេ គឺកំពុងបន្តការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់ និងមេក្លោងបន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះនគរបាលអំពាវឱ្យប្រជាពលរដ្ឋជួយរាយការណ៍អំពីករណីគ្រឿងញៀន តាមរយៈលេខ ៦៧០ ដែលអាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ ចំពោះអ្នករាយការណ៍ ត្រូវបាននគរបាលធានារក្សាការសម្ងាត់ជូន៕ អត្ថបទ ៖ តារាវុទ្ធី

ម្ដាយអ្នកបើករថយន្ត jeep ដកបណ្ដឹងពីគ្រួសាររងគ្រោះថ្នាក់ចរាចរណ៍

2024/01/25 01:45:08 am        1544
ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៥ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ សុខ លីណា ភេទស្រី បានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ថាបានធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន ។អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុខ លីណា បានដាក់ពាក្យសុំដកពាក្យបណ្ដឹងរបស់ខ្លួនដែលបានប្តឹងខាងលើមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា ....ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្ដឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់..." ។ ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ជំនាញប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យ ៥នាក់, ថ្នាំញៀនជាង ១តោន

2024/01/24 08:57:31 pm        359
ព្រះសីហនុ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យ ៥នាក់ នៅលំហសមុទ្រ នាខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃមុននេះ។ជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​បង្ហាញ​មុខជាសាធារណៈ នាវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមវត្តមាន លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕ តារាវុទ្ធី

UNចំនួនអ្នកស្លាប់ក្នុងសង្គ្រាមក្រុមជនអន្ធពាលនៅប្រទេសហៃទី កើនទ្វេដងដល់ជិត ៥.០០០នាក់ ក្នុងមួយឆ្នាំ

2024/01/24 08:08:31 pm        102
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាចំនួនមនុស្សដែលត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈប្រទេសហៃទី ប្រឈមមុខនឹងជម្លោះកាន់តែអាក្រក់រវាងក្រុមជនអន្ធពាលប្រដាប់អាវុធធន់ធ្ងន់ បានកើនឡើងដល់ទៅ ៤.៧៨៩នាក់កាលពីឆ្នាំមុន។លោក Guterres បាននិយាយក្នុងរបាយការណ៍ថា៖ «ខ្ញុំមានការរន្ធត់ចិត្តចំពោះកម្រិតនៃអំពើហិង្សាក្រុមជនអន្ធពាលដែលកាន់តែខ្លាំងក្លាឡើង។ ការសម្លាប់ដោយក្រុមជនអន្ធពាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ ជាពិសេសទៅលើស្ត្រី និងកុមារី ក្នុងចំណោមការរំលោភបំពានផ្សេងទៀត នៅតែបន្តមាននិទណ្ឌភាពយ៉ាងទូលំទូលាយ»។នគរបាលរបស់ប្រទេសហៃទី បានជួបការលំបាកក្នុងការដណ្ដើមយកតំបន់នានាចេញពីការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល និងបញ្ឈប់ការរីករាលដាលនៃសម្ព័ន្ធភាពដ៏មានឥទ្ធិពលទៅកាន់ដីស្រែចំការសំខាន់ៗ។ នគរបាលបាននិយាយថា ប៉ុស្តិ៍នគរបាលមួយក្នុងចំណោមស្ថានីយ៍ចំនួន ១០ទីតាំងនៅទូទាំងប្រទេសត្រូវបានវាយប្រហារពេញមួយឆ្នាំ ខណៈដែលរថពាសដែករបស់នគរបាលជាច្រើនគ្រឿងត្រូវបានទុកចោលមិនដំណើរការបន្ទាប់ពីការប៉ះទង្គិចជាមួយសមាជិកក្រុមជនអន្ធពាល ដែលតែងតែស្លៀកពាក់ឯកសណ្ឋាននគរបាលក្លែងក្លាយដើម្បីធ្វើសកម្មភាពចាប់ជំរិត៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ ប្រជាជន ៥៧០,០០០នាក់ នៅហ្កាហ្សា ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ

2024/01/24 07:03:07 pm        111
ទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់បូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សប្រហែល ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយការងាររបស់អង្គការមនុស្សធម៌ មានការលំបាកដោយសារបញ្ហាការចូលទៅដល់ និងបញ្ហាទំនាក់ទំនង។ ទីភ្នាក់ងារផ្តល់ជំនួយ UNRWA បាននិយាយថា មនុស្ស ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានដ៏មហន្តរាយ ហើយការប្រយុទ្ធគ្នាខ្លាំង ការបដិសេធមិនឲ្យមានដំណើរការចូល និងការរឹតត្បិត ការកាត់ផ្តាច់ទំនាក់ទំនង កំពុងរារាំងសមត្ថភាពរបស់ទីភ្នាក់ងារជំនួយ UNRWA ក្នុងការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ភ្នាក់ងារផ្តល់ជំនួយUNRWA បាននិយាយនៅលើបណ្តាញ X ថា ខណៈហានិភ័យនៃគ្រោះទុរភិក្សកើនឡើង អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការបង្កើនយ៉ាងសំខាន់ក្នុងដំណើរការចូលផ្នែកមនុស្សធម៌។ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាស បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ខណៈអ្នកប្រយុទ្ធរបស់ក្រុមនេះបានបំពានព្រំដែន និងបានបាញ់ប្រហារទៅលើយោធា និងជនស៊ីវិល។ ជាលទ្ធផល មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល និង ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់។ អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹក បញ្ជាឱ្យបិទតំបន់ហ្កាហ្សាទាំងមូល និងបើកការវាយលុកតាមជើងគោកនៅតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដោយមានគោលដៅ កម្ចាត់ក្រុមអ្នកប្រយុទ្ធហាម៉ាស និងជួយសង្គ្រោះចំណាប់ថ្នូរ។ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២៥.០០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា រហូតមកដល់ពេលនេះ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។

ធ្លាក់ព្រិលខ្លាំង នៅតំបន់ឆ្នេរសមុទ្រជប៉ុន រួមទាំងឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី

2024/01/24 06:59:32 pm        100
ព្រិលខ្លាំង កំពុងធ្លាក់នៅតំបន់ភាគច្រើននៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសជប៉ុន ពីភាគខាងលិច រហូតដល់ភាគខាងកើតប្រទេសជប៉ុន រួមទាំងឧបទ្វីប ណូតូ (Noto) ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏មានឥទ្ធិពលកាលពីថ្ងៃចូលឆ្នាំថ្មី។ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន និយាយថា អាកាសធាតុបាននាំមកនូវខ្យល់ត្រជាក់ខ្លាំងបំផុតប្រចាំរដូវកាល រួមជាមួយនឹងគំរូសម្ពាធប្រភេទរដូវរងា។មន្ត្រីឧតុនិយម កំពុងព្រមានអំពីការបង្អាក់ចរាចរណ៍ទ្រង់ទ្រាយធំ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងភ្លាមៗនៅក្នុងខេត្ត Fukui និងខេត្ត Shiga ។ មន្ត្រីបានព្យាករណ៍ថា ព្រិល នឹងបន្តធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto នៃខេត្ត Ishikawa ។ ប្រជាជន ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាចរាចរណ៍ និងឲ្យស្ថិតនៅក្នុងទីតាំងមានសុវត្ថិភាព។ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ការធ្លាក់ព្រិល ត្រូវបានគេរំពឹងថានឹងឡើងដល់ ៩០ សង់ទីម៉ែត្រ នៅក្នុងខេត្ត Niigata ៨០សង់ទីម៉ែត្រនៅក្នុងតំបន់ Kinki និង ៧០សង់ទីម៉ែត្រនៅក្នុងតំបន់ Hokuriku, Tohoku, Tokai និងតំបន់ Chugoku ។ អាជ្ញាធរនៅឧបទ្វីប Noto កំពុងព្រមានថា អគារដែលរងការខូចខាតដោយការរញ្ជួយដី អាចបាក់រលំក្រោមទម្ងន់ព្រិល។ មន្ត្រីឧតុនិយម ក៏បានព្រមានពីជំងឺផ្តាសាយធំផងដែរ។ សីតុណ្ហភាពនៅពេលថ្ងៃខ្ពស់សម្រាប់ថ្ងៃពុធនេះ ត្រូវបានគេរំពឹងថានឹងមាន ១ អង្សាសេនៅក្នុងទីក្រុង Toyama ២អង្សាសេនៅក្នុងទីក្រុង Wajima និង ៣អង្សាសេនៅក្នុងទីក្រុង Kanazawa ។ភាពញឹកញាប់នៃការរញ្ជួយដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានថយចុះ ប៉ុន្តែសកម្មភាពរញ្ជួយដីនៅតែមានកម្រិតខ្ពស់។ ក្រុមមន្ត្រី កំពុងជំរុញឱ្យពលរដ្ឋ រក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីកម្រិតលើ ៥រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅក្នុងសប្តាហ៍ខាងមុខនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ មកទល់ពេលនេះ រដ្ឋចំណាយថវិកាជិត ៥០០លានដុល្លារ អន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ
10/07/2026 01:10 PM
សម្ដេច​ធិបតីណែនាំអ្នកចាប់អាជីពពេទ្យត្រូវគោរពវិជ្ជាជីវៈគិតគូអាយុជីវិត និងសុខភាពពលរដ្ឋជាចំបង
10/07/2026 12:10 PM
អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងផ្ដល់អំណោយគ្រួសារកងទ័ព ២៧៧គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10/07/2026 12:10 PM
បណ្តាប្រទេសអឺរ៉ុបប្រញាប់ប្រញាល់ពិភាក្សាអំពីករណីសង្ស័យការផ្ទុះឡើងនៃជំងឺប៉េសនៅរុស្ស៊ី
10/07/2026 11:10 AM
ចិនព្រមានបារាំង និងអាល្លឺម៉ង់ កុំឱ្យប្រើប្រាស់វិធានការពាណិជ្ជកម្មបែប «គាំពារនិយម»
10/07/2026 11:10 AM
មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្រឥតងាករេ ក្នុងលិខិតជូនពរថ្ងៃខួបកំណើតលោក Putin
10/07/2026 11:10 AM
លោក Trump ថ្លែងថា លោកគ្រោងនឹងពិភាក្សាជាមួយលោក Putin អំពីករណីដែលអាចជាជំងឺប៉េសនៅរុស្ស៊ី
10/07/2026 11:10 AM
អនុប្រធានាធិបតីអាមេរិក ទាមទារឱ្យអ៊ីរ៉ង់ទប់ស្កាត់ការចម្រាញ់អ៊ុយរ៉ានីញ៉ូមដើម្បីឈានដល់កិច្ចព្រមព្រៀង
10/07/2026 11:10 AM
មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាតាមសាលារៀនទូទាំងប្រទេសបារាំង ខណៈលោក Macron កោះប្រជុំរដ្ឋមន្ត្រី
10/07/2026 11:10 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី
10/07/2026 10:10 AM