គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

យ៉ាងហោចមនុស្ស ២៩នាក់ស្លាប់ ខណៈរថយន្តក្រុងនៅហ្វីលីពីន ធ្លាក់ចូលជ្រោះជ្រៅ

2023/12/06 11:06:22 am        145
អាជ្ញាធរតំបន់ បាននិយាយថ្ងៃពុធនេះថា រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន ដែលកំពុងដឹកមនុស្សរាប់សិបនាក់ បានដាច់ហ្វ្រាំង ហើយធ្លាក់ចេញពីច្រាំងថ្មចោទក្នុងខេត្ត អាន់ធីក(Antique) ភាគកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ស្លាប់។អភិបាលខេត្ត Antique លោក hodora Cadiao បានប្រាប់វិទ្យុ DZRH ថា មនុស្ស ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈមនុស្ស៤នាក់មានស្ថេរភាព។ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ គឺទាបជាងការរាយការណ៍មុនដែលមានចំនួន ២៨ នាក់ ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។លោក Cadiao បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរពីខេត្ត អ៊ីឡូអ៊ីឡូ(Iloilo) កំពុងធ្វើដំណើរទៅកាន់ទីក្រុង គូឡាស៊ី(Culasi) ក្នុងខេត្ត Antique កាលពីរសៀលថ្ងៃអង្គារ នៅពេលនោះហ្វ្រាំងរបស់រថយន្តមិនដំណើរការនៅលើផ្លូវដែលមានខ្យល់បក់ ហើយវាក៏បានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមានជម្រៅ ៣០ម៉ែត្រ។ លោក Cadiao បាននិយាយថា យើងហៅតំបន់នោះថាជាផ្លូវកោងមរណៈ។ វាជាករណីរថយន្តក្រុងទី២ ដែលបានធ្លាក់ចូលទៅនៅទីនោះ។រដ្ឋាភិបាលខេត្ត Antique បាននិយាយនៅលើបណ្តាញសង្គម Facebook ថា ប្រតិបត្តិការទាញយកបានបញ្ឈប់ បន្ទាប់ពីសាកសពទាំងអស់ត្រូវបានទាញយករួចហើយ។ ចំនួនអ្នកដំណើរសរុប ដែលដំបូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៥៣នាក់ ពុំទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ប្រទេសហ្វីលីពីន មានភាពល្បីអាសោចដោយសារច្បាប់ដ៏ធូររលុងរបស់ប្រទេសលើការដឹកជញ្ជូនសាធារណៈ និងផ្លូវថ្នល់ថែទាំមិនបានល្អ។

អង្គការសុខភាពពិភពលោក៖ ស្ថានភាពនៅហ្កាហ្សា កាន់តែអាក្រក់ទៅៗរៀងរាល់ម៉ោង

2023/12/06 10:58:04 am        62
មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់នៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាស្ថានភាពនៅហ្កាហ្សា កាន់តែយ៉ាប់យ៉ឺនពីមួយម៉ោងទៅមួយម៉ោងនៅពេលដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបន្តកាន់តែខ្លាំងក្លានៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន ជុំវិញទីក្រុង ខាន់ យ៉ូនីស (Khan Younis) និងច្រកព្រំដែនរ៉ាហ្វាហ្វ។លោក រីឆាត ភីបភឺខន (Richard Peeperkorn) តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្កាហ្សា បានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូថា អង្គការ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពងាយរងគ្រោះនៃប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងច្រើនមួយនេះ ខណៈមនុស្សកាន់តែច្រើនផ្លាស់ទីទៅភាគខាងត្បូងដើម្បីគេចពីការទម្លាក់គ្រាប់បែក។លោក ជេមស៍ អែលឌឺ (James Elder) អ្នកនាំពាក្យរបស់អង្គការ យូនីសេហ្វ (UNICEF) បាននិយាយថា ទីតាំងនានានៅតំបន់ហ្កាហ្សា ដែលបង្កើតឡើងជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល គឺមិនអាចបំពេញតម្រូវការជាមូលដ្ឋានបាននោះទេ ដោយព្រមានថាអវត្តមានអនាម័យ និងទីជម្រកនៅទីនោះបានបង្កើតហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ការផ្ទុះជំងឺ ដោយបន្ថែមថា មធ្យោបាយតែមួយគត់ក្នុងការធ្វើឲ្យតំបន់ហ្កាហ្សា មានសុវត្ថិភាពគឺការអនុវត្តបទឈប់បាញ់។លោក ភីបភឺខន តំណាងអង្គការ WHO បាននិយាយថាទីភ្នាក់ងារនេះបានអនុវត្តតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីដកការផ្គត់ផ្គង់ចេញពីឃ្លាំងនៅទីក្រុង ខាន់ យ៉ូនីស។ លោកបានបន្ថែមថា អង្គការ WHO ត្រូវបានគេប្រាប់ថា តំបន់នេះ «ទំនងជានឹងក្លាយជាតំបន់នៃការប្រយុទ្ធសកម្មនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងសម្លាប់១២នាក់ នៅហុងឌុយរ៉ាស់ ខណៈប្រធានាធិបតីប្រកាសកាន់ទុក្ខទូទាំងប្រទេស

2023/12/06 10:53:57 am        97
ក្រុមអាជ្ញាធរ បាននិយាយថារថយន្តក្រុងមួយគ្រឿងបានធ្លាក់ផ្លូវហាយវ៉េ និងបានធ្លាក់ចូលជ្រោះ កាលពីថ្ងៃអង្គារ ក្នុងប្រទេសហុងឌុយរ៉ាស់ សម្លាប់មនុស្ស១២នាក់ និងប្រមាណ២៥នាក់ផ្សេងទៀតរងរបួស។យោងតាមនគរបាលរថយន្តក្រុងកើតហេតុ ដែលបានដឹកមនុស្សជិត៦០នាក់ បានបុកស្ពានធ្លាក់ចូលទៅបាតជ្រោះ នៅចម្ងាយ៤១គីឡូម៉ែត្រពីទីក្រុងតេហ្គូស៊ីហ្គាល់ផា (Tegucigalpa)។ ក្រុមមន្ត្រីនិយាយថា អ្នករបួសធ្ងន់ត្រូវបានបញ្ជូនតាមរថយន្តគីលានសង្រ្គោះ និងឧទ្ធម្ភាគច្រកទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុងតេហ្គូស៊ីហ្គាល់ផា ។ លោកប្រធានាធិបតី ស៊ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro)បាននិយាយនៅលើបណ្ដាញសង្គមថា រដ្ឋាភិបាលរបស់លោក បានប្រកាសកាន់មរណទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ៕

ប្រធានាធិបតីនីហ្សេរីយ៉ា បញ្ជាឱ្យស៊ើបអង្កេត បន្ទាប់ពីយានដ្រូនយោធាសម្លាប់មនុស្ស ៨៥ នាក់

2023/12/06 10:46:10 am        90
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអង្គារបានបញ្ជាឱ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់ លើការវាយប្រហារដោយយានដ្រូនយោធាកាលពីចុងសប្តាហ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨៥នាក់ និងរងរបួស៦៦នាក់ មានចម្ងាយប្រហែល១០០ម៉ាយស៍ភាគខាងជើងរដ្ឋធានីរបស់ប្រទេសក្នុងរដ្ឋ Kaduna ។ តួលេខនេះបានមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ទោះបីជាសាក្សីបាននិយាយថា មនុស្សច្រើននាក់ទៀតបានស្លាប់ក៏ដោយ។ លោក Tinubu បានចាត់ទុកករណីនេះថា ជាឧបទ្ទវហេតុបំផ្ទុះគ្រាប់បែក ដែលលោកនិយាយថា «គ្រោះអកុសល មហន្តរាយ និងឈឺចាប់» ។ មេបញ្ជាការទ័ពរបស់ប្រទេស បានសុំអភ័យទោសចំពោះការវាយប្រហារតាមអាកាស និងបានសន្យាថានឹងបង់ថ្លៃមន្ទីរពេទ្យសម្រាប់អ្នករបួសទាំងនោះ។ យានដ្រូនបានវាយប្រហារពលរដ្ឋនៅសហគមន៍ Tudun Biri ដែលកំពុងចូលរួមក្នុងការប្រារព្ធពិធី Maulud មូស្លីម ប្រចាំឆ្នាំ។ ពលរដ្ឋកំពុងប្រារព្ធពិធីបុណ្យ Maulud នៅពេលនោះយន្តហោះមកដល់ ហើយបានទម្លាក់គ្រាប់បែក មួយចំនួនបានស្លាប់ មួយចំនួនរងរបួស ហើយពួកគេបានរត់ចូលទៅក្នុងលំនៅឋាន។ នៅពេលមនុស្សជាច្រើននៅក្នុងភូមិបានលឺនូវអ្វីដែលបានកើតឡើង ពួកគេក៏នាំគ្នាចេញមកពិនិត្យមើល ហើយនៅពេលនោះ ការទម្លាក់គ្រាប់លើកទី២ បានផ្ទះឡើង បណ្តាលឲ្យមនុស្សជាច្រើននាក់បន្ថែមទៀតបានស្លាប់។ ឧបទ្ទវហេតុនេះ បង្ហាញពីការវាយប្រហារតាមអាកាសយ៉ាងឃោឃៅដោយយោធារបស់ប្រទេសនីហ្សេរីយ៉ា និងជាការវាយប្រហារចុងក្រោយដែលបានសម្លាប់ជនស៊ីវិល។ តំបន់ដែលការវាយប្រហារបានកើតឡើង ជាតំបន់ដែលកំពុងត្រូវបានគេរិះរកមធ្យោបាយដោះស្រាយបញ្ហាការចាប់ពង្រត់ និងឃាតកម្ម ធ្វើឡើងដោយក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលកងកម្លាំងសន្តិសុខបាននិងកំពុងកំណត់គោលដៅ ដោយប្រើប្រាស់ការវាយប្រហារតាមអាកាស។អ្នកនាំពាក្យកងទ័ពបាននិយាយថា កងទ័ពដែលអនុវត្តការល្បាតតាមអាកាស បានតាមដានមើលមនុស្សមួយក្រុម ហើយបានវិភាគខុស និងបកស្រាយខុសនូវគំរូសកម្មភាពរបស់ពួកគេ ថាស្រដៀងទៅនឹងក្រុមចោរព្រៃ មុនពេលមានការវាយប្រហារដោយយានដ្រូន។

តុលាការចោទប្រកាន់ និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរករណីតារាសម្ដែងម្នាក់​បើករថយន្តបុកបុរសម្នាក់ស្លាប់

2023/12/06 09:41:57 am        2921
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ ដែលជា​តារា​សម្ដែង និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ក្នុងករណីស្រវឹង ហើយ​បើកបរ​រថយន្ត​បុកបុរស​ម្នាក់ស្លាប់។លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំពាក្យ​អយ្យការអ​ម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ករណីស្ដ្រីម្នាក់ស្រវឹង ហើយបើកបរ​រថយន្ត​បុក​បុរស​ម្នាក់​ស្លាប់​នៅខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានតំណាងអយ្យការ ចេញដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លើជនសង្ស័យពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន​គោរព​កាតព្វ​កិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហើយ។ សំណុំរឿងនេះ តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី ប៉ុន្តែ​បើ​ប្រភព​ព័ត៌មាន​ឱ្យដឹងថា ក្រោយតំណាងអយ្យការធ្វើការចោទប្រកាន់ នៅចំពោះតុលាការ ជន​បង្ក​បាន​ព្រម​សង​សំណងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយគ្រួសារ​រង​គ្រោះ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​វិញ​ផង​ដែរ​។ ទោះជាយ៉ាងណាសំណងនោះគឺជាសំណងរដ្ឋប្បវេណី រីឯតុលាការ​នៅ​តែ​បន្ត​នីតិ​វិធីដ​ដែល។សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ក្នុងសំណុំរឿងនេះ ជនបង្កមានឈ្មោះ ជា ថាណាកា ហៅក្រៅ Chea Naka ជាតារាសម្តែងម្នាក់ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់​ចំណុច​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តបង្កម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2BW-0080 បានបើកបុក​ម៉ូតូ​ជន​រង​គ្រោះ​ជា​ម៉ូតូ​អាគុយ​អូស​ជា​ច្រើន​ម៉ែត្រ ​បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

សីតុណ្ហភាពពិភពលោកអាចឡើងលើសកម្រិត ១,៥°C ក្នុងរយៈពេល៧ឆ្នាំ

2023/12/05 12:51:44 pm        164
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមាននៅថ្ងៃអង្គារ (០៥ ធ្នូ) នេះថា សីតុណ្ហភាពពិភពលោកអាចនឹងឆ្លងផុតកម្រិតកម្ដៅផែនដី ១,៥អង្សារសេក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីត បន្តកើនឡើង ដោយដាស់តឿនប្រទេសនានាក្នុងកិច្ចពិភាក្សា COP28 ឱ្យ «មានចំណាត់ការឥឡូវនេះ» លើបញ្ហាធ្យូងថ្ម ប្រេង និងការបំពុលឧស្ម័ន។ខ្សែបន្ទាត់ដ៏គ្រោះថ្នាក់កំពុងត្រូវបានគូរជុំវិញអនាគតនៃឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ដោយបណ្ដាប្រទេសបង្កកង្វក់បរិយាកាសធំៗព្យាយាមអំពាវនាវឱ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ថាមពលពឹងផ្អែកឧស្ម័នកាបូន ដែលទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ បង្កឡើងដោយមនុស្ស។ការបំពុលឧស្ម័នកាបូនឌីអុកស៊ីត នៃឥន្ធនៈហ្វូស៊ីលបានកើនឡើង ១,១ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមសមាគមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រអាកាសធាតុ នៅក្នុងការវាយតម្លៃគម្រោងឧស្ម័នកាបូនសកលប្រចាំឆ្នាំរបស់ពួកគេ ជាមួយនឹងការកើនឡើងនៃការបំភាយឧស្ម័ននៅក្នុងប្រទេសចិន និងឥណ្ឌា ដែលឥឡូវនេះក្លាយជាប្រភពបញ្ចេញឧស្ម័នធំបំផុតទីមួយ និងទីបីរបស់ពិភពលោក។ក្រុមអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណថាមានឱកាស ៥០ភាគរយនៃការឡើងកម្ដៅផែនដី នឹងលើសពីគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្រិត ១,៥អង្សាសេក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតត្រឹមឆ្នាំ២០៣០ ទោះបីជាពួកគេបានកត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញការឡើងកម្ដៅដោយសារឧស្ម័នផ្ទះកញ្ចក់ដែលមិនមែនជាឧស្ម័នកាបូនឌីអុកស៊ីតក៏ដោយ៕

មនុស្ស១៤នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងទេសចរណ៍នៅប្រទេសថៃ

2023/12/05 12:48:24 pm        124
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ១៤នាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងទេសចរណ៍មួយគ្រឿងបានជួបគ្រោះថ្នាក់នៅជិតច្រកចូលឧទ្យានជាតិក្នុងខេត្ត ប្រាជាប់ ឃីរីខាន់ (Prachuap Khiri Khan) របស់ប្រទេសថៃ។ រថយន្តក្រុង ដែលដឹកអ្នកដំណើរ ៤៦នាក់ និងបុគ្គលិក ៣នាក់នោះ បានបើកធា្លក់ចេញពីផ្លូវ ហើយបានបុកដើមឈើនៅថ្ងៃអង្គារ (០៥ ធ្នូ) នេះវេលាម៉ោងប្រហែល ១ទៀបភ្លឺ (ម៉ោងក្នុងស្រុក)។គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃគ្រោះថ្នាក់នេះនោះទេ ហើយការស៊ើបអង្កេតកំពុងបន្ត។ ឧបទ្ទវហេតុនេះបានកើតឡើងនៅខេត្ត ប្រាជាប់ ឃីរីខាន់ ភាគខាងលិចប្រទេសកាលពីពាក់កណ្តាលអធ្រាត្រ។ យោងតាមទូរទស្សន៍រដ្ឋ ThaiPBS បានឲ្យដឹងថា ផ្នែកខាងមុខរបស់រថយន្តក្រុងត្រូវបានបែកជាពាក់កណ្តាលបន្ទាប់ពីមានគ្រោះថ្នាក់។ក្រុមជួយសង្គ្រោះបានទាញអ្នកដំណើរចេញពីបំណែករថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា «អ្នករងរបួសទាំងអស់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ» ដោយបន្ថែមថាការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់កំពុងត្រូវបានអនុវត្ត។យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រទេសថៃមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដែលមានមនុស្សប្រហែល ២០.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ៕

អ៊ីស្រាអែល បញ្ជាឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សាភាគខាងត្បូង ខណៈការវាយលុករីកធំ

2023/12/05 12:44:56 pm        74
យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសប្រជាជនមួយភាគប្រាំរស់នៅទីក្រុងធំតំបន់ហ្កាហ្សាភាគខាងត្បូង ខណៈខ្លួនពង្រីកការវាយលុកតាមដីគោកទៅលើក្រុមហាម៉ាស។ ផែនទី បានបង្ហាញតំបន់ភាគខាងជើង និងភាគកណ្តាលចំនួន៦តំបន់ នៅទីក្រុង Khan Younis ជាកន្លែងដែលមនុស្សប្រមាណ ១៦៧.០០០ នាក់ ចាំបាច់ត្រូវតែចាកចេញ។ សាក្សីបានរាយការណ៍ថា បានឃើញរថក្រោះច្រើនគ្រឿងទៅភាគខាងកើត ហើយវេជ្ជបណ្ឌិតម្នាក់ និយាយថា មន្ទីរពេទ្យក្នុងតំបន់មួយកន្លែងបានគ្របដណ្ដប់ដោយជនរងគ្រោះច្រើនលើសលប់។ នៅទីក្រុងតំបន់ហ្កាហ្សា ការរាយការណ៍និយាយថា មនុស្ស៥០ នាក់ បានស្លាប់នៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើសាលារៀន២ កន្លែង។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានឲ្យដឹងថា ពួកគេបានស្លាប់នៅក្នុងសាលារៀនដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួននៅក្នុងសង្កាត់ជិតខាង Daraj របស់ទីក្រុង។ ពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋចំនួន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងជ្រកកោននៅភាគខាងត្បូង បន្ទាប់ពីត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញពីភាគខាងជើងកាលពីពេលមុន។ យោធាអ៊ីស្រាអែល និយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជាមួយកងកម្លាំងដ៏ខ្លាំងក្លានៅភាគខាងត្បូង ដូចដែលខ្លួនបានធ្វើនៅភាគខាងជើង ជាកន្លែងដែលមានការបំផ្លាញយ៉ាងច្រើនក្នុងរយៈពេលប្រាំបីសប្តាហ៍កន្លងទៅនេះ។ អ៊ីស្រាអែល បានបើកយុទ្ធនាការទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនមិនធ្លាប់មាន ពីក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ តុលា។ បទឈប់បាញ់បណ្តោះអាសន្ន មានរយៈពេលប្រាំពីរថ្ងៃ ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរចំនួន ១០៥នាក់ និងពលរដ្ឋប៉ាឡេស្ទីនចំនួន ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលបានផុតពេលកំណត់កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស៖ ផ្លូវសំខាន់នៅតំបន់ហ្គាហ្សា ក្លាយជា«សមរភូមិប្រយុទ្ធ»

2023/12/05 12:41:15 pm        60
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ផ្លូវសំខាន់មួយ នៅតំបន់ហ្កាហ្សា គឺជា «សមរភូមិប្រយុទ្ធ» ខណៈដែលខ្លួន បានអះអាងថា ខ្លួនកំពុងបើកច្រករបៀងមនុស្សធម៌ថ្មីមួយសម្រាប់ជនស៊ីវិល ក្នុងការជម្លៀសចេញ។កងកម្លាំងការពារនេះ បានបន្ថែមថា ការរុលទៅមុខរបស់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើង និងខាងកើតនៃទីក្រុង Khan Younis មានន័យថា ជនស៊ីវិល មិនអាចធ្វើដំណើរតាមដងផ្លូវ Salah al-Din ដែលឆ្លងកាត់ទឹកដីប៉ាឡេស្ទីនបានទៀតទេ។ផ្លូវនេះ «គឺជាសមរភូមិ ដូច្នេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងការទៅទីនោះ»។កងកម្លាំងការពារអ៊ីស្រាអែល បានបន្តថា ខ្លួនបានបើកផ្លូវវាងថ្មីសម្រាប់ជនស៊ីវិលទៅភាគខាងលិចនៃទីក្រុង Khan Younis។ការបើកផ្លូវវាងនេះ កើតឡើង នៅពេលដែលរថក្រោះអ៊ីស្រាអែលជាច្រើនគ្រឿង បានសម្រុកទៅភាគខាងត្បូងបន្ថែមទៀត ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រទេសកាន់តែច្រើនគំរាមបិទព្រំដែនជាមួយរុស្ស៊ី ខណៈលំហូរជនអន្តោប្រវេសន៍កើនឡើង

2023/12/05 12:38:11 pm        124
ចំនួនជនស្វែងរកសិទ្ធិជ្រកកោនចេះតែកើនឡើង ដែលកំពុងទៅដល់តំបន់ព្រំដែនភាគខាងកើត​របស់​សហភាពអឺរ៉ុប កំពុងបង្ខំឲ្យបណ្ដាប្រទេស នៅតំបន់បាល់ទិក ពិចារណាបិទច្រកព្រំដែន​ជាមួយរុស្ស៊ី ដោយសារតែបារម្ភថា វិមានក្រឹមឡាំង កំពុងប្រើមនុស្សពោពេញ​ ដោយអស់សង្ឃឹមជាអាវុធ ដើម្បីបង្កើតវិបត្តិជនអន្តោប្រវេសន៍នៅលើទ្វីបនេះ។ ប្រទេសឡាតវី លីទុយអានី និងអេស្តូនី ព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីប្រទេសហ្វាំងឡង់កាលពីសប្តាហ៍មុន បានបិទច្រកឆ្លងកាត់ទាំងអស់របស់ខ្លួនជាមួយរុស្ស៊ីរយៈពេលពីរសប្តាហ៍ បន្ទាប់ពីជនអន្តោប្រវេសន៍គ្មានឯកសារមកពីបណ្ដាប្រទេស ដែលរងគ្រោះដោយវិបត្តិនៅក្នុងតំបន់ញ៉កអាហ្រ្វិក និងអាស៊ី បានចូលទៅក្នុងប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ។ ក្រសួងកិច្ចការផ្ទៃក្នុងឡាតវី បានប្រាប់សារព័ត៌មាន POLITICO ថា រដ្ឋធានី រីកា (Riga) បច្ចុប្បន្នពុំមានគម្រោង​បិទព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្សទាំងស្រុងទេ ប៉ុន្តែក្រុមមន្ត្រីកំពុង​ត្រួតពិនិត្យ ដោយប្រុងប្រយ័ត្នចំពោះការអភិវឌ្ឍន៍បន្ថែមទៀត នៃស្ថានភាពលំហូរអន្តោប្រវេសន៍ខុសច្បាប់។ ប្រសិនបើស្ថានការណ៍ប្រែប្រួលខ្លាំង ហើយគំរាមកំហែងដល់សន្តិសុខប្រទេស នោះនឹងមិនត្រូវបាន រាប់បញ្ចូលទេ ដែលឡាតវី អាចបិទព្រំដែនភាគខាងកើតរបស់ខ្លួនទាំងស្រុង។ សម្ព័ន្ធយោធាណាតូ បានព្រមានថា ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ជា ឧបករណ៍ដាក់សម្ពាធ​លើប្រទេសផ្សេងទៀត​ ក្នុងតំបន់អឺរ៉ុប ​ក្រោយការសម្រេចចិត្តរបស់ហ្វាំងឡង់ ចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM
ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
05/29/2026 08:05 PM
ប្រធានាធិបតី៖ រ៉ូម៉ានីបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta
05/29/2026 07:05 PM
ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
05/29/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន
05/29/2026 07:05 PM
ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង
05/29/2026 07:05 PM
លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត
05/29/2026 07:05 PM