ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ក្នុងបំណាក់ដីនៅសាធារណរដ្ឋកុងហ្គោ

2023/12/12 05:49:56 pm        123
មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ថាមនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង ប៊ុកាវុ (Bukavu) ពេញមួយយប់ ដែលបណ្តាលឱ្យមានបំណាក់ដី និងលំនៅឋានជាច្រើនខ្នងត្រូវដួលរលំ។អភិបាលក្រុងនេះបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានសម្លាប់នៅក្នុងឃុំ អ៊ីបានដា (Ibanda) នៃទីក្រុង ប៊ុកាវុ ជាទីដែលមនុស្សជាច្រើនរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ដែលដួលរលំដាយសារភ្លៀង ហើយអភិបាលក្រុងបានបន្ថែមថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលជនរងគ្រោះជាច្រើននាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ។ប្រទេសកុងហ្គោ កំពុងស្ថិតក្នុងយុទ្ធនាការនយោបាយក្នុងការបន្តការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែធ្នូ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធដ៏ទន់ខ្សោយនៅទូទាំងប្រទេសធំទីពីររបស់ទ្វីបអាហ្រ្វិកនេះ ជាពិសេសនៅក្នុងខេត្តភាគខាងកើតដែលហែកហួរដោយជម្លោះ ដូចជាខេត្ត សៅ គីវុ (South Kivu) ជាទីដែលក្រុង ប៊ុកាវុ ស្ថិតនៅ។ ភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ ធ្វើឱ្យសហគមន៍ដូចជាពលរដ្ឋនៅក្នុងឃុំ អ៊ីបានដា កាន់តែងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំងជាដើម៕

អាហ្វហ្គានីស្ថានត្រូវបានដកចេញពី COP28 ខណៈកំពុងរងផលប៉ះពាល់ពីបញ្ហាអាកាសធាតុ

2023/12/12 05:41:02 pm        72
ក្តីបារម្ភផ្នែកមនុស្សធម៌ត្រូវបានលើកឡើងជុំវិញបញ្ហាប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានដកចេញពីការចរចាអាកាសធាតុរបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា ខណៈដែលប្រទេសនេះកំពុងជួបនឹងគ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែអាក្រក់ទៅៗ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងគំហុក ដែលបានបោកបក់ពាសពេញប្រទេសដែលរងគ្រោះដោយគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះ។ប៉ុន្តែប្រទេសនេះអវត្តមានពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌុយបៃ ដោយសារត្រូវបានដកចេញពីកិច្ចចរចារបស់អង្គការសហប្រជាជាតិ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ ២០២១មក។ មិនមានរដ្ឋាភិបាលបរទេសណាមួយបានទទួលស្គាល់ជាផ្លូវការនូវភាពជាអ្នកដឹកនាំតាលីបង់នោះទេ ហើយប្រទេសនេះមិនមានកៅអីនៅសន្និបាតអគ្គស្នងការអង្គការសហប្រជាជាតិឡើយ។ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះបានចោទសួរពីការបន្តត្រូវដកចេញរបស់ប្រទេសនេះ។ ក្រុមមន្ត្រីមនុស្សធម៌ និងអន្តរជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេបានខិតខំប្រឹងប្រែងនៅឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យតំណាងអាហ្វហ្គានីស្ថានអាចចូលរួមបាន ស្របពេលជាមួយនឹងការពិភាក្សាកាន់តែទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលបរទេស និងស្ថាប័នពហុភាគី អំពីមធ្យោបាយដោះស្រាយជាមួយពួកតាលីបង់៕

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមនឹងការតវ៉ាមិនឲ្យស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈចំនួនអ្នកទៅដល់កើនឡើងកាន់តែច្រើន

2023/12/12 05:24:49 pm        153
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងប្រឈមនឹងរលកនៃអរិភាព និងការបដិសេធនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដូចជាការតវ៉ានៅលើកោះ សាបាង (Sabang)ក្នុងខេត្ត អាសេ(Aceh)។ ប្រជាជននៅក្នុងខេត្ត អាសេ មានការអាណិតអាសូរជាច្រើនឆ្នាំចំពោះជនជាតិភាគតិចដែលត្រូវបានធ្វើទុក្ខបុកម្នេញពីសហភាពមីយ៉ាន់ម៉ា ដែលបានឡើងជិះទូកចាស់ទ្រុឌទ្រោម។ ប៉ុន្តែមានការកើនឡើងនៃការមកដល់ និងប្រតិកម្មមិនពេញចិត្ត។ ក្រុមអ្នកតវ៉ាកាលពីសប្តាហ៍មុនបានរុះរើតង់ និងគំរាមរុញទូកត្រឡប់ទៅសមុទ្រវិញ នេះបើយោងតាមរូបភាពដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ លោកបាសា បាឡូច (Babar Baloch) អ្នកនាំពាក្យសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី បាននិយាយថា UNHCR ព្រួយបារម្ភចំពោះរបាយការណ៍នេះ។ អ្នកស្រុកម្នាក់ឈ្មោះអេឡា សេទីយ៉ា ( Ella Septia) ចោទប្រកាន់ជនជាតិរ៉ូហ៊ីងយ៉ាថាបានបង្កបញ្ហា។ អ្នកស្រីនិយាយថា ខេត្ត អាសេ មានប្រជាជនក្រីក្រជាច្រើន។ ហេតុអ្វីបានជាយើងគួរថែរក្សាជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់?។ ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ពុទ្ធសាសនា ជាទីដែលពួកគេត្រូវបានគេបានយល់ឃើញថាជាអ្នកបង្កបញ្ហា អ្នកដែលត្រូវបានបដិសេធមិនផ្ដល់សញ្ជាតិ និងទទួលរងការរំលោភបំពាន។ លោក មហាម៉ាត់ ហាសយីម (Muhammad Hasyim) បានទៅដល់ពាក់កាលពីកណ្តាលខែវិច្ឆិកាបន្ទាប់ពីនៅលើសមុទ្ររយៈពេល១៤ថ្ងៃ ។លោកនិយាយថាលោកបានភៀសខ្លួនចេញពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុងជំរំជនភៀសខ្លួនខូក បាហ្សា (Cox's Bazaar) របស់ប្រទេសបង់ក្លាដែស ហើយការមកដល់ខេត្ត អាសេ បានត្រឹមតែការជួបនឹងអរិភាព។ ទិន្នន័យរបស់ UNHCR បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាជាង១.២០០នាក់ បានទៅដល់ប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីខែវិច្ឆិកា៕

គ្រឿងញៀនជាង៣៨០តោន រឹបអូសបានក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនសកលនៅកូឡុំប៊ី

2023/12/12 05:15:23 pm        100
កងទ័ពជើងទឹកកូឡុំប៊ីបានរាយការណ៍កាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ថាសារធាតុខុសច្បាប់រាប់រយតោនត្រូវបានរឹបអូសជាផ្នែកនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលដោះស្រាយការប៉ះទង្គិចដល់ការជួញដូរគ្រឿងញៀនឆ្លងដែន។ប្រតិបត្តិការរយៈពេល ៤៥ថ្ងៃដែលដឹកនាំដោយយុទ្ធនាការអន្តរជាតិនៃកងនាវាចរ អូរីអន (Orion) មានការចូលរួមពីប្រទេសចំនួន៤២ នៅទូទាំងទ្វីបចំនួន៤ ហើយបានរឹបអូសគ្រឿងញៀនយ៉ាងច្រើនបំផុតមិនធ្លាប់មាន រួមទាំងកូកាអ៊ីនចំនួន ១៩៥តោន កញ្ឆា ១៧៥តោន និងកញ្ឆាក្រៀម ១៤,៥តោន។ បណ្ដាប្រទេសដែលចូលរួមក្នុងប្រតិបត្តិការនេះ រួមមានសហរដ្ឋអាមេរិក បែលហ្ស៊ិក អេស្ប៉ាញ ឥណ្ឌូនេស៊ី សេណេហ្គាល់ កូឡុំប៊ី និងប្រេស៊ីល។ទោះបីជាមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនជាច្រើនទសវត្សរ៍ក៏ដោយ កូឡុំប៊ីនៅតែជាប្រទេសផលិតគ្រឿងញៀនកូកាអ៊ីនលំដាប់ពិភពលោក ហើយប្រឈមមុខនឹងសម្ពាធឥតឈប់ឈរពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយដំណាំកញ្ឆា ដែលជាធាតុផ្សំសំខាន់របស់គ្រឿងញៀន ក៏ដូចជាការផលិតកូកាអ៊ីនផងដែរ៕

អាមេរិកព្រួយបារម្ភចំពោះរបាយការណ៍ថា អ៊ីស្រាអែលបានប្រើប្រាស់ផូស្វ័រស ក្នុងការវាយប្រហារនៅលីបង់

2023/12/12 05:09:23 pm        141
អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ចំពោះរបាយការណ៍ថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់រំសេវផូស្វ័រស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ការរាយការណ៍របស់សារព័ត៌មាន Washington Post កាលពីថ្ងៃចន្ទ បាននិយាយថាអ៊ីស្រាអែលបានបប្រើប្រាស់គ្រាប់រំសេវនេះ ក្នុងការវាយប្រហារកាលពីខែតុលា នៅប្រទេសលីបង់ភាគខាងត្បូង ដែលបានបណ្តាលឲ្យរងរបួសមនុស្សយ៉ាងហោចណាស់៩នាក់។លោក Miller បាននិយាយថា យើងមានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប្រើប្រាស់ផូស្វ័រស។ ជាការពិត មានការប្រើប្រាស់ដោយយោធាស្របច្បាប់សម្រាប់ផូស្វ័រស ប៉ុន្តែវាមិនរាប់បញ្ចូលការប្រើប្រាស់រំសេវប្រភេទនេះលើជនស៊ីវិលនោះទេ។លោក Miller និយាយថា អ៊ីស្រាអែលនឹងពុំមានករណីលើកលែងឡើយ ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលថាប្រទេសណាមួយទទួលបានអាវុធរបស់ខ្លួន ត្រូវតែគោរពតាមច្បាប់សង្រ្គាម។ ការលើកឡើងរបស់លោក Miller ធ្វើឡើងបន្ទាប់ពីការលក់គ្រាប់កាំភ្លើងផ្លោងរថក្រោះចំនួន ១៤.០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដោយពុំមានការត្រួតពិនិត្យពីសភា។ មន្ទីរបញ្ចកោណ បាននិយាយថា រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃសុក្រ បានប្រើប្រាស់អំណាចបន្ទាន់ក្រោមច្បាប់គ្រប់គ្រងការនាំចេញអាវុធ ដើម្បីអនុញ្ញាតឱ្យមានការលក់ក្នុងតម្លៃ ១០៦,៥ លានដុល្លារ។

ចំនួនអ្នកស្លាប់ក្នុងសង្រ្គាមតំបន់ហ្កាហ្សាបានកើនឡើងជាង១៨.២០០នាក់ ខណៈការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា

2023/12/12 05:02:11 pm        140
ការប្រយុទ្ធគ្នាក្នុងទីក្រុងដ៏ខ្លាំងក្លាបានកក្រើកឡើងកាលពីថ្ងៃចន្ទ ១១ ធ្នូ នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅក្នុងតំបន់ហ្កាហ្សា ដោយមានពលរដ្ឋប៉ាឡេស្ទីនជាង១៨.២០០នាក់និងទាហានអ៊ីស្រាអែលចំនួន១០៤នាក់ ត្រូវគេរាយការណ៍ថាបានស្លាប់ ស្របពេលមានវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងកាន់តែធ្ងន់ធ្ងរ។ សង្រ្គាមត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់ នៅប្រទេសអ៊ីស្រាអែលភាគខាងត្បូងហើយបានមើលឃើញចំណាប់ថ្នូររាប់សិបនាក់ត្រូវបានចាប់អូសត្រឡប់ចូលទៅតំបន់ហ្កាហ្សាវិញ។ ក្រុមហាម៉ាសបានព្រមានថាចំណាប់ថ្នូរដែលនៅសេសសល់ចំនួន១៣៧ នាក់ នឹងមិនមានជីវិតរស់នៅ ឡើយ លុះត្រាតែអ៊ីស្រាអែលបំពេញតាមការទាមទាររបស់ខ្លួន និងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។ការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅតែបន្តក្នុងតំបន់ហ្កាហ្សា ដោយក្រុមសកម្មប្រយុទ្ធជីហាតឥស្លាមនិយាយថា ពួកគេបានបំផ្ទុះផ្ទះមួយខ្នងក្នុងទីក្រុង Khan Yunis ភាគខាងត្បូង តំបន់ហ្កាហ្សា ជាទីតាំងដែលទាហានអ៊ីស្រាអែលកំពុងស្វែងរកផ្លូវរូងក្រោមដី។ គ្រាប់រ៉ូកែតដែលបាញ់ចេញពីតំបន់ហ្កាហ្សាបានវាយប្រហារទីក្រុង Holon ភាគកណ្ដាលនៃទីក្រុងឆ្នេរ ជាយទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ធ្វើឱ្យជនស៊ីវិលម្នាក់រងរបួស និងបន្សល់ទុករណ្ដៅមួយកន្លែងនៅតាមផ្លូវក្នុងតំបន់លំនៅឋានប្រជាជន។ អ៊ីស្រាអែលបានជំរុញជនស៊ីវិលឱ្យស្វែងរកកន្លែងជ្រកកោននៅឆ្ងាយពីសមរភូមិប្រយុទ្ធនៅភាគខាងត្បូង ប៉ុន្តែកងទ័ពបានបន្តវាយប្រហារគោលដៅនានានៅទូទាំងដែនដីប៉ាឡេស្ទីន។ចំនួនអ្នកស្លាប់ចុងក្រោយពីក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស គឺ១៨.២០៥នាក់ ភាគច្រើនជាស្រ្តី និងកុមារ៕

តុលាការបើកការស៊ើបសួរ ករណីជនបើករថយន្តព្រូស បង្កគ្រោះថ្នាក់ស្លាប់មនុស្ស នៅក្នុងកោះពេជ្រ

2023/12/12 12:43:53 am        512
ភ្នំពេញ ៖ លោកវ៉ិត មឃះ ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា ៖ ករណីជនបើកបររថយន្តព្រូស បង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅក្នុងកោះពេជ្រ តុលាការបានបើកការស៊ើបសួររួចហើយ ក្រោយការចោទប្រកាន់ផ្លូវការ ។ ជនជាប់ចោទមានឈ្មោះលី ថាដារ៉ាវី ភេទប្រុស មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។រូបគេ ត្រូវបានតុលាការចោទប្រកាន់ពីបទ ៖ បេីកបរដោយធ្វេសប្រហែសមិនប្រុងប្រយ័ត្នបណ្តាលឱ្យអ្នកដទៃស្លាប់ តាមបញ្ញត្តិមាត្រា៨៥ ចំណុច ( ខ និង ឃ ) នៃច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក ។ ក្នុងដំណាក់កាលស៊ើបសួរខាងលើនេះដែរ ជនជាប់ចោទអាចប្រឈមមុខនឹងការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២៦នាទីព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ ដោយ ៖ លីហេង

អាជ្ញាធរខណ្ឌទួលគោក ទុករយៈពេល ១សប្ដាហ៍ ឱ្យម្ចាស់អាជីវកម្មលក់ដូរនៅជាប់របងពេទ្យកុមារជាតិ រុះរើចេញ

2023/12/11 09:15:55 pm        427
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្ដីជូនដំណឹងចុងក្រោយ ជូនដល់ម្ចាស់អាជីវកម្ម លក់ដូរលើផ្លូវ អមសងខាង ជុំវិញមន្ទីរពេទ្យកុមារជាតិឲ្យរុះរើចេញ ដើម្បីចូលរួមរក្សា​សណ្ដាប់ធ្នាប់​បរិស្ថាន​អនាម័យ ​និងកាត់បន្ថយការកក់ស្ទះ។នៅព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក បានដឹកនាំ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះអប់រំណែនាំ និង​បិទសេចក្ដីជូនដំណឹងចុងក្រោយរបស់​រដ្ឋបាល​ខណ្ឌជូន​ដល់ម្ចាស់​អាជីវកម្ម​ប្រកប​ការលក់ដូរ ​លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យ​កុមារជាតិ​ទាំងអស់​ដើម្បីឲ្យរុះរើចេញក្នុងរយៈពេលមួយសប្តាហ៍។ ដោយកន្លងមក​ពួកគាត់​បាន​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ រំលោភលើផ្លូវ ​ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ​និងបង្កការកក់ស្ទះចរាចរណ៍ផងដែរ។ក្នុងនោះដែរលោកអភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរខណ្ឌទួលគោក​បាន​ចុះជូនដំណឹង​ដល់​ម្ចាស់អាជីវកម្ម នៅជុំវិញរបងពេទ្យកុមារជាតិជាច្រើនលើកច្រើនសារមកហើយ។ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះ​មិនបានចូលរួម​សហការ​ជាមួយអាជ្ញាធរឡើយ។ ដូច្នេះអាជ្ញាធរ​បាន​ចេញសេចក្ដីជូនដំណឹងនេះជាលើកចុងក្រោយ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ចេញ​ក្នុង​ករណី​មិន​ចូលរួម​សហការ​ជាមួយអាជ្ញាធរ​ និងចាត់ការវិធានការរដ្ឋបាល។សូមបញ្ជាក់ផងដែរ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ ​នៅ​លើចិញ្ចើមផ្លូវ​អមសង្ខាងផ្លូវ ​បរិវេណជុំវិញ​មន្ទីរពេទ្យ​កុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ​ខណ្ឌទួលគោក​ទាំងអស់ ​មេត្តា ជ្រាបថា ដើម្បីចូលរួម​សហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ​និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមាន​របៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក​ ស្នើសុំឱ្យលោក​ លោកស្រី ម្ចាស់​អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់​ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទ​រំលោភ​លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ​ឬត​សំយាប​រំលោភ​លើ​ចិញ្ចើម​ផ្លូវសាធារណៈ ​និងត្រូវធ្វើការរុះរើចេញ ដោយ​ទុករយៈពេលឱ្យ០៧ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ អត្ថបទ៖ កុម្ភៈ

មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅអាល្លឺម៉ង់ ខណៈប្រទេសនេះ កំពុងប្រឈមនឹងការកើនឡើងនៃឧប្បត្តិហេតុនានា

2023/12/11 08:49:22 pm        133
មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនូវឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីពីរខែមុន។ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ Dpa បានរាយការណ៍ថា នគរបាលបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣.២០០នាក់ បានប្រមូលផ្តុំគ្នាទាំងកណ្តាលមេឃកំពុងភ្លៀង នៅក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ ខណៈពេលដែលអ្នករៀបចំ បានដាក់តួលេខអ្នកចូលរួមចំនួន ១0.000 នាក់ ។ អ្នកចូលរួមក្នុងការតវ៉ា ដែលមានឈ្មោះថា «ឥឡូវនេះ លែងមានទៀតហើយ» (Never again is now) បានដើរដង្ហែទៅកាន់ច្រកទ្វារ Brandenburg។ក្រុមមួយដែលកំពុងតាមដានការប្រឆាំងនឹងជ្វីហ្វនិយម នៅប្រទេសអាល្លឺង់ បាននិយាយកាលពីចុងខែ វិច្ឆិកាថា ខ្លួនបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងខែនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស សរុបចំនួន៩៩៤លើក គឺកើនឡើង ៣២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។មេដឹកនាំជនជាតិជ្វីហ្វដ៏សំខាន់របស់ប្រទេសអាល្លឺម៉ង់ លោក Josef Schuster បាននិយាយថា៖«ការប្រឆាំងជ្វីហ្វនិយម គឺជាការអនុវត្តជាទូទៅនៅកណ្តាលសង្គម ក្នុងប្រទេសអាល្លឺម៉ង់» ហើយបានអំពាវនាវឲ្យមានសាមគ្គីភាពជាមួយអ៊ីស្រាអែល និងជាមួយជនជាតិជ្វីហ្វ នៅក្នុងប្រទេសអាល្លឺម៉ង់។

អ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅហ្កាហ្សាភាគខាងត្បូង បន្ទាប់ពីការគំរាមចំណាប់ថ្នូររបស់ក្រុមហាម៉ាស

2023/12/11 07:09:17 pm        183
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើទីក្រុងធំនៅតំបន់ហ្កាហ្សាភាគខាងត្បូង នៅថ្ងៃចន្ទ ទី១១ ខែធ្នូ នេះ បន្ទាប់ពីក្រុមហាម៉ាស បានព្រមានថា គ្មានចំណាប់ថ្នូរអ៊ីស្រាអែលណាម្នាក់នឹងចាកចេញពីដែនដីនេះបានឡើយ លុះត្រាតែការទាមទារឱ្យដោះលែងអ្នកទោសត្រូវបានបំពេញ។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើទីក្រុង Khan Yunis ខណៈក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថាពួកគេបានបំផ្ទុះលំនៅឋានមួយខ្នងជាកន្លែងដែលទាហានអ៊ីស្រាអែល កំពុងស្វែងរកច្រកផ្លូវរូងក្រោមដី។កងទ័ពបានរាយការណ៍ថា មានការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្កាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ និងបាននិយាយថា ការប្រយុទ្ធគ្នាខ្លាំងបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅជុំវិញទីក្រុង ហ្កាហ្សា និងទីក្រុងខាន់យូនីស(Khan Yunis)។ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យបានព្រមានថា អ៊ីស្រាអែល នឹងមិនទទួលបានចំណាប់ថ្នូររបស់ពួកគេនៅរស់ឡើយ បើគ្មានការដោះដូរ ការចរចា និងការបំពេញតាមការទាមទារ។ការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាច្រើនខែមកនេះ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ធ្លាក់ដល់មាត់ជ្រោះនៃការដួលរលំ ដោយមន្ទីរពេទ្យភាគច្រើនលែងដំណើរការ ហើយមនុស្សជិតពីរលាននាក់បានភៀសខ្លួនចេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM
ឥណ្ឌាឃាត់ខ្លួនមេដឹកនាំសំខាន់​ៗ​របស់ចលនា​ «Cockroach» ក្រោយមាន​ការតវ៉ាភ្លាមៗ
10/13/2026 06:10 PM